ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃរបស់លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជា ទៅប្រទេសវៀតណាម នឹងបិទបញ្ចប់ទៅនៅថ្ងៃទី៥ តុលា នេះ។ តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ក្នុងនោះមានទាំងការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការ ការបោះបង្គោលព្រំដែនកន្លងមកដែលសម្រេចបាន ៨៤ភាគរយ និងការចុះហត្ថលេខាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលអ្នកឃ្លាំមើល មើលឃើញថា នឹងរឹតតែធ្វើឱ្យកម្ពុជាខាតបង់បន្ថែមទៀត។
លោក ហ៊ុន សែន ហៅដំណើរទស្សនកិច្ចរបស់លោកលើកនេះថា ជាប្រវត្តិសាស្ត្រថ្មីមួយទៀតរវាងកម្ពុជា និងវៀតណាម។ ប្រវត្តិសាស្ត្រថ្មី គឺដោយសារតែ នៅទីបំផុតទៅលោក នឹងចុះហត្ថលេខានៅថ្ងៃទី៥ តុលា ទទួលស្គាល់ជាផ្លូវការការបោះបង្គោល និងខណ្ឌសីមាព្រំដែនដីគោក ដែលកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៨៤ភាគរយ ក្នុងរយៈពេលកន្លងមក ហើយបើទោះបីជាមានការរិះគន់ពីសំណាក់ក្រុមអ្នកឃ្លាំមើលការបោះបង្គោលព្រំដែន និងមានការស្នើសុំកុំឱ្យលោកចុះហត្ថលេខាទទួលស្គាល់យ៉ាងណាក្តី។ លោក ហ៊ុន សែន មិនភ្លេចឡើយដឹងគុណវៀតណាមជាថ្មីម្តងទៀត ដែលលោកថា បានជួយរំដោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងធ្វើឱ្យកម្ពុជាមានថ្ងៃនេះបាន៖ «កម្ពុជាមានថ្ងៃនេះ មិនអាចកាត់ផ្តាច់ចេញបានពីការចូលរួមជួយឧបត្ថម្ភគាំទ្រដ៏ស្មោះសពីសំណាក់កងទ័ព និងប្រជាជនវៀតណាមបានទេ។ ដូច្នេះទាំងពេលនេះ ក៏ដូចជាទៅអនាគត យើងត្រូវបន្តការខិតខំដើម្បីកសាងទំនាក់ទំនងនេះ ឱ្យកាន់តែខ្លាំង កាន់តែស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្ម សហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀត ឱ្យកាន់តែទូលំទូលាយនិងគ្រប់វិស័យ»។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ របស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាមនាពេលនេះ ក្រៅពីចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន និងខណ្ឌសីមា៨៤ភាគរយនេះ លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) កាលពីថ្ងៃទី៤ តុលា ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ ផ្សេងទៀត ដែលប្រទេសទាំងពីរថា ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងចំណោមកិច្ចព្រមព្រៀងទាំង៧នេះ មានអនុស្សរណៈពីរគួរឱ្យកត់សម្គាល់។ ក្នុងនោះរួមមាន អនុស្សរណៈស្ដីពីការយោគយល់គ្នា លើការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ និងអនុស្សរណៈស្ដីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ។
សារព័ត៌មានក្នុងស្រុកស្និទ្ធនឹងរបបលោក ហ៊ុន សែន រាយការណ៍ថា លោក ហ៊ុន សែន បានប្រាប់ទៅលោក ង្វៀន សួនហ្វ៊ុក ថា លោកគាំទ្រចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម នៅតាមព្រំដែនប្រទេសទាំងពីរ គឺក្នុងទឹកដីកម្ពុជា ជាពិសេសការកែប្រែតំបន់ដែលលោកធ្លាប់តស៊ូកាលពីសម័យសង្គ្រាម ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសតែម្តងនោះ ខណៈបច្ចុប្បន្ន កម្ពុជា និងវៀតណាម មានតំបន់សេដ្ឋកិច្ចពិសេសសរុបដល់ទៅ ១៩ហើយនោះ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក ដោយចោទជាសំណួរថា ហេតុអ្វីបានជារបបក្រុងភ្នំពេញត្រូវការបង្កើតឱ្យមាននូវតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ កាន់តែច្រើនម្ល៉េះ ហើយថា តើការបង្កើតនេះធ្វើឡើងក្នុងគោលដៅអ្វី។ បណ្ឌិត អៀ សុផល ថា កម្ពុជាគួរផ្តោតលើគុណភាពនៃការបង្កើតតំបន់សេដ្ឋកិច្ចនេះ ជាជាងបរិមាណ។ លោកពន្យល់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឺជាការធ្វើឡើងដើម្បីគេចពន្ធ និងកេងអត្ថប្រយោជន៍ផ្សេងៗទៀត ពីរដ្ឋទៅឱ្យហោប៉ៅឯកជនវិញ។ ជាមួយគ្នានេះ លោកថា បើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ តម្រូវឱ្យមាននូវកម្ចីពីវៀតណាម នោះភាគីវៀតណាមអាចប្រើកម្ចីនេះ ទៅជាភាគហ៊ុននៃការវិនិយោគ ហើយអាចបម្លែងវាទៅជាអន្ទាក់បំណុលបាន ដូចដែលប្រទេសចិនកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។
