សហភាពអឺរ៉ុបជូនដំណឹងទៅរបបលោក ហ៊ុន សែន រួចរាល់ហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែ ពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមករកកិច្ចសន្ទនាស្វែងរកដំណោះស្រាយនយោបាយជាបន្ទាន់ដោយពិតប្រាកដមួយ ដើម្បីបញ្ចៀសសហភាពអឺរ៉ុប ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធដ៏សំខាន់មួយនេះពីកម្ពុជា។
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ព្រមានសាជាថ្មីម្តងទៀតថា កម្ពុជា អាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប "អ្វីៗទាំងអស់លើកលែងតែអាវុធ" ឬហៅកាត់ថា EBA។ ការព្រមានសាជាថ្មីរបស់ស្នងការសហភាពអឺរ៉ុបដ៏មានឥទ្ធិពលរូបនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ ទី៥ ខែតុលា នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលបានប្រព្រឹត្តិទៅនៅទីក្រុង អ៊ីនស៏ប្រ៊ុក ( Innsbruck ) ប្រទេសអូទ្រីស ផ្តោតលើបញ្ហារបស់កម្ពុជា និងវិបត្តិជនភៀសខ្លួនរ៉ូហ៊ីនយ៉ា នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា។
អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម គូសបញ្ជាក់ថា នៅកម្ពុជា មានការវិវត្តគួរឲ្យព្រួយបារម្ភ អំពីការធ្លាក់ចុះដុនដាបយ៉ាងច្បាស់ក្រឡែត នៃបញ្ហាគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ដោយគ្មានសង្ឃឹមពីការកែលម្អស្ថានភាពណាមួយ គួរឲ្យជឿទុកចិត្តបាននោះឡើយ។ អ្នកស្រីថា បេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ទៅកាន់ប្រទេសកម្ពុជា កាលពីពេលកន្លងទៅនេះ បង្ហាញឲ្យឃើញថា មានការរំលោភធ្ងន់ធ្ងរ និងជាប្រព័ន្ធ លើសេរីភាពនៃការបញ្ចេញមតិ និងសម្ដែង សិទ្ធិការងារ និងសេរីភាពនៃការជួបប្រជុំ បន្ថែមលើបញ្ហារ៉ាំរ៉ៃដទៃទៀត ដែលកំពុងតែកើតមានស្រាប់ ពាក់ព័ន្ធនឹងសិទ្ធិកម្មករនិយោជិក និងការរំលោភដីធ្លី ជាដើម។
អ្នកស្រីពន្យល់ថា កម្ពុជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់ លើកលែងតែអាវុធនេះ ដែលធានាអំពីលទ្ធភាពនៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដោយពុំចាំបាច់បង់ពន្ធអ្វីទាំងអស់ លើកលែងតែការនាំចេញអាវុធ និងគ្រាប់រំសេវនោះ។ ក៏ប៉ុន្តែ អ្នកស្រីថា ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ មិនមែនបានមកដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ។ អ្នកស្រីថា សហភាពអឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនេះ ដល់កម្ពុជា ដោយមានភ្ជាប់នូវលក្ខខណ្ឌនៃការទទួលខុសត្រូវក្នុងការលើកកម្ពស់ និងគោរពគុណតម្លៃនានាដូចមានចែងក្នុងកតិកាសញ្ញាជាមូលដ្ឋានចំនួន១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO)។
អ្នកស្រីបន្តថា ដូចដែលអ្នកស្រីបានគូសបញ្ជាក់ជាច្រើនលើកជាច្រើនសារមកហើយ ក្នុងនាមជាស្នងការពាណិជ្ជកម្ម គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ត្រូវតែ ផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃរបស់អឺរ៉ុប។ ដូច្នេះ អ្នកស្រីថា នៅពេលដែលមានការមើលស្រាលយ៉ាងជាក់ច្បាស់ទៅលើគុណតម្លៃទាំងនោះ នោះសហភាពអឺរ៉ុប ត្រូវតែមានចំណាត់ការតបតវិញ។
