នាទី​កិច្ចការ​អន្តរជាតិ​ប្រចាំ​សប្ដាហ៍៖ សេចក្ដី​ពន្យល់​ស្ដីពី​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA របស់​​អឺរ៉ុប

0:00 / 0:00

គណៈកម្មការ​អឺរ៉ុប បាន​ប្រកាស​កាល​ពី​ថ្ងៃទី១២ កុម្ភៈ អំពី​ការ​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៃ​នីតិវិធី​​ដក​ហូត​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» ឬ EBA ពី​កម្ពុជា។ ហេតុការណ៍​នេះ អាច​បណ្ដាល​ឱ្យ​កម្ពុជា ត្រូវ​ខាត​បង់​​ជិត ៧០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំៗ ដោយសារតែ​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​ផលិតផល​​នាំ​ចេញ​​ទៅ​កាន់​​ទីផ្សារ​​សហ​ភាព​​អឺរ៉ុប។

ក្នុង​នាទី «​កិច្ចការ​អន្តរជាតិ» សប្ដាហ៍​នេះ យើង​មាន​សេចក្ដី​ពន្យល់​ពិស្ដារ ភាគ​ទី១ ស្ដីពី​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ» ឬ EBA របស់​សហភាព​អឺរ៉ុប។ ខ្លឹមសារ​ដើម​នៃ​សេចក្ដី​ពន្យល់​នេះ ដកស្រង់​ចេញពី​អត្ថបទ​ផ្សាយ​​ទាំង​ស្រុង​​របស់​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩។

ភាគ១

នេះ​ជា​កិច្ចពិភាក្សា​ពន្យល់​អំពី​បញ្ហា​EBA តាមរយៈ​ការសាកសួរ និង​ឆ្លើយឆ្លង​រវាង​លោក មាន ឫទ្ធិ និង​លោក សេក បណ្ឌិត ដូចតទៅ៖

សេចក្ដី​ពន្យល់​ពិស្ដារ ភាគ​ទី១ ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​​លើក​លែង​តែ​​អាវុធ» ឬ EBA របស់​សហភាព​អឺរ៉ុប។ ខ្លឹមសារ​ដើម​នៃ​សេចក្ដី​ពន្យល់​នេះ ដកស្រង់​ចេញ​ពី​អត្ថបទ​ផ្សាយ​ទាំងស្រុង​របស់​គណៈកម្មការ​​អឺរ៉ុប កាលពី​ថ្ងៃ​ទី១១ កុម្ភៈ ឆ្នាំ​២០១៩។

សំណួរ៖ តើ​អ្វី​ទៅជា​កម្មវិធី​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ»?

ចម្លើយ៖ កម្មវិធី​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​​ទាំង​អស់​​លើក​លែង​តែ​​អាវុធ​» ហៅ​កាត់​ថា EBA គឺជា​ផ្នែក​​មួយ​​នៃ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ Generalized Scheme of Preferences ឬ GSP) របស់​សហភាព​អឺរ៉ុប ផ្ដល់​ឱ្យ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។ ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ សហភាព​អឺរ៉ុប​ផ្ដល់​ឱ្យ​ជា​ឯកតោភាគី ឬ​ដោយ​ខ្លួនឯង នូវ​លទ្ធភាព​នាំចេញ​ផលិតផល​គ្រប់​មុខទំនិញ​សព្វសារពើ លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ​តែប៉ុណ្ណោះ ទៅកាន់​ទីផ្សារ​តែមួយ​របស់​សហភាព​អឺរ៉ុប ដោយ​មិន​ចាំបាច់​បង់ពន្ធ និង​ដោយ​គ្មាន​កូតា​កំណត់ ដល់​បណ្ដា​រដ្ឋ​ទាំងអស់ ដែល​ត្រូវ​ចាត់​ចូល​ក្នុង​ជំពូក​ជា​ក្រុម​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍​តិចតួច​បំផុត (LDC) របស់​អង្គការ​សហ​ប្រជាជាតិ។

កម្មវិធី​អនុគ្រោះ​ពន្ធ EBA ក៏ដូចជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ទាំងមូល​ដែរ មាន​គោលដៅ​ជួយ​ដល់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ ក្នុង​​កិច្ច​ប្រឹងប្រែង​​ឈាន​​ទៅ​​កាត់​បន្ថយ​​ភាព​​ក្រីក្រ លើក​កម្ពស់​​អភិបាលកិច្ច​​ល្អ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ដោយ​​ជួយ​​ជ្រោមជ្រែង​​ក្រុម​​ប្រទេស​​ទាំង​នោះ ឱ្យ​​បង្កើត​​ចំណូល​​បន្ថែម​​តាម​រយៈ​​ការ​​ធ្វើ​​ពាណិជ្ជកម្ម ឬ​​ជំនួញ​​អន្តរជាតិ។

