សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រិះគន់​រដ្ឋាភិបាល​រឿង​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI

0:00 / 0:00

ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចោទ​ជា​សំណួរ​ថា តើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? ការ​ចោទ​សួរ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បញ្ឈប់​សកម្មភាព​អង្គការ​អាមេរិក​មួយ គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៧​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ចាត់​ទុក​ចំណាត់ការ​នេះ ថា​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ត្រឹមត្រូវ​មួយ។

ភ្លាមៗ​នៅ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​លើ​ហ្វេសប៊ុក (facebook) របស់​ស្ថានទូត​នេះ​ប្រចាំ​នៅ​កម្ពុជា បាន​ដាក់​សំណួរ​មួយ​ទៅ​កាន់​សាធារណជន​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល និង​ថា​សាធារណជន គឺ​ជា​អ្នក​សម្រេច​ចិត្ត ហើយ​អាច​ឆ្លើយ​សំណួរ​នេះ​តប​ទៅ​ស្ថានទូត​វិញ។

លើស​ពី​នេះ ស្ថានទូត​អាមេរិក ក៏​បាន​ពន្យល់​ពី​សកម្មភាព​ការងារ គោលដៅ និង​ការ​ស្វែងរក​ការ​ចុះ​បញ្ជី​ផ្លូវការ​របស់​វិទ្យាស្ថាន​នេះ តប​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៣ សីហា ថា​ការ​សម្រេច​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​នេះ ក្នុង​គោល​បំណង​ធានា​ការ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នូវ​ច្បាប់​នានា និង​ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​ការ​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។

ក្រសួង​ការ​បរទេស អះអាង​ថា បន្ទាប់​ពី​មាន​ការ​ពិចារណា និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​ក្នុង​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​មក អាជ្ញាធរ​កម្ពុជា ឈាន​ដល់​សម្រេច​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នេះ ដោយ​ចោទ​ថា​មិន​អនុវត្ត​ច្បាប់​របស់​កម្ពុជា។

ក្រសួង​ការ​បរទេស បាន​បំភ្លឺ​ថា ការ​សម្រេច​នេះ​ក៏​បាន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​សំខាន់​ចំនួន​ពីរ គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សារពើពន្ធ ក្នុង​នោះ​សំអាង​ថា NDI ធ្វើ​សកម្មភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការ​បរទេស និង​មិន​បាន​ចុះ​បញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​សម្រាប់​ដំណើរការ​បង់​ពន្ធ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth (RFA/Hang Savyouth)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា វិធានការ​នេះ​គឺ​ការពារ​ផល​ប្រយោជន៍​របស់​ខ្មែរ និង​ចោទ​ថា​ការ​ប្រើប្រាស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ គឺ​ដើម្បី​បំបែក​បំបាក់​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​ដែល​ចេញ​ពី​ការ​បោះឆ្នោត។

រហូត​មក​ដល់​ពេល​នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) នៅ​មិន​ទាន់​ឆ្លើយតប​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​នៅ​ឡើយ​ទេ។

ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​ពន្យល់​ថា NDI មាន​អនុស្សរណៈ​យោគយល់​គ្នា​នៅ​មាន​សុពលភាព​ជាមួយ គ.ជ.ប ហើយ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​នេះ និង​ក្រសួង​មហាផ្ទៃ។ តាំង​ពី​ឆ្នាំ​១៩៩២ មក កម្មវិធី​របស់​អង្គការ​នេះ គឺ​ជួយ​លើក​កម្ពស់​គណនេយ្យភាព​របស់​រដ្ឋាភិបាល​ជាមួយ​ពលរដ្ឋ និង​រួម​ចំណែក​ធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​មាន​ការ​បើក​ចំហ​ច្រើន និង​មាន​ការ​ចូលរួម​ពី​ក្រុម​មនុស្ស​ទាំងអស់។ NDI បាន​ស្វែងរក​ការ​ចុះ​បញ្ជី​ជាច្រើន​លើក ហើយ​ក្រសួង​ការ​បរទេស ក៏​បាន​ទទួល​សំណើ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៣៣៥​ថ្ងៃ​ហើយ ក្រសួង​មិន​បាន​ចាត់ការ​សំណើ​នោះ​ឡើយ ដែល​ក៏​ជា​ការ​រំលោភ​លើ​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្ថានទូត​សហរដ្ឋ​អាមេរិក លើក​ឡើង​ទៀត​ថា មាន​រយៈពេល​តែ ២​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ការ​សម្រេច​បិទ​ទ្វារ NDI នៅ​ពេល​នេះ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (Comfrel) លោក គល់ បញ្ញា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ជាង ២០​ឆ្នាំ​មក​នេះ NDI ឈាន​មុខ​ក្នុង​ការ​ពង្រឹង​ឯករាជភាព អព្យាក្រឹត និង​ការ​មិន​លម្អៀង​នយោបាយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​កិច្ចការ​បោះឆ្នោត ព្រម​ទាំង​បាន​ផ្ដួចផ្ដើម​ចងក្រង​គោលការណ៍ និង​ក្រម​សីលធម៌ ហើយ​បញ្ចុះបញ្ចូល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់ និង​ជំរុញ​អង្គការ​ជាតិ និង​អន្តរជាតិ ទទួល​យក​ទៅ​អនុវត្ត។ លោក​ថា ក្រៅ​ពី​ហេតុផល​នយោបាយ ការ​បញ្ឈប់​សកម្មភាព​វិទ្យាស្ថាន NDIខ្វះ​ហេតុផល​ត្រឹមត្រូវ។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ (RFA)

