លោក ហ៊ុន ណេង នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​ប្រជុំ​នៅ​វៀតណាម​អំពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ

ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា លោក ហ៊ុន ណេង គ្រោង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​៣ របស់​គណៈកម្មការ​ទទួល​បន្ទុក​ការពារ​ជាតិ សន្តិសុខ​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នៅ​ទីក្រុង​ញ៉ាត្រាង (Nha Trang) ខេត្ត​ខាញ់វ៉ា (Khanh Hoa) ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា។

សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ឲ្យ​ដឹង​ថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​តាមដាន ត្រួត​ពិនិត្យ វាយ​តម្លៃ​វឌ្ឍនភាព និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​សន្តិសុខ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នៃ​ប្រទេស​ទាំង​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម ព្រម​ទាំង​រួម​ចំណែក​អភិវឌ្ឍ​សហគមន៍​អាស៊ាន​ឲ្យ​រឹងមាំ។

រដ្ឋាភិបាល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ឆ្នាំ​១៩៩៩ ដោយ​ភ្ជាប់​ខេត្ត​ចំនួន​១៣ ក្នុង​នោះ​ប្រទេស​កម្ពុជា មាន​ចំនួន ៤​ខេត្ត ប្រទេស​ឡាវ មាន ៤​ខេត្ត និង​ប្រទេស​វៀតណាម មាន ៥​ខេត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។