នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមប្រមាណ ១៥ម៉ឺននាក់ បានចាប់ផ្ដើមវាយលុកចូលប្រទេសកម្ពុជា និងដណ្ដើមបានទីក្រុងភ្នំពេញពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ វៀតណាមបានដកទ័ពចេញទៅវិញក្រោយត្រួតត្រាកម្ពុជា បានរយៈពេល ១០ឆ្នាំ។
ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ ហាក់នៅមិនទាន់ឯកភាពគ្នានៅឡើយទេ អំពីគោលបំណងនៃការឈ្លានពានរបស់កងទ័ពវៀតណាមមកលើប្រទេសកម្ពុជា កាលពី ៤២ឆ្នាំមុន។
តើអ្នកស្រាវជ្រាវប្រវត្តិរឿងរ៉ាវខ្មែរក្រហម និងវៀតណាមវិញ យល់យ៉ាងណាដែរ?
កងទ័ពវៀតណាម ដែលមានមនោគមន៍វិជ្ជាកុម្មុយនិស្តដូចគ្នា និងធ្លាប់ប្រកៀកស្មាគ្នាធ្វើសង្គ្រាមប្រឆាំងអាមេរិកកាំងជាមួយគ្នាផង ហេតុអ្វីបានជាចាប់ផ្ដើមចូលលុកលុយកម្ពុជា នៅចុងឆ្នាំ១៩៧៨ នោះ តើក្នុងបំណងជួយសង្គ្រោះពលរដ្ឋកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហម ឬមានគោលបំណងផ្សេង?
គោលបំណងចម្បងនៃការផ្ដួលរំលំរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ ដោយកងទ័ពវៀតណាម មិនមែនដើម្បីសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហមនោះទេ នេះបើតាមការរកឃើញរបស់បណ្ដាអ្នកស្រាវជ្រាវ។
លោក បើនដ៍ សេហ្វឺ (Bernd Schaefer) ជនជាតិអាល្លឺម៉ង់ ជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងកិច្ចការអន្តរជាតិ នៅសាកលវិទ្យាល័យ ហ្ចច វ៉ាស៊ីងតោន (George Washington) សហរដ្ឋអាមេរិក ឱ្យដឹងថា វត្ថុបំណងនៃការឈ្លានពានប្រទេសកម្ពុជាពីសំណាក់កងទ័ពវៀតណាម គឺដើម្បីផ្លាស់ប្ដូរមេដឹកនាំខ្មែរក្រហម ដែលមិនរណបវៀតណាម។ លោកថា ឯកសារការទូតខ្សែកាប ដែលលោកប្រទះឃើញនៅប្រទេសអាល្លឺម៉ង់ខាងកើត កាលពីទសវត្សរ៍ឆ្នាំ១៩៨០ បញ្ជាក់ថា វៀតណាមមិនពេញចិត្តមេដឹកនាំខ្មែរក្រហមនេះ ចាប់តាំងពីដើមឆ្នាំ១៩៧៨ មក វៀតណាមបានគិតគូររកវិធីផ្លាស់ប្ដូរ ប៉ុល ពត ចេញពីមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ហើយដាក់ជំនួសមកវិញ នូវមនុស្សណាដែលមានសមានចិត្តចំពោះវៀតណាម។
