កម្ពុជា និងចិន កាន់តែបង្ហាញភាពស្អិតល្មួតនៅពេលកម្ពុជា បញ្ជូនជនភៀសខ្លួនជនជាតិអ៊ុយហ្គរ៍ (Uyghur) ចំនួន ២០នាក់ ដែលមកសុំសិទ្ធិជ្រកកោននយោបាយនៅកម្ពុជា ទៅឲ្យប្រទេសចិន វិញនៅឆ្នាំ២០០៩។ ក្រោយពេលបញ្ជូនអ្នកទាំង ២០នាក់ត្រឡប់ទៅវិញបានត្រឹមមួយថ្ងៃ អនុប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានផ្ដល់កញ្ចប់ជំនួយជាប្រាក់កម្ចីសម្បទាន និងប្រាក់ជំនួយឥតសំណងសរុប ១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនទឹកប្រាក់នេះ បានធ្វើឲ្យចិន ក្លាយជាប្រទេសម្ចាស់ជំនួយធំបំផុតរបស់កម្ពុជា។
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ ចិន បានប្រកាសលុបចោលបំណុលជាង ៤លានដុល្លារ ដែលរដ្ឋាភិបាលខ្មែរក្រហមបានខ្ចីពីចិន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការប្រកាសលុបចោលបំណុល ធ្វើឡើងភ្លាមៗបន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន(Hillary Clinton) មកកម្ពុជា ដែលនៅពេលនោះ រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ស្នើឲ្យសហរដ្ឋអាមេរិក ពិចារណាលុបចោលបំណុលជាង ៤០០លានដុល្លារដែលរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ខ្ចីអាមេរិក តែអាមេរិក មិនបានឆ្លើយតបតាមការស្នើសុំនោះទេ។
នៅចុងឆ្នាំ២០១០ ចំណងការទូតរវាងកម្ពុជា និងចិន បានឈានទៅមុខមួយកម្រិតទៀត។ ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការលើកទី៣ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសចិន នៅខែធ្នូ ឆ្នាំ២០១០ មេដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយ។
លោក អ៊ែនឌ្រូ ម៉ឺដា៖«ខ្ញុំ គិតថា លោក ហ៊ុន សែន ជាអ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃខ្លាំងជាងមេដឹកនាំប្រទេសដទៃទៀត។ ដូច្នេះខ្ញុំគិតថា លោក ហ៊ុន សែន នឹងទុកចិន នៅជិតខ្លួនសម្រាប់ពេលណាលោកត្រូវការ។ សំណួរសួរថា តើធ្វើបែបនោះគ្រប់គ្រាន់ឬនៅ?តើ លោក ហ៊ុន សែន នឹងមានលទ្ធភាពធ្វើបែបនោះបានទេ បើចិន មានអានុភាព និងមានឥទ្ធិពលលើមនុស្សដទៃទៀតក្នុងជួររដ្ឋាភិបាល ព្រមទាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ហើយនោះជាសំណួរដែលមានចម្លើយច្រើន»។
ឆ្នាំ២០១២ ជាឆ្នាំដែលទំនាក់ទំនងកម្ពុជា និងចិន ទទួលបានការចាប់អារម្មណ៍ខ្លាំង។
នៅមុនកិច្ចប្រជុំកំពូលអាស៊ានមកដល់ ដែលពេលនោះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រធានាធិបតីចិន លោក ហ៊ូ ជីនតាវ (Hu Jintao) បានធ្វើទស្សនកិច្ចមកកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ លោកបានសន្យាផ្ដល់ជំនួយជិត ៤០លានដុល្លារសហរដ្ឋអាមេរិក និងប្រាក់កម្ចីចំនួនជាង ៣០លានដុល្លារដល់កម្ពុជា។ ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឲ្យចិន ផ្ដល់ប្រាក់កម្ចីជារៀងរាល់ឆ្នាំពី ៣០០លានដុល្លារទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងអគ្គិសនី។
ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានទ្វេដង ពោលគឺបង្កើនឲ្យបានដល់ ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០១៧។ ចិន ក៏បានសន្យាផ្ដល់ការគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងតំណែងជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤។ ពីខាងកម្ពុជា វិញ រដ្ឋាភិបាល លោក ហ៊ុន សែន បានព្រមព្រៀងជាមួយចិន ថានឹងមិនលើកយកបញ្ហាសមុទ្រចិនខាងត្បូង ទៅដោះស្រាយក្នុងក្របខ័ណ្ឌអន្តរជាតិឡើយ។
បន្ថែមលើនេះ នៅខែឧសភា ឆ្នាំ២០១២ ដដែល ចិន បានចុះហត្ថលេខាផ្ដល់ជំនួយយោធាដែលមានទំហំទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការសាងសង់មន្ទីរពេទ្យយោធា និងសាលាយោធា ហើយសន្យាបន្តនាំយកមន្ត្រីយោធាកម្ពុជា ទៅបណ្ដុះបណ្ដាលនៅប្រទេសចិន បន្ថែមទៀត។ មួយខែក្រោយមក ចិន ក៏បានផ្ដល់ប្រាក់កម្ចីចំនួន ៤៣០លានដុល្លារដល់កម្ពុជា។
នៅពេលកិច្ចប្រជុំកំពូលអាស៊ានមកដល់នៅខែកក្កដា ឆ្នាំដដែល កម្ពុជា ដែលជាម្ចាស់ផ្ទះ បរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមអាស៊ាន ស្ដីពីការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ និន្នាការរបស់កម្ពុជា ទៅរកចិន បានធ្វើឲ្យមេដឹកនាំអាស៊ានដទៃ មិនពេញចិត្តចំពោះទង្វើរបស់កម្ពុជា ឡើយ។

បច្ចុប្បន្ន ចិន គឺជាប្រទេសដែលមានទំហំទឹកប្រាក់វិនិយោគច្រើនជាងគេបំផុតនៅកម្ពុជា។ ទំហំទឹកប្រាក់វិនិយោគរបស់ចិន មកកម្ពុជា ក្នុងឆ្នាំ២០១៣ មានចំនួនប្រមាណ ២,៩ពាន់លានដុល្លារ ដែលកាលពីឆ្នាំ២០០៣ មានត្រឹមតែ ៥៩លានដុល្លារប៉ុណ្ណោះ។ សកម្មភាពវិនិយោគិនចិន ភាគច្រើនធ្វើឡើងក្នុងវិស័យរុករករ៉ែ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទំនប់វារីអគ្គិសនី ហើយតែងតែរងការរិះគន់ថា មិនបានគិតគូរពីផលប៉ះពាល់លើបរិស្ថាន និងជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍។
ទាក់ទងរឿងនេះ សាស្ត្រាចារ្យជំនាញរដ្ឋាភិបាលនៃសាកលវិទ្យាល័យខ័រនែល (Cornell University) នៃសហរដ្ឋអាមេរិក និងជាអ្នកនិពន្ធសៀវភៅស្ដីពីជំនួយចិន ដល់របបខ្មែរក្រហម គឺលោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) យល់ថា គេគួរតែយកចិត្តទុកដាក់មើលគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិន ទាក់ទងនឹងផលប៉ះពាល់នៃសកម្មភាពវិនិយោគលើបរិស្ថាន៖ « ខ្ញុំគិតថា អ្វីដែលគួរឲ្យចាប់អារម្មណ៍អំពីគោលនយោបាយការបរទេសរបស់ចិន នាពេលបច្ចុប្បន្ននេះ គឺការវិនិយោគរបស់ចិន នៅក្នុងបណ្ដាប្រទេសដទៃ ជាជាងវិនិយោគិនពីប្រទេសផ្សេងៗទៅដាក់ទុនវិនិយោគនៅក្នុងប្រទេសចិន។ ហើយសំណួរដែលគួរសួរឡើងនោះ គឺថា តើមានផលប៉ះពាល់អ្វីខ្លះដែលបង្កឡើងដោយផ្ទាល់ពីអ្នកវិនិយោគចិន នៅក្នុងប្រទេសផ្សេងៗ រួមទាំងកម្ពុជា ផងនោះ។ ខ្ញុំមានក្តីបារម្ភចំពោះបញ្ហានេះ ហើយចំពោះខ្ញុំ ខ្ញុំត្រូវប្រុងប្រយ័ត្ន ពីព្រោះខ្ញុំមិនមានសុទិដ្ឋិនិយមប៉ុន្មានទេ។ អ្វីដែលខ្ញុំចង់និយាយ គឺថា ខ្ញុំបានឃើញផលប៉ះពាល់ពីសកម្មភាពកាប់ព្រៃឈើខុសច្បាប់ និងការរីកដូចផ្សិតនៃគម្រោងវារីអគ្គិសនីរបស់ចិន នៅកម្ពុជា។ នៅមានសកម្មភាពដទៃទៀតរបស់ចិន ដែលកំពុងប្រឡូកចូលជ្រៅទៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា។ ប្រការនេះ អាចនឹងបង្កលក្ខណៈលំបាកសម្រាប់កម្ពុជា នៅពេលប្រឈមនឹងស្ថានភាពអាក្រក់ណាមួយជាយថាហេតុ ឬអាចនិយាយម្យ៉ាងទៀតថា វាជាការមិនល្អទេ ប្រសិនបើកម្ពុជា ក្លាយជាប្រទេសមួយដែលពឹងពាក់លើចិន ខ្លាំងហួសហេតុនោះ។ នេះជាការព្រួយបារម្ភខ្លាំងរបស់ខ្ញុំ »។

សម្រាប់មន្ត្រីស្រាវជ្រាវពីទំនាក់ទំនងរវាងកម្ពុជា និងចិន នៃរាជបណ្ឌិត្យសភាកម្ពុជា វិញ គឺលោក ហុង វណ្ណៈ យល់ថា គម្រោងអភិវឌ្ឍន៍របស់ចិន ធ្វើឲ្យកម្ពុជា ទទួលបានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស ធៀបនឹងគម្រោងអភិវឌ្ឍន៍របស់ម្ចាស់ជំនួយដទៃ៖ « ចិន គាត់កាលណាយើងឯកភាពគ្នា គឺគាត់ចាប់ផ្ដើមធ្វើបណ្ដើរៗហើយ។ ការដោះស្រាយផលប៉ះពាល់ជាក្រោយបណ្ដើរៗអ៊ីចឹងទៅ។ អាហ្នឹងវាបានសមិទ្ធផលផ្លូវហ្នឹងលឿន។ តែបើរង់ចាំជំនួយដែលកសាងហេដ្ឋារចនាសម្ព័ន្ធដូចគ្នាពី អេ . ឌី . ប៊ី (ADB) និង World Bank ( ធនាគារពិភពលោក ) នីតិវិធីហ្នឹងវាយូរណាស់។ រួចអ៊ីចឹង ទម្រាំបានផ្លូវហ្នឹង ជួនកាល ៣ឆ្នាំមិនទាន់ចប់ផង។ គ្រាន់តែដោះស្រាយរឿងហ្នឹង »។
មន្ត្រីស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន រូបនេះ យល់ឃើញថា វាជាកំហុសរបស់រដ្ឋាភិបាលកម្ពុជា ក្នុងករណីបណ្ដែតបណ្ដោយឲ្យមានភាពអសកម្មបង្កដោយវិនិយោគិនចិន ក្នុងការអនុវត្តគម្រោងវិនិយោគរបស់ពួកគេលើដែនដីកម្ពុជា៖ « ឲ្យតែវិនិយោគិនចិន ហ្នឹងគាត់គោរពទៅតាមការណែនាំ ឬក៏ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា តាំងពីការបង់ពន្ធ តាំងពីនីតិវិធីផ្សេងៗថែមទៀតហ្នឹងឲ្យបានត្រឹមត្រូវទៅ អាហ្នឹងក៏ជាប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ដែរ។ បាទ ! អ៊ីចឹងគ្រាន់តែថា បើគាត់បន្លំកេងអី អាហ្នឹងគឺជាចំណុចខ្សោយរបស់ការដឹកនាំរបស់កម្ពុជា ដែរ។ បើសិនជាយើងជាអ្នកគ្រប់គ្រង ហើយយើងធ្វើឲ្យលេចជ្រាបបាន អាហ្នឹងជាចំណុចខ្សោយយើង »។
តើទំនាក់ទំនងរវាងកម្ពុជា និងចិន នឹងវិវឌ្ឍន៍ទៅជាយ៉ាងណា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន?
