គណបក្សប្រឆាំងនៅថ្ងៃសុក្រនេះ នឹងប្រកាសធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ ជាលក្ខណៈអន្តរជាតិ ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា ដើម្បីរកយុត្តិធម៌ជួនអ្នកដែលត្រូវឃាតកបាញ់សម្លាប់នៅក្នុងរបបគ្រប់គ្រងដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌អះអាងថា តុលាការកម្ពុជាបានរកយុត្តិធម៌ជូនជនរងគ្រោះរួចហើយ ដូចជា ករណីបណ្ឌិត កែម ឡី និងករណីជាច្រើនទៀត។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រស់នៅប្រទេសផ្សេងៗ ចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ធ្វើយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព ដើម្បីយុត្តិធម៌នៅកម្ពុជា។
លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្រ្គោះជាតិនឹងចាប់ផ្ដើមធ្វើយុទ្ធនាការនេះ ចាប់ពីថ្ងៃទី១០ កក្កដានេះតទៅ គឺចំថ្ងៃដែលឃាតករបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី។ លោកមានប្រសាសន៍ថា មានតែពលរដ្ឋខ្មែររួមគ្នាធ្វើយុទ្ធនាការនេះទេ ទើបអាចរកយុត្តិធម៌សង្គមបាន ឬយុត្តិធម៌សំរាប់ជនរងគ្រោះដែលឃាតករបាញ់សម្លាប់ មនុស្សជាបន្តបន្ទាប់ ដែលករណីខ្លះ បានអូសបន្លាយរាប់សិបឆ្នាំតែឃាតកនៅមានសេរីភាពដដែល៖ «
ជនរងគ្រោះដោយអំពើនិទ្ទណ្ឌភាពមានដូចជា មេដឹកនាំសហជីព លោក ជា វិជ្ជា ត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៤។ យុវជន ម៉ៅ សុខចាន់ ត្រូវបានកងកម្លាំងបាញ់សម្លាប់ក្នុងពេលកងកម្លាំងទប់ស្កាត់បាតុកម្ម មិនឲ្យចូលក្រុងភ្នំពេញក្រោយបោះឆ្នោតឆ្នាំ២០១៣។ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ឆ្នាំ២០១២។ សាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ និងជាតារាសម្ដែង ពិសិដ្ឋ ពិលីកា ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់នៅឆ្នាំ១៩៩៩។ តារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវជនមិនស្គាល់មុខបាញ់ឲ្យពិការនៅឆ្នាំ២០០៧។ សាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ និងជាតារាសម្ដែង កញ្ញា ទូច ស៊ុននិច ត្រូវជនមិនស្គាល់មុខបាញ់ឲ្យពិការនៅឆ្នាំ២០០៣ អតីតចៅអធិការវត្តនន្ទមុនី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់កាលពីឆ្នាំ២០០៣ សកម្មជននយោបាយ និងអ្នកសារព័ត៌មានមួយចំនួនទៀត។
ក្រៅពីនោះ មានករណីហិង្សា និងបាញ់សម្លាប់ជាច្រើនទៀតលើសកម្មជនគណបក្សប្រឆាំង ដូចជា ករណីបាញ់ប្រហារមកលើហ្វូងបាតុករ ជាដើម។ ចំណែកអ្នកសារព័ត៌មានវិញ មានចំនួន ១៣នាក់ ត្រូវឃាតកបានបាញ់សម្លាប់គិតតាំងពីឆ្នាំ១៩៩៤ មក។ ទោះជាក្នុងករណីខ្លះ ឃាតកត្រូវគេស្គាល់ តែពុំមានការស៊ើបអង្កេត ចោទប្រកាន់ ឬដាក់ទោសឡើយ។ ករណីចុងក្រោយ គឺឃាតកបាញ់សម្លាប់អ្នកវិភាគឥតសំចៃមាត់ដ៏ល្បីឈ្មោះ គឺបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅកណ្ដាលទីក្រុងភ្នំពេញជាដើម។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បង្ហើបថា យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព គឺដើម្បីឲ្យតុលាការកម្ពុជាធ្វើការដោយឯករាជ្យ ដើម្បីធានាយុត្តិធម៌សង្គម។ លោកបញ្ជាក់ថា ក្នុងពេលលោក ហ៊ុន សែន កំពុងដឹកនាំប្រទេសនេះ មិនអាចឲ្យតុលាការឯករាជ្យ និងកាត់ក្ដីដោយយុត្តិធម៌បានឡើយ។ លោកអះអាងថា ក្នុងស្ថានភាពបែបនេះ គណបក្សសង្រ្គោះជាតិ នឹងធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ ហើយដាក់ពាក្យបណ្ដឹងបន្ថែមទៀត ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីឲ្យរកយុត្តិធម៌ជូនជនរងគ្រោះ ទាំងនេះ៖ «
ឆ្លើយតបនឹងយុទ្ធនាការគណបក្សប្រឆាំងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា សំណុំរឿងនេះទាំងនេះ មានសំណុំរឿងខ្លះតុលាការបានបិទសំណុំរឿងហើយ ដូចជា ករណីឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡីជាដើម។ លោក ជិន ម៉ាលីន មានប្រសាសន៍ថា គណបក្សប្រឆាំង ដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ ជារឿងអត់ប្រយោជន៍ទៅវិញ៖ «
លោក សម រង្ស៊ី អះអាងថា សំណុំរឿងដែលលោកបានដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកន្លងមកដូចជាសំណុំរឿងបោកគ្រាប់បែកនៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ នោះ គឺតុលាការនេះបានរកឃើញអ្នកនៅពីក្រោយខ្នង ការបោកគ្រាប់បែកនេះហើយ៖ «
តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ បង្កើតឡើងដោយអង្គការសហប្រជាជាតិ និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។ តុលាការនេះ មានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម។
ប្រព័ន្ធតុលាការកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ថា មិនមែនជាស្ថាប័នដែលផ្ដល់យុត្តិធម៌ដោយស្មើភាពនៅចំពោះមុខច្បាប់ឡើយ។ ប្រព័ន្ធដោះស្រាយទំនាស់នៅក្នុងរបបសព្វថ្ងៃ មិនសូវមានប្រសិទ្ធភាពរាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ ពិសេសតុលាការដែលគេរកឃើញថា តុលាការមិនឯករាជ្យ ហើយបង្កើតឲ្យមានអំពើអយុត្តិធម៌សង្គម ឬអំពើនិទណ្ឌភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។