ប្រវត្តិ​សង្ខេប​នៃ​ទំនាក់ទំនង​កម្ពុជា និង​ចិន (ភាគ​១)

0:00 / 0:00

ដោយ​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក មិត្តភាព​ស្អិត​ល្មួត​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន មក​ដល់​ដើម​ឆ្នាំ​២០១៦ បាន​ឡើង​ដល់​ចំណុច​កំពូល។ ទោះ​ជា​យ៉ាង​ណា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​ចាប់​តាំង​ពី​សម័យ​អង្គរ​ក្នុង​សតវត្ស​ទី​១៣ មក​ម្ល៉េះ។

កាល​ណា​គេ​និយាយ​ពី​ប្រវត្តិ​នៃ​ចំណង​ការទូត​រវាង​កម្ពុជា និង​ចិន គេ​តែង​តែ​នឹក​ដល់​ឈ្មោះ ជីវ តាក្វាន់ ដែល​កាល​នោះ​លោក​គឺ​ជា​បេសកជន​ពិសេស​របស់​ចិន ដែល​មក​ធ្វើ​ទស្សនកិច្ច និង​ស្នាក់នៅ​អាណាចក្រ​អង្គរ​អស់​រយៈពេល ១​ឆ្នាំ គឺ​ពី​ឆ្នាំ​១២៩៦ ដល់​ឆ្នាំ​១២៩៧។

ថ្វី​បើ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​តាំង​ពី​បរម​បុរាណ​មក​ក៏ដោយ ក៏​ដំណាក់​កាល​ដែល​ប្រទេស​ទាំង​ពីរ​ចាប់​ផ្ដើម​ស្និទ្ធស្នាល​គ្នា​ខ្លាំង គឺ​ស្ថិត​នៅ​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ឬ​នៅ​បន្ទាប់​ពី​កម្ពុជា រួច​ផុត​ពី​អាណានិគម​បារាំង នា​អំឡុង​ពាក់​កណ្ដាល​សតវត្ស​ទី​២០ ឯណេះ​ទេ។ ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន តើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ដំណើរ​វិវឌ្ឍន៍​យ៉ាង​ណា​ខ្លះ?

ដំណាក់​កាល​ដំបូង

ភាព​ស្និទ្ធស្នាល​រវាង​កម្ពុជា និង​ចិន កើត​មាន​ឡើង​ខណៈ​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាព​ប្រទាញប្រទង់​គ្នា​រវាង​កម្លាំង​កុម្មុយនិស្ត និង​កម្លាំង​សេរី ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ បាន​បញ្ចប់​ទៅ។ នៅ​ពេល​នោះ ព្រះរាជាណាចក្រ​កម្ពុជា ទី​១ ដែល​មាន​ព្រះបាទ​នរោត្ដម សីហនុ ជា​ព្រះ​ប្រមុខ​រដ្ឋ បាន​ប្រកាស​រក្សា​ជំហរ​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ។

យ៉ាង​ណា​ក៏ដោយ នៅ​ទីបំផុត​ទៅ កម្ពុជា នៅ​តែ​ត្រូវ​ខិត​ទៅ​ជិត​ចិន​កុម្មុយនិស្ត ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​នៃ​ប្រទេស​ថៃ និង​វៀតណាម​ខាង​ត្បូង មក​លើ​កម្ពុជា។ នៅ​ពេល​នោះ ប្រទេស​ថៃ និង​វៀតណាម​ខាង​ត្បូង មាន​សហរដ្ឋ​អាមេរិក ជា​ខ្នង​បង្អែក ហើយ​ជា​អ្នក​គាំទ្រ​ក្រុម​បះបោរ​ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​ព្រះបាទ​នរោត្ដម សីហនុ។

ខណៈ​ចិន ជា​ប្រទេស​ឯកោ​បន្ទាប់​ពី​ចាប់​យក​លទ្ធិ​កុម្មុយនិស្ត ចិន នៅ​ពេល​នោះ​កំពុង​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​អន្តរជាតិ ដើម្បី​ទទួល​បាន​អាសនៈ​ក្នុង​អង្គការ​សហប្រជាជាតិ ទប់ទល់​នឹង​សាធារណរដ្ឋ​ចិន ឬ​តៃវ៉ាន់។ ទន្ទឹម​នឹង​នេះ ការ​ដែល​ចិន ចាប់​យក​កម្ពុជា ធ្វើ​ជា​សម្ព័ន្ធ​មិត្ត ក៏​ដោយសារ​ភ័យ​ខ្លាច​ប្រទេស​របស់​ខ្លួន​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​ឥទ្ធិពល​នៃ​សហរដ្ឋ​អាមេរិក ដែល​កំពុង​រីកសាយ​ភាយ​នៅ​តំបន់​ឥណ្ឌូចិន។

