របប​ក្រុង​ភ្នំពេញ​បញ្ចប់​ងារ​ឧកញ៉ា ៧៥រូប ក្នុង​ជួរ​កង​ទ័ព

0:00 / 0:00

របប​លោក ហ៊ុន សែន បញ្ចប់​ងារ​ឧកញ៉ា​ជាច្រើន​រូប​ក្នុង​ជួរ​កងទ័ព តាម​ការ​ស្នើ​សុំ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ សង្គម​​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត​លើ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​យក​​តួនាទី​ទៅ​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់។

ប្រធាន​​ព្រឹទ្ធសភា​របប​ឯក​បក្ស លោក សាយ ឈុំ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ​ស្ដីទី បាន​សម្រេច​បញ្ចប់​គោរមងារ "ឧកញ៉ា" ពី​មន្ត្រី​យោធា​ចំនួន ៧៥រូប មាន​ចាប់​ពី​ថ្នាក់​វរសេនីយ៍ទោ រហូត​ដល់​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស៤។

មន្ត្រី​យោធា​ទាំង​នោះ​​ មាន​ខ្លះ​ស្ថិត​នៅ​ចំណុះ​ក្រសួង​ការពារ​ជាតិ ដូចជា រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​​ លោក នាង ផាត និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាកសំណល់​សង្គ្រាម លោក សែម សុវណ្ណនី ជាដើម។ ចំណែក​អ្នក​ខ្លះ​ទៀត​ស្ថិត​នៅ​ចំណុះ​អគ្គបញ្ជាការដ្ឋាន​កងទ័ព ដូច​ជា អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ លោក អ៊ុយ សារិន និង​មេបញ្ជាការ​រង​កងទ័ពជើងគោក និង​​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី២ លោក ជឿន សុវណ្ណថា ជាដើម។ នេះ​បើ​យោង​តាម​​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី២៦ កញ្ញា ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២៧ កញ្ញា។

មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​​បាន​ស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​របស់​ក្រុម​​មន្ត្រី​យោធា​ទាំងនេះ​ កាល​ពី​សប្ដាហ៍​​មុន​ បន្ទាប់​ពី​លោក​បាន​ប្រកាស​កាល​ពី​ចុង​ខែ​​សីហា​ថា កង​កម្លាំង​ប្រដាប់​​អាវុធ ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​មាន​ងារ​ជា​ឧកញ៉ា​ទៀត​ឡើយ។ លោក​បាន​ទទួល​ស្គាល់​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​​យក​តួនាទី និង​គោរម​​ងារ​នេះ​ទៅ​ប្រកប​ការងារ​ខុស​ច្បាប់។ ម្យ៉ាង​វិញ​ទៀត និន្នាការ​បែប​នេះ​បង្កើត​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​​ក្នុង​ការងារ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ យល់ថា វិធានការ​នេះ​មិន​​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​អំណាច​ ឬ​ឥទ្ធិពល​របស់​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​ ដែល​មាន​តួនាទី​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ឡើយ។ លោក​ពន្យល់​ថា បើ​ទោះជា​មន្ត្រី​ទាំងនោះ​ លែង​មាន​ងារ​ជា​ឧកញ៉ា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​អាច​ប្រើ​អំណាច​ជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា ឬ​នគរបាល​ជាតិ ដើម្បី​កាង​មុខ​ជំនួញ​របស់​ខ្លួន ឬ​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់​បាន​ដដែល។ លោក​​ជឿ​ថា ដំណោះស្រាយ​​ដែល​មាន​​ប្រសិទ្ធភាព គឺ​ការ​បង្កើត​ច្បាប់​ស្តីពី​ទំនាស់​ផល​ប្រយោជន៍ ដែលកំណត់​ឱ្យ​​ច្បាស់​អំពី​មុខងារ ឬ​មុខ​របរ​ដែល​ត្រូវ​ហាម​​ឃាត់​សម្រាប់​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ។ លោក​បន្ថែម​ថា បើ​ច្បាប់​បែប​នេះ​មិន​ទាន់​អាច​ចេញរួច រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​ដែល​​មាន​ស្រាប់​លើ​មន្ត្រី​មាន​​អំណាច ឬកង​កម្លាំង​ប្រដាប់​អាវុធ​ណា ដែល​ប្រព្រឹត្ត​ទង្វើ​ល្មើស​ច្បាប់៖ «យើង​នៅ​តែ​យល់ថា វិធានការ​នេះ​នឹង​មិន​​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឥទ្ធិពល ឬ​ក៏​ការ​រំលោភ​អំណាច​ពី​ក្រុម​អ្នក​ដែល​មាន​បុណ្យស័ក្ដិ​ខិល​ខូច​មួយ​ចំនួន​នោះ​ទេ ដោយ​​សារ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ស្តី​​ពី​ទំនាស់​ផល​ប្រយោជន៍​​ អ៊ីចឹង​ទៅ​ឃើញ​​អ្នក​​មាន​បុណ្យស័ក្ដិ​​ មាន​អំណាច​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​ហ្នឹង ជា​ថៅកែ​ក្រុមហ៊ុន​ឯកជន ឬក៏​ជា​ផ្នែក​មួយ​នៃ​អ្នក​ជួយ​សម្រួល​ទៅ​ដល់​ជំនួញ​ធំៗ មួយ​ចំនួន​របស់​ក្រុមហ៊ុន​បរទេស»