លទ្ធភាព​នៃ​ការ​ទទួល​បាន​កម្មវិធី​អនុគ្រោះ​ពន្ធ EBA នេះ គឺ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ដែល​ថា​ប្រទេស​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​គោរព​តាម​គោលការណ៍​ស្នូល​ទាំង ១៥ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ (​ដូចដែល​មាន​គូស​បញ្ជាក់​ក្នុង​ឧបសម្ពន្ធ​ទី៨ ជំពូក ក នៃ​បទប្បញ្ញត្តិ​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប) របស់​អនុសញ្ញា​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

សំណួរ៖ តើ​អ្វី​ទៅជា​មូលដ្ឋាន​ដែល​នាំ​ឱ្យ​សហភាព​អឺរ៉ុប ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ចេញពី​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​វិញ​នោះ?

ចម្លើយ៖ លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​នេះ មាន​ចែង ក្នុង​មាត្រា១៩ នៃ​បទប្បញ្ញត្តិ​ស្ដីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហភាព​អឺរ៉ុប។ លទ្ធភាព​នៃ​ការ​ដកហូត​បណ្ដោះអាសន្ន ដោយ​តម្រូវ​ឱ្យ​បង់ពន្ធ​ទាំងស្រុង ឬ​បង់ពន្ធ​លើ​មុខទំនិញ​មួយ​ចំនួន កើត​មាន​ឡើង​ក្នុង​ករណី​ដែល​មាន​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​នៃ​គោលការណ៍​ស្នូល​ទាំង ១៥ ចែង​ក្នុង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។ គណៈកម្មការ​អឺរ៉ុប អាច​ផ្ដួចផ្ដើម​គំនិត​ឱ្យ​បើក​ការស៊ើបអង្កេត ប្រសិនបើ​ខ្លួន​ពិចារណា​ឃើញ​ថា មាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ភស្តុតាង​ជាក់លាក់​តម្រូវ​ឱ្យ​ដកហូត​បណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ការសម្រេច​ធ្វើ​ដូច្នេះ គឺ​ផ្អែកលើ​ការ​វិភាគ​តាម​ករណី​ជាក់ស្ដែង​មួយៗ ហើយ​អាស្រ័យ​តាម​បរិបទ​ជាក់ស្ដែង​នៃ​ប្រទេស​ទទួល​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ក្នុង​ការ​វាយតម្លៃ​នេះ គណៈកម្មការ​អឺរ៉ុប ប្រើប្រាស់​ប្រភព​សំខាន់ៗ​ មួយ​ចំនួន ក្នុង​នោះ​រួមមាន​របាយការណ៍ និង​អនុសាសន៍​នានា ចេញ​ដោយ​ស្ថាប័ន​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ក៏ដូចជា​ព័ត៌មាន​បន្ថែម​ទទួល​បាន​ពី​គណៈប្រតិភូ​អឺរ៉ុប​ប្រចាំ​ប្រទេស​ទទួល​អត្ថប្រយោជន៍ រដ្ឋ​សមាជិក​អឺរ៉ុប សភា​អឺរ៉ុប សង្គម​ស៊ីវិល ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ ស្ថាប័ន​អប់រំ ឬ​ព័ត៌មាន​បញ្ជូន​ដោយ​ផ្ទាល់​ពី​ក្រុម​ប្រទេស​ទទួល​អត្ថប្រយោជន៍ ទៅកាន់​គណៈកម្មការ​អឺរ៉ុប​តែម្ដង។ ឯកសារ និង​របក​គំហើញ​នានា​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ពិនិត្យមើល​លើ​ទម្រង់ និង​ផល​ប៉ះពាល់ ព្រមទាំង​វិសាលភាព និង​ប្រេវ៉ាឡង់ ឬ​ភាព​ទូទៅ នៃ​ករណី​រំលោភបំពាន​នេះ​។ សហភាព​អឺរ៉ុប ក៏​អាច​រៀបចំ​ឱ្យ​មាន​ជា​បេសកកម្ម​ស្វែងរក​ការពិត​មួយ ដើម្បី​វាយតម្លៃ​ផ្ទាល់​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​ទទួល​អត្ថ​ប្រយោជន៍។

សំណួរ៖ តើ​ការ​ចាប់ផ្តើម​ដំណើរ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មានន័យថា កម្ពុជា នឹង​ត្រូវ​បាត់បង់​ភ្លាមៗ​នូវ​ការ​មិន​យកពន្ធ​ពី​សហភាព​អឺរ៉ុប​នេះ តែម្ដង ឬ​យ៉ាងណា​?

