មេទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ចោទប្រកាន់ថា អ្នកនៅខាងក្រៅ រួមមានអ្នកនយោបាយ និងអ្នកវិភាគបានរុញយុវជនក្នុងស្រុកឱ្យធ្វើសកម្មភាពល្មើសច្បាប់ ដើម្បីបម្រើប្រយោជន៍នយោបាយរបស់ខ្លួន។ ការថ្លែងរបស់កូនប្រុសច្បងលោក ហ៊ុនសែនបែបនេះក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនយុវជន និងអ្នកធ្វើការងារសង្គមជាបន្តបន្ទាប់នៅពេលអ្នកទាំងនោះធ្វើការតស៊ូមតិដោយសន្តិវិធី។
លោក ហ៊ុន ម៉ាណែត ចោទថា សិទ្ធិសេរីភាពបញ្ចេញមតិ ដែលប្រមូលផ្ដុំ ដើម្បីបំផ្លាញក្ដីសុខរបស់ពលរដ្ឋ និងបំផ្លាញសន្តិភាពជាការបំពានច្បាប់។ លោកអះអាងថា សិទ្ធិរបស់បុគ្គលខ្លះត្រូវលះបង់ ដើម្បីផលប្រយោជន៍រួម៖ «
លោក ហ៊ុន ម៉ែណែត លើកឡើងទៀតថា ការប៉ុនប៉ងបង្កអស្ថិរភាពនៅតែកើតមានក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាល ដើម្បីប្លន់អំណាច។ លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីរំលឹកខួប ១១ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្សថ្ងៃទី៩ ខែកញ្ញា។
លោក ហ៊ុន ម៉ាណែត បន្តថា មជ្ឍដ្ឋានមួយចំនួនរួមមានអង្គការសង្គមស៊ីវិល អ្នកនយោបាយ និងវិទ្យុមួយចំនួនធ្វើសង្គ្រាមចិត្តសាស្រ្តចោទប្រកាន់ថា រដ្ឋាភិបាលមិនបានធ្វើការបម្រើជាតិ និងធ្វើឱ្យកងទ័ពសួរខ្លួនឯងអ្វីដែលពួកគេធ្វើត្រូវ ឬទេ?
ប៉ុន្តែអ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បែបនេះជាការប្រកាសប្រើប្រាស់កម្លាំងកងអង្គរក្សឱ្យប្ដេជ្ញាបន្តការពារអំណាចរបស់ខ្លួន និងប្រឆាំងឆន្ទៈប្រជាពលរដ្ឋខ្មែរ៖ «
នៅរយៈពេលចុងក្រោយនេះអាជ្ញាធរបង្កើនការចាប់ខ្លួនសកម្មជនបរិស្ថាន និងក្រុមយុវជនដែលតវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន ទាមទាររកដំណោះចំពោះបញ្ហាបរិស្ថាន និងបញ្ហាគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ប្រធានផ្នែកកម្មវិធីនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ស ម៉ូរី សង្កេតឃើញថា ការទាមទារដោយសន្តិវិធីរបស់ក្រុមយុវជនមិនមែនជាការប្រព្រឹត្តបទល្មើសទេ ប៉ុន្តែជាសកម្ម ភាព ដែលត្រូវការពារដោយច្បាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា លេស ដែលចោទប្រកាន់លើក្រុមយុវជន គឺរដ្ឋាភិបាលធ្វើដើម្បីគេចវេះមិនធ្វើតាមសំណើរបស់អ្នកទាមទារដោយសន្តិវិធី៖ «
រីឯស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ដែលក្រុមយុវជនរបស់លោកបីនាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួននោះ ប្រាប់អាស៊ីសេរីថា លោកគ្មានការភ្ញាក់ផ្អើលឡើយ ចំពោះការចោទប្រកាន់របស់លោក ហ៊ុន ម៉ាណែត ពេលនេះ ដោយលោកយល់ថា លោក ហ៊ុន ម៉ាណែត គ្រាន់ជាសត្វសេកនាំសាររបស់លោក ហ៊ុន សែន។ លោក អាឡិច បន្តថា វិធានការរបស់លោករដ្ឋាភិបាលលោក ហ៊ុន សែន ពេលនេះ គឺបង្ហាញថា រដ្ឋាភិបាលកំពុងភ័យស្លន់ស្លោនឹងសកម្មភាពអហិង្សារបស់ពលរដ្ឋ និងយុវជន៖ «
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រម្លឹកអាជ្ញាធរកម្ពុជាអំពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវធានាឱ្យបាននូវការគោរព និងការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋកម្ពុជា។ រីឯក្រុមសង្គមស៊ីវិលជិត ៤០ (៣៦) អង្គការ និងសមាគមបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៩ ខែកញ្ញា ស្នើឲ្យអាជ្ញាធរដោះលែងក្រុមយុវជន និងអ្នកតវ៉ាដោយសន្តិវិធីទាំងអស់ ព្រមទាំងបញ្ឈប់ការបង្ក្រាបមកលើក្រុមយុវជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។