ម្ចាស់​កាសែត​ខេមបូឌា ដេលី ថា​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​​កំពុង​រំលោភ​ច្បាប់

0:00 / 0:00

ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​តែ​ប្រកាន់​ជំហរ​រឹងត្អឹង​របស់​ខ្លួន តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន និង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ជុំវិញ​រឿង​ជំពាក់​ពន្ធ​រដ្ឋ និង​ការ​ព្រមាន​បិទ​កាសែត​នេះ។ ពួកគេ​នៅ​តែ​អះអាង​ថា នេះ​គឺ​ជា​លេស​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​ចង់​បិទ​សារព័ត៌មាន​សេរី​ដ៏​កម្រ​នៅ​កម្ពុជា តែប៉ុណ្ណោះ និង​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ចាត់​ការ​ស៊ើប​អង្កេត​មន្ត្រី​របស់​ខ្លួន ដែល​កំពុង​ប្រព្រឹត្ត​ល្មើសច្បាប់ និង​នីតិវិធី​ពន្ធដារ។

ម្ដង​ណេះ​ថ្នាក់ដឹកនាំ​របស់​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ជា​សារព័ត៌មាន​សេរី​របស់​អាមេរិក ក្នុង​ចំណោម​សារព័ត៌មាន​សេរី ដ៏​តិច​តូច​នៅ​កម្ពុជា បាន​បន្ត​តតាំង​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់ ថា​ខកខាន​មិនបាន​បង់​ពន្ធ​ជូន​រដ្ឋ ១០​ឆ្នាំ​មក​ហើយ។

ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក (E-mail) កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ថា អ្នកស្រី​គោរព​ច្បាប់​ពន្ធដារ​កម្ពុជា យ៉ាង​ខ្ជាប់​ខ្ជួន​បំផុត។ អ្នកស្រី​បន្ត​ថា បើ​អគ្គនាយកដ្ឋាន​ពន្ធដារ​យល់​ថា ​កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​មែន​នោះ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​ត្រូវតែ​ប្រាប់​ខាង​អ្នកស្រី ថា​តើ​កាសែត​អ្នកស្រី​ជំពាក់​ថ្លៃ​អ្វី​ខ្លះ? ឬ​ក៏​ត្រូវ​ស្នើ​សុំ​ឲ្យ​អ្នកស្រី​បង្ហាញ​ព័ត៌មាន​បំភ្លឺ។ តាម​អ្វី​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្វើ គឺ​គេ​ជប់​ឲ្យ​ចេញ​ទឹក​ប្រាក់ ៦,១​លាន​ដុល្លារ ចោទ​ថា កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់​រដ្ឋ រួច​ហើយ​ទុក​ពេល​ឲ្យ​តែ ៣០​ថ្ងៃ​ប៉ុណ្ណោះ ឲ្យ​ខាង​អ្នកស្រី​បង់។ អ្នកស្រី ដេប្រ៉ា បញ្ជាក់​ថា ភ្លាម​នោះ​ខាង​អ្នកស្រី​បាន​ឆ្លើយ​តប​ទៅ​វិញ ដោយ​បដិសេធ​ចំនួន​ទឹក​ប្រាក់​នេះ។

អ្នកស្រី​បន្ត​ថា លោក ប៊ើណាត គ្រីស័រ (Bernard Krisher) ក៏​បាន​សរសេរ​បំភ្លឺ​ថែម​ទៀត​ថា បើ​គណនា​ពន្ធ​រដ្ឋ​គប្បី​គិត​បញ្ចូល​ទឹក​ប្រាក់​ដែល​លោក​បាន​បរិច្ចាគ​ជួយ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា ចំនួន ៣៩​លាន​ដុល្លារ​នោះ​ផង។ អ្នកស្រី​រម្លឹក​ថា បើ​តាម​ច្បាប់ ប្រាក់​បរិច្ចាគ​ដូច្នេះ គេ​មិន​ត្រូវ​យក​ពន្ធ​នោះ​ទេ)។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រំលោភ​សិទ្ធិ​អ្នកស្រី ដែល​ជា​អ្នក​បង់​ពន្ធ ព្រោះ​ពេល​ខាង​អ្នកស្រី​បដិសេធ​ដូច្នេះ ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ឡើង​វិញ ដោយ​មិន​ត្រូវ​ប្រញាប់ប្រញាល់​បង្ខំ​ឲ្យ​ខាង​គាត់​បង់ពន្ធ ៦,១​លាន​ដុល្លារ ក្នុង​រយៈពេល ៣០​ថ្ងៃ ឲ្យ​ខាង​តែ​បាន​ដូច្នេះ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ អ្នកស្រី​មិន​យល់ ថា​តើ​ហេតុអ្វី​បាន​ជា​ទាំង​ខាង​នាយកដ្ឋាន​ពន្ធដារ និង​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង សុទ្ធតែ​ប្រើ​ធម៌​គំរាម ថា​នឹង​បិទ​កាសែត​នេះ​ចោល និង​បង្កក​គណនី​ធនាគារ​របស់​ខាង​អ្នកស្រី បើ​មិន​បាន​បង់ពន្ធ​តាម​កាលកំណត់។