ការលើកឡើងរបស់លោក បើនដ៍ សេហ្វឺ នេះ ស៊ីសង្វាក់គ្នានឹងការបញ្ជាក់របស់អតីតអ្នកកាសែតជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម គឺលោក ប៊ុយ ទីន (Bui Tin)។ លោក ប៊ុយ ទីន ដែលអមដំណើរកងទ័ពវៀតណាមចូលទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នោះ និយាយថា កងទ័ពវៀតណាមឈ្លានពានកម្ពុជា គឺដោយសារតែកងទ័ពខ្មែរក្រហមវាយប្រហារទៅលើប្រទេសវៀតណាម។
លោក ប៊ុយ ទីន ដែលមានឋានៈជាវរសេនីយ៍ឯកនៃកងទ័ពប្រជាជនវៀតណាមផងនោះ ក្រោយមក គឺនៅឆ្នាំ១៩៩០ បានភៀសខ្លួនចេញពីប្រទេសវៀតណាម ទៅសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំង បន្ទាប់ពីលោកបានរិះគន់គោលនយោបាយដឹកនាំ និងអំពើពុករលួយរបស់មេដឹកនាំបក្សកុម្មុយនិស្តវៀតណាម។ លោកទទួលមរណភាពនៅខែសីហា ឆ្នាំ២០១៨ ក្នុងវ័យ ៩០ឆ្នាំ។

ក្រោយពេលសង្គ្រាមបង្ហូរឈាមប្រឆាំងបារាំង និងអាមេរិក អស់រយៈពេលបីទសវត្សរ៍មក វៀតណាមខាងជើង និងវៀតណាមខាងត្បូង បានបង្រួបបង្រួមគ្នាជាប្រទេសតែមួយ នៅចុងខែមេសា ឆ្នាំ១៩៧៥។ លោក ប៊ុយ ទីន កាលនៅមានជីវិត បានអះអាងប្រាប់អាស៊ីសេរីថា ក្រោយសង្គ្រាមដ៏មហាវិនាសកម្មនោះ វៀតណាមទាំងមូលខ្សោះកម្លាំង និងធនធាន ដូច្នេះពុំមានទឹកចិត្តបន្តិចណាចង់ឈ្លានពានកម្ពុជានោះទេ។
លោក ប៊ុយ ទីន៖«ខ្ញុំច្បាស់ណាស់ មេដឹកនាំកុម្មុយនិស្តវៀតណាម មិនមានគោលបំណងឈ្លានពានប្រទេសកម្ពុជាទេ ពីព្រោះក្រោយពេលសង្គ្រាម ដែលវៀតណាមទាំងពីរបានបង្រួបបង្រួមគ្នាជាប្រជាជាតិតែមួយហើយនោះ វៀតណាមបានជួបប្រទះបញ្ហាធំៗ ជាច្រើននៅក្នុងប្រទេស។ ហេតុដូចនេះ មេដឹកនាំកុម្មុយនិស្ត និងប្រជាជនវៀតណាម គឺចង់បានតែសន្តិភាពប៉ុណ្ណោះ ពីព្រោះបន្ទាប់ពីសង្គ្រាមអស់រយៈពេល ៣០ឆ្នាំមក ប្រទេសវៀតណាមរងការខូចខាតខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយមនុស្សស្លាប់ និងរងរបួសក៏ច្រើនសន្ធឹកសន្ធាប់ដែរ»។
អ្នកសិក្សាស្រាវជ្រាវប្រវត្តិខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) យល់ស្របជាមួយការលើកឡើងរបស់លោក ប៊ុយ ទីន។ លោកថា តាមការស្រាវជ្រាវ លោកពុំដែលឃើញមានឯកសារណាមួយបង្ហាញថា កងទ័ពវៀតណាម ចូលមកកម្ពុជា ដើម្បីសង្គ្រោះជីវិតពលរដ្ឋកម្ពុជា ឬពលរដ្ឋវៀតណាម ដែលខ្មែរក្រហមកំពុងកាប់សម្លាប់នោះទេ.
បណ្ឌិត ក្រែក អិចជេសិន៖«អត់ទេ ខ្ញុំមិនគិតថា កងទ័ពវៀតណាមចូលកម្ពុជាក្នុងគោលបំណងមនុស្សធម៌នោះទេ បើទោះជាពេលនោះ ប្រាកដណាស់ថា ប្រជាជនវៀតណាមនៅក្នុងប្រទេសកម្ពុជា កំពុងត្រូវខ្មែរក្រហមធ្វើបាបក៏ដោយចុះ ពីព្រោះក្នុងគ្រានោះ ប្រទេសវៀតណាមកំពុងមានបញ្ហាជាច្រើនរបស់ខ្លួន ដែលត្រូវដោះស្រាយចំពោះមុខ នោះគឺការខិតខំច្របាច់បញ្ចូលគ្នារវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ ហេតុដូចនេះ វៀតណាមមិនចង់ធ្វើសង្គ្រាម ដែលមិនចាំបាច់នោះទេ។ ប៉ុន្តែខ្មែរក្រហមទេ ដែលធ្វើឱ្យវៀតណាមអស់ផ្លូវជ្រើសរើស»។
ទោះជាយ៉ាងណា លោក ប៊ុយ ទីន អះអាងថា ចិនជាអ្នកញុះញង់ឱ្យខ្មែរក្រហមវាយប្រហារវៀតណាម ព្រោះចិនមិនចង់ឃើញវៀតណាមខាងជើង និងខាងត្បូងរួបរួមគ្នា ក្លាយជាប្រទេសធំមួយទេ។
លោក ប៊ុយ ទីន៖«ជាយុទ្ធសាស្ត្រ ចិនចង់ធ្វើឱ្យវៀតណាមចុះខ្សោយ គឺចិនមិនចង់ឃើញវៀតណាមខាងត្បូង និងខាងជើងរូបរួមគ្នាក្លាយជាប្រទេសធំមួយនោះទេ។ ដូច្នេះហើយ ទើបចិនបានញុះញង់ ឬជំរុញឱ្យខ្មែរក្រហមវាយប្រហារទៅលើវៀតណាមនៅតាមព្រំដែនផ្នែកខាងត្បូង ហើយនេះក៏ជាការយល់ឃើញរបស់លោក ហ៊ុន សែន និងលោក ហេង សំរិន ដែរ ដែលខ្ញុំបានជួបញឹកញាប់។ ពួកគាត់ប្រាប់ខ្ញុំថា ចិនបានប្រើប្រាស់ខ្មែរក្រហមជាឧបករណ៍ ដើម្បីបញ្ឆេះសង្គ្រាមជាមួយវៀតណាម ដើម្បីធ្វើឱ្យវៀតណាមចុះទន់ខ្សោយ។ ពេលនោះ ចិនដឹងថា វៀតណាមខាងត្បូងដែលទើបត្រូវបានរំដោះនោះ មានបញ្ហាជាមួយវៀតណាមខាងជើង ដូច្នេះទើបចិនឆក់ឱកាសពន្យុះវៀតណាមខាងត្បូង ឱ្យងើបបះបោរប្រឆាំងរដ្ឋាភិបាលវៀតណាមថ្មី ពីព្រោះចិនដឹងថា វៀតណាមខាងត្បូងស្អប់វៀតណាមកុម្មុយនិស្ត»។
លោក ប៊ុយ ទីន បន្ថែមថា នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ពេលលោកចូលមកដល់ទីក្រុងភ្នំពេញ លោកបានចូលទៅក្នុងស្ថានទូតចិន ដែលនៅទីនោះ លោកបានប្រទះឃើញឯកសារជាច្រើនបង្ហាញថា នៅកម្ពុជាក្នុងសម័យខ្មែរក្រហម មានវត្តមានទីប្រឹក្សាចិន ទាំងយោធា ទាំងស៊ីវិលប្រមាណ ៧ពាន់នាក់ (៧០.០០០)។
តើចិនជាអ្នកគាំទ្រខ្មែរក្រហមនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពន្យុះឱ្យខ្មែរក្រហមវាយប្រហារទៅលើវៀតណាមនៅពេលនោះមែនឬទេ?
