ដោយសាររបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំទៅហើយ ឥទ្ធិពលចិន បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយសារកម្ពុជា ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលើកបន្តុបដោយវៀតណាម។
អ្វីដែលចិន អាចបន្តធ្វើដើម្បីស្ដារឥទ្ធិពលរបស់ខ្លួនមកលើកម្ពុជា តទៅទៀតបាន គឺការបន្តផ្គត់ផ្គង់ខ្មែរក្រហម ដែលដួលរលំទៅហើយនោះ នូវអាវុធយុទ្ធភណ្ឌ និងជួយការពារភាពស្របច្បាប់របស់រដ្ឋាភិបាលខ្មែរក្រហម លើឆាកអន្តរជាតិ។
ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ការផ្សព្វផ្សាយវប្បធម៌ចិន នៅកម្ពុជា ត្រូវបានហាមឃាត់។ តួយ៉ាងសាលារៀនភាសាចិន ត្រូវបានរដ្ឋាភិបាលរបបនោះដាក់បម្រាមមិនឲ្យដំណើរការឡើយ។ ជនជាតិភាគតិចចិន នៅកម្ពុជា ដែលសេសសល់ពីការសម្លាប់របស់ខ្មែរក្រហម ត្រូវលួចរៀនភាសាជនជាតិខ្លួនដោយសម្ងាត់។ ក្នុងរបបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នមាននិន្នាការទៅរកចិន បានថ្កោលទោសចិន ថា ចិន ជាឫសគល់នៃអំពើសោកនាដកម្មទាំងឡាយនៅកម្ពុជា តាមរយៈសំណេររបស់លោកកាលពីឆ្នាំ១៩៨៨។
ប៉ុន្តែឥទ្ធិពលរបស់ចិន នៅកម្ពុជា បានងើបឡើងវិញជាបណ្ដើរៗនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរចិត្តទៅចាប់ដៃជាមួយចិន វិញ ចាប់ពីពេលលោកធ្វើរដ្ឋប្រហារយោធាទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីតំណែងនាយករដ្ឋមន្ត្រីទី១ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ មក។
ការធ្វើទុក្ខបុកម្នេញអ្នកនយោបាយក្រោយរដ្ឋប្រហារ បានធ្វើឲ្យសហគមន៍អន្តរជាតិដែលជាប្រទេសម្ចាស់ជំនួយកម្ពុជា ចាប់ផ្ដើមដាក់សម្ពាធលើរដ្ឋាភិបាល លោក ហ៊ុន សែន ដោយផ្ដាច់ជំនួយពីរដ្ឋាភិបាលថ្មីនោះ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសឯកោ។ ភាពឯកោនេះ បានធ្វើឲ្យ លោក ហ៊ុន សែន ដែលធ្លាប់តែប្រឆាំងចិន ត្រូវបំភ្លេចកំហឹងចាស់ ផ្លាស់ចិត្តមកចាប់ដៃជាមួយចិន វិញ។
ក្រោយរដ្ឋប្រហារ ចិន គឺជាប្រទេសដំបូងបង្អស់ដែលបានទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាល លោក ហ៊ុន សែន។
នៅមួយខែក្រោយរដ្ឋប្រហារ ចិន បានផ្ដល់ជំនួយ ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា។ ការដោះដូរដំណើរទស្សនកិច្ចរវាងមេដឹកនាំនៃរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងមេដឹកនាំរដ្ឋាភិបាលចិន ក៏ចាប់ផ្ដើមកើតមានជាញឹកញាប់ចាប់ពីពេលនោះមក។ ទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក៏កាន់តែត្រូវបានរឹតបន្តឹង។
នៅខែធ្នូ ឆ្នាំ១៩៩៧ ចិន បានផ្ដល់ជំនួយដល់រដ្ឋាភិបាល លោក ហ៊ុន សែន នូវសម្ភារៈយោធាដែលមានតម្លៃ ២,៨លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពជាប្រាក់កម្ចី។
ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះក្រោយរដ្ឋប្រហារ លំហូរទឹកប្រាក់វិនិយោគពីប្រទេសចិន មកកម្ពុជា បានកើនឡើងបីដង គឺកើនពី ៣៦លានដុល្លារក្នុងឆ្នាំ១៩៩៧ ដល់ ១១៣លានដុល្លារក្នុងឆ្នាំ១៩៩៨។
បើទោះជាពេលនោះ សាធារណរដ្ឋចិន ឬតៃវ៉ាន់ គឺជាប្រភពចម្បងនៃទឹកប្រាក់វិនិយោគបរទេសរបស់កម្ពុជា ក្ដី ក៏មិនអាចធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រារែកចិត្តក្នុងការប្រកាសបិទការិយាល័យសេដ្ឋកិច្ច និងវប្បធម៌របស់រដ្ឋាភិបាលតៃវ៉ាន់ នៅទីក្រុងភ្នំពេញ ដើម្បីផ្គាប់ចិត្តរដ្ឋាភិបាលចិន ប៉េកាំង ឡើយ។
ខែកុម្ភៈ ឆ្នាំ១៩៩៩ លោក ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្ត្រី។
លោកវិលត្រឡប់មកវិញ ដោយនាំមកនូវប្រាក់កម្ចីគ្មានការប្រាក់ចំនួន ២០០លានដុល្លារ ហើយថែមទាំងទទួលបានការសន្យាពីចិន ថា នឹងផ្ដល់ជំនួយក្នុងទឹកប្រាក់ ១៨,៣លានដុល្លារបន្ថែមទៀត។ ស្ថានទូតចិន នៅកម្ពុជា បានចាត់ទុកចំនួនទឹកប្រាក់សរុបនៃជំនួយនោះ ថាជាទំហំទឹកប្រាក់ដ៏ច្រើនបំផុតមួយក្នុងចំណោមចំនួនទឹកប្រាក់ដែលចិន ធ្លាប់ផ្ដល់ដល់ប្រទេសដទៃ។ ស្ថានទូតចិន បានហៅទស្សនកិច្ចរបស់ លោក ហ៊ុន សែន កាលណោះថាតំណាងឲ្យ «ដំណាក់កាលខ្ពស់ថ្មីមួយ» ក្នុងប្រវត្តិនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន។
ក្រៅពីអំណាចសេដ្ឋកិច្ច ចិន ក៏ចាប់ផ្ដើមបោះទុនដើម្បីបង្កើនអំណាចយោធាលើកម្ពុជា ដែរ។ ជាក់ស្ដែង ចិន បានជួយសាងសង់វិទ្យាស្ថានយោធាមួយមានទីតាំងនៅតំបន់ធ្លកតាសេក ខេត្តកំពង់ស្ពឺ ដែលអ្នកស្រាវជ្រាវពីឥទ្ធិពលចិន លើកម្ពុជា តែងចាត់ទុកថា ជានិមិត្តរូបតំណាងឲ្យវត្តមាននៃអំណាចរបស់ចិន លើវិស័យយោធាកម្ពុជា។
វិទ្យាស្ថាននោះត្រូវបានសាងសង់ឡើងក្រោមជំនួយជាសម្ភារៈសំណង់មានតម្លៃសរុប ១,៥លានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងសម្ភារៈយោធាមួយចំនួនទៀត ដែលចិន ផ្ដល់ឲ្យកម្ពុជា កាលពីខែធ្នូ ឆ្នាំ១៩៩៩។ ចាប់តាំងពីការសាងសង់រួចរាល់មក វិទ្យាស្ថាននេះទទួលបានជំនួយជាបន្តបន្ទាប់ពីប្រទេសចិន ធ្វើឲ្យចិន ក្លាយជាប្រភពជំនួយធំជាងគេបង្អស់សម្រាប់វិស័យយោធាកម្ពុជា។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ត្រូវជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារថា ជំនួយរបស់ចិន ដល់វិទ្យាស្ថានយោធានោះ មិនមែនមានន័យថា វិស័យយោធាកម្ពុជា ស្ថិតក្រោមឥទ្ធិពលចិន នោះឡើយ៖ «វិទ្យាស្ថានយោធា គឺគ្រប់គ្រងដោយកម្ពុជា បើថានិយាយវិទ្យាស្ថានទ័ពជើងគោកនៅធ្លកតាសេក គ្រប់គ្រងដឹកនាំដោយកម្ពុជា គ្រូក៏ខ្មែរ សិស្សក៏ខ្មែរ និងនាយទាហានទាំងអស់ ត្រូវបំពេញភារកិច្ចបម្រើឲ្យប្រទេសជាតិខ្មែរ អត់ទៅបម្រើឲ្យប្រទេសចិន ឬមួយក៏អ្វីទេ»។
ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងសេដ្ឋកិច្ច រដ្ឋាភិបាលប្រទេសទាំងពីរក៏ធ្លាប់មានឆន្ទៈស្រដៀងគ្នាក្នុងប្រវត្តិបង្កើតតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែរ។ ក្នុងដំណាក់កាលដំបូងនៃគម្រោងបង្កើតសាលាក្ដីខ្មែរក្រហម ដែលមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ចិន បានបង្ហាញជំហរមិនគាំទ្រឲ្យមានការចូលរួមរបស់អន្តរជាតិ ក្នុងដំណើរការជំនុំជម្រះក្ដីនោះឡើយ។
នៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកគំនិតចង់បង្កើតតុលាការអន្តរជាតិ កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ថាជាពុតត្បុតរបស់អង្គការសហប្រជាជាតិ។ លោក ហ៊ុន សែន មានប្រសាសន៍ថា សហគមន៍អន្តរជាតិគួរតែផ្ដោតការយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ជាជាងការចង់បង្កើតតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
ខែវិច្ឆិកា ឆ្នាំ២០០០ ប្រធានាធិបតីចិន លោក ជាំង ជឺមីង (Jiang Zemin) បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា។
ប្រមុខដឹកនាំប្រទេសទាំងពីរ ចាត់ទុកដំណើរទស្សនកិច្ចនោះថាជាចំណុចកំពូលមួយក្នុងប្រវត្តិសាស្ត្រ នៃចំណងការទូតរវាងប្រទេសទាំងពីរ ដោយសារវាជាដំណើរទស្សនកិច្ចផ្លូវការដំបូងបំផុតនៃមេដឹកនាំកំពូលរបស់ចិន មកកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ ប្រមុខដឹកនាំប្រទេសទាំងពីរ បានចេញសេចក្ដីប្រកាសរួមស្ដីពីការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាការឆ្លើយតប លោក ហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា នឹងនៅតែបន្តគាំទ្រគោលនយោបាយចិន តែមួយ។
ខែវិច្ឆិកា ឆ្នាំ២០០២ នាយករដ្ឋមន្ត្រីចិន លោក ជូ រ៉ុងជី (Zhu Rongji) ធ្វើទស្សនកិច្ចមកកម្ពុជា។
ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក ជូ រ៉ុងជី មកកម្ពុជា បាននាំមកនូវការលុបចោលបំណុលកម្ពុជា ធ្លាប់ជំពាក់ចិន កន្លងមកប្រមាណ ២០០លានដុល្លារសហរដ្ឋអាមេរិក សំដៅដល់ប្រាក់កម្ចីមិនគិតការប្រាក់ដែលចិន ឲ្យកម្ពុជា ខ្ចីនៅឆ្នាំ១៩៩៩។
លោក ជូ រ៉ុងជី ក៏បានប្រកាសផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ និងផ្ដល់ជំនួយសរុបចំនួន ១២,៥លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដល់រដ្ឋាភិបាល លោក ហ៊ុន សែន។ មេដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នាជ្រើសយកវិស័យកសិកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គិតត្រឹមឆ្នាំ២០០៨ ចំណងការទូតឈានចូលវ័យ ៥០ឆ្នាំ។ មុនការប្រារព្ធខួបនោះ គឺនៅឆ្នាំ២០០៦ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា របស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសចិន លោក វិន ជាប៉ាវ (Wen Jiabao) បានសន្យាផ្ដល់ជំនួយអភិវឌ្ឍន៍ និងប្រាក់កម្ចីចំនួន ៦០០លានដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងនោះមានជំនួយជាទឹកប្រាក់ចំនួន ៣៣លានដុល្លារ សម្រាប់សាងសង់អគារទីស្ដីការគណៈរដ្ឋមន្ត្រី ទុកជាកាដូអបអរខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។