អ្នកស្រី ដេប្រ៉ា អំពាវនាវ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ខ្លួន​ឯង ចេះ​គោរព​ច្បាប់​ពន្ធដារ​ផង ហើយ​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ពិនិត្យ​តាមដាន​មន្ត្រី​នៃ​អគ្គនាយក​ពន្ធដារ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគេ​ចេះ​គោរព​ច្បាប់​ពន្ធដារ និង​ត្រូវ​ចាប់​ពួកគេ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការណ៍​ដែល​ពួកគេ​កំពុង​រំលោភ​ច្បាប់​ពន្ធដារ។

ការណ៍​ដែល​កំពុង​រំលោភ​ច្បាប់ នីតិវិធី​ពន្ធដារ​នេះ អ្នកស្រី​ចង់​សំដៅ​ទៅ​លើ​លោក គង់ វិបុល នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​អ្នកស្រី​ថា បាន​បំពាន​មាត្រា ៩៤ នៃ​ច្បាប់​ពន្ធដារ​រហូត​ដល់​ទៅ​ពីរ​លើក ព្រោះ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ការសម្ងាត់​នៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អ្នក​បង់ពន្ធ។ ការ​ល្មើស​ច្បាប់​បែប​នេះ អាច​ទទួល​ទោស​ជាប់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង។ អ្នកស្រី​លើក​ឡើង​បន្ថែម​ថា ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​ទៅ​សារព័ត៌មាន​បែប​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល។ អ្នកស្រី ដេប្រ៉ា ថា បើ​លោក ហ៊ុន សែន ចង់​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​ពន្ធដារ​នៅ​កម្ពុជា លោក ហ៊ុន សែន ត្រូវ​ចាប់​ផ្ដើម​ពី​មន្ត្រី​ពន្ធដារ​របស់​គាត់​ជា​មុន​សិន គឺ​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ត្រី​ទាំង​នោះ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សិន។

អ្នកស្រី​បញ្ជាក់​ថា នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​លោក ហ៊ុន សែន ក្នុង​ការ​បង្ហាញ​ថា តើ​គាត់​មាន​ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​សមត្ថភាព​ដឹកនាំ​ស្ថាប័ន​រដ្ឋ និង​បង្ហាញ​ឲ្យ​ឃើញ​ថា ពិត​ជា​គ្មាន​លេស​នយោបាយ​ណា​មួយ​នោះ​ទេ នៅ​ពី​ក្រោយ​ការ​ចង់​បិទ​កាសែត ឌឹ ខេមបូឌា ដេលី របស់​អ្នកស្រី​ដែរ ឬ​យ៉ាង​ណា។ អ្នកស្រី​បញ្ជាក់​ថា​ បើ​អគ្គនាយកដ្ឋាន​ពន្ធដារ​អនុវត្ត​នីតិវិធី​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​រក​ឃើញ​ថា កាសែត​អ្នកស្រី​ជំពាក់​ពន្ធ​រដ្ឋ​មែន នោះ​អ្នកស្រី​នឹង​បង់​ពន្ធ​ជូន​រដ្ឋ។ ប៉ុន្តែ​ត្រូវ​ធ្វើ​សវនកម្ម និង​ត្រួត​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

