ជនជាតិដើមភាគតិចព្នងនិងមន្ត្រីសង្គមស៊ីវិលទាមទារអាជ្ញាធរខេត្តមណ្ឌលគិរី ឱ្យដកហូតដីព្រៃជាង ១០០ហិកតារ ដែលក្រុមអ្នកមានអំណាចឃុបឃិតគ្នាឈូសឆាយទន្ទ្រានកាន់កាប់ជាសម្បត្តិបុគ្គលបំពានច្បាប់។ ការទាមទារនេះ គឺក្រោយពីតំណាងអយ្យការ និងអាជ្ញាធរខេត្តនេះបានចុះដល់ទីតាំងបទល្មើសព្រៃឈើប្រទះឃើញសកម្មភាពឈូសឆាយដីព្រៃបម្រុងទុកដ៏ធំល្វឹងល្វើយ ប៉ុន្តែនៅមិនទាន់ចាត់វិធានការច្បាប់នៅឡើយទេ។
ជនជាតិដើមភាគតិចព្នងនិងមន្ត្រីសង្គមស៊ីវិលចង់ឃើញអាជ្ញាធរខេត្តមណ្ឌលគិរីនិងស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់ដល់បុគ្គលមានលុយមានអំណាចដែលពួកគាត់មិនស្គាល់ឈ្មោះ ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានខេត្តនេះ ឈូសឆាយដីព្រៃបម្រុងទុកជាង១០០ហិកតារឋិតក្នុងតំបន់ច្រករបៀងជីវចម្រុះភ្នំព្រេច នៃភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ជនជាតិដើមភាគតិចព្នងរស់នៅក្រុងសែមនោរម្យលោកស្រី រឿន ហែង ឱ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញាថា ដីព្រៃបម្រុងទុកនៅតំបន់នោះឋិតនៅជាប់ព្រំប្រទល់ក្រុងសែនមនោរម្យ និងស្រុកពេជ្រាដាត្រូវក្រុមឈ្មួញឈូសឆាយឱ្យក្លាយជាវាលរហោឋានស្ទើរទាំងស្រុង។ លោកស្រីថាក្រុមអ្នកមានអំណាចបានយកពលរដ្ឋជាខែល ទិញដីនៅតំបន់នោះជាបន្តបន្ទាប់ដោយខុសច្បាប់ កាលពីឆ្នាំ២០១៩ ហើយមកទល់ពេលនេះ គ្រឿងចក្រនៅតែបន្តឈូសឆាយព្រៃ ដោយពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។ លោកស្រីអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការទិញលក់ដីព្រៃបម្រុងទុក និងដកហូតដីព្រៃទាំងនោះ ជាសម្បត្តិជាតិវិញ ដើម្បីស្តារមុខមាត់រដ្ឋាភិបាលដែលចង់អភិរក្សព្រៃឱ្យគង់វង្ស៖ «ចង់ឱ្យគេដកហូត មានតិចហិកតារណា ១០០ហិកតារជាង ហើយកូនចៅជំនាន់ក្រោយ មានដីអីណាទៀត។ ប្រកបមុខរបរឬក៏ចិញ្ចឹមសត្វ វាអស់ ប៉ុន្តែវាធ្វើគេអត់កើត ខូចខិល វាសុទ្ធតែមានខ្នងក្រាស់ៗទៀត»។
កាលពីសប្តាហ៍កន្លងទៅតំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងអាជ្ញាធរខេត្តនេះចុះសា្រវជ្រាវបទល្មើសព្រៃឈើ ដោយប្រទះឃើញសកម្មភាពឈូសឆាយនិងកាប់រានដីព្រៃបម្រុងទុកទ្រង់ទ្រាយធំ នៅចំណុចចន្លោះអូរច្បារ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យប៉ុន្តែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់មកផ្តន្ទាទោសនៅឡើយទេ។ អ្នកភូមិថាម្ចាស់គ្រឿងចក្រឈូសឆាយដីព្រៃ គឺបុគ្គលមានលុយមានអំណាច ទើបអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ហើយមកទល់ពេលនេះ គ្រឿងចក្រនៅតែបន្តឈូសឆាយព្រៃដដែលកាន់តែរីកធំឡើងប៉ះពាល់ដល់ដែនជម្រកសត្វព្រៃភ្នំព្រេច។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីលោក ស៊ុន សារុន និងអ្នកនាំពាក្យស្ថាប័នអយ្យការលោក ម៉ម វ៉ាន់ដា បាននៅឡើយទេ នៅថ្ងៃទី១៤ ខែកញ្ញា ព្រោះទូរសព្ទហៅចូល តែគ្មានអ្នកលើក។