ផ្ទុយពីការអះអាងរបស់លោក ប៊ុយ ទីន ដែលថា ចិនជាអ្នកពន្យុះខ្មែរក្រហមឱ្យវាយប្រហារវៀតណាមនោះ បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) ដែលជាអតីតប្រធានក្រុមស៊ើបអង្កេតនៃការិយាល័យសហព្រះរាជអាជ្ញា របស់សាលាក្តីខ្មែរក្រហមនិយាយថា ការវាយប្រហាររបស់ខ្មែរក្រហមទៅលើទឹកដីវៀតណាម គឺកើតចេញពីខ្មែរក្រហមខ្លួនឯង។
បណ្ឌិត ក្រែក អិចជេសិន៖«ដើមហេតុដែលខ្មែរក្រហមវាយប្រហារទៅលើវៀតណាម គឺអាចកើតចេញពីភាពសង្ស័យរបស់ខ្មែរក្រហមទៅលើវៀតណាម និងការស្អប់ខ្ពើមរបស់ ប៉ុល ពត និង នួន ជា ទៅលើវៀតណាម ជាជាងការលូកដៃជ្រៀតជ្រែករបស់ជនបរទេស»។
ចំណែកលោក ស្ទីវ ហេដឌ័រ (Steve Heder) អ្នកជំនាញរឿងរ៉ាវខ្មែរក្រហមមួយរូបទៀត ក៏មិនយល់ស្របជាមួយលោក ប៊ុយ ទីន ដែរ។ លោកប្រាប់អាស៊ីសេរី តាមសារ email ថា លោក ប៊ុយ ទីន អ្នកកាសែតកងទ័ពប្រជាជនវៀតណាមរូបនោះ គឺតែងតែឃោសនាប្រឆាំងសាធារណរដ្ឋប្រជាមានិតចិន។ លោកថា គ្មានភស្តុតាងណាមួយបញ្ជាក់ថា ចិនជាអ្នកជំរុញឱ្យខ្មែរក្រហមវាយប្រហារទៅលើវៀតណាមនោះទេ។ មិនតែប៉ុណ្ណោះលោកថា ក្នុងអំឡុងពេលនោះ ចិនថែមទាំងបានបញ្ជូនអ្នកស្រី តេង យិងចៅ (Deng Yingchao) ភរិយារបស់នាយករដ្ឋមន្ត្រីចិន លោក ជូ អេងឡាយ ឱ្យទៅកម្ពុជា នៅដើមឆ្នាំ១៩៧៨ ដើម្បីបញ្ចុះបញ្ចូល ប៉ុល ពត និង នួន ជា ឱ្យអត់ធ្មត់ជាមួយវៀតណាម ទៀតផង ប៉ុន្តែប៉ុល ពត និង នួន ជា មិនបានស្តាប់ឡើយ។
ទោះជាយ៉ាងណា សម្រាប់នាយកផ្នែកភាសាចិននៃអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) អ្នកស្រី សូហ្វី រីច្ឆាដសុន (Sophie Richardson) វិញ បើទោះជា គ្មានភស្តុតាងជាក់លាក់បញ្ជាក់ថា ចិនបានជំរុញឱ្យខ្មែរក្រហមវាយប្រហារវៀតណាមក៏ដោយ ក៏នៅអំឡុងពេលនោះ ចិនបានផ្តល់ជំនួយជាអាវុធយុទ្ធភណ្ឌជាច្រើន និងទីប្រឹក្សាផ្នែកយោធា និងស៊ីវិលជាច្រើនពាន់នាក់ដល់របបខ្មែរក្រហមដែរ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៥ ពោលគឺ ពីរសប្ដាហ៍ក្រោយរំដោះបានទីក្រុងភ្នំពេញ ខណៈកាណុងកាំភ្លើងនៅមិនទាន់បាត់ឈ្ងៀមក្លិនរំសេវផង កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមវាយលុកកោះត្រល់។ កោះត្រល់ ដែលវៀតណាមហៅថា កោះភូកុក (Phú Quốc) គឺជាអតីតទឹកដីខ្មែរ តែត្រូវបានបារាំងប្រគល់ឱ្យវៀតណាមកាន់កាប់ជាផ្លូវការនៅឆ្នាំ១៩៥៤។ ថ្វីដ្បិតតែកងទ័ពខ្មែរក្រហមដណ្តើមកាន់កាប់កោះត្រល់បានមួយរយៈពេលខ្លីមែន