ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតី ប្រទានភ្លើងជ័យ និងដាក់កម្រងផ្កា នៅឯវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី ៦១ នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា។ ខួបឯករាជ្យជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយអវត្តមាននាយករដ្ឋមន្ត្រី។
ការប្រទានភ្លើងជ័យ និងដាក់កម្រងផ្ការបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា គឺជានិមិត្តរូបរំឭកដល់វិញ្ញាណក្ខន្ធវរជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នៅឆ្នាំ ១៩៥៣។
ការយាងប្រទានភ្លើងជ័យរបស់ព្រះអង្គ អមដោយការស្រែកជ័យឃោសសាទរពីអ្នកចូលរួម ដែលជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សនិស្សិត និងក្រុមយុវជនកាយរឹទ្ធិ ដែលមានចំនួនប្រមាណ ៤ ពាន់នាក់។
ក្នុងពិធីដែលប្រព្រឹត្តទៅប្រហែល ២ ម៉ោង ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មិនបានប្រទានសង្កថា ឬសេចក្ដីថ្លែងការណ៍អ្វីទេ ក្រៅតែពីការប្រទានភ្លើងជ័យ និងដាក់កម្រងផ្កា ហើយយាងស្វាគមន៍ឥស្សរជន អង្គទូតបរទេស និងអ្នកចូលរួមផ្សេងទៀត។
ពិធីបុណ្យខួបឯករាជ្យជាតិ លើកទី ៦១នេះ ចូលរួមដោយឥស្សរជនគណបក្សប្រជាជនកម្ពុជាសំខាន់មួយចំនួន ដូចជា ប្រធានរដ្ឋសភា លោក ហេង សំរិន នាយករដ្ឋមន្ត្រីស្ដីទី គឺលោក ស ខេង និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ដោយឡែកអវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកអញ្ជើញទៅប្រទេសចិន។
ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីបក្សសង្គ្រោះជាតិ ជាច្រើនទៀតមិនបានចូលរួមទេ។ ក៏ប៉ុន្តែប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយតាមបណ្ដាញហ្វេសប៊ុក(Facebook) ផ្ទាល់ខ្លួនរបស់លោក ដោយកត់សម្គាល់នូវស្នាព្រះហស្ត របស់សម្ដេចព្រះ នរោត្តម សីហនុ ដែលធ្វើឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។
ចូលរួមនៅក្នុងទិវាបុណ្យនេះមួយរូប គឺលោក ម៉ោ សុជាតិ ដែលសាទរចំពោះសន្តិភាព និងការអភិវឌ្ឍន៍បច្ចុប្បន្ន ក៏ថ្លែងសរសើរដល់បូជនីយកិច្ចរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ ក្នុងទាមទារឯករាជ្យពីបារាំង នៅឆ្នាំ ១៩៥៣៖ «៩ វិច្ឆិកា ឆ្នាំ ២០១៤ ជាខួបលើកទី ៦១ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជដឹកនាំដ៏ឈ្លាសវៃ ដោយគតិបណ្ឌិតរបស់ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គទ្រង់បានកសាងនូវស្នាព្រះហស្តដល់ជាតិមាតុភូមិក្នុងការទាមទាររំដោះប្រទេសពីនឹមអាណានិគមបារាំង ដែលលើកនេះ គឺជាលើកទី ៦១ នៃទិវាឯករាជ្យជាតិ»។
អ្នកចូលរួមមួយរូបទៀត ជាគ្រូបង្រៀនមកពីវិទ្យាល័យវត្តកោះរាជធានីភ្នំពេញ គឺអ្នកស្រី សោម សុម៉ាលី ថ្លែងថា អ្នកស្រីចាប់អារម្មណ៍ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ នៅឆ្នាំ ២០១៤ នេះ ប្រសើរជាងឆ្នាំមុន៖ «មានភាពអ៊ូអរជាងឆ្នាំទៅមិញ។ ខ្ញុំមើលទៅ ទាំងកូនសិស្ស ទាំងគ្រប់ស្ថាប័នទាំងអស់ មានភាពអធិកអធម។ ខ្ញុំជាគ្រូបង្រៀនមានមនសិការដូចថា ជាបុណ្យជាតិរបស់ខ្មែរយើង។ ថ្ងៃនេះជាថ្ងៃឯករាជ្យជាតិ ដែលប្រទេសជាតិយើងដណ្ដើមសន្តិភាពសេរីភាពឱ្យប្រជាជនពីបារាំង។ ខ្ញុំយល់ឃើញថា សន្តិភាពរបស់កម្ពុជាយើង ចេះតែរីកចម្រើនទៅៗ»។
ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៤ គឺជាខួប ៦១ ឆ្នាំ ដែលប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញ ចេញផុតពីអាណានិគមនិយម ឬការត្រួតត្រារបស់បារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់សម្ដេចព្រះបាទ នរោត្តម សីហនុ។
ពលរដ្ឋកម្ពុជា ប្រារព្ធធ្វើទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ៩ វិច្ឆិកាជារៀងរាល់ឆ្នាំ។ ការប្រារព្ធធ្វើទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៤ គឺរំលងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយក៏រួមបញ្ចូលនូវខួបកងយោធពលខេមរភូមិន្ទផង។
នៅក្នុងការកត់សម្គាល់របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរថា ថ្ងៃទី ៩ វិច្ឆិកា ក៏ជាខួបទី ២៥ ដែរ នៃការដួលរលំកំផែង ក្រុង ប៊ែរឡាំង (Berlin) គឺនៅថ្ងៃទី ៩ វិច្ឆិកា ១៩៨៩។ លោកបន្តថា ការដួលរលំកំផែង ក្រុង ប៊ែរឡាំង នោះ គឺផ្ដល់សញ្ញានៃការដួលរលំរបបកុម្មុយនិស្ត នៅទ្វីបអឺរ៉ុបទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។