សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​ចិន​ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​រឿង​​រលំ​អគារ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា រដ្ឋាភិបាល និង​អ្នកវិនិយោគទុន​ចិន មិន​ទាន់​បាន​បង្ហាញ​នូវ​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌ និង​សង្គម​គ្រប់គ្រាន់​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ករណី​បាក់​អគារ​សំណង់​ខុសច្បាប់​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​ខ្មែរ​ស្លាប់ ២៨​នាក់។ ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​ចិន​ចេញមុខ​មកសុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ ជា​សាធារណៈ​ចំពោះ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ពី​គំរូ​នៃ​ការទទួលខុសត្រូវ​ខ្ពស់ និង​កសាង​ទំនុកចិត្ត​ឡើងវិញ​ជាមួយ​ពលរដ្ឋ​ខ្មែរ។

មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ទង្វើ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ឆ្លើយតប​ទៅ​នឹង​ករណី​សោកនាដកម្ម​នេះ ថា ធ្វើឡើង​ហាក់បីដូចជា​អល់អែក ឬ​ស្ទាក់ស្ទើរ​នៅឡើយ និង​ថា​ហាក់​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ចេញ​មុខ​មក​អះអាង​អំពី​កំហុស​ឆ្គង​របស់​ជនជាតិ​ខ្លួន​។ លោក​ថា ក្នុងនាម​ជា​ជាតិ​សាសន៍​មួយ​ដែលមាន​អរិយធម៌​ជា​យូរលង់​មក​ហើយ​នោះ រដ្ឋាភិបាល​ចិន​គួរតែ​ហ៊ាន​ចេញមុខ​មក​សុំ​ទោស​ប្រជាជាតិ​ខ្មែរ ជាពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ​ចំពោះ​បញ្ហា​មួយ​នេះ​ជា​សាធារណៈ៖ «ក្នុងនាម​ជា​ជាតិ​សាសន៍​មួយ​មានការ​ទទួលខុសត្រូវ រដ្ឋាភិបាល​ចិន ក៏ដូចជា​តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នោះ គួរតែ​មាន​ការ​ចេញ​លិខិត​ជា​លាយលក្ខណ៍អក្សរ​មួយ​ដើម្បី​ប្រកាស​ជា​ផ្លូវការ​ថា រដ្ឋាភិបាល​មានការ​សុំទោស​ចំពោះ​ការណ៍​ដែល​ជនជាតិ​ចិន ដែល​បាន​មក​ធ្វើការ​វិនិយោគ ជាពិសេស​ក្នុង​អាគារ​ហ្នឹង មានការ​ធ្វើ​ឱ្យ​បាត់បង់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​មាន​របួស​ជា​សោកនាដកម្ម​ហ្នឹង គួរតែ​សុំទោស និង​មានការ​ប្តេជ្ញាចិត្ត​មួយ ដើម្បី​ឱ្យ​មាន​ជំនឿ​ចិត្ត​ថា​ក្រុម​វិនិយោគទុន ឬក៏​ម្ចាស់​អាគារ​សាងសង់​ទាំងអស់ មានការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការសាងសង់​របស់​ខ្លួន កំពង់​សាងសង់​ក្តី ឬ​សាងសង់​ខាងមុខ​ហ្នឹង គឺ​ពិតជា​អាគារ​ដែល​មាន​គុណភាព​ដែល​អាច​ជឿ​ទុកចិត្ត​បាន មិន​អាច​មាន​បង្ក​បញ្ហា​ទាំងអស់​ហ្នឹង​មក​លើ​ពលរដ្ឋ​កម្ពុជា​ទៀត​ទេ»។

