មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងចំៗថា លោកនឹងការពារអំណាចគ្រួសារត្រកូលហ៊ុនមិនឲ្យមានអ្នកណាម្នាក់កម្ចាត់បាននោះទេ ទោះបីជារលាយផែនដីនេះក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក ហ៊ុន សែន មិនគួរការពារតែអំណាចគ្រួសាររបស់លោកនោះទេ តែគួរការពារប្រជាពលរដ្ឋទាំងអស់ដូចគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកនឹងវាយប្រហារអ្នកដែលហ៊ានរិះគន់ ឬចង់កម្ចាត់អំណាចក្រុមគ្រួសារ«ត្រកូលហ៊ុន» របស់លោក មិនឲ្យមានឱកាសងើបរួចនោះទេ។ លោកអះអាងជាថ្មីទៀតថា លោកនឹងមិនចរចានយោបាយជាមួយមន្ត្រីបក្សប្រឆាំងឡើយ ទាល់តែពួកគេអនុវត្តតាមនីតិវិធីច្បាប់ជាមុនសិន។ ក្រៅពីនេះ លោកសង្កត់ធ្ងន់ថា នឹងគ្មានការលើកលែងទោសម្តងទៀតចំពោះមេដឹកនាំបក្សប្រឆាំងដែលតុលាការបានកាត់ទោសរួចហើយនោះទេ ដែលទំនងជាលោកចង់សំដៅលើលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៖ «បើដាក់គោលដៅបង្រួបបង្រួមខ្មែរ អូខេ។ បើដាក់គោលដៅកម្ចាត់ត្រកូលហ៊ុន សូមផ្តាំទៅ ទោះបីរលាយផែនដី ក៏ហ៊ុន សែន នៅតែតស៊ូ ផ្ដាំឲ្យហើយ ឥឡូវមិនមែនវ៉ៃត្រឹមហ៊ុន សែន ទេ វ៉ៃត្រកូលហ៊ុន ទាំងមូល អ៊ីចឹងតម្រូវឲ្យខ្ញុំ មានរឿងអីដែលត្រូវគិត។ អ៊ីចឹងបើអ្នកឯងប្រុងប្រៀបថា ហ្នឹងប្រហារខ្ញុំ រឿងអីដែលខ្ញុំត្រូវទុកឲ្យអ្នកឯងមានពេលប្រហារ ខ្ញុំត្រូវតែប្រហារអ្នកឯង» ។
លោក ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក នៅថ្ងៃទី២៥ វិច្ឆិកា ពោលគឺមួយសប្ដាហ៍បន្ទាប់ពីលោកបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ ក្រោយប៉ះពាល់ដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមានផ្ទុកជំងឺកូវីដ-១៩ ដោយមិនពាក់ម៉ាស់។
ប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន បែបនេះ គឺបន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសង្គមមួយចំនួនបានរិះគន់លោកជាញឹកញាប់ថា កំពុងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីលើកដំឡើង លោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីលោក។
លោក ហ៊ុន សែន ព្រមានបែបនេះ នៅមុនពេលតុលាការគ្រោងបើកសវនាការសំណុំរឿងរបស់មន្ត្រីជាន់ខ្ពស់ និងអ្នកគាំទ្របក្សប្រឆាំងជាង១០០ នាក់ ពាក់ព័ន្ធនឹងបទចោទញុះញង់ និងរួមគំនិតក្បត់ នៅថ្ងៃទី២៦ វិច្ឆិកា។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ឲ្យដឹងថា ការអះអាងរបស់លោក ហ៊ុន សែន ដោយចង់ការពារអំណាចរបស់ខ្លួន ហើយមិនបើកការចរចាជាមួយបក្សប្រឆាំង គឺដោយសារលោក ហ៊ុន សែន គិតតែគំនុំផ្ទាល់ខ្លួនដោយមិនគិតគូរពីប្រទេសជាតិ និងប្រជាពលរដ្ឋជាធំនោះទេ។ លោកបន្តថា លោក ហ៊ុន