តែវៀតណាមវាយដណ្ដើមយកទៅវិញបានភ្លាម និងវាយបង្ក្រាបកងទ័ពខ្មែរក្រហមស្លាប់គរជើងគ្នា។ បន្ទាប់ពីនោះមក សង្គ្រាមរវាងខ្មែរក្រហម និងវៀតណាមនៅតាមព្រំដែន និងចូលក្នុងទឹកដីនៃប្រទេសទាំងពីរ ក៏ចេះតែបន្តកើតមានជាហូរហែរហូតដល់មេដឹកនាំវៀតណាមសម្រេចចិត្តផ្ដួលរំលំមេដឹកនាំខ្មែរក្រហម ប៉ុល ពត ពីអំណាច។
លោក ប៊ុយ ទីន បញ្ជាក់ថា ទង្វើឈ្លានពានរបស់ខ្មែរក្រហម ប៉ុល ពត ទៅក្នុងទឹកដីវៀតណាម ធ្វើឱ្យមេដឹកនាំវៀតណាមទ្រាំលែងបាន ហើយយល់ថា ខ្លួនមានហេតុផលសមស្រប ដើម្បីលើកទ័ពចូលប្រទេសកម្ពុជា ដោយគិតថា បើមិនធ្វើនៅចុងឆ្នាំ១៩៧៨ នោះទេ គឺនឹងគ្មានឱកាសទៀតឡើយ។
លោក ប៊ុយ ទីន៖«នៅចុងឆ្នាំ១៩៧៨ ក្រោយពីមានការពិភាក្សាគ្នាយ៉ាងយូរមក ការិយាល័យនយោបាយនៃទីក្រុងហាណូយ បានសម្រេចចិត្តរៀបចំប្រមូលផ្តុំកងទ័ព ដើម្បីឈ្លានពានកម្ពុជា។ មេដឹកនាំវៀតណាមគិតថា សង្គ្រាមនេះនឹងត្រូវចំណាយពេលវេលាពី ១ឆ្នាំ ទៅ ២ឆ្នាំ ដើម្បីយកជ័យជម្នះលើខ្មែរក្រហម ពីព្រោះខ្មែរក្រហមមិនមែនជាកងទ័ពទន់ខ្សោយនោះទេ ហើយនៅពីក្រោយខ្មែរក្រហម គឺមានចិនទៀតផង។ ក៏ប៉ុន្តែ នៅពេលកងទ័ពវៀតណាមចាប់ផ្ដើមវាយប្រហារចូលប្រទេសកម្ពុជា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៧៨ ដែលចំថ្ងៃបុណ្យណូអែលនោះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺថា បន្ទាប់ពីកងទ័ពវៀតណាមវាយឆ្លងផុតទីប្រជុំជនអ្នកលឿងហើយ គឺពុំឃើញមានការប្រយុទ្ធទប់ទល់ពីកងទ័ពខ្មែរក្រហមទៀតឡើយ»។
តែក្នុងរយៈពេល ១៣ថ្ងៃប៉ុណ្ណោះ កងទ័ពវៀតណាមបានរុលទៅដល់ទីក្រុងភ្នំពេញ។ បើតាមលោក ប៊ុយ ទីនជ័យជម្នះរបស់វៀតណាមយ៉ាងឆាប់រហ័សដោយមិនរំពឹងទុកនេះ ក៏ដោយសារខ្មែរក្រហមបានដកកម្លាំងទ័ពភាគច្រើនទៅត្រៀមប្រយុទ្ធទប់ទល់ជាមួយវៀតណាមនៅតាមព្រំដែន ធ្វើឱ្យចំនួនកងទ័ពនៅសល់តិចតួច នៅខាងផ្ទៃក្នុងប្រទេស។ ហេតុដូចនេះ នៅពេលកងទ័ពវៀតណាមវាយទម្លុះខ្សែត្រៀមព្រំដែនបានហើយ ធ្វើឱ្យការរុលសម្រុកទៅមុខឆ្ពោះទៅទីក្រុងភ្នំពេញរបស់ពួកគេ ជួបឧបសគ្គតិចតួចប៉ុណ្ណោះ។
អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទស្សនាវដ្ដីសេដ្ឋកិច្ចចុងបូព៌ា (Far Eastern Economic Review Magazine) លោក ណេត ថេយើ (Nate Thayer) ដែលជាអ្នកកាសែតបរទេសទី២ ដែលបានសម្ភាស ប៉ុល ពត នៅខែតុលា ឆ្នាំ១៩៩៧ នៅស្រុកអន្លង់វែងនោះ បា្រប់អាស៊ីសេរីថា គោលនយោបាយរបស់ ប៉ុល ពត និងការបែកបាក់ផ្ទៃក្នុងខ្មែរក្រហមខ្លួនឯង បានបើកឱកាសឱ្យកងទ័ពបរទេសចូលឈ្លានពានកម្ពុជាបានយ៉ាងងាយស្រួល។
