ថ្ងៃទី១០ កក្កដានេះ គឺជាខួបគម្រប់ ៦ឆ្នាំគត់នៃឃាតកម្មលើបណ្ឌិត កែម ឡី។ រយៈពេលជាច្រើនឆ្នាំមកនេះ សហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងក្រុមគ្រួសាររបស់ជនរងគ្រោះផង បានទន្ទឹងរង់ចាំយុត្តិធម៌ពីសំណាក់ស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែបន្តិចម្ដងៗក្ដីសង្ឃឹមហាក់បានរលាយទៅវិញ ដោយសារតែស្ថាប័នទាំងនោះមិនបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ឡើយ។ តើចំណុចណាខ្លះដែលបង្ហាញថា អាជ្ញាធរ និងតុលាការគ្មានឆន្ទៈរកការពិតក្នុងសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ?
រដ្ឋាភិបាលលោក ហ៊ុន សែន ខកខានមិនបានរកយុត្តិធម៌ពេញលេញក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នោះឡើយ ក្នុងរយៈពេល ៦ឆ្នាំមកនេះ។ ក្រុមមន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា ដំណើរការផ្លូវច្បាប់ទាំងឡាយក្នុងសំណុំរឿងនេះ ហាក់ដូចជាធ្វើឡើងដើម្បីគ្រាន់តែរំងាប់អារម្មណ៍របស់ពលរដ្ឋ ជាជាងការស្វះស្វែងរកយុត្តិធម៌ពិតប្រាកដ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលបានតាមដានសំណុំរឿងនេះតាំងពីដំបូងមកនោះ មានប្រសាសន៍ថា អាជ្ញាធរហាក់ដូចជាមានចេតនាធ្វើឱ្យពលរដ្ឋមើលឃើញថា សំណុំរឿងនេះបានបិទបញ្ចប់តាមរយៈការផ្ដន្ទាទោសជនជាប់ចោទ។ រីឯការបំបែកសំណុំរឿងជាពីរនោះវិញ លោកយល់ថា នេះទំនងជាអ្វីដែលអាជ្ញាធរយកមកធ្វើជាហេតុផលដើម្បីបកស្រាយថា ការស៊ើបអង្កេតនៅតែបន្ត។ ក៏ប៉ុន្តែលោកវាយតម្លៃថា យុត្តិធម៌ពិតប្រាកដសម្រាប់បណ្ឌិត កែម ឡី និងក្រុមគ្រួសារ មិនទាន់លេចចេញជារូបរាងនៅឡើយទេ៖ «គ្រាន់តែជាអំណះអំណាងមួយថា រឿងហ្នឹងគេបានស៊ើបអង្កេតរកជនដៃដល់ ហើយកំពុងតែស្វែងរកអ្នកពាក់ព័ន្ធបន្តទៀតតែប៉ុណ្ណោះ។ ប៉ុន្តែបើយើងមើលរយៈពេល ៦ឆ្នាំហើយ ហាក់បីដូចជាដំណើររឿងហ្នឹងវាមិនមែនទៅមុខទេ វាហាក់បីដូចជាចង់ភ្លេចទៅវិញទៅទៀត»។
ឃាតកបានបាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ក្នុងហាងលក់ទំនិញស្តារម៉ាត (Star Mart) នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ។ អំពើឃាតកម្មនេះ កើតឡើងរយៈពេលពីរថ្ងៃ ក្រោយពេលបណ្ឌិត កែម ឡី ចូលរួមវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ជជែកអំពីទ្រព្យសម្បត្តិមហាសាល និងការក្តោបក្តាប់មុខជំនួញច្រើនរាប់មិនអស់របស់ក្រុមគ្រួសារលោក ហ៊ុន សែន ដែលត្រូវបានរកឃើញដោយអង្គការឃ្លាំមើលពិភពលោក (Global Witness)។
ក្នុងរយៈពេល ៦ឆ្នាំមកនេះ អាជ្ញាធរបាននាំខ្លួនមនុស្សតែម្នាក់គត់យកមកកាត់ទោស គឺបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់។ តុលាការគ្រប់ជាន់ថ្នាក់ដែលស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច បានផ្ដន្ទាទោសបុរសម្នាក់នេះឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់នេះ សុទ្ធតែផ្អែកទៅលើចម្លើយសារភាពរបស់ អឿត អាង។ អឿត អាង ដែលជាជនពនេចរក្រីក្រស្ទើរតែរកលុយដាក់ហោប៉ៅមិនបានផងនោះ បានអះអាងថា បណ្ឌិត កែម ឡី ខ្ចីលុយរូបគេចំនួន ៣ពាន់ដុល្លារ ហើយមិនព្រមសង។ តុលាការមិនបានសួរដេញដោលស៊ីជម្រៅអំពីអង្គហេតុនេះឡើយ ទោះជាមានភស្តុតាងជាច្រើនបង្ហាញថា ចម្លើយសារភាពទាំងឡាយរបស់ អឿត អាង សុទ្ធសឹងតែជារឿងកុហកបោកប្រាស់ក៏ដោយ។
