មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរិះគន់ថា របបលោក ហ៊ុន សែន កំពុងនិយាយផ្សេងធ្វើផ្សឹងទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលថ្នាក់ដឹកនាំមួយរូបនៃរបបក្រុងភ្នំពេញ ស្នើឱ្យពលរដ្ឋទាំងអស់រួមគ្នាជាធ្លុងមួយដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការនយោបាយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេស លោក ម៉ន ផល្លា សង្កេតឃើញថា អាជ្ញាធររបបក្រុងភ្នំពេញកំពុងបង្កើនការបង្ក្រាបលើសំឡេងរិះគន់ និងសំឡេងប្រឆាំង ខ្លាំងជាងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅទៀត។ លោកថា អំឡុងការរាតត្បាតនៃជំងឺរលាកសួតថ្មីនេះ អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយគ្រាន់តែពួកគាត់បញ្ចេញទុក្ខកង្វល់អំពីជំងឺថ្មីនេះ។ ចំណែក សកម្មជនគណបក្សសង្គ្រោះជាតិវិញ លោកថា ពួកគាត់មិនបានធ្វើអ្វីខុសច្បាប់ផង ក៏អាជ្ញាធរលោក ហ៊ុន សែន ចាប់ពួកគាត់ដាក់គុកដែរ ក្រោមបទចោទរួមគំនិតក្បត់ជាតិ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាដើម៖ «គាត់គ្រាន់តែលើកឱ្យបានមានជាយោបល់នៅក្នុងសារបង្ហោះជាសាធារណៈ តែទង្វើគឺផ្ទុយស្រឡះ។ គាត់មិនធ្វើដូចអ្វីដែលគាត់បាននិយាយទេ គឺគាត់រកតែឱកាស រកតែបញ្ហាដើម្បីចាត់វិធានការលើពលរដ្ឋដែលហ៊ានបញ្ចេញមតិ លើសកម្មជនគណបក្សសង្គ្រោះជាតិ លើសកម្មជនអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានដែលហ៊ានសរសេរ ហ៊ាននិយាយការពិតពាក់ព័ន្ធនឹងបញ្ហាកើតឡើងនៅក្នុងសង្គម»។
រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៣ មេសា ថា នៅក្នុងពេលដែលកម្ពុជាកំពុងរងការគំរាមកំហែងពីជំងឺកូវីដ-១៩ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្តដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។
ទោះជាយ៉ាងណា លោក ម៉ន ផល្លា ថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំរបបក្រុងភ្នំពេញមានសុឆន្ទៈធ្វើបែបនេះមែន នោះគឺត្រូវតែបញ្ឈប់ការចាប់ចងសកម្មជនគណបក្សប្រឆាំង ប្រជាពលរដ្ឋ និងអ្នកហ៊ានរិះគន់រដ្ឋាភិបាលជាបន្ទាន់។
អង្គការសិទ្ធិមនុស្សក្នុងស្រុករកឃើញថា ចាប់តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅកម្ពុជាតាំងពីខែមករា រហូតដល់ថ្ងៃទី២២ មេសា អាជ្ញាធរបានចាប់ខ្លួនមនុស្សចំនួន ៣០នាក់ហើយ ក្នុងនោះ ១៦នាក់ ត្រូវបានដោះលែងវិញក្រោយធ្វើកិច្ចសន្យា ប៉ុន្តែ១៤ នាក់ទៀត ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ ក្នុងចំណោមមនុស្ស១៤ នាក់នោះ មាន ១១នាក់ គឺជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ឱ្យដឹងថា ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងជាថ្មីនេះ គឺដោយសារពួកគេបន្តធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល៖ «អតីតបក្សប្រឆាំង ត្រូវបានរំលាយ ដោយតុលាការកំពូលហើយ។ អ៊ីចឹងទៅ ជាខ្មោចដែលខុសច្បាប់ ហើយអ្នកដែលគាំទ្រអ្នកខុសច្បាប់ អ្នកហ្នឹងក៏ខុសច្បាប់ដែរ។ បើបងប្អូននៅក្នុងស្រុកក្តី និងនៅក្រៅក្តី ឈប់ធ្វើសកម្មភាព គ្មានអ្នករុកកួនអីគាត់ វាអត់ទេ។ វាខូចតែគាត់ធ្វើសកម្មភាព»។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក មើលឃើញថា រដ្ឋាភិបាលបានឆក់ឱកាសវិបត្តិជំងឺកូវីដ-១៩ នេះ ដើម្បីបង្ក្រាបក្រុមអ្នកប្រឆាំង និងអ្នកហ៊ានបញ្ចេញមតិរិះគន់ជាថ្មីទៀត។ លោកយល់ថា នៅក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលគួរតែបញ្ឈប់ទង្វើយាយីនេះបន្ទាន់ ហើយងាកមកផ្តោតអាទិភាពលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងស្ដារស្ថានការណ៍នយោបាយឱ្យល្អប្រសើរឡើងវិញ៖ «រដ្ឋាភិបាលគួរតែចូលរួមនៅក្នុងការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ជាពិសេសគឺឱ្យសកម្មជននយោបាយដែលភៀសខ្លួនទៅក្រៅប្រទេសហ្នឹងវិលត្រឡប់ចូលស្រុកវិញ ហើយបញ្ឈប់ការចាប់ចងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ហើយនិងការគំរាមកំហែងទៅលើអង្គការសង្គមស៊ីវិលដែលគ្រាន់តែផ្តល់មតិដើម្បីបង្ហាញផ្លូវទៅរដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិដែលកំពុងតែកើតឡើង»។
ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាវាយតម្លៃថា ក្រៅពីការប្រើប្រាស់វិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្ក្រាបសំឡេងប្រឆាំង និងសំឡេងរិះគន់ហើយ របបក្រុងភ្នំពេញក៏បានឆ្លៀតឱកាសនេះធ្វើច្បាប់ពង្រឹងអំណាចឱ្យលោក ហ៊ុន សែន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។