ពលរដ្ឋរស់នៅបឹងសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ យូរឆ្នាំមកហើយ ព្រមយកសំណង និងចាកចេញពីលើបឹងសំរោងអស់ហើយ។ ពួកគេព្រួយបារម្ភបាត់បង់មុខរបរអាស្រ័យផលពីបឹងដោយសារតែ ព្រោះផ្នែកខ្លះ នៃផ្ទៃបឹងកំពុងរងការរំលោភយកទៅធ្វើការអភិវឌ្ឍ។
ពលរដ្ឋខ្លះសុខចិត្តចាកចេញពីដី និងផ្ទះ ក្នុងបឹងសំរោង មិនមែនដោយការពេញចិត្តទេ តែជាគ្មានជម្រើស។ ក្រៅពីជាទីកន្លែងរស់នៅ ហើយនោះ ផ្ទៃបឹងសំរោង ក៏ជាទីតាំងប្រកបរបររបស់អ្នកបឹងដែរ។ ទីនោះ គឺជាកន្លែងដាំដំណាំ បន្លែ និងរកត្រី របស់អ្នកភូមិ។
អ្នកបេះត្រកួន នៅបឹងសំរោង តាំងពីឆ្នាំ១៩៩៣មក លោកស្រី នេត សូនី ជាពលរដ្ឋម្នាក់ ក្នុងចំណោម ៦គ្រួសារចុងក្រោយ ដែលទើបព្រមទទួលយកដំណោះស្រាយចាកចេញពីបឹង។ លោកស្រី ឱ្យដឹងថា អ្នកភូមិទាំងអស់ នៅតែបន្តដាំដំណាំ និងរកត្រី ជាធម្មតា តែមិនសូវបានផលដូចមុនទេ។ស្ត្រីវ័យកណ្ដាលរូបនេះ បារម្ភថា អាជ្ញាធរនឹងអភិវឌ្ឍន៍ ដោយលុបបឹងសំរោង ដូចបឹងដទៃទៀត បណ្ដាលឱ្យអ្នកភូមិបាត់បង់មុខរបរ។ លោកស្រីចង់ឱ្យអាជ្ញាធររក្សាផ្ទៃបឹងនោះទុកដូចសព្វថ្ងៃ ដើម្បីបន្តមុខរបរអ្នកភូមិ និងជាផ្ទៃបឹង ជួយស្ដុកទឹកស្អុយ បង្ហូរចេញពីក្រុងភ្នំពេញ៖ «ដាំបន្លែដាំអ្វី។ ទៅទិញបន្លែ។ រស់នៅក្បែរហ្នឹង ទៅដាំបន្លែដាំអ្វី ចេះតែទៅបេះ។ ទិញគេផង ( លក់បន្ត ) ។ ឥឡូវក្រៅពីដាំបន្លែ មិនដឹងទៅរកអ្វីទេ។ ដូចខ្ញុំអ្វី មេម៉ាយអ្វីអ៊ីចឹង មិនដឹងទៅរកអ្វី មានតែដាំបន្លែហ្នឹង។ ពីមុនបេះបន្លែបេះ បានបួនដប់ម៉ឺន តែឥឡូវទិញគេបន្ត ផាត់អស់ សល់បួន ប្រាំម៉ឺន អ្វីអ៊ីចឹងទៅ»។
ប្រជាពលរដ្ឋច្រើនរយគ្រួសារ ធ្លាប់អាស្រ័យផល ក្នុងបឹងសំរោងនេះ តាំងពីយូរឆ្នាំមកហើយ។ អាជ្ញាធរ បានចាប់ផ្ដើមបូមខ្សាច់ លុបផ្នែកខ្លះ នៃបឹងសំរោង កាលពីអំឡុងឆ្នាំ២០១៤ ដោយពលរដ្ឋ អាស្រ័យផល មិនបានដឹងពីរឿងនេះទេ។ កាលនោះ ពលរដ្ឋ បានលើកគ្នាទៅតវ៉ា តែអាជ្ញាធរ មិនបានបង្ហាញគម្រោងអនុបយោគ ឬវិនិយោគទុកឱ្យក្រុមហ៊ុនឯកជនទេ។
ក្រោយមកអាជ្ញាធរបានជូនលិខិតជូនដំណឹងឱ្យពលរដ្ឋ ចាកចេញពីបឹងជាបន្តបន្ទាប់ ដោយអះអាងថា ផ្ទៃបឹង ជាសម្បត្តិរដ្ឋ។ ប្រជាពលរដ្ឋ ចំនួន ៣២គ្រួសារ ចុងក្រោយ ដែលក្រាញននៀលតវ៉ាច្រើនឆ្នាំមកហើយ បានបង្ខំរុះរើផ្ទះ និងបែរចិញ្ចឹមត្រី កាលពីចុងឆ្នាំ២០២០ ដោយបង្ខំចិត្តទទួលយកការដោះដូរដី នៅក្បែរបឹងនោះ ទំហំទទឹង៤ម៉ែត្រ បណ្ដោយ១៨ម៉ែត្រ។ ការដោះដូរដីនេះ បណ្ដាលឱ្យពលរដ្ឋ ធ្លាប់អាស្រ័យផលលើបឹងខ្លះ បាត់បង់មុខរបរទាំងស្រុង និងពលរដ្ឋខ្លះ ប៉ះពាល់ដល់ជីវភាព ដោយសារ ផ្ទៃដី និងបឹង ដែលធ្លាប់ ដាំត្រសក់ ដកក្រឪឈូក បេះត្រកួន និងចិញ្ចឹមត្រី ជាដើម ត្រូវលុប ក្នុងហេតុផលអភិវឌ្ឍន៍។
