នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានចូលរួមដង្ហែព្រះបរមអដ្ឋិដូចមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែរ នៅថ្ងៃទី១១ កក្កដា។
នៅក្នុងឱកាសនេះដែរ លោក កឹម សុខា អំពាវនាវឲ្យអ្នកនយោបាយខ្មែរទាំងអស់ មានការបង្រួបបង្រួមជាតិ ដូចដែលអតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ធ្លាប់បានធ្វើឲ្យកម្ពុជា មានឯកភាពជាតិ និងបង្រួបបង្រួមជាតិនោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគពន្យល់ថា នេះជាកាយវិការល្អមួយដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ បង្ហាញពីជំហរចង់ឲ្យអ្នកនយោបាយមានការបង្រួបបង្រួមជាតិ ដែលជាសញ្ញាល្អមួយទាក់ទងនឹងការចរចា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសដង្ហែព្រះបរមអដ្ឋិ នៅព្រឹកថ្ងៃទី១១ កក្កដា ថា លោកចង់ឲ្យអ្នកនយោបាយខ្មែរ យកគំរូតាមព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិនោះ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា អ្នកនយោបាយខ្មែរគ្រប់ភាគី ប្រជាពលរដ្ឋ សិស្ស និស្សិត បានទៅចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាពលរដ្ឋខ្មែររួមទាំងអ្នកនយោបាយ គោរពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ហើយលោកចង់ឲ្យអ្នកនយោបាយខ្មែរយកគំរូតាមព្រះអង្គ។ លោក កឹម សុខា សម្ដែងសុទិដ្ឋិនិយមថា នៅក្រោយព្រះរាជពិធីនេះបញ្ចប់ ការចរចារវាងគណបក្សទាំងពីរនឹងអាចកើតមានទៀត៖ «ខ្ញុំសង្ឃឹម ប៉ុន្តែមិនទាន់ឃើញខាងគណបក្សប្រជាជនគិតគូរផង យើងខ្ញុំបាននិយាយច្រើនហើយពីគោលជំហរគណបក្សសង្គ្រោះជាតិ ខាងគណបក្សប្រជាជនកម្ពុជា ថាបើកទ្វារចំហ ហើយអត់ផង គឺគណបក្សប្រជាជនកម្ពុជា ចង់ហៅគេទៅសង្គ្រុបយកតែម្ដង»។
នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នេះ ត្បិតតែមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័ន និងមន្ត្រីគណបក្សសង្គ្រោះជាតិ បានទៅចូលរួមដង្ហែក៏ដោយ ក៏ប៉ុន្តែមន្ត្រីគណបក្សទាំងពីរមិនបានជួបជជែកគ្នាក្រៅផ្លូវការអំពីការចរចា និងអំពីបញ្ហាផ្សេងៗនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនគេចវេសពីមន្ត្រីគណបក្សសង្គ្រោះជាតិ នោះទេ នៅព្រឹកថ្ងៃទី១១ កក្កដា លោកក៏អាចនឹងជួបជជែកគ្នានៅក្នុងព្រះរាជពិធីនេះដែរ ប៉ុន្តែគ្មានពេលវេលាជួបគ្នា។ ទាក់ទងនឹងការចរចាវិញ លោក ស ខេង មានប្រសាសន៍ថា គណបក្សទាំងពីរមិនទាន់កំណត់ពេលជួបគ្នាជាថ្មីនៅឡើយទេ៖ «អាហ្នឹងទុកឲ្យក្រុមការងារគេពិភាក្សា ប៉ុន្តែក្រុមការងារគណបក្សទាំងពីរមិនទាន់ណាត់ជួបគ្នាទៀតទេ»។
នៅក្នុងព្រះរាជពិធីប្រារព្ធពិធីបុណ្យឯករាជ្យជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមុនពេលព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សោយទិវង្គត ព្រះអង្គមានព្រះរាជបន្ទូលផ្ដែផ្ដាំជាចុងក្រោយ ដោយអំពាវនាវឲ្យខ្មែរគ្រប់ភាគីមានការបង្រួបបង្រួមជាតិ ដើម្បីឲ្យខ្មែរខ្លាំង៖ «បង្រួបបង្រួមគ្នាជាធ្លុងមួយដែលអ្នកណាក៏មិនអាចបំបាត់មិនបានដែរ មិនឲ្យទន់ខ្សោយបានដែរ យើងចេះតែខ្លាំងទៅៗ វិស័យអ្វីក៏ដោយ យើងមិនចង់ក្លាយទៅជាមហាអំណាចនោះទេ យើងរួបរួមគ្នាប្រែមកថាខ្លាំង»។
អ្នកចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ លើកឡើងថា ព្រះរាជបណ្ដាំរបស់ព្រះមហាវីរក្សត្រនេះមានសារសំខាន់ណាស់ ដែលខ្មែរគ្រប់ជំនាន់ត្រូវតែយកគំរូតាម៖ «យើងត្រូវតែដង្ហែតាមព្រះតម្រិះរបស់ព្រះអង្គ ហើយព្រះរាជបណ្ដាំរបស់ព្រះអង្គ គឺមានសារសំខាន់ណាស់។ បក្សទាំងសង្ខាងអត់ត្រូវគ្នាអ៊ីចឹងប្រហែលមិនងាយផ្សះផ្សាបានទេ ដោយសារថាគណបក្សទាំងពីរប្រកាន់ត្រូវរៀងៗខ្លួន»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា នេះជាសញ្ញាវិជ្ជមានមួយដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ បង្ហាញជំហរពីការចង់បង្រួបបង្រួមជាតិនេះ។ លោកបញ្ជាក់ថា បើគណបក្សទាំងពីរចង់ឲ្យមានការបង្រួបបង្រួមជាតិមែននោះ ជម្លោះនយោបាយនឹងងាយដោះស្រាយបញ្ចប់។ យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា គន្លឹះសំខាន់ក្នុងការបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោតនេះ គឺឋិតនៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអំណាចគ្របដណ្ដប់ទៅលើសង្គមកម្ពុជា ទាំងមូលនោះ។
ការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្អាកតាំងពីថ្ងៃទី១២ ខែមិថុនា មក។ មូលហេតុចម្បងដែលធ្វើឲ្យការចរចានេះរាំងស្ទះនោះ មកពីគណបក្សទាំងពីរយកស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ក្នុងរដ្ឋធម្មនុញ្ញ តែខ្វែងគំនិតគ្នាត្រង់ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប ដោយសំឡេង ២ភាគ៣ នៅក្នុងសភា។ តែខាងគណបក្សប្រជាជនកម្ពុជា វិញ ចង់ឲ្យបោះឆ្នោតជ្រើសរើសសមាជិក គ.ជ.ប នោះ ដោយសំឡេងអនុម័តតាមរូបមន្ត ៥០ភាគរយបូក១ ឬសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកសភាទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។