ក្នុងន័យនេះ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ សង្កត់ធ្ងន់ៗថា ពាក់ព័ន្ធនឹងបញ្ហារបស់កម្ពុជានេះ សហភាពអឺរ៉ុប កំពុងឈានទៅអនុវត្តដំណាក់កាលមួយទៀត ក្នុងដំណើរការនេះ។ អ្នកស្រី លើកឡើងថា បញ្ហាជាច្រើន បានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅក្នុងករណីខ្លះ ប្រទេសកម្ពុជា កំពុងតែបោះជំហានថយក្រោយ។ ជាឧទាហរណ៍ជាក់ស្ដែង ការបោះឆ្នោត កាលពីខែកក្កដាកន្លងទៅនេះ ធ្វើឡើងក្រោយពេលដែលមានបេសកកម្មស្វែងរកការពិតរបស់សហភាពអឺរ៉ុប ដោយមានការយាយី និងការបំភិតបំភ័យ ក៏ដូចជាការរឹតត្បិតខ្លាំងដល់សិទ្ធិនយោបាយជាមូលដ្ឋាន។
អ្នកស្រីថ្លែងថា តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយ អ្នកស្រី Federica Mogherini និងអ្នកស្រី បានជម្រាបទៅភាគីកម្ពុជារួចរាល់ហើយ ថា សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» នេះ ដោយសារតែគ្មានការកែលម្អស្ថានភាពច្បាស់លាស់ និងគួរឲ្យទុកចិត្តបាននៅកម្ពុជា។ យ៉ាងណាក៏ដោយ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម មិនបានទាត់ចោលនូវការរក្សាទុកលទ្ធភាព ឲ្យមានកិច្ចសន្ទនា ឬចរចាគ្នាក្នុងចំណោមអ្នកនយោបាយខ្មែរនោះទេ។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះ បាននៅឡើយទេ ដោយសារលោក មិនលើកទូរស័ព្ទ កាលពីយប់ថ្ងៃទី៥ តុលា។ ប្រព័ន្ធផ្សព្វផ្សាយលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានព្យាយាមបំភ្លៃព័ត៌មានថា ក្នុងអត្ថន័យធ្វើឲ្យភាន់ច្រឡំថា សហភាពអឺរ៉ុប អាចនឹងបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ រហូតដល់ឆ្នាំ២០២៧។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់អាស៊ីសេរីថា ដោយសារតែលោក ហ៊ុន សែន បានដើរហួសបន្ទាត់ក្រហម ដែលជាការបំពានជ្រុលទៅលើសិទ្ធិមនុស្ស សិទ្ធិរបស់គណបក្សសង្គ្រោះជាតិ និងឆន្ទៈប្រជាពលរដ្ឋខ្មែរជាងពាក់កណ្តាលនគរ និងដោយបានសម្លាប់លទ្ធិប្រជាធិបតេយ្យជាស្ថាពរហើយនោះ សហភាពអឺរ៉ុប ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល បានផ្តល់នូវសារព្រមាននេះជាច្រើនលើកច្រើនសាហើយ។ អ្នកស្រី គូសបញ្ជាក់ថា នេះគឺជាសារចុងព្រមានក្រោយ ដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់កម្ពុជា ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះទាំងមូល ព្រោះនេះគឺជាជំហានមួយដែលនឹងមិនត្រលប់ថយក្រោយវិញឡើយ។ អ្នកស្រី ជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមករកកិច្ចសន្ទនាដ៏ស្មោះត្រង់មួយ ជាមួយគណបក្សសង្គ្រោះជាតិ ក្រោមការចូលរួមដឹងឮរបស់សហគមន៍អន្តរជាតិ ដើម្បីបញ្ចៀសនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ៖ «ចំពោះយើងវិញ យើងយល់ឃើញថា ជៀសមិនផុតទេនៅក្នុងការដោះលែងលោកប្រធាន កឹម សុខា ដើម្បីឲ្យមានជាប្រធាននៃគណៈប្រតិភូនៃគណបក្សសង្គ្រោះជាតិ ឈានទៅចូលក្នុងការសន្ទនា