តើ​លោក កើត រិទ្ធ ជា​អ្នកណា?

0:00 / 0:00

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​លែង​ញញើត​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង។ ជាមួយគ្នា​នេះ ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង ឬក៏​កែប្រែ​ទៅ​តាម​អំពើ​ចិត្ត​របស់​មេដឹកនាំ​បក្ស​កាន់អំណាច ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​ជាតិ។ មនុស្ស​គន្លឹះ​ដែល​នៅ​ពី​ក្រោយ​រឿង​ទាំងនេះ គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ តើ​លោក កើត រិទ្ធ មាន​ប្រវត្តិ​យ៉ាងណា ហើយ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ប្រព័ន្ធ​ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា?

លោក កើត រិទ្ធ បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អស់​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ។ នៅ​ពេល​ចូល​កាន់​តំណែង​ដំបូង លោក​បាន​សន្យា​ជា​ឱឡារិក​ថា លោក​នឹង​ប្រឹងប្រែង​លើក​កម្ពស់​គុណភាព​យុត្តិធម៌​នៅ​កម្ពុជា និង​ស្មោះត្រង់​ចំពោះ​ជាតិ៖ «ខ្ញុំ ​សូម​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ដូចតទៅ ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់​គុណភាព​ការ​ផ្តល់​សេវា​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ ពង្រឹង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ​ដើម្បី​ធ្វើជា​ស្នូល​ក្នុង​ការដឹកនាំ​វិស័យ​យុត្តិធម៌ ពង្រឹង​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការអនុវត្ត​ការងារ​របស់​មន្ត្រី​តុលាការ តាមរយៈ​ការ​ពង្រឹង​វិន័យ និង​សីលធម៌​វិជ្ជាជីវៈ​ក្នុង​វិស័យ​នេះ សំដៅ​លើកកម្ពស់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​អង្គ​តុលាការ​បន្ថែម​ទៀត »។

មជ្ឈដ្ឋាន​មួយ​ចំនួន​រំពឹង​ទុក​ថា រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​អាច​នឹង​ជួយ​ស្រោចស្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​កំពុង​ចុះ​ទន់ខ្សោយ​នោះ ឱ្យ​មក​រឹងមាំ​វិញ តាមរយៈ​ការ​រៀនសូត្រ​ផ្នែក​ច្បាប់​បាន​ជ្រៅជ្រះ​របស់​លោក ប៉ុន្តែ​លទ្ធផល​ហាក់​បាន​ដើរ​បញ្ច្រាស​ពី​នេះ។ លោក កើត រិទ្ធ បាន​ប្រែក្លាយ​ប្រព័ន្ធ​យុត្តិធម៌​ទៅ​ជា​អាវុធ​ដ៏​មុត​ស្រួច​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កម្ចាត់​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ។

ការ​បង្ក្រាប​មិន​ធ្លាប់​មាន​តាម​ផ្លូវ​តុលាការ

ក្រោម​អាណត្តិ​គ្រប់គ្រង​របស់​លោក កើត រិទ្ធ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នៅតែ​រង​ការ​រិះគន់​ថា គ្មាន​ភាព​ឯករាជ្យ និង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​កាន់អំណាច។ តុលាការ​បាន​ដំណើរការ​រឿង​ក្ដី​ជាច្រើន​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​សកម្មជន​នយោបាយ សមាជិក​សង្គម​ស៊ីវិល យុវជន និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។ ករណី​ខ្លះ គេ​មិន​ធ្លាប់​ឃើញ​មាន​ទេ​ក្នុង​ប្រវត្តិ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា គឺ​តុលាការ​បាន​បើក​សវនាការ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ជនជាប់ចោទ​រាប់​សិប​នាក់ ដល់​រាប់​រយ​នាក់។ សវនាការ​ទាំងនោះ ទោះ​ជា​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ក៏ដោយ ក៏​អាច​ឱ្យ​តុលាការ​ផ្ដន្ទាទោស​សកម្មជន​នយោបាយ សមាជិក​សង្គម​ស៊ីវិល និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាបន្តបន្ទាប់​ពី​បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់។