ការសម្រេចរបស់តុលាការដោយយោងលើហេតុផលរឿងជំពាក់លុយនេះ បាននាំឱ្យសាធារណជនមួយចំនួន ជាពិសេសអ្នកកែម ឡី និយម ផ្ទុះកំហឹង និងចាត់ទុកថា នេះជាការប្រមាថធ្ងន់ធ្ងរលើបណ្ឌិត កែម ឡី។ អ្នកច្បាប់បានពន្យល់ថា អង្គហេតុនេះជារឿងមិនពិត ហើយបើមិនទាន់មានការពិត នោះក៏មិនទាន់មានយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី ដែរ។
ទំនងជាដើម្បីបញ្ចៀសនូវការរិះគន់ និងការចោទសួររឿងយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី នេះ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ។ សំណុំរឿងទីមួយបានបិទបញ្ចប់ត្រឹមការកាត់ទោស អឿត អាង ក្រោយមានសាលដីកាពីតុលាការកំពូលនៅចុងខែឧសភា ឆ្នាំ២០១៩។ ឯសំណុំរឿងទីពីរដែលត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតនោះវិញ អាជ្ញាធរមិនដែលបានបង្ហាញព័ត៌មានអ្វីសូម្បីតែបន្តិច។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០២០ ថា នគរបាលយុត្តិធម៌មិនបានស៊ើបអង្កេតរឿងនេះទៀតនោះទេ ពីព្រោះជនជាប់ចោទបានសារភាពរួចទៅហើយ។ មេប៉ូលិសជាន់ខ្ពស់រូបនេះថែមទាំងអះអាងទៀតថា នគរបាលយុត្តិធម៌មិនដែលទទួលបានដីកាណាមួយពីតុលាការឱ្យស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតនោះឡើយ។ វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅលោក ឆាយ គឹមខឿន ជាច្រើនលើកច្រើនសានៅពេលក្រោយៗទៀតដើម្បីសាកសួរអំពីរឿងនេះ ក៏ប៉ុន្តែលោកលែងលើកទូរស័ព្ទ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការផ្ដន្ទាទោសបុគ្គលតែម្នាក់ជាមួយនឹងអង្គហេតុដែលមិនសមហេតុផលបែបនេះ មិនអាចធ្វើឱ្យសាធារណជនជឿជាក់បានឡើយ។ ម្យ៉ាងវិញទៀត លោកថា អាជ្ញាធរខកខានមិនបានស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកទទួលខុសត្រូវតាមច្បាប់នៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋនៅតែមានមន្ទិលសង្ស័យចំពោះករណីឃាតកម្មដ៏កក្រើកមួយនេះ។ លោក នី សុខា កត់សម្គាល់ថា ករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះ ក៏ទំនងជាដូចគ្នាទៅនឹងឃាតកម្មលើមេសហជីពលោក ជា វិជ្ជា អ្នកការពារព្រៃឈើលោក ឈុត វុទ្ធី និងបុគ្គលល្បីៗមួយចំនួនទៀតដែរ គឺយុត្តិធម៌ពិតប្រាកដនឹងមិនអាចកើតមាននោះទេ នៅក្នុងស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន៖ «រដ្ឋាភិបាលគួរតែពិចារណារឿងហ្នឹងឡើងវិញក្នុងការដែលធ្វើម៉េចរៀបចំឱ្យការស្រាវជ្រាវហ្នឹងមានតម្លាភាព ដើម្បីទាញយកជំនឿពីមហាជនដើម្បីឱ្យគេយល់ថា ទោះបីជាឃើញក្នុងកម្រិតប៉ុនណា ក៏គេអាចទទួលយកបានថា