ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ច្រានចោលរាល់ព័ត៌មាន ដែលក្រសួងរតនាគារអាមេរិកបានប្រើប្រាស់ជាមូលដ្ឋានដាក់ទណ្ឌកម្មបញ្ចូលក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេលឡុបមិន គ្រុប ហៅកាត់ថា យូឌីជី (UDG) ទៅក្នុងបញ្ជីខ្មៅបង្កកទ្រព្យសម្បត្តិ។ CDCចេញមុខអះអាងថាការវិនិយោគរបស់ក្រុមហ៊ុននេះបានអនុវត្តត្រឹមត្រូវតាមច្បាប់កម្ពុជា មិនប៉ះពាល់បរិស្ថាន និងគ្មានឡើយការបង្ខំបណ្ដេញពលរដ្ឋពីលំនៅឋាន ព្រមទាំងមិនទាក់ទងដល់មូលដ្ឋានទ័ពបរទេសណាមួយដែរ។ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្សនៅតែអះអាងថាក្រុមហ៊ុននេះពិតជាជាប់ទាក់ទងនឹងការរំលោភសិទ្ធិពលរដ្ឋ។
CDCស្នើក្រសួងរតនាគារអាមេរិកអោយពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិន UDG ដោយសំអាងថាទណ្ឌកម្មនេះនឹងធ្វើអោយប៉ះពាល់មុខមាត់កម្ពុជាក្នុងវិស័យវិនិយោគ និងជីវភាពពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី២០ ខែកញ្ញាថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិក មិនត្រឹមតែធ្វើអោយប៉ះពាល់ ធ្វើអោយខូចខាត តែទៅលើក្រុមហ៊ុន UDGនេះទេ គឺថែមទាំងធ្វើអោយប៉ះពាល់ទៅដល់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាទាំងមូល ព្រមទាំងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន UDG បានទាក់ទាញវិនិយោគជាច្រើនអោយមកចូលរួមជាមួយក្រុមហ៊ុននេះតាមរយៈកិច្ចសន្យាជួលបន្តនៅលើទីតាំងដីដែលក្រុមហ៊ុននេះបានទទួលសិទ្ធិស្របច្បាប់ពីរដ្ឋាភិបាលនោះ។
នេះជាប្រតិកម្មតបទៅនឹងក្រសួងរតនាគារអាមរិកកាលពីថ្ងៃទី១៤ ខែកញ្ញា ដែលដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន UDG ដែលស្ថាប័ននេះអះអាងថាគ្រប់គ្រងដោយរដ្ឋអំណាចចិន ដែលកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍នៅតំបន់តារាសាគរ ខេត្តកោះកុង។
ក្រសួងរតនាគារអាមេរិកថា សាធារណរដ្ឋប្រជាមានិតចិន បានប្រើប្រាស់គម្រោងរបស់ក្រុមហ៊ុន នេះនៅកម្ពុជា ដើម្បីពង្រីកមហិច្ឆតារបស់ខ្លួនក្នុងការពង្រីកអំណាចរបស់ចិននៅលើសាកលលោក។ បើតាមសហរដ្ឋអាមេរិកក្រុមហ៊ុននេះបានចុះបញ្ជីក្លែងបន្លំបោកប្រាស់ថាជាក្រុមហ៊ុនមានសញ្ជាតិកម្ពុជា ដើម្បីទទួលបានដីសម្បទានដល់ទៅជាង៣ម៉ឺនហិកតារ (៣៦.០០០) ក្នុងនោះបានបណ្តាលឲ្យពលរដ្ឋកម្ពុជាជាច្រើននាក់ត្រូវរងគ្រោះដោយសារការបណ្តេញចេញពីដីធ្លីរបស់ពួកគេដោយបង្ខំ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។ ក្រសួងរតនាគារអាមេរិកថែមទាំងព្រមានពីលទ្ធភាពនៃវត្តមានយោធាចិនជាអចិន្ត្រៃយ៍នៅលើទឹកដីកម្ពុជាតាមរយៈគម្រោងអភិវឌ្ឍន៍នោះថែមទៀត។
