សហភាពអឺរ៉ុបកំពុងចាប់ផ្ដើមនីតិវិធី ៦ខែ ចុងក្រោយរបស់ខ្លួន ក្នុងការត្រួតពិនិត្យ និងវាយតម្លៃការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា មុននឹងសម្រេចជាចុងក្រោយ នៅដើមឆ្នាំ២០២០ ថា តើត្រូវព្យួរការអនុគ្រោះពន្ធ ពីកម្ពុជា ឬយ៉ាងណា។ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប នៅតែព្រមានថា អ្នកដែលអាចធ្វើឱ្យរបូត EBA ឬ នៅគង់វង្ស គឺលោក ហ៊ុន សែន។
សហភាពអឺរ៉ុបបានទទួលឯកសារផ្លូវការពីគ្រប់ភាគីរួចរាល់អស់ហើយ ដើម្បីវាយតម្លៃ មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មន្ត្រីនាំពាក្យគណៈកម្មការអឺរ៉ុបផ្នែកពាណិជ្ជកម្ម និង កសិកម្ម លោក ដានីញ៉ែល រ៉ូសារីយ៉ូ (Daniel Rosario) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី១៣ ខែ សីហា ថា ឯកសារផ្លូវការទាំងនោះ ខាងសហភាពអឺរ៉ុបទទួលបានពីម្ចាស់សហគ្រាសពាណិជ្ជកម្ម សហជីពកម្មករ និង អង្គការសង្គមស៊ីវិលនានា។ ចំណែកឯ រដ្ឋាភិបាលកម្ពុជាវិញ ទើបតែដាក់ឯកសារផ្លូវការរបស់ខ្លួន ជូនគណៈកម្មការអឺរ៉ុប នៅពេលថ្មីៗនេះ។
ឥឡូវនេះ គណៈកម្មការអឺរ៉ុប កំពុងចាប់ផ្ដើមដំណើរការនីតិវិធី ៦ខែ ចុងក្រោយរបស់ខ្លួន បន្ទាប់ពីនីតិវិធីត្រួតពិនិត្យរយៈពេល ៦ខែ ដំបូងត្រូវបានបិទបញ្ចប់ជាផ្លូវការកាលពីថ្ងៃទី១២ ខែកុម្ភៈ។
ក្នុងរយៈពេល ៦ ខែទៅមុខទៀតនេះ គណៈកម្មការអឺរ៉ុប និងស្នងការអឺរ៉ុបនៅក្រៅប្រទេស នឹងវិភាគរាល់ភស្តុតាងដែលប្រមូលបានទាំងនេះ មុននឹងសម្រេចជាចុងក្រោយ ថាតើត្រូវព្យួរ ឬ មិនត្រូវព្យួរការអនុគ្រោះពន្ធ EBA ពីកម្ពុជា។
គណៈកម្មការអឺរ៉ុប នឹងបិទបញ្ចប់នីតិវិធីផ្លូវការ ៦ខែចុងក្រោយនេះ នៅត្រឹមខែកុម្ភៈ ឆ្នាំ ២០២០។ សេចក្ដីសម្រេចស្ថាពរ នឹងត្រូវចុះផ្សាយក្នុងទិនានុប្បវត្តិ (ទស្សនាវដ្ដី) ផ្លូវការរបស់គណៈកម្មការអឺរ៉ុប នៅខែកុម្ភៈ ឆ្នាំ២០២០នោះ។
គណៈកម្មការអឺរ៉ុប នៅតែបញ្ជាក់ជំហរថា សហភាពអឺរ៉ុបមានករណីកិច្ច ក្នុងការធានាឱ្យបាន ថាកម្ពុជា ពិតជាអនុវត្តត្រឹមត្រូវតាមអនុសញ្ញាអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិខាងការងារ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារជាចម្បង ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការអនុគ្រោះពន្ធ EBA។ កូនសោ គឺស្ថិតក្នុងដៃរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលនៅមានឱកាស ៦ ខែទៅមុខទៀតនេះ ក្នុងការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន អំពីឯកសារផ្លូវការ ដែលខ្លួនបានដាក់ជូនទៅគណៈកម្មការអឺរ៉ុបនោះទេ។ ទោះជាយ៉ាងនេះក្ដី កន្លងមក របបនេះប្រកាន់ជំហរជាលក្ខណៈប្រព័ន្ធ និងស៊ីសង្វាក់គ្នា ថារបបនេះ មិនបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដូចការរកឃើញរបស់សហភាពអឺរ៉ុបនោះទេ។ របបនេះអះអាងថា ការចាប់ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បន្តធ្វើទុក្ខបុកម្នេញមន្ត្រីបក្សប្រឆាំង អ្នកហ៊ានបញ្ចេញមតិរិះគន់របបនេះ និង មន្ត្រីសហជីពកម្មករជាដើម ថា ជាការអនុវត្តត្រឹមត្រូវតាមច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ប៉ុន្តែ ទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ និង ប្រតិភូអឺរ៉ុបដែលចុះទៅស្វែងរកការពិតនៅកម្ពុជា សុទ្ធតែរកឃើញថា ចំណាត់ការរបស់របបលោក ហ៊ុន សែន បែបនេះ គឺរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។