លោក ណេត ថេយើ៖«ការពិតទៅ ការផ្ដោតចិត្តទាំងស្រុងរបស់ ប៉ុល ពត ទៅលើការលេបយកប្រទេសកម្ពុជាដោយវៀតណាម ជាហេតុធ្វើឱ្យគាត់បង្កើតគោលនយោបាយមួយចំនួន ដែលបណ្ដាលឱ្យមានទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា និងធ្វើឱ្យកម្ពុជាធ្លាក់ចុះទន់ខ្សោយ ជាហេតុបង្កភាពងាយស្រួលដល់ការឈ្លានពានរបស់កងទ័ពវៀតណាម»។
ទោះជាយ៉ាងណាក្ដី ប៉ុល ពត បានព្យាយាមបកស្រាយប្រាប់លោក ណេត ថេយើ ខណៈស្ថិតក្រោមការឃុំខ្លួនរបស់មេខ្មែរក្រហម តា ម៉ុក នៅស្រុកអន្លង់វែងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ការចរចា ដើម្បីបញ្ចប់ជម្លោះព្រំដែនជាមួយវៀតណាម ធ្វើឡើងជាហូរហែ ប៉ុន្តែស្របពេលគ្នានោះ កងទ័ពវៀតណាម ក៏ចេះតែបង្កជម្លោះតាមព្រំដែនជាបន្តបន្ទាប់ដែរ។ ប៉ុល ពត ថែមទាំងអះអាងថា កម្ពុជាជាប្រទេសតូច មិនហ៊ានថ្លើមធំទៅឈ្លានពានវៀតណាម ដែលជាប្រទេសធំនោះទេ ហើយថា ផ្ទុយទៅវិញ គឺវៀតណាមមានមហិច្ឆតាយកកម្ពុជា និងឡាវ ធ្វើជាប្រទេសក្រោមរណបខ្លួន។
ប៉ុល ពត៖«បក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកវាចែកជាបក្សបី បក្សពលករវៀតណាម បក្សប្រជាជនបដិវត្តន៍ខ្មែរ និងបក្សប្រជាជនបដិវត្តន៍ឡាវ គ្រាន់តែចែកជាបីទេ ប៉ុន្តែយុទ្ធសាស្ត្រតែមួយ ប្រទេសតែមួយ ពាក្យយួនថា បីបងប្អូន យើងថា បងប្អូនបីនាក់។ វាគឺជាយុទ្ធសាស្ត្រការពារដែនដីវា។ ខ្ញុំយល់ថា ចុះមកយកដែនដីកម្ពុជាទៅការពារយួន យើងមិនត្រូវការពារដីយើង? ទី១។ ទី២ ម៉្យាងទៀត វាថា យកបរិវេណដីពីព្រោះមនុស្សវាច្រើន.. គេមិនចង់រស់ដែរ? តើខ្មែរមិនចង់រស់? ដូច្នេះ ខួរក្បាលខ្ញុំ គឺ (ធ្វើម៉េច) មិនឱ្យយួនយកខ្មែរបាន»។

ទោះជាយ៉ាងណា អ្នកជំនាញ និងជាអ្នកនិពន្ធសៀវភៅអំពីរឿងរ៉ាវខ្មែរក្រហម លោក ស្ទីវ ហេដឌ័រ (Steve Heder) អះអាងថា ការវាយប្រហាររបស់កងទ័ពខ្មែរក្រហមឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម នៅចុងឆ្នាំ១៩៧៧ និង ដើមឆ្នាំ១៩៧៨ ធ្វើឱ្យវៀតណាមអស់ភាពអត់ធ្មត់ ហើយលើកទ័ពវាយបកលុកលុយចូលកម្ពុជា។
តើហេតុអ្វីបានជាមេដឹកនាំវៀតណាមរើសយកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃលើកទ័ពជាងប្រមាណ ១៥ម៉ឺននាក់វាយលុកលុយចូលកម្ពុជា?