ដោយយកផលប្រយោជន៍ជាតិទាំងមូល យកមកដាក់នៅក្នុងគ្រប់ចំណុចទាំងអស់ ដើម្បីឲ្យចាកផុតពីការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនៃសហភាពអឺរ៉ុប។ តែសហភាពអឺរ៉ុប គេដាក់វិធានការទណ្ឌកម្មសេដ្ឋកិច្ចហើយ ដែលជាទីផ្សារដ៏ធំណាស់ ... តែអឺរ៉ុបចេញដំណើរហើយ អាមេរិកក៏គេនឹងចេញដំណើរ កាណាដា ក៏នឹងចេញដំណើរ គឺពាណិជ្ជកម្មរបស់យើងនឹងអស់ច្រក។ នេះគឺជាវិបត្តិសេដ្ឋកិច្ច នឹងក្លាយទៅជាវិបត្តិសង្គម និងនយោបាយដ៏ធ្ងន់ណាស់។ គេបាននិយាយហើយ ចាត់វិធានការឲ្យគេឃើញទៅ គេនៅទុកពេលវេលាឲ្យមានការសន្ទនា។ បើមិនដូច្នោះទេ ឈានទៅដល់ការបិទទីផ្សារទាំងស្រុងហើយ»។
អ្នកស្រីសង្កត់ធ្ងន់ៗថា ជំហររបស់គណបក្សសង្គ្រោះជាតិ គឺនៅដដែល គឺគណបក្សនេះ មិនចង់ឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជានោះទេ និងចង់ឃើញនូវការវិលត្រលប់មកវិញ នូវវប្បធម៌សន្ទនាឡើងវិញ ស្របតាមលក្ខខណ្ឌទាមទារនានា នាពេលកន្លងមករបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។ អ្នកស្រីអំពាវនាវដល់របបលោក ហ៊ុន សែន ឲ្យគិតគូរដោយតម្កល់ប្រយោជន៍ជាតិជាធំ និងស្វែងរកដំណោះស្រាយក្នុងនាមខ្មែរដូចគ្នា។
កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ ឬមិនគិតពន្ធ ក្រោមគម្រោង «អ្វីៗទាំងអស់លើកលែងតែអាវុធ» (Everything But Arms , EBA ) របស់សហភាពអឺរ៉ុប តាំងពីខែវិច្ឆិកា ឆ្នាំ ២០១២ មកម្ល៉េះ។ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោម ៤៨ប្រទេសផ្សេងទៀតនៅលើពិភពលោក ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលគឺជាការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ នៅអាស៊ីអាគ្នេយ៍ ក្រៅពីកម្ពុជា មានប្រទេសឡាវ មីយ៉ាន់ម៉ា ឬភូមា និងប្រទេសទីម័រខាងកើត ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។ សហភាពអឺរ៉ុប បានបង្កើតប្រព័ន្ធអនុគ្រោះពន្ធនេះឡើងក្នុងឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅលើពិភពលោក នូវការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាចំណេញពីការមិនចាំបាច់បង់ពន្ធ ក្នុងតម្លៃដល់ទៅជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ផ្អែកតាមបទបទបញ្ញត្តិ លេខ ៩៧៨/២០១២ របស់សភា និងក្រុមប្រឹក្សាអឺរ៉ុប ក្រោយស្នងការអឺរ៉ុប ជូនដំណឹងទៅប្រទេសទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ EBA អំពីការអនុវត្តនីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ ស្នងការអឺរ៉ុប នឹងធ្វើការតាមដាន និងវាយតម្លៃស្ថានភាពក្នុងប្រទេសទទួលអត្ថប្រយោជន៍រយៈពេល ៦ ខែទៀតចាប់ពីពេលជូនដំណឹងនេះ។ ក្នុងរយៈពេល ៦ ខែបន្ទាប់ពីចប់រយៈពេលខាងដើមនេះ ស្នងការអឺរ៉ុប នឹងធ្វើសេចក្ដីសម្រេចចិត្ត ថាតើគួរបញ្ឈប់នីតិវិធីលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ននេះ ឬ ធ្វើការលុបចោលប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្ន នេះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។