ក្រសួងការបរទេសកម្ពុជាស្នើឱ្យប្រតិភូសហភាពអឺរ៉ុបពិនិត្យមើលការវិវឌ្ឍជាវិជ្ជមានដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ចៀសវាងការមើលឃើញតែមួយជ្រុង និងសរសេររបាយការណ៍ដែលមិនឆ្លុះបញ្ចាំងការពិតអំពីស្ថានការណ៍នៅកម្ពុជា។ សំណើនេះ ធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងប្រតិភូស្វែងរកការពិតរបស់សហភាពអឺរ៉ុប នៅថ្ងៃទី៦ មិថុនា នេះ។ សហជីព និងអង្គការសង្គមស៊ីវិលថ្លែងថា ការប្ដេជ្ញាចិត្តរបស់របបក្រុងភ្នំពេញក្នុងការពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនមានការវិវឌ្ឍអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបនេះថា រដ្ឋាភិបាលបានប្រឹងប្រែងពង្រឹងលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងសង្គម ដោយអនុវត្តតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍កាលពីចុងឆ្នាំ២០១៨ កន្លងទៅ។ លោកអះអាងទៀតថា បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិការងារ និងបញ្ហាដីធ្លីជាដើម មានការវិវឌ្ឍវិជ្ជមានទៅមុខយ៉ាងច្រើន ហើយរដ្ឋមន្ត្រីការបរទេសកម្ពុជាក៏បានស្នើឱ្យប្រតិភូសហភាពអឺរ៉ុបកត់សម្គាល់អំពីសមិទ្ធផលទាំងនេះផងដែរ៖ «ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតរឭកដែរថា កម្ពុជាបានធ្វើការងារទៅតាមអ្វីដែលជាសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែ១២ ឆ្នាំ២០១៨ ហើយក៏បានជម្រាបជូនភាគីភ្ញៀវអំពីវឌ្ឍនភាពជាច្រើន អ្វីដែលរដ្ឋាភិបាលប្រាជ្ញាថា នឹងធ្វើ ដូចជា ក្នុងការពង្រឹងលំហប្រជាធិបតេយ្យ សិទ្ធិសេរីភាព ការងារ បញ្ហាដោះស្រាយវិបត្តិដីធ្លីជាដើម»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរក្សាបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ព្រោះប្រព័ន្ធអនុគ្រោះពន្ធនេះបានផ្តល់ប្រយោជន៍ដល់ពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេស។ ក៏ប៉ុន្តែជាថ្មីម្តងទៀត លោកថា ភាគីកម្ពុជានឹងមិនអនុវត្តតាមសំណើទាំងឡាយណា ដែលប៉ះពាល់ដល់ឯករាជ្យ និងអធិបតេយ្យជាតិនោះឡើយ។
ការលើកឡើងរបស់ក្រសួងការបរទេសកម្ពុជានេះ ត្រូវបានច្រានចោលដោយសហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា រហូតមកដល់ពេល ស្ថានការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា មានការវិវឌ្ឍតិចតួចបំផុត ពោលគឺមានតែការទម្លាក់ចោលបណ្ដឹងលើថ្នាក់ដឹកនាំសហជីពមួយចំនួន និងការកែប្រែច្បាប់គណបក្សនយោបាយដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញតែប៉ុណ្ណោះ។ ចំណែកការទាមទាររបស់សហភាពអឺរ៉ុប ឱ្យមានការដោះលែងលោក កឹម សុខា អនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ផ្ដល់អាសនៈក្រុមប្រឹក្សាសង្កាត់ដល់មន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញនោះ លោកថា គ្មានដំណើរការទៅមុខបន្តិចសោះឡើយ៖ «រាល់ការអះអាងរបស់ក្រសួងការបរទេស ហាមាត់ឡើងអនុវត្តច្បាប់ៗ នៅលើពិភពលោក គេមើលឃើញថា វាមិនមែនជារឿងអនុវត្តច្បាប់នោះទេ វាជារឿងនយោបាយសុទ្ធសាធ។ យើងឃើញហើយ សភាចេះតែធ្វើវិសោធនកម្ម ( ច្បាប់ ) ទៅតាមការចង់បានរបស់អ្នកនយោបាយ ហើយយកមកអនុវត្ត ហើយយើងថា ការអនុវត្តច្បាប់ វាមិនមែនអ៊ីចឹងទេ។ អនុវត្តច្បាប់ខុសពីបែបបទលទ្ធិប្រជាធិបតេយ្យ»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យសមាគម (Adhoc) លោក ស៊ឹង សែនករុណ ថ្លែងថា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនត្រូវបានពង្រឹងនោះឡើយ ផ្ទុយទៅវិញកាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងមុនទៅទៀត នៅក្នុងរយៈពេលចុងក្រោយនេះ។ ជាឧទាហរណ៍ មន្ត្រីបក្សប្រឆាំងនៅមូលដ្ឋានរាប់រយនាក់ត្រូវបានកោះហៅមកសាកសួររឿងបំពានសាលដីកាតុលាការកំពូល ហើយខ្លះទៀតត្រូវបានចាប់ខ្លួន ខណៈដែលសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនៅតែរងការរឹតត្បិតខ្លាំងដដែល។ រីឯបញ្ហាដីធ្លីវិញ លោកថា រដ្ឋាភិបាលមិនទាន់បានដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ ដោយដំណោះស្រាយមានតែសម្រាប់ពលរដ្ឋមួយចំនួនតូច ខណៈពលរដ្ឋរងគ្រោះដីធ្លីជាច្រើនទៀត នៅតែបន្តការតវ៉ាទាមទារដដែល៖ «យើងនិយាយឱ្យខ្លីទៅ បានន័យថា យើងអត់ទាន់បានអេះចំរមាស់ ឬក៏ដាក់ថ្នាំឱ្យត្រូវជំងឺនៅឡើយទេ ព្រោះអ្វីដែលជាជំងឺមានរោគសញ្ញាច្បាស់ហើយ យើងនៅតែយកលេសនេះ យកលេសនោះ ហើយអត់រកមធ្យោបាយដោះបញ្ហាហ្នឹង ឱ្យចំនៅឡើយទេ។ អ៊ីចឹងវានៅតែប្រឈមក្នុងការបាត់បង់ EBA នេះ បើរដ្ឋាភិបាលនៅតែបកស្រាយ និងដោះស្រាយរបៀបហ្នឹង»។
ប្រតិភូសហភាពអឺរ៉ុបកំពុងបំពេញបេសកកម្មស្វែងរកការពិតនៅកម្ពុជា និងជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍រងគ្រោះដីធ្លី នៅអំឡុងសប្ដាហ៍នេះ។ បេសកកម្មលើកនេះ ត្រូវបានក្រុមសង្គមស៊ីវិលចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ពីព្រោះរបាយការណ៍នេះនឹងត្រូវយកជាមូលដ្ឋានរឹងមាំសម្រាប់គណៈកម្មការអឺរ៉ុប ក្នុងការសម្រេចចិត្តព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ។
សហជីព និងអង្គការសង្គមស៊ីវិលយល់ថា ការបកស្រាយរបស់តំណាងរបបក្រុងភ្នំពេញនៅពេលនេះ នឹងមិនអាចធ្វើឱ្យប្រតិភូអឺរ៉ុបជឿជាក់នោះឡើយ ព្រោះក្រុមមន្ត្រីអឺរ៉ុបក៏បានស្ដាប់មតិយោបល់ និងកង្វល់នានា របស់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍រងគ្រោះផងដែរ។ ពួកគេបន្ថែមថា ប្រសិនបើរបបក្រុងភ្នំពេញពិតជាមានបំណងចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA មែន របបនេះត្រូវតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ បើពុំដូច្នេះទេ កម្ពុជានឹងចៀសមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ៕