ចំពោះសាស្ត្រាចារ្យជំនាញរដ្ឋាភិបាលនៃសាកលវិទ្យាល័យខ័រនែល (Cornell University) នៃសហរដ្ឋអាមេរិក លោក អ៊ែនឌ្រូ ម៉ឺដា (Andrew Mertha) យល់ថា លោក ហ៊ុន សែន នឹងនៅតែស្និទ្ធនឹងប្រទេសចិន តែមិនប្រាកដថា លោក ហ៊ុន សែន មានឥទ្ធិពលលើចិន ឡើយ៖ « ខ្ញុំគិតថា លោក ហ៊ុន សែន ជាអ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃខ្លាំងជាងមេដឹកនាំប្រទេសដទៃទៀត។ ដូច្នេះខ្ញុំគិតថា លោក ហ៊ុន សែន នឹងទុកចិន នៅជិតខ្លួនសម្រាប់ពេលណាលោកត្រូវការ។ សំណួរសួរថា តើធ្វើបែបនោះគ្រប់គ្រាន់ឬនៅ ? តើ លោក ហ៊ុន សែន នឹងមានលទ្ធភាពធ្វើបែបនោះបានទេ បើចិន មានអានុភាព និងមានឥទ្ធិពលលើមនុស្សដទៃទៀតក្នុងជួររដ្ឋាភិបាល ព្រមទាំងនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ហើយនោះជាសំណួរដែលមានចម្លើយច្រើន »។
យ៉ាងណាក៏ដោយ ចាប់តាំងពីឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីក្រោយរដ្ឋប្រហារមក លោក ហ៊ុន សែន បានធ្វើឲ្យមិត្តភាពរវាងរដ្ឋាភិបាលប្រទេសទាំងពីរឡើងដល់ចំណុចកំពូល បើទោះជាលោកធ្លាប់ជាបុគ្គលប្រឆាំងនឹងចិន ក៏ដោយ។
ក៏ប៉ុន្តែ ប្រវត្តិសាស្ត្របង្ហាញថា ចិន តែងតែផ្លាស់ចិត្តទៅចាប់ដៃជាមួយបុគ្គល ឬក្រុមផ្សេងថ្មីមួយទៀតដែលមានឱកាសដឹកនាំកម្ពុជា នៅពេលអនាគត នៅអំឡុងស្ថានការណ៍នយោបាយនៅកម្ពុជា មានការប្រែប្រួល។
ប្រការនេះ ធ្វើឲ្យអ្នកតាមដានទំនាក់ទំនងចិន និងកម្ពុជា ចាប់ផ្ដើមចោទជាសំណួរថា ប្រសិនបើគណបក្សរបស់ លោក ហ៊ុន សែន មិនទទួលបានជ័យជម្នះនៅអាណត្តិក្រោយៗទៀតនោះទេ តើតួនាទីចិន នៅកម្ពុជា អាចនឹងមានការប្រែប្រួលយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។