ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ដាក់លក្ខខណ្ឌ ៩ចំណុច មុននឹងសម្រេចពិចារណា ចូលរួមក្នុងឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់របស់លោក ហ៊ុន សែន។
បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៨ សីហា ថា លក្ខខណ្ឌសំខាន់ៗមួយចំនួនដែលលោកបានដាក់ចេញ រួមមាន សមាជិករបស់ឧត្ដមក្រុមប្រឹក្សានេះ មិនចាំបាច់មានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលនោះទេ។ គណបក្សនយោបាយ គួរទទួលបានការឧបត្ថម្ភពីថវិកាជាតិ ដែលបរិមាណថវិកានេះ គឺអាស្រ័យលើចំនួនសន្លឹកឆ្នោត ដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោត។ ក្រៅពីនោះ លោកក៏ស្នើឲ្យមានការអនុញ្ញាតលើការស្ទង់មតិទៀងទាត់ក្នុងចំណោមប្រជាពលរដ្ឋ លើកម្រិតនៃការពេញចិត្ត ឬមិនពេញចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល ការស្ទង់មតិលើសេចក្ដីព្រាងច្បាប់នានា ការរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលរាជធានី ខេត្ត ក្រុង ជាដើម។ ជាមួយគ្នានេះ លោកក៏ស្នើឲ្យមានការលើកស្ទួយតួនាទី និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ព្រមទាំងមានការដោះលែងអ្នកទោសមនសិការទាំងអស់។
គិតមកទល់ពេលនេះ ក្នុងចំណោមគណបក្សនយោបាយចំនួន១៩ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាសថ្ងៃទី២៩ កក្កដា មានគណបក្សចំនួន ២ ប៉ុណ្ណោះ ដែលរក្សាជំហរច្បាស់លាស់មិនចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់លោក ហ៊ុន សែន នេះ ក្នុងនោះមាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ( LDP ) និងគណបក្សខ្មែរឈប់ក្រ ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ( GDP ) និងគណបក្សមាតុភូមិយើង ហាក់បង្ហាញជំហរមិនច្បាស់លាស់ ដោយនៅបើកចំហពីលទ្ធភាពនៃការចូលរួមក្នុងយន្តការនេះ។
ក្រុមអ្នកវិភាគរិះគន់ថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ នឹងក្លាយជាការខ្ជះខ្ជាយថវិកាជាតិ បង្កើតឡើងដើម្បីគ្រាន់តែជារូបភាពល្អមើលប៉ុណ្ណោះ ដោយសារតែលោក ហ៊ុន សែន ត្រូវការភាពស្របច្បាប់ និងមិនចង់ឲ្យមើលឃើញពីសភាឯកបក្សរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។