សង្គម​ស៊ីវិល​រិះគន់​ដំណោះស្រាយ​ដីធ្លី​របស់​រដ្ឋាភិបាល​​បាន​តែ​រឿង​តូចតាច​ដើម្បី​ចំណេញ​នយោបាយ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​លូកដៃ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ​នេះ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ និង​គ្រាន់តែ​ជា​ការ​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​ដោះស្រាយ​បានតែ​រឿង​តូចតាច​ចំណែក​ជម្លោះដីធ្លី​ធំៗ​ដែល​ប៉ះពាល់​ពលរដ្ឋ​ច្រើន​គ្រួសារ​មិនទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​។ ការ​លើកឡើង​បែបនេះ​បន្ទាប់ពី​លោក ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​បានជា​បន្តបន្ទាប់​ក្នុង រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិមនុស្ស​និង ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា ថ្លែង​នៅ​ថ្ងៃ​ទី​១៩ កក្កដា ថា ការអន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​លោក ហ៊ុន សែន ក្នុង​រយៈ ពេល​ចុង​ក្រោយនេះ គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ ពីព្រោះ​វិវាទ​ដីធ្លី​ធំៗ​របស់​ប្រជាពលរដ្ឋ​ជាមួយ​អ្នកមាន​លុយ​មានអំណាច និង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ករណី​អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ​បាន​នៅឡើយ​ទេ។

លោក​បន្ត​ថា ការ​ដោះស្រាយ​បែបនេះ​មិន​អាច​ជួយ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង​បានទេ​ដោយសារ​ពួកគាត់​រវល់​តវ៉ា​រឿង​ជម្លោះដីធ្លី​ធ្វើ​ឱ្យ​ខាត​ពេលវេលា​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «ចំពោះ​បញ្ហា​ដោះស្រាយ​ដីធ្លី​មិនមែន​ទើបតែ​មាន​ម្ដង​ហ្នឹង​ទេ​គឺ មាន​ជាច្រើន​មក​ហើយ ទាក់ទង​ហ្នឹង​គណៈកម្មការ​សុរិយោដី​ទាក់ទង​នឹង​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ប៉ុន្តែ​យើង​ឃើញ​ថា ផ្ទុយទៅវិញ​សង្គម​ស៊ីវិល​យើង​ចង់​មើល​លទ្ធផល​ជាក់ស្ដែង​ទេ។ តើ​បញ្ហា​ដីធ្លី​មាន​ជម្លោះ​ធំៗ​ជាមួយ​អ្នក​មាន​អំណាច​ជាមួយ​ហ្នឹង​ឧកញ៉ា​ជាមួយ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ថា តើ​រដ្ឋាភិបាល​មាន​យន្តការ​ដោះស្រាយ​រឿង​ហ្នឹង​ឱ្យ​បាន​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ដែរ ឬក៏​អត់»។

