ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ ជិត​១០០​នាក់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​​អ្នក​រំលោភ​យក​ដី​ពួកគាត់

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ ជិត​១០០​នាក់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​ដល់​អ្នក​ដែល​រំលោភ​យក​ដី និង​ឈូស​ឆាយ​ដំណាំ​ពួកគាត់​ជាច្រើន​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ធ្វើ​ពិធី គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ហើយ​អាជ្ញាធរ​គួរតែ​យក​កង្វល់​ទាំង​នោះ​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ មក​ពី​ភូមិ​ប្រើស​ក្អក និង​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ ជិត​១០០​នាក់ បាន​ធ្វើ​ពិធី​ដាក់​បណ្ដាសា ដល់​អ្នក​មាន​លុយ​មាន​អំណាច​ដែល​បាន​រំលោភ​យក​ដីធ្លី​ពួកគាត់ ជាង​១០​ឆ្នាំ​មក​នេះ។ ពួកគាត់​ថា ពិធី​នេះ ធ្វើ​ដើម្បី​ផ្ញើ​សារ និង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី នេះ​ឱ្យ​បាន​ឆាប់។

ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ធ្វើ​ឡើង​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ នៅ​លើ​ដី​ដែល​ក្រុមហ៊ុន បាន​ឈូស​ឆាយ​ដំណាំ​រាប់ពាន់​ហិកតារ​របស់​ពួកគាត់​ចោល កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ។ នៅ​ក្នុង​ពិធី​នេះ មាន​សែន​ក្បាល​ជ្រូក និង​ទៀន ធូប ជាដើម តាម​បែប​ប្រពៃណី​របស់​ពួកគាត់។តំណាង​សហគមន៍​ជនជាតិភាគតិច​កួយ នៅ​ភូមិ​ប្រើស​ក្អក លោក សឿន ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ថា ការណ៍​ដែល​ពួកគាត់​ធ្វើ​ពិធី​ដាក់​បណ្ដាសា​នេះ ដោយសារ​តែ​ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​ជា​បន្ត​បន្ទាប់ពី​សំណាក​ក្រុមហ៊ុន​ចិន។ ជាក់ស្ដែង លោក​ថា កាល​ពី​ដើម​ខែ​មករា​នេះ ដំណាំ​ដំឡូង​របស់​ពួកគាត់​ជាច្រើន​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ ចំណែក​ពួកគាត់​ត្រូវ​គំរាម​សម្លាប់ និង​ជេរប្រមាថ​គ្រប់​រូបភាព។

លោក សឿន ថា៖ «ស្នើ​ឱ្យ​ពួកគាត់​នឹង​មេត្តា​កាត់​ឆ្វែល​ដី​ជូន​មក​ពលរដ្ឋ​របស់​យើង​វិញ ដើម្បី​ឱ្យ​ពួកគាត់ បាន​អាស្រ័យ​ផល​។ ពីព្រោះ​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​អាស្រ័យ​ផល ប៉ុន្តែ​ហាម​តែ​ពលរដ្ឋ​យើង​ដែល​រស់នៅ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​នៅ​តំបន់​នោះ ដោយឡែក អ្នក​មាន​អំណាច​មាន​លុយ​មួយ​ចំនួន ដោយ​ចូល​ធ្វើ​បាន​ហើយ​មានការ​អះអាង​ថា មានច្បាប់​ការពារ​ទៅវិញ»។

អភិបាលរង​ខេត្ត​ព្រះវិហារ លោក ណុប វុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ នេះ ថា ការ​ធ្វើ​ពិធី​ដាក់​បណ្ដាសា ឬ​ការ​ទាមទារ​រក​ដំណោះស្រាយ រឿង​វិវាទ​ដីធ្លី​នេះ គឺជា​សិទ្ធិ​របស់​ពួកគាត់ តែ​យ៉ាងណា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងតែ​ព្យាយាម ដំណោះស្រាយ ជា​បណ្ដើរៗ​ហើយ។