ជា​ការ​ពិត​ថា លោក កើត រិទ្ធ មិនមែន​ជា​ចៅក្រម​កាត់​សេចក្ដី​រឿង​ទាំងនេះ​ទេ ប៉ុន្តែ​ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​មាន​សិទ្ធិ​បញ្ជា​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស។ គឺ​ព្រះរាជអាជ្ញា ឬ​តំណាង​អយ្យការ​នេះ​ឯង​ដែល​ជា​អ្នក​ចោទ​ប្រកាន់ និង​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​នយោបាយ សមាជិក​សង្គម​ស៊ីវិល និង​អ្នក​រិះគន់​រដ្ឋាភិបាល​យក​ទៅ​ដាក់​ពន្ធនាគារ។ ក្នុង​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ​បែបនេះ ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​បែប​ណា ចៅក្រម​ច្រើន​តែ​សម្រេច​ក្ដី​ទៅ​តាម​បទ​ចោទ​នោះ។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មិន​មាន​អ្វី​ប្រសើរ​ឡើង​នោះ​ទេ​ក្នុង​អាណត្តិ​របស់​លោក កើត រិទ្ធ ព្រោះ​តុលាការ​​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ទៅ​ហើយ៖ «មតិ​ដែល​ថា​នឹង​មាន​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះ គឺ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​ខុស​ពី​ការ​ពិត។ ការ ​អះអាង​ទាំងឡាយ​អំពី​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ប្រៀប​បាន​ទៅ​នឹង​ផ្សែង​ដែល​រសាត់​តាម​ខ្យល់។ រដ្ឋាភិបាល​កម្ពុជា​និយាយ​បែបនេះ គឺ​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​អន្តរជាតិ​នៅ​រាប់រក ឬក៏​ដើម្បី​ឱ្យ​ម្ចាស់​ជំនួយ​បន្ត​ផ្ដល់​លុយ​កាក់​ដល់​ពួកគេ ប៉ុន្តែ​ធាតុ​ពិត​នោះ គឺ​ពួកគេ​គ្មាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​លើកស្ទួយ​ប្រព័ន្ធ​យុត្តិធម៌​ឡើយ។ រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​កាន់អំណាច​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ណាមួយ ដើម្បី​ផ្លាស់ប្ដូរ​ប្រព័ន្ធ​សព្វថ្ងៃ​នេះ​ទេ ពីព្រោះ​ពួកគេ​ទទួល​បាន​ប្រយោជន៍​ពី​ប្រព័ន្ធ​យុត្តិធម៌​បែប​ចំណាប់​ខ្មាំង និង​តុលាការ​ដែល​គ្រប់គ្រង​ដោយ​អ្នក​នយោបាយ​ដូច​សព្វថ្ងៃ​នេះ»។

លោក កើត រិទ្ធ គឺ​ជា​មន្ត្រី​ជាន់ខ្ពស់​ទាំង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ជួរ​បក្ស​។ លោក​គឺ​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី១ ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។ លោក​ជា​មនុស្ស​ម្នាក់​ដែល​ចេញមុខ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ជ្រើសរើស​​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​ពី​លោក ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ឱ្យ​ដឹង​ថា លោក កើត រិទ្ធ មាន​ចំណេះ​ដឹង​ខ្ពស់​ផ្នែក​ច្បាប់ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ថ្នាក់ដឹកនាំ​គណបក្ស។ លោក​បញ្ជាក់​ថា រដ្ឋមន្ត្រី​យុត្តិធម៌​រូប​នេះ​ក៏​ជា​អ្នក​បន្ត​វេន​មួយ​រូប​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៖ «គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្ដល់​អាទិភាព​ទៅលើ​មន្ត្រី​វ័យ​ក្មេង ដែល​បន្ត​វេន ជា​ទំពាំង​ស្នង​ឫស្សី អា​ហ្នឹង​មិនមែន​ចំពោះ​តែ​ឯកឧត្តម កើត រិទ្ធ ទេ។ ក៏ប៉ុន្តែ​ដែល​គាត់​ចេញ​មុខ​មាត់​ខ្លាំង​នោះ គឺ​ដោយសារ​វា​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​របស់​ឯកឧត្តម កើត រិទ្ធ»។