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ធ្លាប់​បាន​បញ្ជាក់​ថា ឧកញ៉ា​ក្នុង​ជួរ​កង​ទ័ព​មាន​ចំនួន​ ៩៩នាក់ ក្នុង​​នោះ ៦៥នាក់ ស្ថិត​ក្រោម​អគ្គបញ្ជាការ​កង​ទ័ព និង ៣៤នាក់ ចំណុះ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ។ ដូច្នេះ​​បើ​យោង​តាម​ព្រះរាជក្រឹត្យ​នេះ មាន​មន្ត្រី​យោធា ២៤រូប បន្ត​ទទួល​យក​ងារ​ជា​ឧកញ៉ា និង​លា​ឈប់​ពី​តួនាទី​។

ដោយ​ឡែក​ កង​ប្រដាប់​អាវុធ​មាន​ងារ​ជា​ឧកញ៉ា​ចំណុះ​ក្រសួង​មហាផ្ទៃ​វិញ មាន​ចំនួន ៣៣នាក់ ប៉ុន្តែ​មន្ត្រី​ក្រសួង​​នេះ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ថា តើ​ឧកញ៉ា​ប៉ុន្មាន​នាក់​​នឹង​ត្រូវ​បញ្ចប់​ពី​តួនាទី​នោះ​ឡើយ ដោយ​ក្រសួង​ទុក​ឱកាស​ឱ្យ​​សាមី​ខ្លួន​ជា​អ្នក​សម្រេច​ចិត្ត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន ជាច្រើន​ដង នៅថ្ងៃទី២៧ កញ្ញា ប៉ុន្តែ​លោក​មិន​លើក​​ទូរស័ព្ទ។

ការ​ប្រើ​ប្រាស់​អំណាច​ និង​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​បទល្មើស ឬ​ប្រកប​ការងារ​ខុសច្បាប់​របស់​ក្រុម​ឧកញ៉ា​ក្នុង​​ជួរ​កង​កម្លាំង​ប្រដាប់​​អាវុធ​ បាន​កើត​ឡើង​ជា​ហូរ​ហែរ។ ជាឧទាហរណ៍ ​ឧកញ៉ា គង់ ក្រឹង ដែល​ល្បី​ខាង​រកស៊ី​ឈើ​ដុះ​ស្លែ​ និង​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នៅ​ខេត្ត​ភាគ​ឦសាន​នោះ គឺជា​​មន្ត្រី​​យោធា​ថ្នាក់​​វរសេនីយ៍ទោ​ក្នុង​ជួរ​ទ័ព​ជើងគោក។ ឧកញ៉ា​រូប​នេះ​​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ពាក់ព័ន្ធ​នឹង​រឿង​បទ​ល្មើស​ព្រៃឈើ។ ចំណែក​ឧកញ៉ា ហូរ ចំរើន ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កង​អង្គរក្ស​លោក ហ៊ុន សែន វិញ ត្រូវ​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ ១ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​​ចេញ​សែក​ស្អុយ។

ដោយ​ឡែក នៅ​ក្នុង​ជួរ​នគរបាល​ជាតិ​វិញ អ្នក​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ឧកញ៉ា ហ៊ុន ជា ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន ជា មាន​ឋានន្តរសក្ដិ​ជា​មន្ត្រី​ប៉ូលិស​ផ្កាយ៣ ក៏​ប៉ុន្តែ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ករណី​ ហើយ​ករណី​ចុង​ក្រោយ​គេ គឺ​ការ​បាញ់​បោះ​​សេរី។

អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​ជម្រុះ​ចោល​ឧកញ៉ា​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ច្បាប់​ពិត​ប្រាកដ បើ​ពុំ​ដូច្នេះ​ទេ មន្ត្រី​យោធា និង​នគរបាល​មួយ​ចំនួន​ នឹង​មិន​រាង​ចាល​ក្នុង​ការ​រំលោភ​អំណាច​ និង​​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នោះ​ឡើយ។ ម្យ៉ាងវិញទៀត សង្គម​​ស៊ីវិល​ក៏​​ស្នើ​ឱ្យ​របប​ក្រុង​ភ្នំពេញ ​ដក​ហូតងារ​ឧកញ៉ា​នេះ​ពី​មន្ត្រី​ក្នុង​ជួរ​ស្ថាប័ន​ស៊ីវិល និង​ស្ថាប័ន​នីតិបញ្ញត្តិ​ផង​ដែរ ពីព្រោះ​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ ជាពិសេស​ក្រុម​ឧកញ៉ា​ជា​សមាជិក​ព្រឹទ្ធសភា ដែល​ជា​អ្នក​រំលោភ​ច្បាប់ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​ករណី​​វិវាទ​ដីធ្លី និង​បំផ្លិច​បំផ្លាញ​​ធនធាន​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។