អ្នកភូមិ​នៅ​ខេត្តព្រះវិហារ​ដាក់​វេន​គ្នា​ដេក​យាម​ស្រូវ​លើដី​ជម្លោះ ព្រោះខ្លាច​ក្រុមហ៊ុន​លួច​ច្រូតស្រូវ​របស់​ពួកគាត់​ទៀត

0:00 / 0:00

អ្នកភូមិ​នៅ​ខេត្តព្រះវិហារ ដាក់​វេន​គ្នា​ដេក​យាម​ស្រូវ ព្រោះ​បារម្ភ​ខ្លាច​តំណាង​ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួច​ច្រូតស្រូវ​ពួកគាត់​ទៀត បើ​ទោះជា​ពួកគាត់​មួយ​ចំនួន​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ឱ្យ​ទៅ​ភាគី​ក្រុមហ៊ុន​រួច​ហើយ​ក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ ពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​នេះ គឺជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។

ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ រស់នៅ​​ក្នុង​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ព្រួយបារម្ភ​អំពី​ជីវភាព​កាន់តែ​លំបាក ខណៈ​ដែល​ស្រូវ​របស់​ពួកគាត់​ជាច្រើន​ហិកតារ ត្រូវ​បាន​បក្ខពួក​តំណាង​ក្រុមហ៊ុន​ ​ហេង ហ្វូ លោក ឈៀង គង់នៅ រារាំង​មិន​ឱ្យ​ប្រមូល​ផល។ ចំណែក​ពលរដ្ឋ​ខ្លះ ត្រូវ​បង្ខំចិត្ត​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ ឱ្យ​ទៅ​ក្រុមហ៊ុន​ ដើម្បី​ជា​ថ្នូរ​បាន​ប្រមូល​ផល​ស្រូវ​នៅ​ឆ្នាំនេះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​កួយ ​លោក សឿន ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា កាលពី​ថ្ងៃទី​២៨ ខែ​តុលា អភិបាល​រង​ខេត្ត​ព្រះវិហារ លោក យឹម បញ្ញា និង​អាជ្ញាធរ​មូលដ្ឋាន រួម​នឹង​ភាគី​ក្រុមហ៊ុន គឺ​លោក ឈៀង គង់នៅ បាន​ចុះ​មក​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ដល់​ពលរដ្ឋ​ម្ដងទៀត ក្រោយពី​ពួក​កាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជុំវិញ​បក្ខពួក​លោក ឈៀង គង់នៅ លួច​ច្រូតស្រូវ​របស់​អ្នកភូមិ​ទៅ​លក់។ នៅ​ក្នុង​ជំនួប​នោះ លោក​ថា អាជ្ញាធរ​មិនបាន​ដោះស្រាយ​បញ្ហា ដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ទេ។ ប៉ុន្តែ អភិបាលរង​ខេត្ត លោក យឹម បញ្ញា បាន​គំរាម​ឱ្យ​អ្នកភូមិ ប្រមាណ​ ៤០​គ្រួសារ ដែល​មាន​ឈ្មោះ​ក្នុង​អង្គប្រជុំ​នោះ​ថា ត្រូវធ្វើ​កិច្ច​សន្យា​ប្រគល់​ដី​ឱ្យទៅ​ភាគី​ក្រុមហ៊ុន ទើប​អាច​មាន​សិទ្ធិ​ប្រមូល​ផល​ស្រូវ​បាន។