ប្រវត្តិ​សង្ខេប

លោក កើត រិទ្ធ មាន​អាយុ ៤៣​ឆ្នាំ។ លោក​កើត​នៅ​ឆ្នាំ១៩៧៩ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ លោក​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកល វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​គេ​និយម​ហៅថា សាលា​រូល (RULE) ក្នុង​ឆ្នាំ១៩៩៩ ។ លោក​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​បន្ត​នៅ​សាកល​វិទ្យាល័យ​លីយ៉ុង (Lyon) ប្រទេស​បារាំង ដែល​នៅ​ទីនោះ លោក​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ​នីតិឯកជន ព្រមទាំង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់​ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទឧក្រិដ្ឋ។

លោក កើត រិទ្ធ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​អំឡុង​ឆ្នាំ​២០០២ និង​បាន​ចាប់​ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​នៅ​សាលា​រូល (RULE) រហូតដល់​ឆ្នាំ​២០១៦។ លោក​ធ្លាប់​បាន​បម្រើការ​នៅ​ក្រសួង​ចំនួន​៣ រួមមាន ក្រសួង​អប់រំ នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​២០០៥ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ២០១២ និង​លេច​មុខ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​ចាប់ពី​ឆ្នាំ ២០០៧ រហូត​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២០។

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់ បណ្ឌិត ឡៅ ម៉ុងហៃ កត់​សម្គាល់​ថា បញ្ញវន្ត​ខ្មែរ​ដែល​មក​ពី​ស្រុក​បារាំង​ច្រើន​តែ​ស្រឡាញ់​អំណាច និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​អំណាច​របស់​ខ្លួន​៖ «យើង​ហ្នឹង​ច្រើនតែ​ទៅ​យក​អ្វី​ដែល​អាក្រក់​ពី​គេ​ [ បារាំង ] ដើម្បី​អ្វី ? ដើម្បី​អំណាច​របស់​ខ្លួន​ហ្នឹង។ ហើយ​អ្នក​ទៅ​រៀន​ស្រុក​បារាំង​ហ្នឹង គឺ​ចូលចិត្ត​ណាស់​រឿង​អំណាច​ហ្នឹង មិន​សូវ​ចូលចិត្ត​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​សង្គម​ស៊ីវិល​ទេ។ ចំណាំ​មើល​ទៅ ! ភាគច្រើន​ចូលចិត្ត​តែ​រឿង​អំណាច​ហ្នឹង ដូច្នេះ​អ្វី​ដែល​អាច​ជួយ​ឱ្យ​គេ​មាន​អំណាច និង​ទ្រទ្រង់​អំណាច បង្កើន​អំណាច​របស់​គេ​ហ្នឹង គេ​អនុវត្ត​ទៅ»។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ នេះ ហាក់​ឆ្លុះបញ្ចាំង​ការ​ពិត​ចំពោះ​ករណី​លោក កើត រិទ្ធ។

ស្នាដៃ​របស់​លោក កើត​ រិទ្ធ

លោក កើត រិទ្ធ បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​នៅ​ពាក់កណ្ដាល​អាណត្តិ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្នុង​ឆ្នាំ២០២០ ក្រោយ​ពេល​លោក ហ៊ុន សែន ក្រសោប​យក​អំណាច​រដ្ឋ​ទាំងអស់​មក​ក្ដោបក្ដាប់​តែម្នាក់​ឯង។ ជោគជ័យ​របស់​លោក ហ៊ុន សែន នេះ មួយ​ចំណែក​ធំ គឺ​ជា​ស្នាដៃ​របស់​លោក កើត រិទ្ធ។ លោក កើត រិទ្ធ គឺ​ជា​មនុស្ស​គន្លឹះ​ក្នុង​ការ​រៀបចំ និង​កែប្រែ​ច្បាប់​ជាច្រើន ដែល​មាន​ចរិត​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​ប្រាសចាក​រដ្ឋធម្មនុញ្ញ។

