មេធាវី ៣រូប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់

0:00 / 0:00

មេធាវី ៣រូប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា ករណី​ប្ដឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពី​បទ​ញុះញង់​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ កំពុង​សហការ​ជាមួយ​លោក ស ខេង ត្រៀម​សងសឹក​លើ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ក្មេក ​តែ​ជា​អ្នក​រៀបចំ​សម្លាប់​ លោក ហុក ឡង់ឌី ដែល​ជា​ឪពុក​បង្កើត កាល​ពី​ឆ្នាំ២០០៨។

មេធាវី​មួយ​រូប​របស់​លោក ស ខេង គឺ​លោក ហាក់ សៀកលី ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ចូល​បំភ្លឺ​ថា ក្រុម​មេធាវី បាន​ស្នើ​សុំ​តុលាការ​ឱ្យ​ផ្ដន្ទាទោស​លោ​ក សម រង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​ទាម​ទារ​សំណង ៤ពាន់​លាន​រៀល​ឬ ១ លាន​ដុល្លារ​សម្រាប់​លោក ស ខេង ជា​ភាគី​ដើម​បណ្ដឹង។ មេធាវី​រូប​នេះ បញ្ជាក់​ថា លោក ស ខេង ​មិន​បាន​ណែនាំ​ឲ្យ​ដាក់​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី នៅ​តុលាការ​ប្រទេស​បារាំង​នោះ​ទេ ព្រោះ តុលាការ​កម្ពុជា ក៏​អាច​ស្វែង​រក​ការ​ពិត​បាន​ដែរ។ លោក សម រង្ស៊ី ដែល​រស់​នៅ​ប្រទេស​បារាំង ហើយ​មាន​សញ្ជាតិ​បារាំង​ផង​នោះ តែង​ជំរុញ​អោយ​មន្ត្រី​របប ក្រុង​ភ្នំពេញ ដែល​ប្ដឹង​លោក អោយ​ដាក់​ពាក្យ​ប្ដឹង​តុលាការ​ប្រទេស​បារាំង​ផង៖ «អ៊ីចឹង​ខ្ញុំ​ទទួល​តែ​ការ​ពឹង​ពាក់​ឲ្យ​ប្ដឹង​នៅ​ក្នុង​ស្រុក​ទេ ហើយ​ការ​យល់​ឃើញ​យ៉ាង​ណា គឺ​ជា​សិទ្ធិ​របស់​គាត់ ( លោក សម រង្ស៊ី ) ប៉ុន្តែ​តាម​ច្បាប់​កម្ពុជា គឺ​បទ​ល្មើស​នេះ វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់ ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​ដល់​សង្គម​តែ​នៅ​ក្នុង​កម្ពុជា​ទេ ហើយ​អ្នក​រង​គ្រោះ​ក៏​នៅ​កម្ពុជា​ដែរ ម្ល៉ោះ​ហើយ​ការ​ប្ដឹង​នេះ វា​អត់​ខុស​សមត្ថកិច្ច​ទេ។

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក សេង គីមឡាក់ ក៏​បាន​ចេញ​ដីកា​កោះហៅ ​ឲ្យ​លោក ​សម រង្ស៊ី ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា​ខាង​មុខ​នេះ។

លោក​ ហ៊ុន សែន និង លោក​ ស ខេង ​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺ​ជា​អំពើ​ញុះញង់​ឱ្យ​បក្ស​កាន់​អំណាច​បែក​បាក់ និង​សង្ស័យ​គ្នា ហើយ​មេ​ដឹក​នាំ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​ទាំង​ពីរ​រូប បាន​ប្រកាស​រួមគ្នា​ថា នឹង​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង។ តែ​ទីបំផុត លោក​ ស ខេង សម្រេច​ប្ដឹង​នៅ​តុលាការ​កម្ពុជា​ ហើយ ហ៊ុន សែន មិន​ទាន់​ប្ដឹង​នៅ​ឡើយ។ ចំណែក​ លោក ​ឌី វិជ្ជា ដែល​បាន​ប្រកាស​ត្រៀម​ប្តឹង ​លោក ​សម រង្ស៊ី ដែរ​នោះ ​ក៏​មិន​ទាន់​ឃើញ​ដាក់​បណ្ដឹង​អ្វី​ដែរ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម រង្ស៊ី​ លើក​ឡើង​ថា ​លោក​ ហ៊ុន សែន ​មិន​ហ៊ាន​ប្ដឹង​លោក​ទេ ​ព្រោះ​ករណី​នេះ​មិន​អាច​ប្រកែក​បាន។ ចំណែក ​លោក ​ឌី វិជ្ជា​ មាន​តែ​អរគុណ​លោក​ថែម ទៀត ដែល​លោក​ជួយ​លាត​ត្រដាង​ការពិត។ ចំពោះ​បណ្តឹង​របស់​លោក ​ស ​ខេង​ វិញ គឺ​គ្រាន់​តែ​ធ្វើ ​តាម​បញ្ជា​ពី​លោក ​ហ៊ុន សែន ​ដើម្បី​បិទបាំង​ការ​បែក​បាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ​សម ​រង្ស៊ី បន្ត​ថា ​ប្រសិន​បើ​លោក ​ស ខេង​ ចង់​មាន​ភាព​ថ្លៃថ្នូរ​មែន មិន​គួរ​ទៅ​លេង​សើច ជាមួយ​តុលាការ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ​ទេ ព្រោះ​ជា​តុលាការ​អាយ៉ង ដែល​ចាំ​តែ​ស្ដាប់​បញ្ជា​ពី​អ្នក​នយោបាយ​កាន់​អំណាច។

លោក​ សម​ រង្ស៊ី ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ គួរ​តែ​ប្ដឹង​លោក​ទៅ​តុលាការ​បារាំង​វិញ។ លើស​ពី​នេះ​ទៀត មេ​បក្ស​ប្រឆាំង​រូប​នេះ ​ក៏​ជំរុញ​ឲ្យ​មេ​ដឹក​នាំ របប​ក្រុងភ្នំពេញ ​ប្តឹង​លោក​ជាច្រើន​ករណី​ទៀត ដែល​លោក​បាន​ចោទ​ថា លោក ហ៊ុន សែន និង​ប្រពន្ធ ជា​អ្នក​បញ្ជា​ឱ្យ​ឃាតក​បោក​គ្រាប់​បែក សម្លាប់​បាតុករ​ឆ្នាំ១៩៩៧ បាញ់​សម្លាប់​សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា បាញ់​សម្លាប់ ព្រះតេជព្រះគុណ សំ ប៊ុនធឿន មេ​ដឹក​នាំ​សហជីព ​លោក​ ជា ​វិជ្ជា សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ ឈុត​ វុទ្ធី និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី ។

អ្នក​វិភាគ​នយោបាយ​យល់​ថា ចំណាត់​លើ​លោក សម រង្ស៊ី នេះ គឺ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង​នយោបាយ ដើម្បី​ដាក់​សម្ពាធ​ផ្លូវ​ច្បាប់​ឲ្យ​លោក សម រង្ស៊ី បន្ថែម​ទៀត ខណៈ​មេ​បក្ស ប្រឆាំង​រូប​នេះ ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។