ភ្លាមៗ​ នោះ លោក​ថា ដោយសារតែ​ក្ដី​បារម្ភ អ្នកភូមិ​ក៏​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី ឱ្យទៅ​ភាគី​ក្រុមហ៊ុន ដើម្បី​ជា​ថ្នូរ​បាន​ប្រមូល​ផល​ស្រូវ នៅ​ឆ្នាំនេះ។ ទោះជា​យ៉ាងនេះ​ក្ដី ​មក​ដល់​ពេល​នេះ លោក សឿន ថា អះអាង​ថា មាន​ពលរដ្ឋ​ប្រមាណ ​៤០​គ្រួសារ​ ដែល​បាន​ធ្វើ​កិច្ចសន្យា​​ហើយ​នោះ នៅតែ​មិន​ទាន់​អាច​ប្រមូល​ផល​ស្រូវ​បាន​ដដែល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ដាក់​វេន​គ្នា​ទៅ​ដេក​យាម​ស្រូវ ព្រោះ​បារម្ភ​ខ្លាច​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​កុហក ហើយ​លួច​ច្រូតស្រូវ​របស់​ពួកគាត់​ទៀត។

លោក សឿន ថា៖ «​យើង​ធ្វើ​កិច្ច​សន្យា​ ថា​បាន​ចូល​ទៅ​ច្រូតស្រូវ​ដោយ​ស្រួល។ ប៉ុន្តែ​ ពេល​ធ្វើ​កិច្ចសន្យា​រួច បែរជា​អត់​បាន​ស្រួល​តាម​អំពើ​ចិត្ត​ ដូចដែល​យើង​ចង់បាន ព្រោះ​ស្រូវ​​វា​​អត់​​ចាំ​​យើង​​ទេ តែ​វា​ទុំ​ គឺ​ទុំ​ហើយ ពួក​​យើង​​ចាំ​តែ​​ទទួល​កំហុស​។ និយាយ​រួម​ទៅ ​ពួកគេ​មិនបាន​ធ្វើ​ ក៏​យក​ផល។ គេ​ធ្វើ​ ក៏​ចាំតែ​ទទួលផល​ល្អ សម្រាប់​ពលរដ្ឋ​​យើង​ ចាំតែ​ខុស​ទាំងស្រុង​។ នេះ​ជា​រឿង​អយុត្តិធម៌​មែនទែន​ សម្រាប់​ពួក​ខ្ញុំ​ ដែល​ជា​ជន​ជាតិ​​ដើម​ភាគតិច»។

អ្នកភូមិ​អះអាង​ស្រដៀងៗ ​គ្នា​ថា ការ​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​អាស្រ័យ​ផល​ឱ្យទៅ​ភាគី​ក្រុមហ៊ុន​នេះ គឺ​ធ្វើ​ឡើង​ទាំង​បង្ខំចិត្ត ដោយសារតែ​ពួកគាត់​គ្មាន​ជម្រើស ហើយ​ទ្រាំ​នឹង​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រុមហ៊ុន​ពុំ​បាន​។ បន្ថែម​ពី​នោះ អ្នកភូមិ​បារម្ភ​ខ្លាចមិនបាន​ប្រមូល​ផល​ស្រូវ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព ព្រោះថា ការ​ធ្វើ​ស្រែ​នេះ ​ពួកគាត់​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ហើយ​លុយ​ទាំងនោះ​បាន​ពី​ការខ្ចី​បុល​គេ​ទៀត។

preahviha.jpg
ជនជាតិដើមភាគតិកួយ នាំគ្នាទៅតវ៉ានៅមុខសាលាឃុំំម្លូព្រៃពីរ ស្រុកឆែប ទាមទារអាជ្ញាធរឱ្យ​ប្រគល់គោយន្ត​ទៅ​ពលរដ្ឋវិញ ក្រោយពីក្រុមហ៊ុនដកហូតយកទៅរក្សាទុក។ រូបកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។ ពលរដ្ឋផ្ដល់ឱ្យ​

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាលខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី និង​អភិបាលរង​ខេត្ត លោក យឹម បញ្ញា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ ​នៅ​ថ្ងៃទី​៣០ ខែតុលា ដោយសារ​​ហៅ​ទូរស័ព្ទ​ចូល ​តែ​គ្មាន​អ្នកទទួល។