លោក សឹង សែនករុណា បន្តថា ការ​ចេញមុខ​មក​សុំ​ទោស​ប្រជាជាតិ​ខ្មែរ​នេះ នឹង​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ជា​ការ​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​មួយ​ដ៏​ខ្ពស់ និង​ក៏​ជា​ការ​បង្កើត​ឱ្យ​មាន​នូវ​ការ​កសាង​ទំនុក​ចិត្ត​ឡើងវិញ​ដែរ រវាង​ពលរដ្ឋ​កម្ពុជា ជាមួយ​នឹង​វិនិយោគទុន​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា ខណៈ​ដែល​ពួកគេ​កំពុងតែ​មើល​ឃើញ ពី​ភាព​អវិជ្ជមាន​ជាច្រើន​ស្រាប់​របស់​វិនិយោគទុន​ចិន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ ផ្ទុយទៅវិញ លោក​ថា បើសិនជា​មិន​មានការ​សុំទោស​ណាមួយ​ពី​រដ្ឋាភិបាល​ចិន​ជុំវិញ​បញ្ហា​សោកនាដកម្ម​នេះ​ទេ នោះ​ពលរដ្ឋ​ខ្មែរ​អាច​មាន​ការ​ប៉ះ​ទង្គិច​អារម្មណ៍​ផ្លូវចិត្ត បន្ត​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន​ជាមួយ ជនជាតិ​ចិន ដោយសារតែ​ពួកគេ​អាច​យល់ថា ចិន​មិនបាន​ឱ្យ​តម្លៃ​ចំពោះ​អាយុជីវិត​របស់​ពលរដ្ឋ​កម្ពុជា ជា​ម្ចាស់​ស្រុក​នោះទេ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​ទៀត​គឺ​លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា ស្ថានទូត​ចិន​គ្រាន់តែ​បាន​ឆ្លើយតប​ជា​ការ​សោកស្ដាយ និង​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការណ៍​លើ​ជន​ប្រព្រឹត្តិ​ជា​ជនជាតិ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ មិនទាន់​បាន​បង្ហាញ​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​លើស​ពី​នេះ​នៅ​ឡើយ​ទេ។ លោក​បាន​ប្រៀបធៀប​ករណី​នេះ ទៅ​នឹង​ករណី​ដែល​ជនជាតិ​ជប៉ុន​ធ្លាប់​ប្រព្រឹត្តិ​អំពើ​ឃាតកម្ម មក​លើ​ពលរដ្ឋ​ខ្មែរ​នា​ពេល​កន្លងទៅ ហើយ​ពេលនោះ​មាន​ជនជាតិ​ជប៉ុន​ដទៃ​ទៀត រួម​ទាំង​ស្ថានទូត​ជប៉ុន​ផង បាន​ចេញ​មុខ​មក​សុំទោស​ពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​នោះ៖ «បើ​យើង​គិត​ពី​ការ​ទទួលខុសត្រូវ​វិញ បើ​យើង​ធៀប​វិញ​យើង​ឃើញ​ហើយ កាលពី​ជប៉ុន សូម្បី​គ្រាន់តែ​ប្រជាពលរដ្ឋ​គេ​ដែល​ប្រព្រឹត្តិ​អំពើ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត សៀមរាប គឺ​ស្ថានទូត​គេ​ចេញមុខ​សុំទោស​ជា​សាធារណៈ​តែម្តង​។ នេះ​ជា​វប្បធម៌ និង​ជា​សីលធម៌ នៃ​ការទទួលខុសត្រូវ​ខ្ពស់​មួយ​ណាស់»។

