យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល សោកស្ដាយនឹងអាជ្ញាធរខេត្តបាត់ដំបង ដែលនៅតែគ្មានវិធានការច្បាប់ទៅលើម្ចាស់សំណង់រឹង ដែលសាងសង់ រំលោភលើដីចំណីស្ទឹងសង្កែ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ ខេត្តបាត់ដំបង អះអាងថា សំណង់ដែលបានសាងសង់តាមបណ្ដោយស្ទឹងសង្កែនោះ គឺបានសាងសង់នៅលើដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមិនប៉ះពាល់ដល់ដីចំណីស្ទឹងទេ។
យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា អាជ្ញាធរពាក់ព័ន្ធមិនគួរបណ្ដោយឱ្យមានការសាងសង់សំណងអគារនៅលើដីស្ទឹងសង្កែឡើយ។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ មាត្រា៨ ចែងថា ដីចំណីច្រាំងស្ទឹង មានចម្ងាយ៣០ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង ហើយដីចំណីច្រាំងនេះ ចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
យុវជនចលនាមាតាធម្មជាតិ កញ្ញា មាន លីសា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ មិថុនាថា ការស្រាយបំភ្លឺរបស់អាជ្ញាធរខេត្តបាត់ដំបង ជាការឆ្លើយតបបែបរើសអើង និងទាញក្រុមយុវជនទៅក្នុងរឿងនយោបាយ។ កញ្ញាបញ្ជាក់ថា តាមការបកស្រាយរបស់អាជ្ញាធរខេត្តបាត់ដំបងថា គឺការសាងសង់នោះ គឺនៅលើដីមានប្លង់កម្មសិទ្ធិ និងមិនរំលោភលើដីចំណីស្ទឹងនោះទេ ក៏ប៉ុន្តែបើមើលពីច្បាប់ស្ដីពីការគ្រប់គ្រងអាងទន្លេ គឺបានកំណត់ចម្ងាយ៣០ម៉ែត្រ ពីច្រាំង តែតាមការវាស់ពីហ្គូហ្គល អើស(Google Earth) គឺចម្ងាយពីច្រាំងស្ទឹងទៅកាន់សំណង់ត្រឹមតែជាង១២ម៉ែត្រតែប៉ុណ្ណោះ។ កញ្ញា ស្នើដល់អាជ្ញាធរខេត្តបាត់ដំបង បញ្ជាក់ពីចម្ងាយដីចំណីស្ទឹង និងបង្ហាញពីចម្ងាយជាក់ស្ដែងពីច្រាំងស្ទឹង ទៅសំណង់ដែលសាងសង់តាមបណ្ដោយស្ទឹង។

កញ្ញា មាន លីសា៖ «ដីចំណីស្ទឹងគឺមានចម្ងាយ៣០ម៉ែត្រពីមាត់ច្រាំង ហើយបើសិនជាអាសំណង់រឹងវាបានរំលោភទៅដល់១២ម៉ែត្រ ហើយយើងអត់ថា អាហ្នឹងជាការរំលោភ តើយើងហៅអាហ្នឹងជាអ្វីទៅវិញ?អាហ្នឹងជាសំណួរ។ បើសិនជា អាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុហ្នឹង ហើយត្រូវបានអនុញ្ញាតឲ្យមានការសាងសង់ស្របច្បាប់ ថាតើស្របទៅតាមច្បាប់អ្វី?អាហ្នឹងជាសំណួររបស់យើង ព្រោះវាផ្ទុយទៅនឹងច្បាប់បាត់ទៅហើយ អ៊ីចឹងខ្ញុំមានតែឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើការពិនិត្យទៅលើច្បាប់គ្រប់គ្រងអាងទន្លេហ្នឹងម្ដងទៀត ដើម្បីប្រៀបធៀបទៅជាមួយនឹងការឆ្លើយបំភ្លឺនេះ»។
ប្រតិកម្មនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តបាត់ដំបងនៅថ្ងៃទី២១ មិថុនា បានចេញសេចក្ដីបំភ្លឺព័ត៌មាន ច្រានចោលការចុះផ្សាយព័ត៌មាន របស់គណនីហ្វេសប៊ុកផេក (FaceBookPage) ឈ្មោះមាតាធម្មជាតិកម្ពុជា (MOTHER NATURE CAMBODIA) និងគណនីហ្វេសប៊ុក ឈ្មោះលោកមេភូមិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី១៩ មិថុនា។ ហ្វេសប៊ុកផេក មាតាធម្មជាតិកម្ពុជា បានចុះផ្សាយថា ស្ទឹងសង្កែ ដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា កំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់នៅលើដីនោះ ហើយអាជ្ញាធរមូលដ្ឋានហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ។ ដោយឡែក គណនីហ្វេសប៊ុក លោកមេភូមិ បានសរសេរថា ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្ដាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនរបស់កូនលោក លោក ប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ។ អាជ្ញាធរខេត្តបាត់ដំបង ចាត់ទុកការចុះផ្សាយទាំងពីរនេះ ជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណងមានចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ នាពេលការបោះឆ្នោតជាតិកាន់តែជិតមកដល់។
