សហគមន៍ជនជាតិដើមភាគតិចថ្មន ស្ថិតនៅខេត្តមណ្ឌលគិរី អះអាងថា មានក្រុមឈ្មួញមានអំណាច ដែលស្លៀកពាក់ជាទាហាន កំពុងសម្រុកកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍ និងតំបន់ការពាររាប់រយហិកតារ បើទោះបីពួកគេស្នើសុំឲ្យអាជ្ញាធរខេត្តជួយទប់ស្កាត់យ៉ាងណាក្ដី។
ជនជាតិដើមភាគតិចថ្មន រស់នៅភូមិរវ៉ាក ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានអះអាងថា មានក្រុមឈ្មួញអ្នកមានអំណាច ដែលមានឯកសណ្ឋានជាមន្ត្រីយោធា បានដើរកាប់ទន្ទ្រានដីព្រៃរបស់សហគមន៍នឹងព្រៃតំបន់ការពាររាប់រយហិកតារ យកធ្វើជាកម្មសិទ្ធិឯកជន និងលក់ថែមទៀត។ ពួកគេថា ក្រុមឈ្មួញទាំងនោះមានមានកាំភ្លើងនៅក្នុងដៃប្រមាណជាង១០នាក់ បានធ្វើបាញ់គំរាមទៅលើប្រជាសហគមន៍ចំនួន៣គ្រាប់ នៅពេលដែលប្រជានាំគ្នាដើរល្បាតនឹងបានហាមឃាត់មិនឲ្យកាប់ទន្ទ្រាន។
តំណាងជនជាតិដើមភាគតិចថ្មន លោក សុវិន ហួន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែកញ្ញា ថា មានឈ្មួយមួយក្រុមស្លៀកពាក់ជាទាហាន និងមានកាំភ្លើងនៅក្នុងដៃផងនោះ កាប់ទន្ទ្រានដីព្រៃសហគមន៍ ដោយអះអាងថា ពួកគេមានប្លង់កម្មសិទ្ធិគ្រប់គ្រាន់ដើម្បីកាន់កាប់ដីនោះ ស្របពេលដែលជនជាតិដើមភាគតិចថ្មនរស់នៅទីតាំងនោះ ចាប់តាំងពីដូនតារបស់ពួកគាត់គាត់មកម្ល៉េះ។ លោកបន្ថែមថា សហគមន៍បានស្នើទៅអាជ្ញាធរខេត្តម្ដងរួចមកហើយ ប៉ុន្តែមិនទាន់ឃើញមានដំណោះស្រាយ និងវិធានការច្បាប់នោះទេ។ លើសពីនោះ លោកថា អាជ្ញាធរខេត្តហាក់មិនអើពើ និងយកចិត្តទុកដាក់សំណើរបស់សហគមន៍នោះទេ នៅពេលដែលពលរដ្ឋយកស្នើទៅដាក់នៅសាលាខេត្ត។
លោក សុវិន ហួន៖ «ទាហានពីរនាក់កាំភ្លើងពីរដើម កាំភ្លើងវាដាក់ក្នុងឡាន វាបានបាញ់បង្ហើរក្បាលបាន៣គ្រាន់ដែរ អ្នកភូមិគាត់ភ័យខ្លាច ព្រោះគេអ្នកមានអំណាច អ្នកភូមិអាស្រ័យផលបន្តិចបន្តួច ដល់ពេលពួកគាត់ចូលមកកាប់ យកៗវាអស់ព្រៃឈើ»។
សហគមន៍ជនជាតិដើមភាគតិចថ្មន លើកឡើងថា ព្រៃសហគមន៍មួយនេះ នៅសល់ពីដីសម្បទានសេដ្ឋកិច្ច ដែលអាជ្ញាធរបានកាត់ឆ្វៀលជាង ២ពាន់ហិកតារទុកឲ្យប្រជាពលរដ្ឋនៅតំបន់នោះប្រើប្រាស់។ ក្នុងនោះសហគមន៍បានបែងចែក ជាដីព្រៃចម្ការវិលជុំ ដីព្រៃកប់សព ព្រៃអារក្ស និងដីសម្រាប់អាស្រ័យផល អនុផល ប៉ុន្តែបច្ចុប្បន្ន ត្រូវក្រុមឈ្មួញលួចកាប់ទន្ទ្រានជាង២រយហិកតារ។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ និងប្រធានមន្ទីរបរិស្ថាន លោក ឆៅ ប៊ុនធឿន ។ ចំណែកឯអ្នកនាំពាក្យក្រសួងការពារ ជាតិ លោក ឈុំ សុជាត ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទាក់ទងនឹងបញ្ហានេះមន្ត្រីស្របស្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគិរីលោក ប៊ី វ៉ាន់នី យល់ឃើញថា បញ្ហាការកាប់ទន្ទ្រានដីព្រៃសហគមន៍ និងដីព្រៃនៅតំបន់ការពារ ធ្វើជាកម្មសិទ្ធិនៅតែបន្តកើតមានឡើងដោយឥតឈប់ឈរ ហើយអាជ្ញាធរនៅតែមិនព្រមចុះដោះស្រាយដល់ពលរដ្ឋ ទង្វើទាំងនេះបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរទាំងនោះ មិនបានបម្រើប្រជាពលរដ្ឋតាមកាតព្វកិច្ចនិងភារកិច្ចរបស់ខ្លួន។ លោកបន្ថែមថា ការដែលមន្ត្រីយោធាប្រើប្រាស់កាំភ្លើងបាញ់គំរាមទៅលើពលរដ្ឋដែលខិតខំការពារទ្រព្យសម្បត្តិជាតិវាជាទង្វើខុសច្បាប់ ហើយសមត្ថកិច្ចខេត្តមណ្ឌលគិរីត្រូវតែចុះស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីយកបុគ្គលទាំងនោះយកមកអនុវត្តច្បាប់ កុំឲ្យមានការបាញ់បោះដោយសេរីបែបនេះ។ លើសពីនោះលោកជំរុញឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង និងឈរលើគោលការណ៍គិតប្រយោជន៍រួមជាធំ។
លោក ប៊ី វ៉ាន់នី៖ «កាលណាដែលយើងមិនចាត់វិធានការទៅលើបុគ្គលដែលប្រើឈ្មោះថ្នាក់ដឹកនាំឬក៏មេបញ្ជាការទាហានប៉ូលិសអ៊ីចឹង ចេញមកកាងឬគំរាមកំហែងអាងអាវុធវាបញ្ហាថា ប្រទេសមួយគឺអត់មានច្បាប់អត់មានសណ្ដាប់ធ្នាប់សាធារណៈទេ ឲ្យតែអ្នកមានអំណាចបុគ្គលណាស្គាល់អ្នកអំណាច គំរាមកំហែង មករឹបអូសដីគេតាមអំពើចិត្ត ព្រះរាជអាជ្ញាយើងស្នើសូមឲ្យធ្វើយ៉ាងណាយកបុគ្គលទាំងហ្នឹងទៅអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង»។
ច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ កំណត់ថា ការគាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាបទល្មើសឧក្រិដ្ឋដែលជនប្រព្រឹត្តល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១០លានរៀល ទៅ ១៥០លានរៀល។ ចំណែក មន្ត្រីពាក់ព័ន្ធធ្វេសប្រហែស ឬមិនគោរពច្បាប់នេះ ត្រូវទទួលវិន័យរដ្ឋបាលនិង ត្រូវចោទប្រកាន់ចំពោះមុខតុលាការ ហើយបើមន្ត្រីទាំងនោះសមគំនិត ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។