រីឯអភិបាល​​ស្រុក​ឆែប​ស្ដីទី លោក អ៊ុំ សុភឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃទី​៣០ តុលា​ថា វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចិន និង​ជនជាតិ​ដើម​ភាគតិច​កួយ​នេះ អាជ្ញាធរ​បាន​ដោះស្រាយ​បាន​មួយ​ចំនួន​​ធំ​ហើយ ក្នុង​នោះ​មាន​ពលរដ្ឋ​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ឱ្យទៅ​ភាគី​ក្រុមហ៊ុន​វិញ​។ លោក​បន្ត​ថា ដី​នោះ​គឺជា​ដី​ក្រុមហ៊ុន​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ គ្មាន​បុគ្គល​ណាមួយ​អាច​រំលោភបំពាន ហើយ​អាស្រ័យ​ផល​តាម​អំពើ​ចិត្តបាន​នោះ​ទេ។ លោក​គំរាម​ថា ប្រសិនបើ​ពលរដ្ឋ​ណាមួយ នៅតែ​បន្ត​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត ពលរដ្ឋ​នោះ​​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់។

លោក អ៊ុំ សុភឿន៖ «ដី​នឹង​ប្រគល់​ឱ្យទៅ​ក្រុមហ៊ុន​គ្រប់គ្រង​វិញ ព្រោះ​​ដី​​នោះ​​ជា​​ដី​​របស់​​រដ្ឋ ហើយ​លោក ឈៀង គង់នៅ នោះ ក៏​ដូចគ្នា​ដែរ ត្រូវ​ប្រគល់​ដី​នោះ ឱ្យទៅ​ក្រុមហ៊ុន​ដូចគ្នា​។ ដី​របស់​រដ្ឋ​អត់​មាន​បុគ្គល​ណា​មក​រំលោភបំពាន​ពី​រដ្ឋ​បានទេ​។ ដី​ទាំង​អស់ហ្នឹង មិនមែន​ដី​របស់​ប្រជាពលរដ្ឋ​ទេ ជា​ដី​ក្រុមហ៊ុន បើ​ដី​របស់​ពលរដ្ឋ​ទាល់​តែ​មាន​ប័ណ្ណ​រឹង គ្មាន​នរណា​ទៅ​ដកហូត។ យល់​ទេ?រឿង​នេះ គឺ​រឿង​អាស្រ័យ​ផល​ទេ មិនមែន​រឿង​ដី​ទេ»។

ទាក់ទិន​រឿង​នេះ​ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​នឹង​បាត់បង់​ដី​អាស្រ័យ​ផល​នៅ​ឆ្នាំក្រោយ​ផង និង​បារម្ភ​ខ្លាច​មិនបាន​ប្រមូល​ផល​ស្រូវ​នៅ​ឆ្នាំនេះ​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​សម្រេចចិត្ត ហើយ​ព្រម​ធ្វើ​កិច្ចសន្យា​ទាំង​បង្ខំ។

