អាជ្ញាធរប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បិទផ្លូវជុំវិញការដ្ឋានសាងសង់ព្រះលានយន្តហោះថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីរាំងខ្ទប់ពលរដ្ឋមានជម្លោះដីធ្លី មិនឲ្យចូលទៅមើលដីស្រែចម្ការ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះដោយសន្តិវិធី ប្រសើរជាងប្រើកងកម្លាំងទៅគំរាមកំហែងបំបាក់ស្មារតីប្រជាពលរដ្ឋ។
វិវាទដីធ្លីភូមិកំពង់តាឡុង ឃុំបឹងខ្យាង ឈានដល់ការប្រឈមមុខដាក់គ្នា រវាងប្រជាពលរដ្ឋរាប់សិននាក់ និងកងកម្លាំងរាប់រយនាក់ ដែលដាក់រនាំងដែក បិទចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជុំវិញទីតាំងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា។
ពលរដ្ឋម្នាក់លោក ពៅ សុភាព ឲ្យដឹងថា កម្លាំងប៉ូលិស កងរាជអាវុធហត្ថនិងកម្លាំងស៊ីវិលរាប់រយនាក់ ត្រូវបានអាជ្ញាធរខត្តកណ្ដាល ដាក់ពង្រាយតាមផ្លូវ ចាប់តាំងពីម៉ោង ៤ ទាបភ្លឺ ថ្ងៃទី៧ ខែកញ្ញា ដើម្បីរារាំងប្រជាពលរដ្ឋកុំឲ្យចូលទៅធ្វើស្រែបានតទៅទៀត។ លោកបន្តថា ក្រុមសមត្ថកិច្ចទាំងនោះ ក៏តាមបំបែកក្រុមប្រជាពលរដ្ឋ ដែលជួបជុំគ្នា តវ៉ារឿងនេះដែរ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការរំលោភសិទ្ធិ និងបំបិទសេរីភាពពលរដ្ឋ មិនឲ្យតវ៉ារកដំណោះស្រាយដីធ្លីដោយសន្តិវិធី៖ «គោលបំណងគេ គេចេះតែថា មកការពារប្រជាពលរដ្ឋហើយ តែតាមការពិត គេឈូសឆាយដីប្រជាពលរដ្ឋ ធ្វើផ្លូវរត់យន្តហោះហ្នឹង។ ដាក់មកគាបសង្កត់ប្រជាជនតែម្ដង។ ប្រជាជនឥឡូវកំពុងតែទឹកភ្នែកទ្រហូរយំ។ មុនហ្នឹងមិញម៉ាបន្តិចហ្នឹង គេសើចសប្បាយ មើលទៅដូចប្រទេសមានច្បាប់ លទ្ធិប្រជាធិបតេយ្យ កាន់រដ្ឋធម្មនុញ្ញ តែធ្វើបាបប្រជាជន បំបិទសិទ្ធិការរស់រៀនមានជីវិតពួកខ្ញុំហ្នឹង កាន់តែលំបាកទៅៗ។ ឥឡូវ ដីស្រែហ្នឹងឈូសអស់ហើយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយ រឿងការដាក់កម្លាំងសមត្ថកិច្ចនេះ ពីអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ បានទេ ដោយសារហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
កាលពេលថ្មីៗ នេះ សាលាខេត្តកណ្ដាល ចេញលិខិតជូនដំណឹងមួយអំពីការកាយផ្ដាច់ផ្លូវអមប្រឡាយលេខ៩០ គឺដើម្បីរំដោះទឹកភ្លៀងចេញពីការដ្ឋានឲ្យបានឆាប់ ព្រោះធ្វើឲ្យប៉ះពាល់គម្រោងសាងសង់ផ្លូវយន្តហោះទី១ ជាគម្រោងអាទិភាព។ អាជ្ញាធរព្រមានថា បើមានជនរារាំងដល់ការអនុវត្តនេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត មានប្រសាសន៍ថា ការដាក់កម្លាំងសមត្ថកិច្ចនៅតំបន់ព្រះលានយន្តហោះថ្មីនេះ គឺរូបភាពគំរាមបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់ចេញតវ៉ារឿងដីធ្លី។ លោកយល់ថា អាជ្ញាធរ និងភាគីក្រុមហ៊ុន គួរតែដោះស្រាយបញ្ចប់បញ្ហាដីធ្លីមួយនេះ ដោយសន្តិវិធី ចៀសវាងការប្រឈមមុខដាក់គ្នារវាងពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ដែលអាចទៅជាអំពើហិង្សា៖ «ប្រមុខរដ្ឋាភិបាលគួរតែពិនិត្យសារឡើងវិញ ចៀសវាងកុំឲ្យមានការប្រឈមមុខដាក់គ្នាបង្កើតជាអំពើហិង្សា។ ខ្ញុំយល់ថា ប្រជាពលរដ្ឋ ច្បាស់ជាប្ដូរផ្ដាច់ដើម្បីដីរបស់គាត់ហើយ។ ដីពួកគាត់អត់មានច្រើនប៉ុន្មានទេ ជួនកាលខ្លះមាន ៩អា ១០អា ខ្លះ ១ហិកតារ អ៊ីចឹងទៅ។ អ៊ីចឹង ! គួរតែអនុញ្ញាតឲ្យពួកគាត់ប្រកបមុខរបរចិញ្ចឹមជីវិតតទៅទៀតទៅ។ បើមានការប៉ះទង្គិចគ្នា ប្រជាពលរដ្ឋនឹងរងសម្ពាធមួយទៀត គឺការចោទប្រកាន់តាមផ្លូវតុលាការ។ ប្រឈមនឹងជាប់ពន្ធនាគារ។ នេះជាការបំបាក់សិទ្ធិសេរីភាពក្នុងការជួបជុំ និងបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្នុងការការពារទ្រព្យសម្បត្តិរបស់ខ្លួនឯង»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ជាមួយនឹងប្រជាពលរដ្ឋសរុប ៣៣០គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអូសបន្លាយជាង ៣ឆ្នាំមកហើយ ដោយពលរដ្ឋមិនព្រមទទួលយកសំណង ដែលអាជ្ញាធរផ្ដល់ឲ្យចន្លោះពី ៣ដុល្លារទៅ ៨ដុល្លារ ក្នុងដី ១ម៉ែត្រការ៉េ។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធ នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រះលានយន្តហោះខ្នាតអន្តរជាតិមួយនៅទីនោះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣។ ព្រះលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារ (១.៥០០លាន) លើផ្ទៃដីជិតបីពាន់ហិកតារ (២.៦០០)។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងនេះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះជូនពួកគាត់ឱ្យបានឆាប់។ ពលរដ្ឋបញ្ជាក់ថា ពួកគាត់នឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយសមរម្យដែលអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។