ក្រៅ​ពី​ហេតុផល​នយោបាយ​ការ​បរទេស មាន​ទស្សនៈ​ខ្លះ​លើក​ឡើង​ថា ការ​ងាក​ទៅ​រក​ចិន ក៏​ដោយសារ​តែ​ព្រះបាទ​នរោត្តម សីហនុ មាន​ចំណង​មិត្តភាព​រឹងមាំ​នឹង​នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ អេងឡាយ (Zhou Enlai)។

អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​សម័យ​ទំនើប ដែល​ជា​ជនជាតិ​បារាំង គឺ​លោក ហង់រី ឡូកា (Henri Locard) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang
អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​សម័យ​ទំនើប ដែល​ជា​ជនជាតិ​បារាំង គឺ​លោក ហង់រី ឡូកា (Henri Locard) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang (RFA/Rann Samnang)

ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង លោក ជូ អេងឡាយ និង​ព្រះបាទ​នរោត្ដម សីហនុ អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​សម័យ​ទំនើប ដែល​ជា​ជនជាតិ​បារាំង គឺ​លោក ហង់រី ឡូកា (Henri Locard) មាន​ប្រសាសន៍​ថា មិត្តភាព​ជិតស្និទ្ធ​នោះ​អាច​មក​ពី​អត្តចរិត​រាក់ទាក់ និង​ឱន​លំទោន​របស់ លោក ជូ អេងឡាយ ដែល​ធ្វើ​ឲ្យ​ព្រះបាទ​នរោត្ដម សីហនុ សព្វ​ព្រះរាជហឫទ័យ ហើយ​ចាត់​ទុក​ចិន ថា​ជា​មិត្ត​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត៖ « លោក ជូ អេងឡាយ មាន​ចរិត​ថ្លៃថ្នូរ​ខ្ពង់ខ្ពស់ មាន​ចរិត​គោរព​ឱន​លំទោន។ លោក​យល់​ដឹង​ពី​របៀប​របប​ពិធីការ​បាន​ល្អ។ គាត់​បាន​កោត​សរសើរ និង​បញ្ជោរ​ព្រះបាទ​នរោត្ដម សីហនុ ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​បាន​ផ្ដល់​កិត្តិយស​ខ្ពង់ខ្ពស់​ណាស់ ដោយ​ហេតុ​ថា ប្រទេស​ចិន ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​លើ​លោក ហើយ​ចាត់​ទុក​ព្រះអង្គ​ដូចជា​មេ​ដឹក​នាំ​ប្រទេស​មហា​អំណាច​មួយ​អ៊ីចឹង។ លោក ជូ អេងឡាយ បាន​ធ្វើ​ឲ្យ​ព្រះបាទ​នរោត្ដម សីហនុ មាន​ជំនឿ​ថា ចិន ជា​ជនជាតិ​ល្អ​ដែល​គួរ​ឲ្យ​រាប់​អាន ហើយ​របប​នយោបាយ​របស់​ចិន ក៏​ល្អ​ដែរ។ ខ្ញុំ​យល់​ឃើញ​យ៉ាង​ដូច្នេះ ពីព្រោះ​ថា ក្នុង​រឿង​នយោបាយ អ្នក​តែង​តែ​ច្របូកច្របល់​គ្នា​រវាង​រឿង​ផ្ទាល់​ខ្លួន និង​រឿង​ប្រទេស​ជាតិ វា​ពិបាក​នឹង​បែង​ចែក​ណាស់ »

មុន​នឹង​ព្រះបាទ​នរោត្តម សីហនុ និង​នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ អេងឡាយ ជិតស្និទ្ធ​នឹង​គ្នា​នោះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៥ នៅ​ឯ​សន្និសីទ​ក្រុង​បានឌុង ប្រទេស​ឥណ្ឌូនេស៊ី (Indonesia)ជា​ពេល​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​ទើប​រួច​ផុត​ពី​នឹម​អាណានិគម​ថ្មីថ្មោង​ជួប​គ្នា ដើម្បី​រក​លទ្ធភាព​សហការ​គ្នា​ទប់ទល់​នឹង​ការ​វិល​ត្រឡប់​មក​វិញ​នៃ​នឹម​អាណានិគម។