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​ហ្វេសប៊ុក​អ្នកស្រី​ថា ករណី​ចោទ​ប្រកាន់ NDI នេះ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់ មាន​តម្លាភាព និង​ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​អង្គការ​នេះ​បាន​ឆ្លើយតប​ឲ្យ​បាន​ពេញលេញ។ អ្នកស្រី​ចោទ​សួរ​ថា NDI បាន​ស្នើសុំ​ចុះ​បញ្ជី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ តើ​ហេតុ​អ្វី​ទើប​ដំណើរការ​នេះ​មាន​រយៈពេល​ដល់​ទៅ ១​ឆ្នាំ នៅ​ពេល​ដែល​ច្បាប់​ចែង​ថា ការ​សម្រេច​ពី​ក្រសួង​ការ​បរទេស ត្រូវ​ធ្វើ​ក្នុង​រយៈពេល ៤៥​ថ្ងៃ បន្ទាប់​ទទួល​បាន​សំណើ? អ្នកស្រី​សរសេរ​ទៀត​ថា ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ក្ដី​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ពេល​ដែល​ច្បាប់​នេះ​ផ្ដល់​លទ្ធភាព​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​ដ៏​លើសលប់ និង​តាម​អំពើ​ចិត្ត​ទៅ​លើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​អាច​បដិសេធ និង​ពន្យារ​ពេល​សម្រេច​លើ​សំណើ​សុំ​ចុះ​បញ្ជី​តាម​អំពើ​ចិត្ត។

ភ្លាមៗ​នេះ​ដែរ សមាជិក​សភា​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ជា​ប្រធាន​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR)លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ចេញ​មក​ថ្លែងការណ៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់ការ​នេះ ហើយ​ក៏​ជា​អ្វី​ដែល​ក្រុម​លោក​ធ្លាប់​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ លោក​ថា ការ​បិទ​ទ្វារ NDI នេះ រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ឱកាស​គ្រប់គ្រាន់​ឲ្យ NDI ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ឡើយ៖ « ហេតុការណ៍​នេះ កើត​ឡើង ​នៅ​ក្នុង​បរិបទ​នៃ​ការ​កើន​ឡើង​ការ​បង្ក្រាប សេរីភាព​បញ្ចេញ​មតិ និង​ រឹតត្បិត​បរិយាកាស ​សង្គម​ស៊ីវិល គឺ​សុទ្ធសឹងតែ​ជា​បញ្ហា​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប៉ុនប៉ង​ដោយ​គណបក្ស​កាន់​អំណាច ក្នុង​ការ​ពង្រឹង​អំណាច​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​ក្រោយ »

កាល​ពី​ពេល​ថ្មីៗ​នេះ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រែសញូវ (Fresh News) បាន​ផ្សព្វផ្សាយ​ថា NDI បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​បក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​បក្ស​កាន់​អំណាច

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ NDI បដិសេធ​ថា ខ្លួន​មិន​បាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​នៅ​កម្ពុជា។ NDI អះអាង​ថា ពួក​គេ​ជា​ស្ថាប័ន​ឯករាជ្យ មិន​លម្អៀង និង​ជា​ដៃគូ​របស់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ មិន​ថា​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​ឡើយ។

លិខិត​ក្រសួង​ការ​បរទេស ដដែល​បញ្ជាក់​ថា ក្រៅ​ពី​អនុវត្ត​ចំពោះ NDI អាជ្ញាធរ​កម្ពុជា ក៏​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ចាត់​វិធានការ​បែប​នេះ​ចំពោះ​សមាគម ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ណា​ដែល​មិន​គោរព​តាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហើយ​និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​កម្ពុជា៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក​បណ្ឌិត មាស នី៖

0:00 / 0:00

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។