កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី។
សេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាយុវជនអាស៊ី (Asian Youth Forum) និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឲ្យដឹងថា លោក ហ៊ុន ម៉ានី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានប្រឹក្សាយុវជនអាស៊ី ដោយមហាសន្និបាតប្រឹក្សាយុវជនអាស៊ីលើកទី១៣ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេងជាងគេក្នុងអាណត្តិទី៥នេះ ហើយលោកក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសហភាពនេះតែងតែដឹកនាំយុវជនមួយចំនួនធ្វើការងារសង្គម។
ក្រុមប្រឹក្សាយុវជនអាស៊ី ជាអង្គការយុវជនតំបន់ មិនមែនរដ្ឋាភិបាល ដែលបង្កើតឡើងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៧២ ក្នុងបំណងផ្ដល់វេទិការួមមួយដល់ថ្នាក់ដឹកនាំយុវជន និងយុវជនអាស៊ី ដែលមានបំណងដូចគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
កាលពីចុងឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី ក៏ទទួលពានរង្វាន់ ហ្គុស៊ី សន្តិភាព អន្តរជាតិ (The Gusi International Peace Prize) ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន។ ពាន់រង្វាន់នេះមានទម្រង់ស្រដៀងគ្នាទៅនឹងពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសន័រវែស ដែរ ហើយពានរង្វាន់នេះ ផ្ដល់ជូនដល់ជនទាំងឡាយណាដែលបានពលី ខិតខំថែរក្សា និងបង្កើតសុខសន្តិភាពនៅជុំវិញពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។