ចម្លើយ​៖ មិនមែន​មានន័យ​ដូច្នេះ​ទេ។ គួរ​គូសបញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ការសម្រេចចិត្ត​​ណា​មួយ ជុំវិញ​​ថា​​តើ​​ត្រូវ​​ដក ឬ​​មិន​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​នេះ​​នៅ​ឡើយ​​ទេ។ ការ​​ចាប់​ផ្តើម​​ដំណើរ​ការ​​ដក​ហូត​​នេះ មិន​មែន​​មាន​ន័យ​ថា ជា​​ការ​​ឈាន​​ទៅ​​រក​​ការ​ដក​ហូត​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​នេះ​​ដោយ​​ស្វ័យប្រវត្តិ​​តែ​ម្ដង​​នោះ​​ទេ។ វា​គ្រាន់តែ​ស្ដែង​ឱ្យ​ឃើញ​​ពី​​ការ​​ចាប់​ផ្ដើម​​នូវ​​ដំណាក់​កាល​​ថ្មី​​មួយ ក្នុង​​ដំណើរ​​ការ​ចូលរួម​​កែ​​លម្អ​​ជាមួយ​​កម្ពុជា ដែល​​បាន​​ចាប់​ផ្ដើម​​កាល​ពី​ខែ​​កុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​​ពី​​មាន​​សេចក្ដី​សន្និដ្ឋាន​​របស់​ក្រុមប្រឹក្សា​កិច្ចការ​​បរទេស​​របស់​​សហភាព​​អឺរ៉ុប។ ជំហាន​​នេះ នឹង​​ចាប់ផ្ដើម​ជាមួយ​នឹង​រយៈពេល​មួយ​នៃ​ការ​តាមដាន និង​ការវាយតម្លៃ និង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជិតដិត រវាង​កម្ពុជា និង​គណៈកម្មការ​អឺរ៉ុប។ ក្នុង​អំឡុង​រយៈពេល​នេះ គណៈកម្មការ​អឺរ៉ុប ផ្ដល់​ឱកាស​គ្រប់បែប​យ៉ាង​ដល់​ភាគី​កម្ពុជា​ឱ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ។ គោលដៅ​របស់​សហភាព​អឺរ៉ុប គឺ​នៅតែ​ជួយ​គាំទ្រ​កម្ពុជា ឱ្យ​ចាត់​វិធានការ​​ចាំបាច់​​នានា ដើម្បី​ដោះស្រាយ​កង្វល់​នានា និង​ដើម្បី​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​ទទួល​​បាន​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA នេះ។ ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នៅ​តែ​​ជា​​វិធានការ​ចុង​ក្រោយ​​មួយ ក្នុង​​ករណី​​ដែល​​ជំ​ហ៊ាន​​ថ្មី នៃ​​ការ​ចូលរួម​​កែ​​លម្អ​​នេះ បរាជ័យ​​មិន​​អាច​​បង្កើត​បាន​នូវ​លទ្ធផល​ដូច​តាម​ការ​ចង់​បាន​នោះ​ទេ។

សំណួរ៖ តើ​អ្វី​ទៅជា​ជំហាន​បន្ទាប់​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ?

ចម្លើយ​៖ នីតិវិធី​ដកហូត​បណ្ដោះអាសន្ន ចាប់ផ្ដើម​ជា​ផ្លូវការ​ជាមួយ​នឹង​ការ​បោះពុម្ព​ផ្សាយ​នូវ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ព្រឹត្តិបត្រ​ផ្លូវការ​របស់​សហភាព​អឺរ៉ុប ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩។ ហេតុការណ៍​នេះ នឹង​បន្ត​ដោយ​រយៈកាល​តាមដាន និង​វាយតម្លៃ ៦​ខែ​បន្ទាប់​ទៀត។ ក្នុង​អំឡុង​ពេល ៦ ខែ​នេះ គណៈកម្មការ​អឺរ៉ុប នឹង​ផ្ដល់​ឱ្យ​កម្ពុជា នូវ​រាល់​ឱកាស​គ្រប់យ៉ាង​ក្នុង​កិច្ច​សហប្រតិបត្តិការ ហើយ​នឹង​ធ្វើការ​ប្រមូល​នូវ​រាល់​ព័ត៌មាន​ចាំបាច់​នានា។