បើទោះជាយ៉ាងណាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបដិសេធចោលចំពោះការចោទប្រកាន់ទាំងនេះ ដោយអះអាងថាក្រុមហ៊ុន UDG មិនមែនជាក្រុមហ៊ុនរដ្ឋរបស់ចិនទេ តែជាក្រុមហ៊ុនបរទេសបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីឆ្នាំ២០០៨ ដើម្បីបានមករកស៊ីនៅកម្ពុជា ដោយមានភាគហ៊ុន១០០%របស់ក្រុមហ៊ុន ធានជីន យូញៀន ឌិវេឡុបមិន គ្រុប(Tianjin Union Development Group) មានមូលដ្ឋាននៅប្រទេសចិន និងមានជំនាញផ្នែកអចលនទ្រព្យតាំងពីឆ្នាំ១៩៩៥។ មួយវិញទៀតក្រុមហ៊ុននេះអាចទទួលបានដីធំជាង១ម៉ឺនហិកតារក្រោមកិច្ចសន្យាជួលដី មិនមែនជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចឡើយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអះអាងថា ក្នុងកាអភិវឌ្ឍន៍គម្រោងក្រុមហ៊ុននេះ បានគោរពតាមច្បាប់កម្ពុជា ពុំមានការបណ្ដេញពលរដ្ឋដោយបង្ខំឡើយ គឺគ្រប់ដំណាក់កាលក្រុមហ៊ុនតែងអនុវត្តតាមការសម្រេចរបស់គណៈកម្មការអន្តរក្រសួង ដែលតែងតាមដានត្រួតពិនិត្យ វាយម្លៃគម្រោងនេះជាប់ជានិច្ច។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍ ក្រុមហ៊ុននេះបានព្យាយាមដោះស្រាយការតាំងទីលំនៅថ្មីសម្រាប់ពលរដ្ឋ បើទោះជាពលរដ្ឋបានចូលទៅតាំងទីលំនៅ ដោយខុសច្បាប់នៅក្នុងតំបន់ឧធ្យានជាតិបុទមសារគរ ដែលក្រុមហ៊ុននេះទទួលបានភាគខ្លះនៅក្នុងគម្រោងអភិវឌ្ឍន៍នោះក៏ដោយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធានាអះអាងទៀតថា ក្រុមហ៊ុន UDG ពុំបានអភិវឌ្ឍធ្វើអោយប៉ះពាល់បរិស្ថានអ្វីឡើយ ព្រោះក្រុមហ៊ុននេះមានរបាយការណ៍ស្ដីពីហេតុប៉ះពាល់បរិស្ថាន ដែលយល់ព្រមដោយក្រសួងបរិស្ថាន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងទៀតថាការអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះមិនទាក់ទងដល់ការដាក់មូលដ្ឋានទ័ពបរទេសទេ ព្រោះរដ្ឋធម្មនុញ្ញាកម្ពុជាមិនអនុញ្ញាតិឡើយ ម៉្យាងវិញទៀតរដ្ឋាភិបាលស្វាគមន៍សហរដ្ឋអេមេរិក និងបណ្ដាប្រទេសដទៃទៀតអោយមានបេសកកម្មរកការពិតនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG ថែមទៀត។
បើទោះជាយ៉ាងណាចំពោះអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយនៅកម្ពុជាមើលឃើញថា ការសម្រេចដាក់ទណ្ឌកម្មនេះ ក៏បង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក ហាក់ដូចជាមិនទុកចិត្ត ជាច្រើនលើកច្រើនសារមកហើយចំពោះការពន្យល់របស់កម្ពុជា និងក្តីមន្ទិលអំពីទំនាក់ទំនងយោធាពិសេសរវាងក្រុមហ៊ុនចិនមួយនេះ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
ចំណែកអ្នកការពារសិទ្ធិមនុស្ស និងអ្នកបរិស្ថាន នៅតែអះអាងថាការច្បាមយកដីធ្លី សម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG នេះពិតជាជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយជាប្រព័ន្ធ។
អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត អោយអាស៊ីសេរីដឹងថារបាយការណ៍ជាច្រើនរបស់អង្គការសិទ្ធិមនុស្សរកឃើញថា ក្រុមហ៊ុនUDG បានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង១ពាន់គ្រួសារនៅក្នុងស្រុកបូទមសាគរ និងគិរីសាគរក្នុងខេត្តកោះកុង អស់ជាច្រើនឆ្នាំ ដើម្បីបង្ខំអោយពួកគេផ្ដល់ដី ដែលពួកគេកំពុងរស់នៅប្រគល់ទៅអោយក្រុមហ៊ុន៖«ជាទូទៅអោយតែមានទំនាស់គឺសុទ្ធតែប្រជាពលរដ្ឋគាត់ជាអ្នករងគ្រោះ គាត់ជាអ្នករងការចោទប្រកាន់ថាពួកគាត់រស់នៅក្នុងដីរដ្ឋដោយខុសច្បាប់តែម្ដង អ៊ីចឹងគឺដើម្បីអោយ នែ៎ ធ្វើទុក្ខគាត់ ធ្វើអោយគាត់ ដើម្បីអោយគាត់ដើរចេញ អត់មានអីចោទគាត់មានតែចោទគាត់ថាទៅនៅលើដីរដ្ឋចឹងទៅ។»