វាជាយុត្តិធម៌។ ប៉ុន្តែកន្លងមកនេះ អ្វីដែលជាការស្រាវជ្រាវហ្នឹង វាមាននៅក្នុងកម្រិតមន្ទិលសង្ស័យ ដូច្នេះគេមិនមានជំនឿថា ដំណើរការសេចក្ដីកន្លងមកហ្នឹងមានយុត្តិធម៌ទេ»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ និងអ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក ប្លង់ សុផល ដើម្បីសាកសួរអំពីសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ជាច្រើនលើក ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួល។
ទាក់ទងរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងដដែលៗថា តុលាការបានសម្រេចសេចក្ដីរឿងនេះរួចហើយ ដូច្នេះបើពលរដ្ឋ ឬអង្គការសង្គមស៊ីវិលមានភស្តុតាងថ្មី អាចដាក់ជូនតុលាការដើម្បីស៊ើបអង្កេតបន្ថែម៖ «បើមានជនណាមួយ ឬក្រុមណាមួយ ដែលរកឃើញ ទទួលបាននូវភស្តុតាងថ្មីណាមួយ គេអាចទៅបើកករណីនេះនៅតុលាការសាជាថ្មីម្ដងទៀតបាន។ រដ្ឋាភិបាលមិនអាចធ្វើអ្វីបានទេ ពីព្រោះអំណាចបែងចែកដាច់ពីគ្នា។ រីឯជំនឿទុកចិត្តរឿងយុត្តិធម៌ ឬមិនយុត្តិធម៌នៃការបញ្ចេញយោបល់ នេះជាសិទ្ធិរបស់អ្នកនិយាយទេ»។
ទោះជាយ៉ាងណា ការបកស្រាយរបស់តំណាងរដ្ឋាភិបាលនេះ ត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនត្រឹមត្រូវឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា រដ្ឋាភិបាលមានសិទ្ធិអំណាចគ្រប់គ្រាន់ និងកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីស៊ើបអង្កេតស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកយល់ថា ការបកស្រាយបែបនេះ គ្រាន់តែជាការដោះសាយករួចខ្លួនប៉ុណ្ណោះ៖ « បើសំណុំរឿងហ្នឹងជំរុញមកឱ្យអង្គការសង្គមស៊ីវិល ឬក៏ប្រជាពលរដ្ឋដែលបានដឹងហ្នឹងដាក់ភស្តុតាងទៅវិញ អាហ្នឹងនាំឱ្យគេរិះគន់ថា ជាភាពកម្សោយនៃដំណើរការនីតិវិធី និងការស៊ើបអង្កេតទៅលើសំណុំរឿងលោកបណ្ឌិត កែម ឡី ហ្នឹងទៅវិញ។ ខ្ញុំគិតថា ចំណុចដែលឆ្លើយយករួចខ្លួននេះ ក៏វាអាចប៉ះពាល់ដល់កិត្យានុភាពរបស់តុលាការ ឬក៏ប្រព័ន្ធយុត្តិធម៌ដែរ ពីព្រោះអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ មានបច្ចេកទេសគ្រប់គ្រាន់ មានអំណាចក្នុងការស៊ើបអង្កេតហ្នឹង គឺរដ្ឋាភិបាល និងតុលាការហ្នឹងហើយ»។
ក្នុងឱកាសខួប ៦ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នេះ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកតាមដានស្ថានការណ៍កម្ពុជា នៅតែទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះដោយឯករាជ្យ និងគ្រប់ជ្រុងជ្រោយ ដើម្បីនាំខ្លួនអ្នកពាក់ព័ន្ធ ជាពិសេសអ្នកបញ្ជាពីក្រោយខ្នង យកមកផ្ដន្ទាទោសតាមច្បាប់។ បើពុំដូច្នេះទេ រដ្ឋាភិបាល លោក ហ៊ុន សែន និងតុលាការដែលស្ថិតក្រោមការបង្គាប់បញ្ជារបស់លោក នឹងចៀសមិនផុតពីការសង្ស័យ និងមតិរិះគន់ថា កំពុងតែលាក់បាំងការពិតក្នុងករណីឃាតកម្មលើបណ្ឌិត កែម ឡី នេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។