ប៉ុន្តែចៅសង្កាត់រមនាលោក ភី ងូក ប្រាប់អាស៊ីសេរីថា លោកមិនហ៊ានបកស្រាយថាសកម្មភាពឈូសឆាយនោះទេត្រឹមត្រូវតាមច្បាប់ឬខុសច្បាប់ទេព្រោះលោកមិនទាន់ចុះទៅពិនិត្យទីតាំងឈូសឆាយ។ លោកបញ្ជាក់ថាអាជ្ញាធរសង្កាត់រមនាក៏មិនហ៊ានចុះហត្ថលេខាធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី នៅតំបន់ព្រៃរបស់រដ្ឋ ឬក្នុងតំបន់ព្រៃអភិរក្សនោះទេ លុះត្រាតែដីនោះពលរដ្ឋអាស្រ័យផលជាក់ស្តែងច្រើនឆ្នាំមកហើយជាប្រភេទដីចម្ការវិលជុំ និងភូមិចាស់របស់ជនជាតិដើម៖ «មានមួយចំនួនគាត់និយាយថា ភូមិចាស់ពួកខ្ញុំ ដីលំនៅឋានពួកខ្ញុំពីដូនតាមក ពូមិនបដិសេធជូនគាត់ទេ ពូនឹងធ្វើលិខិតស្នាមមួយចំនួន អាចមានខ្លះ ប៉ុន្តែពាក់ព័ន្ធការឈូសឆាយ ពូអត់ដឹងអីទាំងអស់»។
ទាក់ទិនរឿងនេះ ទីប្រឹក្សាបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីលោក គ្រើង តុលា អំពាវនាវឱ្យរដ្ឋាភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និងស្រាវជ្រាវឡើងវិញធ្វើយ៉ាងណាឱ្យការប្រើប្រាស់ដីធ្លី បានត្រឹមត្រូវតាមច្បាប់ ចៀសវាងធ្លាក់ដល់ដៃបុគ្គលមានលុយ មានអំណាច។ លោកសោកស្តាយ ដីព្រៃដ៏ធំល្វឹងល្វើយជាជម្រកសត្វព្រៃនិងជាកន្លែងរកអនុផលព្រៃឈើរបស់ពលរដ្ឋនៅតែប្រឈមការបាត់បង់ គ្មានដំណោះស្រាយ៖ «ការអនុវត្តច្បាប់ យើងដឹងថា ស្តង់ដារពីបាត់ទៅហើយ បើសិនជាពលរដ្ឋគ្រាន់តែកាប់មួយដើមជាប់គុក ពីរដើមជាប់គុក ប៉ុន្តែចំពោះអ្នកធំទោះជាឈូសឆាយរាប់រយហិកតារមិនមានចំណាត់ការ នេះហើយជារឿងអយុត្តិធម៌សម្រាប់ពលរដ្ឋក្រីក្រទល់ខ្សោយ»។
ជុំវិញរឿងនេះមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ វិញលោកយល់ថា អាជ្ញាធរខេត្តមណ្ឌលគិរីគួរតែចេញលិខិតមោឃភាពដីព្រៃក្នុងតំបន់របៀងជីវចម្រុះ ស្របតាមការណែនាំរបស់ក្រសួងបរិស្ថាន។លោកសង្កត់ធ្ងន់ថា អាជ្ញាធរ និងស្ថាប័នអយ្យការ ត្រូវចាត់វិធានការដល់អ្នកពាក់ព័ន្ធ ដែលឃុបឃិតគ្នាឈូសឆាយដីព្រៃបំពានច្បាប់៖ «ដី១០០ហិកតារ តាមពិតមិនមែន ១០០ហិកតារទេ គឺជាង ១ពាន់ហិកតារ តាមការស្រាវជ្រាវ។ ដីភាគច្រើននៅខេត្តមណ្ឌលគិរី ត្រូវមោឃភាពដោយស្វ័យប្រវត្តិ ហើយការអនុវត្តច្បាប់ ត្រូវស្មើភាពគ្នាឧកញ៉ាក៏ដោយ»។
កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានស្នើឱ្យអភិបាលខេត្ត/ក្រុង ទូទាំងប្រទេសចាត់វិធានការបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី បង្កឱ្យប៉ះពាល់ដល់តំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា សំណើរបស់ក្រសួងបរិស្ថាន មានប្រសិទ្ធភាពតែចំពោះពលរដ្ឋសាមញ្ញប៉ុណ្ណោះ តែបើបុគ្គលមានលុយ និងមានអំណាច នៅតែអាចច្បាមយកដីព្រៃអភិរក្ស តំបន់របៀងជីវចម្រុះ និងព្រៃសាធារណៈរបស់រដ្ឋដដែលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។