កម្ពុជា​យល់ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ពី​អាមេរិក​ឡើង​វិញ

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ថា កម្ពុជា យល់ព្រម​ទៅ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អាមេរិក​នោះ​ឡើង​វិញ​ហើយ ក្រោយ​ពី​អ្នក​ទាំងនោះ​បាន​អនុវត្ត​ទោស​រួច​រាល់​នៅ​សហរដ្ឋ​អាមេរិក។ សង្គម​ស៊ីវិល​យល់​ថា ករណី​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា នៅ​តែ​មាន​ទំនាក់ទំនង​ផ្នែក​ច្បាប់​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​នេះ​ក៏​ជា​ការ​ដាស់តឿន​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ច្បាប់ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​បញ្ជូន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

មួយ​ថ្ងៃ​ក្រោយ​ពី​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ចំពោះ​ការ​សម្រេច​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​រដ្ឋមន្ត្រី និង​សាច់ញាតិ​របស់​អ្នក​ទាំងនោះ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ប្រាក់ សុខុន ក្នុង​ពិធី​ថ្លែង​បាឋកថា​ស្ដីពី​ការ​យល់​ដឹង​ពី​ស្ថានការណ៍​ពិភពលោក​បច្ចុប្បន្ន និង​ការ​រៀបចំ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ថា​កម្ពុជា នឹង​ចាប់​ផ្តើម​អនុវត្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដើម្បី​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​នៅ​អាមេរិក ត្រឡប់​មក​កម្ពុជា វិញ។

លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បន្ត​ទៀត​ថា កម្ពុជា មាន​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​រឿង​នេះ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សម្ភាស​ពលរដ្ឋ​ខ្មែរ​ចំនួន ២៦​នាក់ ដែល​រង់ចាំ​សម្ភាស​ក្នុង​គោល​បំណង​ចង់​ដឹង​ថា អ្នក​ទាំងនោះ​ជា​ពលរដ្ឋ​ខ្មែរ ឬ​មិន​មែន។ ជាង​នេះ​ទៀត ប្រមុខ​ការទូត​កម្ពុជា រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​ធ្លាប់​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក ឲ្យ​មាន​ការ​យោគយល់​មុន​បញ្ជូន​អ្នក​ទាំងនោះ​មក គួរ​បណ្តុះបណ្តាល​ជំនាញ និង​ស្នើសុំ​គោលការណ៍​ស្ម័គ្រ​ចិត្ត​ដែល​មិន​មែន​ជា​ការ​ចាប់​បង្ខំ ប៉ុន្តែ​សហរដ្ឋ​អាមេរិក ទាត់​ចោល​រាល់​សំណើ​របស់​លោក៖ « ចឹង​យើង​ឃើញ​ថា​ទៅ​មុខ​មិន​រួច​ទេ ចឹង​យើង​បញ្ជាក់​អះអាង​ថា ដើម្បី​កុំ​ឲ្យ​រអាក់រអួល​កម្មវិធី​ហ្នឹង យើង​ប្រកាស​ថា​យើង​មាន​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទៅ​សម្ភាស ២៦​នាក់​ដែល​កំពុង​រង់ចាំ យើង​មិន​ដែល​បដិសេធ​ទេ​ព្រោះ​ចង់​ថា​ជា​ខ្មែរ​មែន​អត់ កន្លង​មក​មាន​អ្នក​ខ្លះ​ជា​វៀតណាម ជា​ឡាវ »

លោក ប្រាក់ សុខុន ឲ្យ​ដឹង​ថា ការ​អនុវត្ត​អនុស្សរណៈ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ស្ដីពី​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក មក​កម្ពុជា ដែល​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០២ ក្នុង​នោះ​ពលរដ្ឋ​ខ្មែរ ២០​នាក់​បាន​ស្លាប់ ហើយ ៤​នាក់​ក្នុង​ចំណោម​នោះ​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​នៅ​ពេល​ដឹង​ថា​ខ្លួន​ត្រូវ​បញ្ជូន​ឲ្យ​មក​រស់នៅ​ប្រទេស​កម្ពុជា។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​អាស៊ីសេរី​ដឹង​ថា របាយការណ៍​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន គឺ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៦​នាក់​ដែល​មន្ត្រី​កម្ពុជា នឹង​ត្រូវ​សម្ភាស មុន​នឹង​បញ្ជូន​មក​កម្ពុជា។ លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​មក កន្លង​ទៅ កម្ពុជា ទទួល​បាន​ពលរដ្ឋ​ខ្មែរ​មក​ទឹកដី​កំណើត​ជាង ៥៦០​នាក់។ ទាក់ទង​ការ​អនុវត្ត​អនុស្សរណៈ​ឡើង​វិញ​នេះ លោក ខៀវ សុភ័គ អះអាង​ថា កម្ពុជា មាន​មន្ត្រី​របស់​ខ្លួន​ស្រាប់​ដើម្បី​ធ្វើ​ការងារ​នេះ ព្រោះ​កម្ពុជា មិន​ដែល​ថា​ឈប់​ទទួល​ពលរដ្ឋ​ទាំងនោះ​ទេ គ្រាន់​តែ​សុំ​ផ្អាក​សិន​ប៉ុណ្ណោះ៖ « អ្នក​ទាំងនោះ​ជា​អ្នក​ដែល​បាន​ទទួល​ទោស​រួច​ហើយ ហើយ​យើង​ចាត់​គណៈប្រតិភូ​ទៅ​ជួប​សម្ភាស​ផ្ទាល់​មក​វិញ យើង​វាយតម្លៃ​ថា​ខ្មែរ ឬ​មិន​មែន​ខ្មែរ »

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ប្រភេទ B1/B2 ដល់​មន្ត្រី​ការទូត​កំពូល​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំងនោះ។ ការ​សម្រេច​ដូចនេះ ព្រោះ​កម្ពុជា ខកខាន​មិន​ព្រម​ទទួល​យក ឬ​ព្យាយាម​ពន្យារ​ពេល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​សហរដ្ឋ​អាមេរិក ចាប់​បញ្ជូន​មក​វិញ ដោយសារ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់។ ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក ដូចនេះ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​បាត​ដៃ​ទី​៣ និង​ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​នយោបាយ​បដិវត្តន៍​ពណ៌​របស់​បក្ស​ប្រឆាំង។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ករណី​នេះ​បង្ហាញ​ថា កម្ពុជា នៅ​តែ​ទំនាក់ទំនង​ផ្នែក​ច្បាប់​ជាមួយ​សហរដ្ឋ​អាមេរិក និង​ជា​ការ​ដាស់តឿន​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កុំ​ឲ្យ​ប្រព្រឹត្ត​ខុស​ច្បាប់ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​បញ្ជូន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា រដ្ឋាភិបាល​គួរ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដោយ​ភាព​កក់ក្តៅ ដូច​ដែល​កាល​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី៖ « យើង​ចង់​ឲ្យ​កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​សហប្រតិបត្តិការ​បន្ត​ទៀត ជាពិសេស​ទៅ​លើ​ករណី​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ »

ទាក់ទង​ការ​លើក​ឡើង​របស់​សង្គម​ដូចនេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​ថា រដ្ឋាភិបាល​ជួយ​ស្វែងរក​សាច់ញាតិ​អ្នក​ទាំងនោះ​ដែល​មាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​សម្របសម្រួល​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។