ដប់​ខែ​ក្រោយ​ជួប​គ្នា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ព្រះបាទ​នរោត្ដម សីហនុ ទ្រង់​បាន​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន ហើយ​មួយ​ខែ​ក្រោយ​មក ព្រះអង្គ​ក៏​បាន​អញ្ជើញ​នាយក​រដ្ឋមន្ត្រី​ចិន លោក ជូ អេងឡាយ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា វិញ​ម្ដង។ ភាគី​ចិន ចាត់​ទុក​ការ​ដោះ​ដូរ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ថា​ជា​រឿង​កម្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ការទូត​នៅ​លើ​ពិភពលោក ដោយសារ​ទស្សនកិច្ច​នោះ​ធ្វើ​ឡើង​ទាំង​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បង្កើត​ចំណង​ការទូត​ជា​ផ្លូវ​ការ​នៅ​ឡើយ។

ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ ចំណង​ការទូត​ជា​ផ្លូវ​ការ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​កម្ពុជា ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នូវ​ភាព​ស្រប​ច្បាប់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បដិសេធ​របប​ដឹក​នាំ​របស់​ចិន​តៃវ៉ាន់។ ចំណង​ការទូត​នេះ​កាន់​តែ​រីក​ធំធាត់​ចាប់​ពី​ពេល​នោះ​មក ក៏ប៉ុន្តែ​បាន​ជួប​ប្រទះ​ភាព​រកាំរកូស​នៅ​ឆ្នាំ​១៩៦៧ នៅ​ពេល​ព្រះបាទ​នរោត្ដម សីហនុ ទ្រង់​ជ្រាប​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុង​ចិញ្ចឹម​បីបាច់​ចលនា​កុម្មុយនិស្ត​នៅ​កម្ពុជា ក៏ប៉ុន្តែ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បន្ធូរបន្ថយ​ទៅ​វិញ​ក្រោយ​ពី លោក ជូ អេងឡាយ បាន​ជួប​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ដើម្បី​ស្រុះស្រួល​គ្នា​វិញ ដោយ​រំឭក​ដល់​ចំណង​មិត្តភាព​រវាង​បុគ្គល ជូ អេងឡាយ និង​ព្រះបាទ​នរោត្ដម សីហនុ។

នៅ​ពេល​របប​រាជា​និយម​នៅ​កម្ពុជា ដួល​រលំ​នៅ​ឆ្នាំ​១៩៧០ ដោយសារ​រដ្ឋ​ប្រហារ​របស់​លោក​សេនា​ប្រមុខ លន់ នល់ គណបក្ស​កុម្មុយនិស្ត​ចិន ដឹក​នាំ​ដោយ ម៉ៅ សេទុង បាន​ទំនុក​បម្រុង​រដ្ឋាភិបាល​និរទេស​របស់​ព្រះបាទ​នរោត្តម សីហនុ យ៉ាង​ពេញ​ទំហឹង ក្នុង​ការ​ដឹក​នាំ​ចលនា​តស៊ូ​ប្រឆាំង​របប​សាធារណរដ្ឋ​ខ្មែរ​របស់ លោក លន់ នល់។

ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​ចិន បាន​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ​ទាំង​ស្រុង ហើយ​ដាក់​ឈ្មោះ​ឲ្យ​របប​ថ្មី​ថា «កម្ពុជា​ប្រជាធិបតេយ្យ»។ របប​នេះ​មាន​អាយុកាល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដឹក​នាំ​ដោយ ប៉ុល ពត ហើយ​បាន​ប្រែ​ក្លាយ​កម្ពុជា ឲ្យ​ទៅ​ជា​វាល​ពិឃាដ។

ថ្វី​បើ​មិន​មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ណា​មួយ​អាច​បញ្ជាក់​ពី​ទំហំ​ពិត​ប្រាកដ នៃ​ជំនួយ​សរុប​ដែល​ចិន ផ្ដល់​ឲ្យ​របប ប៉ុល ពត ក៏ដោយ ក៏​គេ​ដឹង​ថា ចិន ជា​ប្រភព​ជំនួយ​ចម្បង​បំផុត​របស់​ខ្មែរ​ក្រហម ក្នុង​នោះ​មាន​ដូចជា ជំនួយ​លើ​វិស័យ​យោធា វិស័យ​សេដ្ឋកិច្ច ទំនាក់ទំនង​ពាណិជ្ជកម្ម រួម​ទាំង​ការ​ជួយ​ធ្វើ​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សម្ងាត់​មួយ​របស់​មេ​ដឹក​នាំ​បដិវត្តន៍​វប្បធម៌​ចិន គឺ​លោក ចាង ឈុនឈាវ (Zhang Chunqiao) នៅ​ខែ​មករា ឆ្នាំ​១៩៧៦។