ការ​ឆ្លើយ​តប​របស់​អ្នកស្រី ដេប្រ៉ា បែប​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​លោក ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ដែរ ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី បើសិនជា​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ​ប្រកាន់​ជំហរ​មិន​បង់ពន្ធ​តាម​ការ​ទាមទារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទេ។ លោក ហ៊ុន សែន បាន​ហៅ​ស្ថាប័ន​មួយ​នេះ​ថា​ជា​មេចោរ ព្រោះ​គេច​មិន​បង់ពន្ធ៖ «១០​ឆ្នាំ​គេ​គិតតែ​រឿង​ច្បាប់​ពន្ធ​ទេ តែ​នេះ​តាំង​ពី​កើត​ចេញ​ជា​រូប​រាង​មក មិន​ដែល​បង់ពន្ធ​ឲ្យ​រដ្ឋ​ទេ។ សូមទោស! ឥឡូវ​កំពុងតែ​បង្វែរ​ទៅ​ជា​ផ្លូវ​នយោបាយ​ហើយ ខ្លួន​ឯង​ជា​មេ​ចោរ ហើយ​មក​បង្រៀន​គេ។ បើ​ចង់​នៅ​ត​ទៅ​ទៀត ត្រូវ​បង់​ពន្ធ​ឲ្យ​រដ្ឋ បើ​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ​ទេ វេច​បង្វេច​ចាក​ចេញ​ទៅ»

ទាក់ទង​បញ្ហា​នេះ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ ទម្លាក់​កំហុស​ទៅ​លើ​ទាំង​ខាង​កាសែត ឌឹ ខេមបូឌា ដេលី និង​អគ្គនាយកដ្ឋាន​ពន្ធដារ។ លោក​ថា ក្នុង​នាម​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ ឌឹ ខេមបូឌា ដេលី គួរតែ​សិក្សា និង​អនុវត្ត​តាម​កាតព្វកិច្ច​បង់ពន្ធ​ដូចដែល​មាន​ចែង​ក្នុង​ច្បាប់ ចំណែក​ឯ​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​វិញ គួរ​តែ​រំលឹក ឌឹ ខេមបូឌា ដេលី អំពី​រឿង​ការ​បង់​ពន្ធ​នេះ​តាំង​តែ​ពី​ដើម​ដំបូង មិនមែន​ទុក​អូស​បន្លាយ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទេ។

ចំណែក លោក ដាហ្គ្លាស់ ស្ទាល (Douglas Steele) ដែល​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​កាសែត ឌឹ ខេមបូឌា ដេលី និង​ជា​ស្វាមី​របស់​អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល ក៏​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ថា​បើ​លោក​នាយករដ្ឋមន្ត្រី​យក​លេស​នយោបាយ ដើម្បី​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ដែល​ជា​សារព័ត៌មាន​សេរី​នៅ​មុន​បោះឆ្នោត​បែប​នេះ គឺ​ជា​ការ​គួរ​ឲ្យ​ខកចិត្ត​ខ្លាំង​មែន​ទែន ដែល​អ្នក​នយោបាយ​ធ្វើ​ដូច្នេះ​កើត។ លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន កុំ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដូច​អ្វី​ដែល​កើត​ឡើង​កាល​ពី ៥២​ឆ្នាំ​កន្លង​ទៅ ដែល​ពេល​នោះ​មេដឹកនាំ​កម្ពុជា ចង់​យក​លេស​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​អត្ថបទ​សារព័ត៌មាន​របស់​អ្នក​កាសែត​អាមេរិកាំង ម្នាក់។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថ្លឹងថ្លែង​សមិទ្ធផល និង​ការ​បរិច្ចាគ​ជួយ​សង្គម​ដែល​កាសែត ឌឹ ខេមបូឌា ដេលី បាន​ធ្វើ​កន្លង​មក ដោយ​ជួយ​កសាង​សាលារៀន ៥៦១​ខ្នង នៅ​កម្ពុជា និង​សង់​មន្ទីរពេទ្យ​នានា ព្រម​ទាំង​ជួយ​បណ្ដុះបណ្ដាល​វិស័យ​សារព័ត៌មាន​សេរី​ផង។ ពេល​បោះ​ឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អរិយភាព​ខ្លាំង​ជាមួយ​អង្គការ និង​ស្ថាប័ន​បរទេស ជាពិសេស អង្គការ​អាមេរិក ដូចជា​ទូរទស្សន៍ CNN អង្គការ​មេត្រី​អន្តរជាតិ (AIM) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​កាសែត ឌឹ ខេមបូឌា ដេលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។