មេដឹកនាំរបបក្រុងភ្នំពេញក្រោយពីបានស្ងប់ស្ងាត់មួយរយៈមក ក៏ចាប់ផ្ដើមសម្ញែងអំណាចរបស់ខ្លួនឡើងវិញ។ លោក ហ៊ុន សែន ព្រមានជាថ្មីទៀតថា នឹងវាយខ្នោះប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសិនបើជាលោកហ៊ានឈានជើងចូលមកដល់កម្ពុជា។ ទន្ទឹមគ្នានេះ អ្នកគាំទ្រគណបក្សប្រឆាំងនៅប្រទេសថៃអះអាងថា ពួកគេបានត្រៀមខ្លួនរួចហើយ ដើម្បីអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដោយមិនខ្លាចការគំរាមកំហែងរបស់លោក ហ៊ុន សែនឡើយ។
អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសលើកឡើងថា ការដែលលោក ហ៊ុន សែន និយាយកោកៗ ម្ដងហើយម្ដងទៀតអំពីការចាប់ខ្លួនលោក សម រង្ស៊ី នេះ ដោយសារភ័យខ្លាចលោក សម រង្ស៊ី វិលចូលស្រុកធ្វើឱ្យរង្គោះរង្គើដល់អំណាចដឹកនាំរបស់ខ្លួន។
ពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់លោក ជីម ផាត ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៩ កក្កដាថា ដំណាក់កាលទឹកឡើងដល់ច្រមុះបែបនេះ ស្អីក៏លោកហ៊ុន សែន និយាយកើតដែរ ដើម្បីរារាំងលោក សម រង្ស៊ី វិលចូលស្រុក ព្រោះភ័យខ្លាចលោកចូលស្រុកធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ មិនអាចប្រកួតប្រជែងឈ្នះការបោះឆ្នោត។ លោកបន្តថា ទោះបីជាមានការគំរាមកំហែងមុនយ៉ាងនេះក្ដី ក៏ពលករខ្មែររាប់ម៉ឺននាក់នៅប្រទេសថៃត្រៀមខ្លួនទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញដែរ៖ «សំខាន់មែនទែនគឺ ប្រទេសយើងធ្លាក់ទៅក្នុងគ្រោះមហន្តរាយនៃការវិនាសដល់ជាតិ ព្រោះលោក ហ៊ុន សែន បានក្បត់អធិបតេយ្យជាតិ ព្រោះលោកបានប្រកាសនៅព្រឹកមិញនេះថាលោកទិញអាវុធមកបន្ថែមទៀត មិនដឹងទិញមកធ្វើអីទេ ហើយមានរឿងរ៉ាវជាច្រើនទៀត ចុះហត្ថលេខាជាមួយចិនដាក់ទីលានកងទ័ពនៅកម្ពុជាដោយសម្ងាត់ យើងឃើញហើយប្រទេសយើងបើយើងមិននាំគ្នាក្រោកតតាំងទេ ថ្ងៃណាមួយ ព្រោះថ្ងៃណេះគេគំរាមបានថ្ងៃក្រោយ ក៏គេអាចបាញ់សម្លាប់ខ្មែរជាបន្តបន្ទាប់ទៀតដែរ » ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងលោក ម៉ៅ វិបុល ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ថាសកម្មជនគណបក្សប្រឆាំងនៅតាមមូលដ្ឋានបានត្រៀមខ្លួនដឹកនាំពលរដ្ឋទៅអមដំណើរលោក សម រង្ស៊ី ចូលស្រុកវិញរួចហើយដែរ ។លោកបន្តថា ពលរដ្ឋនៅតាមមូលដ្ឋានមិនខ្លាចអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួននោះទេ ព្រោះពួកគាត់យល់ថា លោក សម រង្ស៊ី ចូលស្រកជាដំណោះស្រាយនយោបាយដ៏ល្អ ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញបាន៖ «បើយើងនៅតែខ្លាចនៅតែភ័យគេជិះជាន់យើងរហូត តែសម្រាប់ខ្ញុំនិងពលរដ្ឋនៅតាមមូលដ្ឋានមិនមានការភ័យខ្លាចទេ ឱ្យតែលោក សម រង្ស៊ី ចូលពេលណាគាត់ខុសចិត្តជាប់គុកជំនួសក៏បានដែរ ឱ្យមានការផ្លាស់ប្ដូរ។ សម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំលះបង់ជីវិតដើម្បីយុត្តិធម៌និងប្រជាធិបតេយ្យនៅកម្ពុជានៅជាមួយគណបក្សសង្គ្រោះជាតិ ហើយឱ្យដោះលែងលោក កឹម សុខា។លោក ហ៊ុន សែន គំរាមកំហែងនេះគឺជាការភូតអន្តរជាតិ និងភូតខ្មែរគ្នាឯងធ្វើឱ្យឈឺចាប់កាន់តែខ្លាំង » ។