ច្បាប់​សំខាន់ៗ​ដែល​លោក កើត រិទ្ធ បាន​ចូលរួម​តាក់តែង និង​កែប្រែ​នោះ រួម​មាន ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ច្បាប់​៣ ទាក់ទង​នឹង​ការ​គ្រប់គ្រង​តុលាការ ច្បាប់​បោះឆ្នោត ច្បាប់​អង្គការ-សមាគម ច្បាប់​សហជីព ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន និង​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ជាដើម។ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ត្រូវ​បាន​ក្រុម​អ្នកច្បាប់​វាយតម្លៃ​ថា ជា​ច្បាប់​ដ៏​អាក្រក់ ដែល​បំពាន​រដ្ឋធម្មនុញ្ញ និង​ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ពីព្រោះ​ច្បាប់​នេះ​ធ្វើឡើង​តម្រូវ​តាម​ចិត្ត​មេ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំបិទ​សិទ្ធិ​នយោបាយ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង។

រឿង​មួយ​ដែល​ប្រហែល​ជា​គ្មាន​អ្នក​ច្បាប់​ណា​ហ៊ាន​ធ្វើ​ដូច​លោក កើត រិទ្ធ នោះ គឺ​ការ​រៀបចំ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​លើក​ច្រើន​សារ​ឱ្យ​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ច្បាប់​កំពូល​មួយ​នេះ​បាត់បង់​អានុភាព​របស់​ខ្លួន។ ជាពិសេស​​វិសោធនកម្ម​លើក​ទី១០ ដែល​លោក​ កើត រិទ្ធ ជួយ​ធ្វើ​ជា​កាដូ​ឱ្យ​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយនេះ។ ​អ្នក​ច្បាប់​បាន​​ពន្យល់​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី១០ នេះ គឺជា​ការ​ច្បាម​យក​ពី​អំណាច​ពី​រដ្ឋសភា​ដោយ​ស្រស់ៗ ពីព្រោះ​គណបក្ស​ឈ្នះ​ឆ្នោត​អាច​បញ្ជូន​ឈ្មោះ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ​តែម្ដង ដោយ​មិន​ចាំបាច់​ឆ្លងថ្នាក់ដឹកនាំរដ្ឋសភា គឺប្រធាន និង​អនុប្រធាន​រដ្ឋសភា​ទាំង​ពីរ​ឡើយ។ ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០ នេះ គឺ​ជា​ការ​ធ្វើ​តម្រូវ​ចិត្ត​លោក ហ៊ុន សែន ដែល​កំពុង​ត្រួសត្រាយ​ផ្លូវ​ឱ្យ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល​ពី​លោក​។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​លោក កើត រិទ្ធ ជាច្រើន​ដង ដើម្បី​ឆ្លើយតប​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល ខណៈ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​រឿង​នេះ​ឡើយ។

ទោះជាយ៉ាងណា លោក កើត រិទ្ធ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី ១០ នេះ កាល​ពី​ខែ​កក្កដា​ថា លោក​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​កែ​ច្បាប់​កំពូល​មួយ​នេះ៖ «សូម្បីតែ​អ្នកចូលរួម​ក្នុង​ការ​កែ [ រដ្ឋ ធម្មនុញ្ញ ] អ៊ីចឹង វា​ក៏​ជា​ផ្នែក​មួយ​នៃ​ពាក្យ​ដែល​ថា ឧត្តមគតិ​ជាតិ។ ធ្វើ​ឱ្យ​ខ្មែរ​យើង​មោទនភាព មាន​អ្វី​ខុស ជាតិ​ខ្មែរ​យើង។ ឥឡូវ​យើង​ទាំងអស់​គ្នា​គាំទ្រ​ជាតិ​ខ្មែរ​យើង មាន​មោទនភាព​ដែរ ឬ​អត់ ?»។

