កូនប្រុសទី២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ត្រូវបានក្រសួងការពារជាតិប្រកាសតែងតាំងផ្លូវការ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី២៣ សីហា។
សារព័ត៌មានហ្វ្រេសញូវ (Fresh News) ចុះផ្សាយនៅថ្ងៃទី២៣ សីហា ឲ្យដឹងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ានិត គឺធ្វើឡើងក្រោមអធិបតីភាព អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន នាទីស្ដីការក្រសួង បន្ទាប់ពីលោក ហ៊ុន ម៉ានិត កាន់កាប់នាយកដ្ឋាននេះ ប្រមាណ៣ឆ្នាំហើយ។
កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៧ លោក ហ៊ុន ម៉ានិត ត្រូវបានឪពុករបស់លោក និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានតែងតាំងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សកាន់អំណាច។ គណៈកម្មាធិការនេះ ទទួលបន្ទុកធានាថា មន្រ្តីទាំងអស់របស់បក្សកំពុងបំពេញតួនាទីរបស់ខ្លួនក្នុងការជួយបក្ស និងប្រជាជន និងមានអំណាចក្នុងការដាក់វិន័យដល់សមាជិកណាដែលធ្វើខុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។