លោក​បន្ត​ថា ករណី​នេះ មិន​គួរ​អាជ្ញាធរ​ពាក់ព័ន្ធ​ដាក់​សម្ពាធ​តែ​មក​លើ​ពលរដ្ឋ​នោះ​ទេ។ អាជ្ញាធរ​គួរតែ​ផ្ដល់​ឱកាស​ឱ្យ​ពលរដ្ឋ​ប្រមូល​ផល​ស្រូវ​ជាមុន​សិន ហើយ​ចាំ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ពេល​ក្រោយ​។​ លោក​បន្ថែម​ថា ទង្វើ​របស់​អាជ្ញាធរ និង​ក្រុមហ៊ុន ដែល​​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​នេះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក យិន ម៉េងលី៖ «​អ៊ីចឹង ​រដ្ឋ​អាច​ធ្វើ​ការ​កែប្រែ​ឡើងវិញ ចំពោះ​រឿង​នេះ កុំឱ្យ​ក្រុមហ៊ុន​យក​ដី​ទៅ​ទុកចោល កុំឱ្យ​ក្រុមហ៊ុន​យក​ដី​ទៅ​ជួល​ថែមទៀត ហើយ​ប្រជាពលរដ្ឋ​គាត់​ឃើញ​ដី​ទុកចោល ពួកគាត់​ទៅ​អាស្រ័យ​ដាំ​ដុះ​ហើយ​។ រឿង​នេះ ជា​រឿង​របស់​អាជ្ញាធរ​ ជា​រឿង​របស់​រដ្ឋ ដែល​ត្រូវតែ​ធ្វើការ​ពិចារណា​ទៅលើ​ជីវភាព​របស់​ពលរដ្ឋ ពិចារណា​ទៅ​លើ​ដី​សម្រាប់​បង្កបង្កើន​ផល​សម្រាប់​កសិករ។ ចំណែក​ដី​យក​ទៅ​ទុកចោល ហើយ​ប្រជាកសិករ​យើង​អត់​មាន​ដី នេះ​គឺជា​បញ្ហា​មួយ​ដែល​រដ្ឋាភិបាល ត្រូវតែ​ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ត្រូវ​កាត់​ឆ្វៀល​ពី​ក្រុមហ៊ុន​មក​ឱ្យ​ប្រជាពលរដ្ឋ​វិញ ប្រសិនជា​ក្រុមហ៊ុន​យក​ដី​ទៅ​ទុកចោល»។

ពលរដ្ឋ​លើកឡើង​ថា កន្លង​ទៅ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​កៀបសង្កត់​បានតែ​អ្នកភូមិ​ស្លូតត្រង់ ចំណែក​ឯ​ភាគី​ក្រុមហ៊ុន​ប្រព្រឹត្ត​ខុសច្បាប់ ដូចជា គំរាម​បាញ់​ពលរដ្ឋ ដកហូត​គោយន្ត​ពលរដ្ឋ​ទៅ​រក្សាទុក​ដោយ​ខុសច្បាប់ និង​ចូល​ទៅ​លួច​ច្រូតស្រូវ​អ្នកភូមិយក​ទៅ​លក់​តាម​អំពើ​ចិត្ត​ជាដើម​នោះ ពុំ​ឃើញ​អាជ្ញាធរ​លើក​មក​និយាយ ដើម្បី​ដាក់បន្ទុក​ភាគី​ក្រុមហ៊ុន​​ឡើយ។ ជាពិសេស កាលពី​ថ្ងៃទី​២៨ ខែ​តុលា ពលរដ្ឋ​បាន​សាកសួរ​អំពី​បញ្ហា​ជាច្រើន នៅ​ចំពោះមុខ អភិបាល​រង​ខេត្ត លោក យឹម បញ្ញា និង​អភិបាល​ស្រុក​ឆែប​ស្ដីទី លោក អ៊ុំ សុភឿន អំពី​បញ្ហា ដែល​ក្រុមហ៊ុន​គំរាមកំហែង​បាញ់​ពួកគាត់​មិន​ឱ្យ​ប្រមូល​ផល​ស្រូវ និង​ការដែល​បក្ខពួក​លោក ឈាង គង់នៅ លួច​ច្រូត​ស្រូវអ្នកភូមិ​​យក​ទៅ​លក់ ​ដើម្បី​ស្នើ​អាជ្ញាធរ​ឱ្យ​ដោះស្រាយ ប៉ុន្តែ​ អាជ្ញាធរ​មិន​បាន​ឆ្លើយ​តប​នោះ​ទេ។ ពលរដ្ឋ​ចោទ​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​បង្ខំ​ឱ្យ​អ្នកភូមិ​ធ្វើ​កិច្ចសន្យា​នេះ គឺ​ធ្វើ​ឡើងតាម​ការ​ចង់​បាន​របស់​ភាគី​ក្រុមហ៊ុន​ប៉ុណ្ណោះ ពុំបាន​ផ្ដោត​សំខាន់លើ​ផ្នែក​ច្បាប់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។