ចំណែក​ប្រធាន​អង្គការ​គណនេយ្យ ភាព​សង្គម​កម្ពុជា​លោក សន ជ័យ កត់​សំគាល់​ថា វិធានការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​រឿង​ល្អ ធ្វើ​ឱ្យ​ការ​ដោះស្រាយ​បញ្ចប់​បាន​ឆាប់​ជាង​ការ​ដើរ​ក្ដី​នៅ​ក្នុង​តុលាការ។ ទោះជា​យ៉ាងណា​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​យក​បញ្ហា​ជម្លោះដីធ្លី​ធំៗ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន​មក​ដោះស្រាយ​ផង​ជា​ការ​ល្អ ហើយ​គួរតែ​អនុវត្តន៍​ឱ្យ​បាន​ជាប់​​ជាប្រចាំ​ដោយ​ពុំ​មែន​យកចិត្តទុកដាក់​ម្ដងម្កាល ឬ​នៅ​ពេល​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូច​សព្វថ្ងៃ​នោះ​ឡើយ៖ «ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ វា​គួរ​ជា​របៀបវារៈ​មួយ​គេ​ហៅថា​ដោះស្រាយ​ឱ្យ​បាន​ច្រើន​មិនមែន​សម្រាប់​តែ​ក្រុម​មួយ​ណា​ដែល​តូច ឬក៏​ក្រុម​មួយ​ដែល​ជាក់លាក់​ទេ វា​គួរតែ​ក្រុម​ប្រជាពលរដ្ឋ​ទទួល​ផល​បាន​ស្មើគ្នា អំពី​យុត្តិធម៌​សង្គម​អំពី​រឿង​ដីធ្លី​ហ្នឹង​។ ធ្វើ​បែប​នេះ​ដើម្បី​គឺ​ដើម្បី​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​គឺ​ដើម្បី​ទាំងអស់​គ្នា​មិនមែន​ទុក​អ្នកណាម្នាក់​ឬក៏​ក្រុម​ណាមួយ​ចោល​ទេ»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​បន្ទាប់ពី​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ចេញ​មុខ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មួយ ចំនួន​តាម​ការ​ស្នើសុំ បន្ទាប់ពី​សំណុំរឿង​ទាំងនោះ​ជាប់​គាំង​ច្រើន​ឆ្នាំ ក្នុង​តុលាការ។ ជម្លោះដីធ្លី​ដែល លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ទាំងនោះ​ដូចជា ករណី​ជម្លោះ​ដណ្ដើម​ដីធ្លី​រវាង បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់ ជាមួយ​អតីត​មិត្ត​ស្ត្រីជន​ជាតិខ្មែរ នៅ​ខេត្ត​កំពត​។ ករណី​ថ្មី​ចុងក្រោយ​នេះ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចុះផ្សាយ​ថា លោក​ហ៊ុន សែន​បាន​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ ២៤០​នាក់​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ពាក់ព័ន្ធ​ករណី​ក្រុម​គ្រួសារ​មន្ត្រី​សាលាស្រុក​កំពង់ត្រាច​ម្នាក់ ឈ្មោះ សៅ ទីន ព្យាយាម​ចាក់​ដី​លុប​ចំណី​បឹង​ដែល​ជា​ដី​រដ្ឋ​បម្រុង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន វិញ​ធ្លាប់​អះអាង​ថា អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​រួម​ទាំង​ទំនាស់​ដីធ្លី​ផង​បាន​ប្រមាណ ៧០​ភាគរយ​ក្នុងចំណោម​បញ្ហា​ដែល​កើតមាន​បច្ចុប្បន្ន គិត​ត្រឹម​ថ្ងៃទី​១៨ មិថុនា។ លោក​បញ្ជាក់​ទៀត​ថា បញ្ហា​ទាំងនេះ​ភាគច្រើន​ដោះស្រាយ​បាន​ជោគជ័យ​តាមរយៈ​វេទិកា​សាធារណៈ​ដែល​វេទិកា​នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋាភិបាល យកចិត្តទុកដាក់​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​ធំៗ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ ។ ពួកគេ កត់សំគាល់​ថា​បញ្ហា​ទំនាស់​ដីធ្លី​ធំៗ​មាន​ជាច្រើន​ករណី​ដូចជា​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ភូមិ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន​ខេឌីស៊ី (KDC) របស់​អ្នកស្រី ជា ខេង ប្រពន្ធ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​ខេត្ត​កំពង់ឆ្នាំង ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​លោក ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ទំនាស់​ដី​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​នៅ​ឃុំ​បឹង​ប្រាំ​ខេត្ត​បាត់ដំបង ព្រមទាំង​ជម្លោះដីធ្លី​ជាច្រើន​ករណី​ទៀត​មិន​ទាន់​ដោះស្រាយ​នៅ​ឡើង។

ទាក់ទង​នឹង​បញ្ហា​ជម្លោះដីធ្លី​នេះ កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង​ប្រកាស​ទទួល​ស្គាល់​ថា ជម្លោះដីធ្លី​រាំ​រ៉ៃ និង​កំពុង​កើត​ឡើងជា​ហូរហែ​នេះ គឺ​ដោយសារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ហើយ​ធ្វើ​ឱ្យ​លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។