ក្រៅពី​ការ​កែប្រែ និង​បង្កើត​ច្បាប់​បម្រើ​ប្រយោជន៍​នយោបាយ​ឱ្យ​លោក ហ៊ុន សែន នោះ គេ​នៅ​មិន​ទាន់​ឃើញ​លោក កើត រិទ្ធ សាង​ស្នាដៃ​អ្វី​ជា​ដុំ​កំភួន​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ។ ​លោក​បាន​ប្រកាស​បង្កើត​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ​ខេត្ត-ក្រុង ដើម្បី​ឈាន​ទៅ​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន​នៃ​អ្នក​ជាប់​ឃុំ​ដែរ ប៉ុន្តែ​យុទ្ធនាការ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​បាន​នៅ​ឡើយ​ទេ។

អ្នក​កែទម្រង់ ឬ​អ្នក​បំផ្លាញ​ប្រជាធិបតេយ្យ ?

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា លោក កើត រិទ្ធ មិនមែន​ជា​អ្នក​កែទម្រង់​នោះ​ទេ ផ្ទុយទៅវិញ​រដ្ឋមន្ត្រី​យុត្តិធម៌​រូប​នេះ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ដែល​លោក ហ៊ុន សែន យក​មក​ប្រើ​ដើម្បី​ឱ្យ​កែប្រែ ឬ​បង្កើត​ច្បាប់​ណា​ដែល​បម្រើ​ផល​ប្រយោជន៍​ឱ្យ​លោក​ប៉ុណ្ណោះ៖ «លោក ហ៊ុន សែន គាត់​ត្រូវ​ជ្រើសរើស​សេនាធិការ​របស់​គាត់ ដែល​ជា​អ្នក​វៃ​ឆ្លាត ហើយ​សុខ​ចិត្ត​ធ្វើ​អ្វី​តាម​បង្គាប់​បញ្ជា​របស់​គាត់ ទោះ បី​ខុស​ក៏ដោយ។ ដូច​យើង​ឃើញ​ច្បាប់​ចុង​ក្រោយ​ទាំងអស់​ហ្នឹង គឺ​បម្រើ​ប្រយោជន៍​ឱ្យ​លោក ហ៊ុន សែន ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​បក្ខពួក​លោក ហ៊ុន សែន តែ​ប៉ុណ្ណឹង​ទេ មិន​មែន​សម្រាប់​ប្រយោជន៍​សាធារណៈ ប្រយោជន៍​សង្គម​ទេ។ ហើយ​ចំពោះ​លោក កើត រិទ្ធ ជាង ២ឆ្នាំ​កន្លងមក​នេះ គាត់​ជា​​ឧបករណ៍​ដ៏​ល្អ ដ៏​មុត​ស្រួច​សម្រាប់​ការពារ​ត្រកូល​ហ៊ុន»។

លោក កើត រិទ្ធ ​​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​ជន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​​នៅ​ក្នុង​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ២០១៨ ដែល​សភា​អាមេរិក​បាន​អនុម័ត កាល​ពី​ខែកក្កដា ឆ្នាំ២០១៨។ ថ្វីត្បិតតែ​ច្បាប់​នេះ​មិន​បាន​ចូល​ជា​ធរមាន​ក្ដី ក៏​លោក កើត រិទ្ធ បាន​ជាប់​ឈ្មោះ​ថា «ជា​អ្នក​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ» រួច​ទៅ​ហើយ។ ហេតុ​ដូចនេះ ក្ដី​រំពឹង​ទុក​ថា លោក​ កើត រិទ្ធ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​រឹងមាំ​នោះ ហាក់​ដូច​ជា​រង់ចាំ​ឱ្យ​សេះ​ដុះ​ស្នែង​យ៉ាង​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។