សែន ប្រឹងក្ដោបអំណាចរបស់ក្រុមគ្រួសារលោក ជាជាងការដោះស្រាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ បន្ទាប់ពីកម្ពុជាទទួលទណ្ឌកម្មពីសហភាពអឺរ៉ុប ដោយផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA២០% និងវិបត្តិមួយចំនួនទៀត។ លោកលើកឡើងទៀតថា លោក ហ៊ុន សែន មិនសាកសមធ្វើជាមេដឹកនាំនៅកម្ពុជានោះទេ ហើយលោក គួរតែចុះចេញពីតំណែង ដោយឲ្យអ្នកជំនាន់ក្រោយដែលមានសមត្ថភាពជាងលោកឡើងកាន់តំណែងជំនួសវិញ។ លោកអះអាងថា ការព្រមានរបស់លោក ហ៊ុន សែន បែបនេះ មិនបានធ្វើឲ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិខ្លាចញញើតនោះឡើយ ហើយពួកគេមិនខ្វល់នឹងពាក្យសម្តីបែបនេះទេ ដោយនៅតែបន្តសកម្មភាពធ្វើមាតុភូមិនិវត្តន៍លើកទី២ ជាមួយលោក សម រង្ស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ៖ «លោក ហ៊ុន សែន កន្លងមកគាត់ធ្វើកំហុសជាច្រើនណាស់។ គាត់បាតដៃប្រឡាក់ឈាមហើយអាហ្នឹង ហើយគាត់ប្រព្រឹត្តបទឧក្រិដ្ឋជាច្រើន អ៊ីចឹងគាត់មានខ្លួន។ គាត់ខ្លាចគណបក្សផ្សេងឡើងទៅជំនួសគណបក្សប្រជាជន អាចកាត់ទោសគាត់ពីបទឧក្រិដ្ឋផ្សេងៗ ដែលគាត់ប្រព្រឹត្តកន្លងមក ដូចជារដ្ឋប្រហារឆ្នាំ៩៧ ការបោកគ្រាប់បែកឆ្នាំ៩៧ ទៅលើបាតុកម្មដែលអហិង្សា ដែលដឹកនាំដោយលោក សម រង្ស៊ី ហើយនឹងឃាតកម្មទៅលើលោក ជា វិជ្ជា។ ឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី អីជាដើមអ៊ីចឹង ហើយដូច្នេះគាត់មានខ្លួន អ៊ីចឹងបានជាគាត់នៅក្រាញអំណាច។ គាត់យល់ថា មានតែកូនគាត់ទេដែលអាចស្នងពីគាត់ ដូចជាលោក ហ៊ុន ម៉ាណែត ជាដើមហ្នឹង ដើម្បីកុំឲ្យគាត់ប្រឈមជាមួយផ្លូវច្បាប់នៅពេលអនាគត»។
ចំណែក ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា លោក ហ៊ុន សែន មិនគួរថ្លែងសារនយោបាយបែបនេះ មុនតុលាការបើកសវនាការសំណុំរឿងមន្ត្រីបក្សប្រឆាំងនោះទេ ព្រោះសារបែបនេះអាចជះឥទ្ធិពល ឬជាការដាក់សម្ពាធដល់ការសម្រេចរបស់តុលាការ៖ «ខ្ញុំគិតថា បើសិនជាយើងក្នុងនាមជាប្រមុខរដ្ឋាភិបាល គួរតែយើងកុំថ្លែងសារណាដែលជាការអះអាងនៅមុនពេលសេចក្ដីសម្រេចតុលាការដែលបានសម្រេច។ អានេះ វានាំឲ្យអ្វីដែលជាសារហ្នឹង គឺវាជាសារមួយដែលធ្វើឲ្យអាចឈានទៅដល់ការដាក់សម្ពាធទៅដល់តុលាការ ឬក៏អាចធ្វើឲ្យតុលាការហ្នឹងធ្វើសេចក្ដីសម្រេច ដោយមិនឈរទៅលើឯករាជ្យភាព»។
តុលាការកម្ពុជារងការចោទប្រកាន់ថា ស្ថិតនៅក្រោមឥទ្ធិគណបក្សកាន់អំណាច និងបានបម្រើនយោបាយគណបក្សនេះ ក្នុងការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត។ គណបក្សប្រឆាំង តែងតែហៅតុលាការនៅកម្ពុជាថា ជាតុលាការតេឡេ ដែលចាំតែស្ដាប់បញ្ជាពីលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។