លោកបន្តថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចចុងក្រោយញឹកញាប់រវាងថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមនេះ បញ្ជាក់ថា ក្រុងហាណូយ មានការខឹងសម្បារថា របបក្រុងភ្នំពេញកំពុងតែធ្វើអ្វីៗតាមការចង់បានរបស់ក្រុងប៉េកាំង នៃមហាយក្សចិន។ ដូច្នេះហើយ លោកថា លោក ហ៊ុន សែន ក៏ចង់បង្ហាញពីការស្រឡាញ់ និងការដឹងគុណទៅវៀតណាមវិញដែរ។ ក៏ប៉ុន្តែ បណ្ឌិត អៀ សុផល បង្ហាញក្ដីមន្ទិលថា កាយវិការរបស់របបលោក ហ៊ុន សែន នេះ អាចនឹងមិនទាន់គ្រប់គ្រាន់សម្រាប់វៀតណាមនៅឡើយទេ ដោយសារវៀតណាមជាប្រទេសម្ចាស់ផ្ទះដឹកនាំសមាគមអាស៊ានប្រចាំឆ្នាំ ហើយថា វៀតណាមនឹងមិនធ្វើដូចកម្ពុជាទៅរណបចិន ដូចដែលរបបក្រុងភ្នំពេញបានធ្វើកាលពីឆ្នាំ២០១២កន្លងទៅ ដោយមិនអនុញ្ញាតឱ្យមានការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចិនជុំវិញរឿងវិវាទនៅតំបន់សមុទ្រចិនខាងត្បូង។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកឃ្លាំមើលបញ្ហាទំនាក់ទំនង និងកិច្ចការព្រំដែនកម្ពុជា-វៀតណាម មានប្រាប់អាស៊ីសេរីតាមទូរស័ព្ទ កាលពីថ្ងៃទី៤ តុលា ថា ការចុះអនុស្សរណៈចុងក្រោយនេះ ជាពិសេសផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ក៏អាចជាការបើកឱកាសធ្វើឱ្យកម្ពុជាទទួលរងការរំលោភបំពានបន្ថែមដល់បូរណភាពទឹកដីរបស់ខ្លួន ពីសំណាក់ភាគីវៀតណាមនាពេលអនាគត ដោយសារតែគ្មានការកំណត់បង្គោលព្រំដែនកម្ពុជា-វៀតណាមច្បាស់លាស់៖ «ប្រសិនបើជាយើងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយមិនបានកំណត់ព្រំដែនឱ្យបានច្បាស់លាស់ នោះការធ្វើអគារធំៗហើយក្រោយមកទើបកំណត់ព្រំដែន កាលណាយួនធ្វើអគារធំៗហើយ យើងមិនងាយនឹងដេញយួនទៅវិញទេ»។
លោកបន្តថា ហេតុការណ៍នេះ ក៏អាចបើកឱកាសឱ្យជនជាតិវៀតណាមចូលមករស់នៅក្នុងតំបន់នោះបានដោយសេរីផងដែរ។ លោក អ៊ុំ សំអាន៖ «បញ្ហាមួយទៀតវាអាចមានការប៉ះពាល់ដែរ ដូចជាតំបន់អភិវឌ្ឍន៍ត្រីកោណនៅកន្ទុយនាគក្នុងខេត្តរតនគីរី ខ្ញុំមើលក្នុងកិច្ចព្រមព្រៀងរបស់គេ គឺថា ប្រជាពលរដ្ឋទាងសង្ខាង ចេញចូលដោយមិនបាច់ប្រើវីសារ មិនបាច់ប្រើប៉ាសស្ព័រអីទេ។ ដូច្នេះ បង្កឱ្យជនជាតិវៀតណាម ចូលមកកម្ពុជាដោយងាយស្រួល។ ដឹងហើយថា យួនចូលមកហ្នឹង មិនចេញទៅវិញទេ ដោយសង់ផ្ទះនៅក្នុងទឹកដីខ្មែរ រកស៊ីនៅទីហ្នឹង។ ដូច្នេះវាអាចប៉ះពាល់បូរណភាពទឹកដីយើង»។
ភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) រាយការណ៍កាលពីថ្ងៃទី៤ តុលា ថា ក្នុងឱកាសចូលរួមសន្និសីទលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ដែលលោក ហ៊ុន សែន និងលោក ង្វៀន ស៊ុនហ្វុក ធ្វើជាសហប្រធាន ហើយមានការចូលរួមពីគណៈប្រតិភូមកពីក្រសួង ស្ថាប័ន និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងសរុបប្រមាណ៥០០នាក់នោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យក្រុមហ៊ុនវៀតណាមបន្តមកវិនិយោគនៅកម្ពុជា ក្នុងវិស័យកសិកម្ម ទេសចរណ៍ ដឹកជញ្ជូន ឡូជីស្ទីក សំណង់ អប់រំ និងការបណ្ដុះបណ្ដាលបច្ចេកទេស។ លោក ហ៊ុន សែន ថាកម្ពុជាកំពុងបង្កើតសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគ និងតំបន់សេដ្ឋកិច្ចពិសេស។
កម្ពុជា និងវៀតណាម ចង់សម្រេចទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានដល់តម្លៃ ៥ពាន់លានដុល្លារអាមេរិក នៅមុនឆ្នាំ២០២០ខាងមុខនេះ ខណៈគិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ វៀតណាមវិនិយោគនៅកម្ពុជាសរុប មានតម្លៃ ២,៨ពាន់លានដុល្លារអាមេរិក ហើយកម្ពុជាវិនិយោគនៅវៀតណាមមានតម្លៃសរុប ៣,២លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។