បក្ស​ប្រឆាំង​នឹង​ចូលរួម​ការ​បោះឆ្នោត​ទោះ​រង​ការ​គំរាម​រំលាយ​គណបក្ស

0:00 / 0:00

​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ថា នឹង​មិន​បោះបង់​ការ​ចូល​រួម​​បោះឆ្នោត​ឆ្នាំ​២០១៨ ឡើយ។ ការ​បង្ហាញ​ជំហរ​ចុង​ក្រោយ​នេះ ព្រោះ​បក្ស​ប្រឆាំង​រំពឹង​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន នឹង​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ មុន​ការ​បោះឆ្នោត​នេះ​មក​ដល់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​វិញ​អះអាង​ថា មាន​តែ​ក្រុម​អ្នក​ដែល​ចូលរួម​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា ប៉ុណ្ណោះ ទើប​មើល​ឃើញ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់។

បើ​ទោះ​បី​ជា​មាន​មន្ត្រី​មួយ​ចំនួន​ធ្លាប់​ប្រកាស​ថា គណបក្ស​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រសិនបើ​មិន​មាន​ការ​ដោះលែង​ប្រធាន​គណបក្ស លោក កឹម សុខា ឱ្យ​មាន​សេរីភាព​វិញ​ក្ដី ប៉ុន្តែ​មន្ត្រី​គណបក្ស​នេះ​បាន​បកស្រាយ​ថា ការ​លើក​ឡើង​ទាំង​នោះ គឺ​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​បុគ្គល​ប៉ុណ្ណោះ និង​មិន​អាច​ចាត់​ទុក​ជា​ការ​សម្រេច​ផ្លូវការ​របស់​គណបក្ស​ឡើយ ព្រោះ​មាន​តែ​គណៈកម្មាធិការ​អចិន្ត្រយ៍​របស់​គណបក្ស​ទេ ដែល​អាច​សម្រេច​បាន​ថា​យ៉ាង​ណា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​បើក​កិច្ច​ប្រជុំ​មួយ និង​បាន​សម្រេច​ថា គណបក្ស​នឹង​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ ដែល​ជា​ទិសដៅ និង​ជា​បំណង​តែ​មួយ​គត់​របស់​គណបក្ស។ ការ​ថ្លែង​របស់​លោក សុន ឆ័យ នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ។

​ការ​ធ្វើ​សន្និសីទ​លើក​ដំបូង ក្រោយ​ពី​ប្រធាន​គណបក្ស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ក្បត់ជាតិ កាល​ពី​យប់​អធ្រាត្រ​​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣ កញ្ញា។ លោក សុន ឆ័យ បន្ត​ថា ការ​លើក​ឡើង​នូវ​មាត្រា​ច្បាប់​មួយ​ចំនួន រាប់​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន រហូត​ដល់​ការ​បើក​កិច្ច​ប្រជុំ​សភា​ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច គឺ​សុទ្ធតែ​ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ជាក់ស្ដែង​ទាំង​អស់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា លោក កឹម សុខា នៅ​តែ​ជា​អ្នក​គ្មាន​ទោស​នៅ​ឡើយ និង​នៅតែ​ជា​ប្រធាន​គណបក្ស​ដដែល ប្រសិនបើ​តុលាការ​មិន​ទាន់​សម្រេច​កាត់​ក្ដី​ទេ​នោះ ហើយ​ទោះ​ជា​មាន​អ្នក​ខ្លះ​បាន​ហៅ​លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ និង​គំរាម​រំលាយ​គណបក្ស​ប្រឆាំង​ក្ដី។ លោក​បន្ត​ថា គណបក្ស​នៅ​តែ​បញ្ជូន​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា៖ «»។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ថា នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល បើ​សមាជិក​បក្ស​នេះ នៅ​តែ​ការពារ​លោក កឹម សុខា ដែល​លោក ហ៊ុន សែន កំពុង​ហៅ​ជា​ជន​ក្បត់​ជាតិ។

ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​រំលាយ​គណបក្ស​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ លោក សុន ឆ័យ មិន​បាន​បញ្ជាក់​អំពី​ជំហរ​ត្រៀម​ទុក​របស់​គណបក្ស តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ឡើយ ប៉ុន្តែ​លោក​អះអាង​ថា វា​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​សភាព​ដូច​ដើម មុន​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ចូល​មក​ដល់។

ការ​ធ្វើ​សន្និសីទ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជាង ១០​នាក់ ត្រូវ​រដ្ឋាភិបាល​ដាក់​ពង្រាយ​កងកម្លាំង​រាប់​រយ​នាក់ រារាំង​មិន​ឱ្យ​ចូល​ទៅ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម។

ឆ្លើយ​តប​នឹង​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​គណបក្ស​ប្រឆាំង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​លើក​ឡើង​តាម​ប្រព័ន្ធ​តេឡាក្រាម (Telegram) ថា មាន​តែ​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​ចូល​ដៃ​ចូល​ជើង​ក្បត់​ជាតិ​ជាមួយ​លោក កឹម សុខា ប៉ុណ្ណោះ ទើប​មើល​ឃើញ​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ឆ្ពោះ​ទៅ​រក​គ្រោះថ្នាក់។ លោក​ក៏​បន្ត​ថា គំនាប​ខាង​ក្រៅ ក៏​មិន​ប៉ះពាល់​អ្វី​ឡើយ ព្រោះ​លោក​ថា គំនាប​ពាក្យ​សម្ដី គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​តាម​និន្នាការ​នយោបាយ។បន្ថែម​ពី​នេះ លោក សុខ ឥសាន ថា មាន​អ្នក​ខ្លះ​កំពុង​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​នយោបាយ​ដូច​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​លោក​ថា បរិបទ​នយោបាយ​ឆ្នាំ​២០១៧ នេះ គឺ​ខុសគ្នា​ទៅ​បរិបទ​នយោបាយ​ក្នុង​ឆ្នាំ​២០១៣។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មាន​មតិ​ថា ប្រឈម​នឹង​ស្ថានភាព​នយោបាយ​យ៉ាប់យ៉ឺន​បែប​នេះ គណបក្ស​ប្រឆាំង​ត្រូវ​ត្រៀម​ជម្រើស​ពីរ​ដើម្បី​ដើរ​ទៅ​មុខ គឺ​ទី​មួយ ធ្វើ​យ៉ាង​ណា​ដើរ​ឱ្យ​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ និង​ជម្រើស​មួយ​ទៀត ត្រូវ​គិតគូរ​អំពី​វិធានការ​ការពារ​ខ្លួន​ឱ្យ​បាន​ជា​មុន ប្រសិនបើ​បក្ស​ត្រូវ​បាន​គេ​រំលាយ​ចោល។ ប៉ុន្តែ​លោក​បណ្ឌិត មាស នី ថ្លែង​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​មែន គឺ​រដ្ឋាភិបាល​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស៖ «»។

​អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​មាន​មនុស្ស​ជិត ៤​លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧​លាន​នាក់ មិន​បាន​ទៅ​បោះឆ្នោត គឺ​វា​អាច​ប្រឈម​នឹង​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពី​អន្តរជាតិ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។