លោក អំ សំអាត មើល​ឃើញ​ថា ចិន​នៅ​មិនទាន់​មាន​ការទទួលខុសត្រូវ​ផ្នែក​សីលធម៌​នៃ​ការ​វិនិយោគ​របស់​ខ្លួន​នៅឡើយ​ទេ​នៅ​កម្ពុជា។ ក្រោយ​សោកនាដកម្ម​នៃ​ការ​បាក់​រលំ​សំណង់​អគារ ៧​ជាន់ ខុសច្បាប់​វិនិយោគ​ដោយ​ជនជាតិ​ចិន​នៅ​ឯ​ខេត្ត​ព្រះសីហនុ​រួចមក រដ្ឋាភិបាល​ចិន​តាមរយៈ​ស្ថានទូត​របស់ខ្លួន​នៅ​កម្ពុជា បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ដោយ​ថែមទាំង​ជ្រើសរើស​មិន​បង្ហាញ​រូបភាព​នៃ​សោកនាដកម្ម​នោះ​ផង។ ក្រៅពី​សម្ដែង​ក្ដី​ក្ដុកក្ដួល​អំពី​ឧបទ្ទវ​ហេតុនេះ និង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ជនរងគ្រោះ ស្ថានទូត​ថា ខ្លួន​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​បន្ទាន់​។ ក៏ប៉ុន្តែ សារ​រំលែក​ទុក្ខ​របស់​ស្ថានទូត​ចិន​នា​ពេល​នោះ មិនបាន​បង្កប់​នូវ​អត្ថន័យ​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​បញ្ហា​នេះ​ឡើយ។ តាំងពី​ពេល​បង្ហោះ​សារ​រំលែក​ទុក្ខ​នោះ រហូត​មក​ទល់​ថ្ងៃ២៦ មិថុនា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ហាក់​បាន​បង្ហាញ​ភាព​ស្ងប់ស្ងាត់​ជុំវិញ​បញ្ហា​នេះ ដោយ​មិនបាន​រំឭក ធ្វើ​បច្ចុប្បន្នភាព ឬ​មិនបាន​បង្ហោះ​សកម្មភាព​ចូលរួម​សង្គ្រោះ​បែប​មនុស្សធម៌​ណាមួយ​ពី​សំណាក់​មន្ត្រី​ទូត​ណាមួយ​របស់​ខ្លួន​នោះ​ឡើយ​។ អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​អំពី​ការ​ចង់​ឱ្យ​រដ្ឋាភិបាល​ចិន ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ជុំវិញ ករណី​នេះ​នៅឡើយ​ទេ។

នៅមុន​ពេល​បិទ​បញ្ចប់​ប្រតិបត្តិ​ការសង្គ្រោះ ប្រមុខ​ដឹកនាំ​របប​ក្រុងភ្នំពេញ​ឯណោះ​វិញ លោក ហ៊ុន សែន មិន​គ្រាន់តែ​មិន​បង្ហាញ​ចេតនា​ណាមួយ​ទាមទារ​ឱ្យ​អ្នកវិនិយោគទុន​ចិន ឬ​រដ្ឋាភិបាល​ចិន ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​នោះ​ឡើយ តែ​ថែមទាំង​ថ្លែង​ការពារ​ឱ្យ​មុខមាត់​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ទៅវិញ ដោយ​ថែមទាំង​ថ្កោលទោស​ពលរដ្ឋ​ខ្មែរ​គ្នាឯង​ទាំងឡាយ​ណា​ដែល​ចង់​ស្តី​បន្ទោស​ចិន​ទៀត​ផង៖ «ខ្ញុំ​សូម​ថ្កោលទោស​ជា​សាធារណៈ​ទៅលើ​បញ្ហា​ទាក់ទង​នឹង​យក​បញ្ហា​វិនិយោគ​របស់​ចិន មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា​ជា​អាយ៉ង​របស់​ចិន​លក់​ដី​ឱ្យ​ចិន‍។ ឥឡូវ​បើ​ថា​ក្រុងព្រះសីហនុ​គ្មាន​អ្នក​វិនិយោគ​ចិន​ទេ សួរ​ថា​យើង​មាន​អគារ​សំណង់​ខ្ពស់​ៗ​ធំៗ​យ៉ាង​ដូច្នេះ​ទេ​ ? ចំណុច​នេះ​កុំ​យក​បញ្ហា​តូច​មួយ​ឱ្យ​ក្លាយ​ជា​ភ្លើង​អគ្គិភ័យ​កម្ទេច​ភ្លើង​ក្លាយទៅជា​អគ្គិភ័យ​បំផ្លាញ​នូវ​ទំនាក់ទំនង​បំផ្លាញ​នូវ​បរិយាកាស​វិនិយោគ​ដែល​យើង​ខិតខំ​ទាក់ទាញ​យក​​មក​។ អ្នកណា​ទទួល​អ្នកណា​ខុសត្រូវ​ចាត់ការ​តាម​ផ្លូវ​ច្បាប់»។

គណបក្ស​សង្គ្រោះជាតិ បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ចាត់វិធានការ និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​ឱ្យ​បាន​ត្រឹមត្រូវ​វិស័យ​សំណង់ ជាពិសេស​សំណង់​អាគារ​របស់​ជនជាតិ​ចិន​នេះ ឬ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​ចិន​នៅ​លើ​ទឹកដី​កម្ពុជា។

