ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាសជំហរគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សក្រៅរដ្ឋាភិបាល លោក ដូណាល់ ត្រាំ (Donald Trump )។ ជុំវិញការប្រកាសនេះ អ្នកធ្វើការងារទាក់ទងការងារបោះឆ្នោតព្រមានថា ការបង្ហាញជំហររបស់ប្រមុខរដ្ឋាភិបាលមុនការបោះឆ្នោតនៅអាមេរិកដូចនេះ អាចធ្វើឲ្យប៉ះពាល់ដល់នយោបាយការបរទេសរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ការប្រកាសជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ថ្ងៃទី៣ ខែវិច្ឆិកា ហើយក៏ទទួលបានចំណាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិមួយចំនួន។
ថ្លែងនៅចំពោះមុខក្រុមមេប៉ូលិសប្រមាណ ១ពាន់នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រលោក ដូណាល់ ត្រាំ ឲ្យក្លាយជាប្រធានាធិបតីរបស់អាមេរិក។ លោកពន្យល់ថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោត និងធ្វើឲ្យសភាពការណ៍ពិភពលោកវិវឌ្ឍន៍ទៅរកសភាពល្អប្រសើរ និងគ្មានសង្គ្រាម ព្រោះលោក ដូណាល់ ត្រាំ ជាអ្នកជំនួញ ដូច្នេះអ្នកជំនួញមិនឲ្យមានសង្គ្រាមទេ។ ប៉ុន្តែលោកយល់ថា ក្នុងករណីអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ឈ្នះទៅវិញនោះ នឹងអាចធ្វើឲ្យពិភពលោកស្មុគស្មាញខ្លាំង។
លោក ហ៊ុន សែន ទស្សន៍ទាយពីលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកដូចនេះ ក្នុងពេលចូលរួមធ្វើបាឋកថាស្ដីពី «ការដឹកនាំបញ្ជាកម្លាំង សភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ» ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិតសភានគរបាលកម្ពុជា។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់ថា សម្ដីរបស់លោក ហ៊ុន សែន អាចប៉ះពាល់ដល់នយោបាយការទូត ប្រសិនបើលោក ដូណាល់ ត្រាំ មិនឈ្នះឆ្នោត។ ផ្ទុយពីការគិតរបស់លោក ហ៊ុន សែន លោក សំ គន្ធាមី យល់ថា ទោះបីជាលោក ដូណាល់ ត្រាំ ជាពាណិជ្ជករក្តី ប៉ុន្តែឥរិយាបថរបស់លោក ត្រាំ មានការរើសអើង និងមានអំពើហិង្សាផង៖ «ជំហរនេះតាមខ្ញុំយល់មានប៉ះពាល់ខ្លះៗដែរ ខ្ញុំយល់ឃើញអ៊ីចឹង ប៉ុន្តែជាជំហរសម្ដេចនាយកទេ ប៉ុន្តែយើងបារម្ភដែលឃើញគាត់បង្ហាញអ៊ីចឹង នៅពេលការបោះឆ្នោតមិនទាន់បានមកដល់ផង»។
ក្រោយពីលោក ហ៊ុន សែន មានប្រសាសន៍ សារព័ត៌មានអន្តរជាតិមួយចំនួនដូចជាបាងកកប៉ុស្តិ៍ (Bangkok Post)សារព័ត៌មានរ៉យទ័រ (Reuters)និងសារព័ត៌មាន ឆេនណល ញូវ អេស៊ា (Channel News Asia)ជាដើម បានដកស្រង់សម្ដីរបស់លោកចុះផ្សាយយ៉ាងព្រោងព្រាត។
អ្នកស្រាវជ្រាវនយោបាយការបរទេស និងច្បាប់អន្តរជាតិ លោក ឡុង គឹមឃន យល់ថា ប្រហែលជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចង់ធ្វើការងារ ឬទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែលអាចមានទំនាក់ទំនងល្អជាងរដ្ឋាភិបាលមកពីគណបក្សប្រជាធិបតេយ្យ៖ «ប្រមុខរដ្ឋាភិបាលលោកចង់ឲ្យមានការផ្លាស់ប្ដូរប្រធានាធិបតីទៅគណបក្សផ្សេង ហើយប្រហែលអាចជានឹកសង្ឃឹមថា នឹងធ្វើនយោបាយការបរទេសទំនាក់ទំនងបានល្អប្រសើរ រវាងរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រធានាធិបតីដែលជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ»។
គេមិនសូវឃើញលោក ហ៊ុន សែន ថ្លែងសរសើររដ្ឋាភិបាលអាមេរិកដែលកំពុងដឹកនាំគណបក្សប្រជាធិបតេយ្យ។ លោកធ្លាប់ថ្លែងឌឺដងថា បទពិសោធន៍របស់លោក អាចបង្រៀនប្រធានាធិបតីអាមេរិកថែមទៀតផង។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្ដីលោក ហ៊ុន សែន ថា បើសិនអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)ឈ្នះឆ្នោត នោះទំនាក់ទំនងរវាងចិន និងអាមេរិក អាចផ្លាស់ប្ដូរ ចំណែកទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី នឹងមានការលំបាក។ ផ្ទុយទៅវិញ ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត អាមេរិកអាចទៅជាមិត្តជាមួយរុស្ស៊ី។
ថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ សហរដ្ឋអាមេរិក នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលមានលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងអ្នកស្រី ហ៊ីលឡារី គ្លីនតុន ជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលគណបក្សនេះបានកាន់អំណាចពីរអាណត្តិមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។