អាជ្ញាធរខេត្តបាត់ដំបងបញ្ជាក់ថា ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យទីតាំងការដ្ឋាននៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ បានសាងសង់អគារនៅលើ ដីរបស់ខ្លួនតាមប្លង់កម្មសិទ្ធិ(វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដល់ដីចំណីស្ទឹងនោះទេ។ ចំពោះបច្ចេកទេសសាងសង់ គឺលើកដីទប់សិន បន្ទាប់ពីការសាងសង់រួចរាល់ ទើបកាយអាចម៍ដី ដែលចូលទៅក្នុងស្ទឹងនោះ ចេញវិញ។
ផ្ទុយពីការលើកឡើងរបស់អាជ្ញាធរខេត្តបាត់ដំបង បានលើកឡើងនេះ អាជ្ញាធរមិនបានបញ្ជាក់អំពីច្បាប់ ដែលកំណត់ចម្ងាយដីចំណីស្ទឹង។ មួយវិញទៀត ការសាងសង់សំណង់នោះ មិនបានគិតដល់ដីចំណីស្ទឹងនោះទេ គឺចាប់ពីច្រាំងទន្លេមកត្រឹមតែជាង១០ម៉ែត្រតែប៉ុណ្ណោះ មានការសាងសង់របងបង្គោលថ្ម ការដាំដើមឈើជាជួរតាមបណ្ដោយច្រាំងទន្លេជាដើម។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក សុខ លូ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២១ មិថុនា។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង និងប៉ៃលិនលោក យិន ម៉េងលី មានប្រសាសន៍ថា តាមការពិនិត្យរបស់លោកលើសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង គឺលោកមានចម្ងល់ត្រង់កន្លែង ដែលអាជ្ញាធរ អះអាងថា សំណង់នោះ គឺសាងសង់នៅលើដីកម្មសិទ្ធិឯកជន ក៏ប៉ុន្តែអាជ្ញាធរ មិនបានបញ្ជាក់ពីចម្ងាយច្បាស់លាស់ចាប់ពីអគារនោះ ទៅមាត់ច្រាំង ។ លោកលើកឡើងជាចម្ងល់ថា ហេតុអ្វីនៅក្នុងសេចក្ដីបំភ្លឺមិនបញ្ជាក់ពីច្បាប់ស្ដីពីការគ្រប់គ្រងចំណីស្ទឹង ចម្ងាយពីសំណង់អគារ ទៅមាត់ច្រាំង ដើម្បីបង្ហាញឲ្យឃើញថា ការសាងសង់សំណង់អគារនោះពិតជាសាងសង់ស្របច្បាប់លើដីកម្មសិទ្ធិរបស់ខ្លួន មិនបានរំលោភលើដីសាធារណៈរបស់រដ្ឋទេ។
លោក យិន ម៉េងលី៖ «ការឆ្លើយបំភ្លឺរបស់រដ្ឋបាលខេត្តអត់បានបញ្ជាក់ទេថា រីសតហ្នឹងសាងសង់ចម្ងាយប៉ុន្មានពីមាត់ស្ទឹង ចម្ងាយប៉ុន្មានពីមាត់ស្ទឹង អត់បានបញ្ជាក់ទេ ឃើញទេ?អត់បានបញ្ជាក់ទេ តែគ្រាន់តែថា មានជំនាញទៅថាជាដីកម្មសិទ្ធិ។ យើងត្រូវរកឲ្យឃើញសិន រកឲ្យឃើញសិនថា ដីមាត់ស្ទឹងហ្នឹង វាមានចម្ងាយប៉ុន្មាន ហើយរីសតហ្នឹងចម្ងាយប៉ុន្មានពីមាត់ស្ទឹង។ ដីកម្មសិទ្ធិក៏ដោយ តែរំលោភទៅលើច្បាប់ រំលោភលើដីសាធារណៈរបស់រដ្ឋ មានន័យថា ប័ណ្ណទាំងអស់ត្រូវមោឃភាព។ ដីសាធារណៈរបស់រដ្ឋ អត់អាចធ្វើជាកម្មសិទ្ធិរបស់បុគ្គល ដោយអត់បានធ្វើនីតិវិធីទេ អ៊ីចឹងត្រូវធ្វើនីតិវិធីពីដីសាធារណៈរបស់រដ្ឋ ឲ្យទៅជាដីឯកជនរបស់រដ្ឋសិន អាហ្នឹងទើបបាន ក្លាយទៅជាកម្មសិទ្ធិរបស់បុគ្គលស្របច្បាប់»។
លោក យិន ម៉េងលី លើកឡើងថា អាជ្ញាធរគួរតែបើកចិត្តទទួលស្ដាប់ព័ត៌មានដែលយុវជន ពលរដ្ឋជាដើម បានលើកឡើង ជាពិសេសចេះគ្រប់គ្រង និងឆ្លើយតបតាមអ្វីដែលពួកគេបានលើកឡើងនោះ។ លោកថា ការធ្វើបែបនេះ ជាផលចំណេញរបស់អាជ្ញាធរ ដោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលាស្វែងរកព័ត៌មាន និងគួរតែលើកទឹកចិត្តដល់ពលរដ្ឋ ឬយុវជនដែលហ៊ានផ្ដល់ព័ត៌មាន គឺល្អជាងការចោទប្រកាន់ផ្សេងៗដែលធ្វើឲ្យបាត់ព័ត៌មាន។
សំណង់អគារនោះស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានអគារធំៗចំនួន៣ខ្នង សាងសង់តាមរបៀបរីសត ទំនើបបែរមុខទៅរកស្ទឹងសង្កែ មានសួនច្បារ ដើមឈើដាំជាជួរតាមបណ្ដោយមាត់ស្ទឹង និងហ៊ុមព័ទ្ធដោយរបងខ្ពស់ៗផុតពីភ្នែក ហើយមានផ្លូវចូល១០ម៉ែត្រ បណ្ដោយ១០០ម៉ែត្រ។
យុវជន និងមន្ត្រីអង្គការសង្គមស៊ីវិល នៅតែទទូចឲ្យអាជ្ញាធរខេត្តបាត់ដំបង បង្ហាញពីចម្ងាយច្បាស់លាស់គិតពីមាត់ច្រាំងទៅទីតាំងសំណង់អគារ និងបង្ហាញពីដីចំណីច្រាំងស្ទឹងសង្កែផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។