លោក សឹង សែនករុណ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យមើល និង​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​គោលការណ៍​ធុរកិច្ច និង​បញ្ហា​សិទ្ធិមនុស្ស ដោយ​មិន​ត្រូវ​ផ្តោត​ខ្លាំង​ពេក​តែ​ទៅលើ​ការ​វិនិយោគទុន​របស់​បរទេស​នោះ​ទេ។ លោក​ស្នើ​ឱ្យ​មានការ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រវត្តិ​ទទួលខុសត្រូវ និង​ប្រវត្តិ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ទាំងអស់​ដែល​មក​វិនិយោគ​នៅ​កម្ពុជា។ លោក សឹង សែន​ករុណា ថា លោក​ចង់​ឃើញ​ការ​វិនិយោគ​មួយ​ពី​សំណាក់​ប្រទេស​ចិន ដែល​មាន​ការ​ការពារ ការ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ មាន​ការ​ទទួលខុសត្រូវ​ទាំង​ផ្នែក​សង្គម និង​ផ្នែក​សីលធម៌ ហើយ​មិនមែន​ជា​ការ​វិនិយោគ​បែប​អានាធិបតេយ្យ ដែល​ចាំតែ​កេង​ប្រយោជន៍ ពី​ប្រទេស​ម្ចាស់​ផ្ទះ​នោះ​ទេ៖ «យើង​ចង់​ឱ្យ​មាន​ក្រុម​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ជាក់លាក់ ត្រួតពិនិត្យ​សកម្មភាព​សារ​ជីវ​កម្ម​បរទេស​មក​វិនិយោគ ហាក់​ដូចជា​បណ្ដែតបណ្ដោយ​ឱ្យ​ពួកគេ​ធ្វើតាម​អំពើ​ចិត្ត ឱ្យ​ខាតបង់​ធនធាន​ប្រទេសជាតិ ហើយ​ខ្លះ​កេង​ចំណេញ​លើស​នូវ​អ្វី​ដែល​ជា​កិច្ចសន្យា អ្នកខ្លះ​មិន​មាន​ច្បាប់​ទៅទៀត​ ... អ៊ីចឹង វា​ធ្វើ​ឱ្យ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​មាន​ភាព​អានាធិបតេយ្យ​មែនទែន​។ អ៊ីចឹង​ទៅ​ជនបរទេស​គាត់​ឆ្លៀតឱកាស ។ យើង​មិន​មាន​ការរើសអើង​លើ​ជនជាតិ​ណាមួយ​ទេ ប៉ុន្តែ​យើង​ចង់បាន​ជនជាតិ​ណាមួយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា គឺ​ជួយ​កម្ពុជា​ផង​។ សូម​កុំ​មក​បំផ្លាញ​នូវ​ធនធាន​កម្ពុជា»។

នៅ​ឯ​វេទិកា​ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​លើក​ទី​ពីរ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ក្រុង​ប៉េកាំង​កាលពី​អំឡុង​ចុងខែ​មេសា ក្រុម​មេដឹកនាំ​ចិន​ធ្លាប់​ប្ដេជ្ញា​ចិត្ត​ថា ខ្លួន​នឹង​ធ្វើ​យ៉ាង​ព្យាយាម​អនុលោម​គម្រោង​របស់​ខ្លួន​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ មានការ​គោរព​សិទ្ធិមនុស្ស និង​ប្រឆាំង​អំពើពុករលួយ​ជាដើម​។ ក៏ប៉ុន្តែ ក្រោយ​កើតហេតុ​ឧបទ្ទវហេតុ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​របស់​ខ្លួន​នៅ​កម្ពុជា ដែល​ជា​ឧទាហរណ៍​ច្បាស់​នា​ពេល​នេះ គេ​នៅ​មិនទាន់​ឃើញ​រដ្ឋាភិបាល​ចិន​បង្ហាញ​ភាព​សកម្មភាព​របស់​ខ្លួន ចូលរួម​ទទួលខុសត្រូវ​ផ្នែក​សង្គម ផ្នែក​មនុស្សធម៌ និង​ផ្នែក​សីលធម៌​ឱ្យ​បាន​គួរ​ជាទី​ទុកចិត្ត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។