សហភាពអឺរ៉ុប ចាប់ផ្ដើមគិតគូរអំពីយន្តការដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន រឿងរម្លាយគណបក្សសង្គ្រោះជាតិ។
សារព័ត៌មាន ឌឹ-ស្ត្រេត-ថាមស៍ (THE STRAITS TIMES) ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា មន្ត្រីការទូតម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ (Reuters ) ថា រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុប នឹងស្នើឲ្យតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប អ្នកស្រី ហ្វេដឺរីកា ម៉ុងហ្គែរីនី (Federica Mogherini) ឲ្យចាត់វិធានការទណ្ឌកម្មលើរបបលោក ហ៊ុន សែន។ ទណ្ឌកម្មទាំងនោះរួមមានទាំងការបញ្ឈប់ការអនុគ្រោះពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប រួមមានសំលៀកបំពាក់ និងស្បែកជើងផងដែរ។ ប្រភពដដែលបានបន្តថា ទណ្ឌកម្មនេះ នឹងត្រូវដាក់លើរបបក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រសិនបើស្ថានការណ៍នយោបាយនៅតែអាក្រក់ដូចពេលបច្ចុប្បន្ន ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់បែបនេះ។
វិធានការដាក់ទណ្ឌកម្មបន្ថែមនេះ ធ្វើឡើងក្រោយពីប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានជូនដំណឹងទៅរបបលោក ហ៊ុន សែន អំពីការព្យួរការផ្ដល់ទិដ្ឋាការអនុគ្រោះ ចំពោះការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ និងមន្ត្រីជាន់ខ្ពស់ផ្នែកយោធា និងប្រធានតុលាការកំពូលផងដែរ។
តាមទម្លាប់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅលើប្រទេសណាមួយ គឺតែងតែធ្វើរួមគ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ផងដែរ។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គលមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិក ថែមទៀត បើស្ថានភាពធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅតែអាក្រក់ខ្លាំងដូចពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។