ការលើកឡើងរបស់ពលករនិងសកម្មជនបក្សប្រឆាំងនេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ព្រមានជាថ្មីទៀតឱ្យសមត្ថកិច្ចត្រៀមវាយខ្នោះលោក សម រង្ស៊ី ប្រសិនបើលោកហ៊ានវិលចូលមកកម្ពុជាវិញ។បុរសខ្លាំងខាងរំលោភសិទ្ធិមនុស្សរូបនេះ ចោទ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ថា ជាមនុស្សក្បត់ជាតិ៖ «បញ្ហាស្ថិតត្រង់អ្នកឯងទៅមិនព្រមមកតើ ឥលូវបើអ្នកឯងមកហើយវាជាក្ដីសប្បាយ។យើងទាំងអស់គ្នាត្រូវត្រៀមស្វាគមន៍ប៉ុន្តែការស្វាគមន៍របស់យើងដោយខ្នោះ ហើយលទ្ធផលនៃការតដៃគឺស្គាល់ហើយ តើនឹងត្រូវធ្វើយ៉ាងម៉េចនោះ ខ្ញុំមិនចាំបាច់និយាយទេ។ឥឡូវខែ៨ ជិតដល់ហើយ គេថាមកខែ៨ រួចហើយគេថាខែ៩ រួចហើយគេថា ខែ១០ ខែ១១ រួចហើយខែ១២ មុខតែអីចឹងហើយ គេហៅថា អូសក្រឡា » ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡាដ្ឋាន ដែលលោកអះអាងថាជាអំណោយរបស់ចិនជូនចំពោះលោក នៅព្រឹកថ្ងៃទី២៩ កក្កដា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី សរសេរក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ កក្កដាថា ការគំរាមចាប់គឺជាកិត្តិយសសម្រាប់លោកទៅវិញទេ ដែលក្រោមរបបផ្ដាច់ការ ដូចរបប ហ៊ុន សែន សព្វថ្ងៃ មានប៉ូលិសបម្រើឃាតក តាមចាប់លោក ហើយមានតុលាការជាអាយ៉ងរបបលោកក្រុងភ្នំពេញ តាមញាំញីលោក។លោកបន្តថា ពួកជនផ្ដាច់ការ និងពួកឃាតក តាមរករឿងលោកកាន់តែខ្លាំង ធ្វើឱ្យលោកទទួលបានពានរង្វាន់ជើងឯកសេរីភាពនិងប្រជាធិបតេយ្យ កាន់តែច្រើន ពីអន្តរជាតិទៅវិញទេ។
ថ្មីៗនេះលោក សម រង្ស៊ី ប្រកាសថាលោកនឹងវិលចូលស្រុកវិញយ៉ាងយូរក្នុងខែកញ្ញាខាងមុខ ដើម្បីចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញ។
បន្ថែមពីនេះ លោក សម រង្ស៊ី រំពឹងថា មាតុភូមិនិវត្តន៍នេះ នឹងមានភាពអធិកអធម ជាងកាលពីឆ្នាំ ២០១៣ ទៅទៀត ហើយនឹងនាំមកនូវការផ្លាស់ប្ដូរ ដែលលោក ហ៊ុន សែន មិនអាចជៀសវាងបានឡើយ។
ខុសពីអ្នកគាំទ្រគណបក្សនយោបាយ អ្នកសម្របសម្រួល និងអង្កេតនៃអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការវិលចូលស្រុកឬមិនចូលស្រុកមិនមែនជាដំណោះស្រាយនយោបាយនោះឡើយ ប្រសិនបើមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនឆាប់ចរចាត្រូវរ៉ូវគ្នាដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យរស់ឡើងវិញនោះ៖ «ខ្ញុំគិតថាគួរតែមានការសម្របសម្រួលគ្នាមកដល់នេះហើយ យើងត្រូវមើលក្បែរយើងផង គេបានទ្រព្យសម្បត្តិគេបានលាភសក្ការៈយ៉ាងច្រើនទាញចេញពីជម្លោះរបស់ខ្មែរ។ យើងគួរតែល្មមដោះដូរកែសម្រួលការងារចារឹកនយោបាយឱ្យអាចរកវិធីជជែកគ្នាដើម្បីដោះស្រាយបញ្ហានយោបាយប្រសើរជាង កុំឱ្យខ្លាំងរៀងខ្លួននាំឱ្យខាតបង់ប្រយោជន៍ជាតិ បើកាលណាខ្លាំងរៀងខ្លួនមិនមានប្រយោជន៍ណាមួយដល់សង្គមទេ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ជម្លោះនយោបាយរបស់កម្ពុជាអូសបន្លាយពេលប្រមាណ ២ឆ្នាំមកនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ ហើយកម្ពុជាអាចប៉ះពាល់កាន់តែខ្លាំងនៅពេលសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធ EBA ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។