សៀវភៅ​ស្ដីពី​ជំនួយ​របស់​ចិន ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​មាន​ចំណង​ជើង​ថា «Brothers in Arms: Chinese Aid to Khmer Rouge» និពន្ធ​ដោយ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) លើក​ឡើង​ថា ភ្លាមៗ​បន្ទាប់​ពី​ខ្មែរ​ក្រហម​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ កប៉ាល់​ចិន បាន​ដឹក​ជញ្ជូន​ជំនួយ​រាប់​ពាន់​តោន​ជា​បន្តបន្ទាប់​មក​ឲ្យ​កងទ័ព​ខ្មែរ​ក្រហម ក្នុង​នោះ​មាន​ដូចជា ស្បៀង សម្ភារៈ​ប្រើប្រាស់ និង​អាវុធយុទ្ធភណ្ឌ ជាដើម ដោយ​បាន​ចុះ​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ។ ឯកសារ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​អ្នក​និពន្ធ​រូប​នេះ​បាន​ដកស្រង់​បង្ហាញ​ថា ក្នុង​ឆ្នាំ​១៩៧៨ ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ហើយ​ត្រូវ​បាន​ចែក​ចាយ​ទៅ​តំបន់ និង​ស្ថាប័ន​ផ្សេងៗ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ទឹក​ប្រាក់​សរុប​ជាង ៩៤​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

សាស្ត្រាចារ្យ​ជំនាញ​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ​ខ័រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ជំនួយ​ចិន ដល់​របប​ខ្មែរ​ក្រហម គឺ​លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang
សាស្ត្រាចារ្យ​ជំនាញ​រដ្ឋាភិបាល​នៃ​សាកលវិទ្យាល័យ​ខ័រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្ដីពី​ជំនួយ​ចិន ដល់​របប​ខ្មែរ​ក្រហម គឺ​លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៦។ RFA/Rann Samnang (RFA/Rann Samnang)

នៅ​ពេល​ឡើង​កាន់​អំណាច​ថ្មីថ្មោង ជំនួយ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​មាន​សារសំខាន់​ខ្លាំង​សម្រាប់​របប​កម្ពុជា​ប្រជាធិបតេយ្យ។ យ៉ាង​ណា​ក៏ដោយ អ្នក​និពន្ធ​សៀវភៅ​ដដែល គឺ​លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក​ឃើញ​ថា បើ​ទោះ​ជា​ចិន ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច​ក៏ដោយ ក៏​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ហាក់​ដូចជា​មិន​សូវ​ស្ដាប់​តាម​ចិន ប៉ុន្មាន​ដែរ​ទេ ពីព្រោះ​ពួក​គេ​តែង​គិត​អំពី​អធិបតី​ភាព និង​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ជានិច្ច។ ក្នុង​វិស័យ​យោធា លោក​បាន​លើកយក​គម្រោង​ធំៗ​ចំនួន​ពីរ​ដែល​ចិន​ជួយ​ដល់​របប​ខ្មែរក្រហម មក​ធ្វើជា​ករណី​សិក្សា៖ « ចិន ចង់​ឲ្យ​អាកាសយានដ្ឋាន​ដែល​ខ្លួន​សាងសង់​សម្រាប់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ សង់​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ជាក់ស្ដែង មេ​ដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ទទូច​ទាមទារ​ចង់​សង់​អាកាសយានដ្ឋាន​នោះ​នៅ​ចំ​តំបន់​កណ្ដាល​នៃ​ប្រទេស​កម្ពុជា គឺ​ក្នុង​ខេត្ត​កំពង់ឆ្នាំង វិញ។ ក្រៅ​ពី​នេះ ចិន ក៏​បាន​ស្វះ​ស្វែងរក​លទ្ធភាព​សាងសង់​បណ្ដាញ​រ៉ាដា (Radar) នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​តាម​ដាន​សកម្មភាព​នៅ​តាម​ឈូង​សមុទ្រ​ថៃ ហើយ​ដូច​គ្នា​នឹង​រឿង​អាកាសយានដ្ឋាន​ដែរ គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​បាន​ទាមទារ ហើយ​ទីបំផុត បណ្ដាញ​រ៉ាដា​ទាំង​នោះ ត្រូវ​បាន​សាងសង់​នៅ​តាម​បណ្ដោយ​ព្រំដែន​ដី​គោក​ជាប់​នឹង​ប្រទេស​ថៃ ឡាវ និង​វៀតណាម វិញ »

លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) មាន​ប្រសាសន៍​បន្ត​ថា មាន​មូលហេតុ​ចំនួន​ពីរ​ដែល​ធ្វើ​ឲ្យ​ចិន មិន​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ក្នុង​វិស័យ​យោធា និង​សេដ្ឋកិច្ច៖ « មូលហេតុ​ទី​១ គឺ​គំនិត​សង្ស័យ​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​តែង​តែ​មិន​ទុក​ចិត្ត​ជន​បរទេស រួម​ទាំង​ចិន ដែរ​នោះ បើ​ទោះ​បី​ចិន ជា​មិត្តភក្ដិ​ល្អ​បំផុត​របស់​ខ្លួន​នៅ​ពេល​នោះ​ក៏ដោយ។ មាន​អ្នក​ស្ដាប់​ឮ​ដោយ​ចៃដន្យ​នូវ​មនុស្ស​ម្នាក់​ក្នុង​ក្រសួង​ការ​បរទេស និយាយ​ថា យើង​ពេញ​ចិត្ត ហើយ​គោរព​ចិន ក្នុង​នាម​ជា​មិត្ត​របស់​យើង ក៏ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ ពីព្រោះ​ចិន ចង់​គ្រប់គ្រង​យើង។ ដូច្នេះ មូលហេតុ​ទី​មួយ គឺ​គំនិត​សង្ស័យ​ដែល​ជា​ផ្នែក​មួយ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ។ មូលហេតុ​ទី​២ គឺ​ដោយសារ​ចិន ពិបាក​ដោះស្រាយ​ចំពោះ​ភាព​ខ្វះខាត​ហេដ្ឋារចនាសម្ពន្ធ និង​ការ​ខ្វះខាត​មនុស្ស​មាន​ជំនាញ​នៅ​កម្ពុជា»។

ប៉ុន្តែ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​វិញ លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) រក​ឃើញ​ថា រដ្ឋាភិបាល​ចិន មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដោយសារ​គោល​នយោបាយ​ក្នុង​វិស័យ​នេះ​មិន​មែន​ជា​រឿង​អាទិភាព​សម្រាប់​របប​ខ្មែរ​ក្រហម។ លោក​ថា ភាព​ចន្លោះ​ប្រហោង​របស់​ខ្មែរ​ក្រហម​ក្នុង​ការ​គ្រប់គ្រង​វិស័យ​នេះ បាន​ធ្វើ​ឲ្យ​ចិន មាន​ឱកាស​យក​ចំណេញ​ពី​កម្ពុជា លើ​ការ​នាំ​ចេញ​ផលិតផល​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។

ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដោយ​មាន​ការ​គាំទ្រ​ពី​កងទ័ព​វៀតណាម និង​មាន លោក ហ៊ុន សែន ចូលរួម​ផង។ ថ្វី​បើ​របប​នេះ​ដួល​រលំ​ក៏ដោយ ក៏​ចិន​កុម្មុយនិស្ត នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ដល់​ក្រុម​ខ្មែរ​ក្រហម​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដោយ​មាន​ការ​គាំទ្រ​ពី​ថៃ និង​សហរដ្ឋ​អាមេរិក រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​សម្រេច​ឲ្យ​វៀតណាម ដក​ទ័ព​ចេញ​ពី​កម្ពុជា។

នៅ​ពេល​កងទ័ព​វៀតណាម បាន​វាយ​លុក​ចូល​ទីក្រុង​ភ្នំពេញ តាម​ការ​ពឹងពាក់​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ នៅ​តាម​តំបន់​មួយ​ចំនួន​លើ​ដែនដី​វៀតណាម ដែល​មាន​ព្រំ​ប្រទល់​នឹង​ចិន ឯណោះ ចិន បាន​បើក​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ ដើម្បី​ព្រមាន​វៀតណាម ចំពោះ​ការ​បំផ្លាញ​របប​ខ្មែរ​ក្រហម​ដែល​ដើរ​តាម​មនោគមវិជ្ជា​របស់​ខ្លួន។

បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​នោះ នៅ​ឯ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ចិន បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ អ.ស.ប ថ្កោលទោស​វៀតណាម ដែល​ឈ្លាន​ពាន​កម្ពុជា។ នៅ​ពេល​នោះ​ដែរ សហភាព​សូវៀត ទទូច​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ អ.ស.ប ថ្កោលទោស​ចិន ដែល​វាយ​ប្រហារ​វៀតណាម។ រីឯ​សហរដ្ឋ​អាមេរិក ស្នើ​ឲ្យ​ចិន ដក​ទ័ព​ចេញ​ពី​វៀតណាម ហើយ​ឲ្យ​វៀតណាម ដក​ទ័ព​ចេញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។