អ្នករស់នៅក្នុងសហគមន៍បឹងសំរោង លោកស្រី ប្រាក់ សោភា ឱ្យដឹងថា អ្នកធ្លាប់រស់នៅលើបឹងមួយចំនួន បានចាកចេញពីបឹង ធ្វើចំណាកស្រុក ទៅរកការងារធ្វើ នៅតំបន់ផ្សេងៗ ហើយសល់ភាគតិច បន្តរស់នៅលើផ្ទៃ បន្តមុខរបរដាំត្រកួន និងរកត្រី៖ «បងដឹងយ៉ាងម្ដេចទេ ប្រជាជនមួយចំនួនរកត្រី ដកក្រអៅឈូក នៅបឹងហ្នឹង ដកស្លឹកឈូក នៅបឹងហ្នឹង ដែលចាស់ៗអត់ដើមរកស៊ី បេះត្រកួនលក់។ ដល់ឥឡូវលុបអ៊ីចឹង និយាយអ៊ីចឹង ប្រជាជននៅសហគមន៍សំរោងត្បូងហ្នឹង គឺរស់ដោយសារបឹងហ្នឹង តែម្ដង គឺសេដ្ឋកិច្ចធំ តែម្ដង»។
កាលពីខែមីនា ឆ្នាំ២០២០ អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញគម្រោងថា នឹងអភិវឌ្ឍន៍ជាសួនច្បារ និងផ្លូវថ្មើរជើង ជុំវិញបឹងដែលស្ថិតក្នុងខណ្ឌព្រែកព្នៅ។ តែអាជ្ញាធរចោទថា គម្រោងនេះ ត្រូវបានពលរដ្ឋមួយចំនួន បង្អាក់ ដោយសារការបន្តរំលោភកាន់កាប់ផ្ទៃបឹង មិនព្រមចាកចេញ។
លិខិតជូនដំណឹង អាជ្ញាធរកាលនោះ បង្ហាញថា មុននឹងឈានដល់ការអនុវត្តវិធានការអភិវឌ្ឍនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយគោលនយោបាយជូនពលរដ្ឋ ដែលចិញ្ចឹមត្រីលើផ្ទៃបឹងសំរោង ៣២២គ្រួសារ ដើម្បីយកទីតាំងអភិវឌ្ឍន៍។ ក្នុងករណីនេះ អាជ្ញាធរខណ្ឌព្រែកព្នៅ ធ្លាប់ឃាត់ខ្លួនអ្នករស់នៅលើបឹងច្រើននាក់ ដោយចោទថា រស់នៅខុសច្បាប់ តែបានដោះលែងវិញ។
ជុំវិញគម្រោងបឹងសំរោងនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ កាលថ្ងៃទី២០ ខែមីនា។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត យល់ថា ការដោះដូរដី នៅក្បែរបឹង ឱ្យអ្នកភូមិវិញ ជាការល្អ។ តែយ៉ាងណា លោកជំរុញឱ្យអាជ្ញាធរ កុំលុបបឹងសំរោង ដើម្បីទុកជាទីតាំងប្រកបរបរដាំដុះ និងចិញ្ចឹមត្រី សម្រាប់ពលរដ្ឋ ដែលធ្លាប់អាស្រ័យផង៖ «គាត់ជាអ្នកមានអាជីពខាងហ្នឹងហើយ គួរតែទុកមួយកន្លែងសម្រាប់គាត់ ដើម្បីអ្នករកទទួលទានតទៀតណា។ ក្នុងការកែប្រែមុខរបរមិនមែនជារឿងល្អទេ។ ខ្លះអាចទៅជារឿងមួយចំណាកស្រុកទៅវិញ ព្រោះគាត់មិនមែនជាអ្នកមានចំណេះដឹងជ្រាលជ្រៅទេ»។
បឹងសំរោង មានទំហំជាងបីរយ (៣៦៣) ហិកតារ ស្ថិតនៅក្នុងឃុំសំរោង ស្រុកពញាឮ ខេត្តកណ្ដាល តែត្រូវបានកាត់បញ្ចូលក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បឹងនេះ ត្រូវបានការពារដោយអនុក្រឹត្យរបស់រដ្ឋាភិបាល តាំងពីឆ្នាំ២០០៨ និងដាក់ជាបឹងធម្មជាតិ សម្រាប់ឱ្យប្រជាពលរដ្ឋអាស្រ័យផល។ តែយ៉ាងណា ពលរដ្ឋក្រីក្រទាំងនោះ ព្រួយបារម្ភពីការបាត់បង់មុខរបរអាស្រ័យផលពីបឹង ព្រោះផ្នែកខ្លះ នៃផ្ទៃបឹងកំពុងប្រឈមការលុប ដើម្បីអភិវឌ្ឍន៍ ដូចបឹងក្នុងក្រុង ដទៃទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។