នៅ​ពេល​ចប់​រយៈពេល ៦ ខែ​នេះ​ហើយ បន្ទាប់​មក​ទៀត នឹង​ត្រូវ​បន្ត​ដោយ​រយៈពេល ៦​ខែ ផ្សេង​មួយទៀត ដើម្បី​ចងក្រង​ជា​របាយការណ៍ ស្ដីពី​របកគំហើញ និង​ដើម្បី​ធ្វើការ​សន្និដ្ឋាន​ជា​ផ្លូវការ ដែល​មាន​ទម្ងន់​តាម​ផ្លូវ​ច្បាប់។ កម្ពុជា ក៏​នឹង​ត្រូវ​អញ្ជើញ​ឱ្យ​ធ្វើ​ប្រតិកម្ម​តប​ជា​ផ្លូវការ ចំពោះ​របាយការណ៍​បឋម​នៃ​របកគំហើញ​នេះ។

ក្នុង​ករណី​ដែល​គណៈកម្មការ​អឺរ៉ុប សម្រេច​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សេចក្ដី​សម្រេច​ស្ថាពរ ធ្វើ​ឡើងជា​ទម្រង់​នៃ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ក្នុង​នោះ​ដែរ បណ្ដា​រដ្ឋ​សមាជិក​ក៏​នឹង​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជាមួយ​ផង​ដែរ។

ផ្ទុយទៅវិញ ក្នុង​ករណី​គណៈកម្មការ​អឺរ៉ុប សម្រេច​ធ្វើការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ជា​បណ្ដោះអាសន្ន នោះ​សេចក្តី​សម្រេច​ស្ថាពរ នឹង​ត្រូវ​ឆ្លុះបញ្ចាំង​ក្នុង​បទប្បញ្ញត្តិ​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ត្រូវ​បាន​អនុម័ត​ក្រោយពេល​ស្នើសុំ​យោបល់​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប។ ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ចូល​ជា​ធរមាន​បាន នៅ​ក្រោយ​រយៈពេល ៦​ខែ ជាប់​គ្នា​បន្ថែម​ទៀត។

សំណួរ៖ ប្រសិនបើ​នៅ​ចុង​បញ្ចប់​នៃ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មានការ​សម្រេច​ចិត្ត​ថា ត្រូវតែ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ តើ​គណៈកម្មការ​អឺរ៉ុប នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទាំងស្រុង​តែម្ដង ឬ​ដកហូត​តែ​ទៅលើ​មុខទំនិញ​មួយ​ចំនួន​ណា​នោះ​ទេ?

ចម្លើយ៖ ផ្អែក​តាម​បទប្បញ្ញត្តិ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប ជម្រើស​ទាំងពីរ​នេះ សុទ្ធតែ​អាច​កើតមានឡើង​បាន មានន័យថា អាច​ជា​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដោយ​ផ្នែក ឬ​ទាំងស្រុង​នោះ ក៏​ថា​បាន។

សំណួរ៖ តើ​អ្វី​ទៅជា​កង្វល់​ចម្បងៗ​របស់​សហភាព​អឺរ៉ុប ដែល​បណ្ដាល​ឱ្យ​ឈាន​ទៅ​ដល់​ការ​ដាក់​ចេញ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ?

ចម្លើយ៖ សហភាព​អឺរ៉ុប បាន​ដាក់​ចេញ​នូវ​កង្វល់​នានា​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន ក្នុង​​នោះ​​រួម​មាន សេចក្ដី​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​ស្ថាប័ន​សេវាកម្ម​គណៈកម្មការ​អឺរ៉ុប និង​ស្ថាប័ន EEAS ក្នុងអំឡុងពេល​ពេញលេញ​នៃ​ការចូលរួម​កែ​លម្អ​ជាមួយ​កម្ពុជា​។ កង្វល់​ទាំងអស់​នេះ ផ្តោត​​លើ​​វិស័យ​​ចម្បងៗ ​ចំនួន​បី គឺ​សិទ្ធិ​នយោបាយ និង​ការ​បង្រួម​លំហ​ប្រជាធិបតេយ្យ​របស់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បញ្ហា​ការងារ និង​ការ​កាត់​បន្ថយ​សេរីភាព​នៃ​សមាគម និង​សិទ្ធិ​ចុះ​អនុសញ្ញា​រួម និង​កង្វល់​ជុំវិញ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជាពិសេស​​ពាក់ព័ន្ធ​​នឹង​​ការ​ផលិត​​ស្ករ​អំពៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។