អ្នកស្រុករមាសហែកប្រមាណ ១០០នាក់តំណាងឲ្យពលរដ្ឋជាង ៤រយគ្រួសារ លើកគ្នាទៅតវ៉ាមុខសាលាដំបូងខេត្តស្វាយរៀង ទាមទារឲ្យតុលាការទម្លាក់ចោលការប្រកាន់លើតំណាងរបស់ពួកគេ។ ការតវ៉ានេះ ធ្វើឡើងស្របពេល ដែលតុលាការបើកសវនាការជំនុំជម្រះក្ដី លើបណ្ដឹងរបស់ក្រុមហ៊ុនឯកជនមួយ ដែលប្ដឹងពលរដ្ឋ ៤នាក់ ពីបទធ្វើឲ្យខូចដោយអចេតនា និងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋ។ សង្គមស៊ីវិលរំពឹងថា តុលាការនឹងទម្លាក់ចោលបទចោទលើពលរដ្ឋ និងស្នើដល់អាជ្ញាធរដោះស្រាយបញ្ចប់ជម្លោះដីធ្លី។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការខេត្តស្វាយរៀង លោក សុវណ្ណ ច័ន្ទគ្រឹស្នា នឹងប្រកាសសាលក្រមលើសំណុំរឿងនេះ នៅថ្ងៃទី៩ ខែតុលា ក្រោយពីបិទបញ្ចប់សវនាការពេញសេចក្ដី នៅថ្ងៃទី១៧ កញ្ញា។
តំណាងសហគមន៍ ៤នាក់ ដែលត្រូវក្រុមហ៊ុនប្ដឹងនោះ រូមមានលោកស្រី ខៀវ សារ៉ុន លោកស្រី ម៉ន ស៊ីណា លោក ធឿន វ៉េង និងលោក សំ វឿន។ ក្នុងបន្ទប់សវនាការតតាំងក្ដីនេះ មិនមានវត្តមានលោក ធឿន វ៉េង ទេ ដោយលោកចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៤នាក់ លោកស្រី ខៀវ សារ៉ុន ប្រាប់អាស៊ីសេរីថា ចៅក្រមនិងតំណាងអយ្យការបានសាកសួរលោកស្រី និងតំណាងពលរដ្ឋផ្សេងទៀត ជាច្រើនសំនួរពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) ដែលទទួលសិទ្ធិវិនិយោគដាំអំពៅលើដីរដ្ឋទំហំជិត ៧រយ ហិកតារ ស្ថិតនៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកស្រីបញ្ជាក់ប្រាប់ចៅក្រមថា តំណាងពលរដ្ឋទាំង ៤នាក់ មិនប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់ភាគីក្រុមហ៊ុននោះទេ។ លោកស្រី លើកឡើងទៀតថា ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ក្រុមពលរដ្ឋជាង ៤រយគ្រួសារ តែងតែនាំគ្នាតវ៉ាទាមទារយកដីនោះមកវិញដោយអហិង្សា តាមរយៈការដើរដាក់ញត្តិរកកិច្ចអន្តរាគមន៍នានា ពីអាជ្ញាធរខេត្តស្វាយរៀង ក្រសួងដែនដី និងក្រសួងកសិកម្ម ជាច្រើនសារមកហើយ តែនៅមិនទាន់ទទួលបានដំណោះស្រាយ។
តំណាងពលរដ្ឋរូបនេះសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់ពួកគាត់ទាំង ៤នាក់ ដែលជាកសិករក្រីក្រ បាត់បង់ដីធ្វើស្រែចម្ការអស់ជាច្រើនឆ្នាំមកហើយ៖ «ខ្ញុំសូមសំណូមពរតុលាការទម្លាក់ចោលការចោទប្រកាន់លើពួកខ្ញុំ ហើយលើកលែងពួកខ្ញុំក្នុងតុលាការហ្នឹងទៅ។ ខ្ញុំសំណូមពរឲ្យប្រមុខរដ្ឋាភិបាលជួយដោះស្រាយដីធ្លីឲ្យពួកខ្ញុំ ដោយចុះមកមើលថាតើពួកខ្ញុំវេទនាឬអត់ កុំឲ្យពួកគាត់ជឿតែអាជ្ញាធរនៅថ្នាក់ក្រោមពេក។ ពួកគាត់ចុះផ្ទាល់មកដល់ពួកខ្ញុំផង» ។
អាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន អ៊ិន.ខេ វេនឈ័រ (N-K Venture) លោកស្រី កែវ សម្ផស្ស ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (LICADHO) លោក នុត បូពិណ្ណារ័ត្ន ថ្លែងថា ការប្ដឹងផ្ដល់តំណាងពលរដ្ឋឡើងតុលាការពីសំណាក់ភាគីក្រុមហ៊ុនបែបនេះ អាចជារូបភាពមួយដើម្បីបំបាក់ស្មារតីដល់ពលរដ្ឋដទៃទៀតឲ្យបញ្ឈប់ការចេញដើរតវ៉ារកដំណោះស្រាយក្នុងវិវាទដីធ្លីនេះ ។ លោក សង្កេតឃើញថា ទោះបីជាការប្ដឹងតំណាងសហគមន៍ទៅតុលាការជាច្រើនលើកច្រើនសារហើយក្ដី ក៏ប្រជាពលរដ្ឋនៅតែបន្តការតវ៉ារកដំណោះស្រាយពីអាជ្ញាធរ និងបណ្ដាក្រសួងនានាក្នុងរាជធានីភ្នំពេញដែរ។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ រំពឹងថា តុលាការខេត្តស្វាយរៀង នឹងទម្លាក់ចោលបទចោទប្រកាន់លើកសិករទាំងបួននាក់៖ «រឿងនេះ ធ្វើមិច ចង់សំណូមពរដល់ខាងចៅក្រម ខាងតុលាការ ទម្លាក់ចោលបទចោទពួកគាត់ទៅ។ កុំឲ្យមានការចោទប្រកាន់ពួកគាត់អីទៀត។ ពេលទម្លាក់ចោលបទចោទហ្នឹងហើយពាក់ព័ន្ធនឹងរឿងដីធ្វើមិច ឲ្យខាងមន្ទីរ ឬក្រសួងកសិកម្មអីហ្នឹង ឬក៏រដ្ឋាភិបាល ធ្វើការរកដំណោះស្រាយមួយណាឲ្យពួកគាត់។ ពិនិត្យទៅលើភាពជាក់ស្ដែង ថាគាត់ចូលកាន់កាប់តាំងពីពេលណា ហើយអ្នកណាដែលចូលកាន់កាប់តាមច្បាប់ត្រឹមត្រូវហ្នឹង ត្រូវទទួលសំណងរបៀបណា បើសិនជាយើងវិនិយោគទៅក្រុមហ៊ុនហើយ» ។
ពលរដ្ឋឲ្យដឹងថា ពួកគាត់ ៤៤០គ្រួសារ បានប្រកបរបរធ្វើស្រែចម្ការលើដី ៦៧០ហិកតារស្ថិតនៅក្នុងឃុំអំពិល ស្រុករមាសហែកនោះជាធម្មតា ចាប់ពីឆ្នាំ១៩៨២ រហូតមក។ ប៉ុន្តែមកដល់ឆ្នាំ២០១០ ស្រាប់តែមានក្រុមហ៊ុនឥណ្ឌាឈ្មោះ អ៊ិន.ខេ វេនឈ័រ (N-K Venture) ចូលមកឈូសឆាយបំផ្លាញផលដំណាំអ្នកភូមិលើដី ៦៧០ហិកតារនោះ ដោយអះអាងថាទទួលបានសិទ្ធិអភិវឌ្ឍន៍លើដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
ពលរដ្ឋអះអាងទៀតថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនជាច្រើនទៀត បានមកកាប់កាន់ដីធ្លីនៅកន្លែងមានជម្លោះនោះ ជាបន្តបន្ទាប់ ដោយផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ប៉ុន្តែអាជ្ញាធរមិនបានជូនដំណឹងឲ្យពលរដ្ឋដឹងនោះទេ។
អង្គការសង្គមស៊ីវិល យល់ថា ដើម្បីបិទបញ្ចប់ជម្លោះនេះ អាជ្ញាធរមូលដ្ឋាននៅខេត្តស្វាយរៀង គួរជជែកជាមួយភាគីទាំងពីរ គឺខាងក្រុមហ៊ុន និងខាងពលរដ្ឋ ដោយបើកចំហ ហើយរកវិធីសមស្របណាមួយ ដើម្បីឲ្យភាគីទាំង២ ទទួលយកបាន ទើបជម្លោះត្រូវបានបិទបញ្ចប់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។