លោក ណុប វុទ្ធី៖ «បើ​ចង់​ធ្វើ​[​ពិធី​ដាក់​បណ្ដាសា​]នេះ​ជា​សិទ្ធិ​របស់​គាត់ យើង​អត់​មាន​ការ​ហាមឃាត់ ពួកគាត់​បាន​នោះ​ទេ​។ ប៉ុន្តែ​នីតិវិធី​ក្នុង​ការ​ធ្វើ​[​ដោះស្រាយ​ដីធ្លី​]យើង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ដើម្បី​ធ្វើ​ការងារ ដើម្បី​ប្រមូល​ចងក្រង​ឯកសារ ព័ត៌មាន​ទាំងអស់​ហ្នឹង​មុន យើង​ធ្វើការ​វិនិច្ឆ័យ​។ អាជ្ញាធរ​យើង​កំពុងធ្វើការ​ដោះស្រាយ ព្រោះ​យើង​មាន​គណៈកម្មការ​របស់​យើង»។

ទោះ​ជា​អះអាង​បែបនេះ​ក្ដី អភិបាល​រង​ខេត្ត​រូប​នេះ កាល​ពី​ថ្ងៃទី​២៦ ខែ​មករា លោក​បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅក្នុង​ខេត្ត​របស់​ខ្លួន ដោយ​ព្រមាន​ឱ្យ​ពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​បង្កបង្កើន​ផល​លើ​ដី​នោះ​ទៀត បើ​ពុំ​ចង់​មាន​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់ ។ លោក​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​នោះ គឺជា​ដី​រដ្ឋ​ដែល​រដ្ឋាភិបាល បាន​វិនិយោគ​ឱ្យ​ក្រុមហ៊ុន។

ទាក់ទិន​រឿង​នេះ​អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត សង្កេត​ឃើញ​ថា វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ខេត្ត​ព្រះវិហារ​នេះ បាន​អូស​បន្លាយ​ជាង ១០​ឆ្នាំ​ហើយ។ លោក​ថា ករណី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​មាន​ឆន្ទៈ​ដោះស្រាយ​ពិតប្រាកដ​នោះ​ទេ ជាក់ស្ដែង​អាជ្ញាធរ​តែងតែ​ចាត់ទុក​ពលរដ្ឋ​ថា ជនល្មើស។

លោក វណ្ណ សុផាត៖ «រហូតមកដល់​បច្ចុប្បន្ន​ទាំង​អាជ្ញាធរ ទាំង​ក្រុមហ៊ុន ទាំង​ប្រព័ន្ធ យុត្តិធម៌​ផង​ដែរ នៅតែ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ ពេល​គាត់​អស់​ដី នឹង​មាន​ការ​តវ៉ា​។ អ៊ីចឹង​ទៅ ចោទ​ពួកគាត់​ពី​បទ​ព្រហ្មទណ្ឌ បទ​ប្រើ​អំពើ​ហិង្សា។ ដូច្នេះ អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​រដ្ឋ ត្រូវតែ​ពិនិត្យ​ទៅលើ​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​បើ​មាន​យក​ដី​ពួកគាត់​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ច្បាប់»។

ជនជាតិ​ដើម​ភាគតិច​កួយ មាន​វិវាទ​ដីធ្លី ដ៏​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ ជាមួយ​នឹង ក្រុមហ៊ុន​ស្ករអំពៅ​ចិន​ឈ្មោះ ហេងហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry)​។ មកដល់​ពេល​នេះ​នៅ​មាន​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ នៅ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន កំពុង​រង​ផល​ប៉ះពាល់​ដោយ​មាន​ជីវភាព​ដុនដាប​កាន់តែ​ខ្លាំង ក្រោយ​ពី​រដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន កាល​ពី​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០)។

ជនជាតិ​ដើម​ភាគតិច​លើកឡើង​ថា ចាប់​តាំង​ពី​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន​មក ការ​បង្ក​បង្កើន​ផល នៅ​លើ​ដី​របស់​ពួកគាត់​ទាំង​ប្រថុយប្រថាន ព្រោះ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុមហ៊ុន ចំណែក​រដូវប្រាំង ដំណាំ​ដំឡូង​រាប់​ពាន់​ហិកតារ ប្រឈម​ការ​ដុត​ចោល។ ទោះ​បែបនេះ​ក្ដី ពួកគាត់​ថា នៅតែ​ប្រកាន់​ជំហរ​ទាមទារ ហើយនឹង​ដាក់​ញត្តិ ដល់​រដ្ឋាភិបាល ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។