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ប្រាប់អាស៊ីសេរីថាការបំភ្លឺរបស់ក្រុមប្រឹក្សាអភិវឌ្ឋន៍កម្ពុជាមានចំណុចជាច្រើនដែលបង្ហាញថាមិនបាននិយាយការពិត។ លោក អាឡិច ថាបើមិនមែនជាការផ្ដល់សម្បទានសេដ្ឋកិច្ច តើក្រុមហ៊ុន UDG នោះបានដីតាមរបៀបណា? ផ្អែកលើមូលដ្ឋានអ្វី? លោក អាឡិចចោទសួរទៀតថា តើអ្នកចេញលិខិតនោះបានទៅទីកន្លែងអភិវឌ្ឍន៍របស់ក្រុមហ៊ុននោះដែរឬទេ? លោក អាឡិច បន្តថាក្រុមហ៊ុន UDG មិនត្រឹមតែបង្ខំជម្លៀសពលរដ្ឋចេញទេ ថែមទាំងបង្ខំអោយពលរដ្ឋរស់នៅទីតាំងថ្មីដែលពុំមានលក្ខណៈស្របអាចអោយពលរដ្ឋរស់នៅបាន ហើយបច្ចុប្បន្នពលរដ្ឋជាច្រើនបានធ្វើចំណាកស្រុក។ ចំណែកផលប៉ះពាលបរិស្ថានវិញ លោក អាឡិចលើកអំណះអំណាងថា រូបភាពពីផ្កាយរណបបង្ហាញយ៉ាងច្បាស់ថានៅក្រោយពេលក្រុមហ៊ុននេះចូលទៅអភិវឌ្ឍន៍ គឺកើតមានការកាប់ព្រៃយ៉ាងរង្គាល ធ្វើអោយឧធ្យានជាតិបូទមសាគរទាំងមូលស្ទើរក្លាយជាព្រៃរិចរិល រីឯពលរដ្ឋក៏អះអាងថាក្រោយមានការកាប់បំផ្លាញព្រៃឈើ សត្វព្រៃជាច្រើនដែលធ្លាបម់មានពីមុននៅក្នុងឧធ្យានជាតិបូទមសាគរក៏បាត់បង់អស់ជាច្រើនដែរ។ ចំពោះលទ្ធភាពជាមូលដ្ឋានទ័ពចិនវិញអាឡិចក៏ចោទសួរដែរថា តើចាំបាច់អ្វីដែលតំបន់នោះត្រូវមានវាលយន្តហោះពិសេសដាច់ដោយឡែក ប្រសិនបើមិនជាប់ទាក់ទងដល់បញ្ហាមូលដ្ឋានទ័ពទេនោះ?៖ «នៅក្នុងលិខិតហ្នុងវាមានប្រយោគមួយដែលគួរអោយអស់សំណើច។ ឧធ្យានជាតិជាដីសាធារណៈរបស់រដ្ឋដែលអត់អាចមានម្ចាស់បានទេ ចុះហេតុអ្វីបានជារដ្ឋាភិបាលហ្នឹងលក់អោយក្រុមហ៊ុន UDG? ចឹងគឺឥឡូវមានម្ចាស់តើឈ្មោះថា UDG។ អ៊ីញ្ចឹងគឺវាអត់មានន័យ។»
លោកអាឡិច សង្ស័យថា គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍តារាសាគរ របស់ក្រុមហ៊ុន UDG មានទំហំស្មើនឹង២០% នៃឆ្នេរសមុទ្រកម្ពុជានេះគឺអាចជាប់ពាក់ព័ន្ធអំពើពុករលួយជាប្រព្រ័ន្ធ ជាមួយមេដឹកនាំកំពូលៗនៅកម្ពុជា ដែលជាដើមចមនាំអោយមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ៖ «មិនចោទទេតែខ្ញុំសង្ស័យថា ដែលយើងឮថា គន់ គីម ហ្នឹងតាមពិតអាចនឹងជាប់ទាក់ទិនដល់ត្រកូលហ៊ុននៅពីក្រោយ ពីព្រោះ លោក គន់ គីម គ្រាន់តែជាកូនចៅរបស់ លោក ហ៊ុន សែន ហ្នឹង។ ខ្ញុំថា លោក គន់ គីម ដែលជាមនុស្សយោធាអស់មួយជីវិត ជាអតីតទាហ៊ានខ្មែរក្រហម បើខ្ញុំមិនច្រឡំទេ គាត់នៅជាមួយលោក ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩ គឺគាត់មិន ដែលទៅរំលោភដីពលរដ្ឋចាប់ដៃជាមួយក្រុមហ៊ុនចិន ដោយគ្មានភ្លើងខៀវពីលោក ហ៊ុន សែន ទេហ្នឹងគឺខ្ញុំមិនជឿតែម្ដង។»
លោក អាឡិច ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុនចិន UDG នាពេលនេះ គឺជាសារព្រមានមួយយ៉ាងច្បាស់ទៅរបបលោក ហ៊ុន សែន ឲ្យប្រញាប់កាត់បន្ថយឥទ្ធិពលរបស់ចិន និងគិតគូរឡើងវិញពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះបើមិនដូច្នោះទេ មនុស្សជាច្រើនទៀតនៅជុំវិញលោក ហ៊ុន សែន នឹងត្រូវរងនូវទណ្ឌកម្មដូចគ្នានេះនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។