ការជ្រើសរើសយកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ របស់មេដឹកនាំវៀតណាម ដើម្បីវាយលុកចូលប្រទេសកម្ពុជា ពីព្រោះពេលនោះ គឺចំពេលមេដឹកនាំបក្សកុម្មុយនិស្តចិន ដែលគាំទ្រខ្មែរក្រហម កំពុងជាប់រវល់ទាស់ទែងខ្វែងគំនិតគ្នា ស្របពេលមេដឹកនាំកំពូលចិនលោក តេង ស៊ាវពិង (Teng Xiao Ping) កំពុងព្យាយាមធ្វើប្រក្រតីភាវូបនីយកម្មជាមួយសហរដ្ឋអាមេរិកឡើងវិញ ។ ហើយហេតុផលមួយទៀត ថ្ងៃទី២៥ ធ្នូ គឺចំពេលពួកប្រទេសប្លុកសេរីកំពុងឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល។ ប្រហែលជាវៀតណាមគិតថា ព្រឹត្តិការណ៍ទាំងពីនេះ អាចទាញអារម្មណ៍របស់ពិភពលោកចេញពីការឈ្លានពានកម្ពុជារបស់ខ្លួន។
មួយថ្ងៃក្រោយពីដណ្ដើមបានទីក្រុងភ្នំពេញពីខ្មែរក្រហម អាជ្ញាធរក្រុងហាណូយបានជួយបង្កើតជូនកម្ពុជានូវរដ្ឋាភិបាលថ្មីសន្លាងមួយ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ដាក់ឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ដោយមានលោក ហេង សំរិន ជាប្រមុខរដ្ឋ។
ជិតប្រាំបីខែបន្ទាប់មក គឺនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៩ តុលាការប្រជាជនបដិវត្តន៍នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានសម្រេចបើកសវនាការកំបាំងមុខកាត់ទោស ប៉ុល ពល និងអៀង សារី ប្រហារជីវិត ពីបទប្រល័យពូជសាសន៍។
តើពេលនោះហេតុអ្វីបានកាត់ទោសមេខ្មែរក្រហមតែពីរនាក់នោះ?
ការផ្ដន្ទាទោសមេខ្មែរក្រហមតែពីររូបនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា គឺជាឈុតឆាកនយោបាយរបស់អាជ្ញាធរក្រុងហាណូយ ក្នុងបំណងបំបែកបំបាក់ក្រុមមេដឹកនាំខ្មែរក្រហម ដែលកំពុងតស៊ូប្រដាប់អាវុធ នៅឯព្រំដែនកម្ពុជា-ថៃ។ ការផ្ដន្ទាទោសខ្លះ អត់ខ្លះនេះ គឺក្នុងបំណងទុកឱកាសឱ្យមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដូចជា នួន ជា ខៀវ សំផន ជាដើម ចុះចូលជាមួយរដ្ឋាភិបាលថ្មី។
នេះក៏ជាសក្ខីកម្មមួយទៀត ដែលអាចបញ្ជាក់ពីគោលបំណងចម្បងនៃការលុកលុយរបស់កងទ័ពវៀតណាមមកលើកម្ពុជា គឺដើម្បីផ្លាស់ប្ដូរមេដឹកនាំខ្មែរក្រហមណា ដែលអមិត្ត និងមិនរណបវៀតណាមតែប៉ុណ្ណោះ មិនមែនក្នុងគោលបំណងមនុស្សធម៌នោះទេ។ ទោះជាយ៉ាងណាក៏ដោយ វត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជានៅពេលនោះ ដែលអាចបញ្ចប់ភាពឃោរឃៅរបស់ខ្មែរក្រហមទៅលើប្រជាពលរដ្ឋខ្លួនផងនោះ ត្រូវអ្នកស្រាវជ្រាវមើលឃើញថា គឺជាសមិទ្ធផលមិនបានត្រៀមទុករបស់មេដឹកនាំវៀតណាម។ គឺប្រហែលផ្អែកលើហេតុផលទាំងនេះហើយ បានជាមនុស្សមួយចំនួន នៅតែមិនទទួលស្គាល់ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ថា ជាថ្ងៃដែលវៀតណាម ជួយរំដោះប្រជាជនកម្ពុជា ហើយនៅតែចាត់ទុកថា នោះជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។