មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន មិនបិទប្រទេសនោះទេ ទោះជាមានមនុស្សរាប់ពាន់នាក់កំពុងធ្វើចត្តាឡឺស័កដើម្បីបង្ការជំងឺ Covid-19 ក៏ដោយចុះ។ មន្ត្រីបក្សប្រឆាំងសាទរដែលរបបលោក ហ៊ុន សែន មិនបិទប្រទេស ចំណែកសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍អំពីករណីជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលើហ្វេសប៊ុក (Facebook) នៅថ្ងៃទី១២ វិច្ឆិកាថា របបលោកនឹងមិនបិទប្រទេស រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ លោកថា ពាក្យចចាមអារ៉ាមអំពីការបិទទីក្រុង និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយនោះ គឺជាការឃោសនាអកុសលរបស់ក្រុមមនុស្សអាក្រក់។ លោកបន្តថា រឿងសំខាន់ពេលនេះ គឺពលរដ្ឋគ្រប់រូបត្រូវការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់ លាងសម្អាតដៃ កុំប្រមូលផ្តុំគ្នា និងរក្សាគម្លាតសុវត្ថិភាព ជាដើម។
លោក ហ៊ុន សែន ដែលធ្លាប់មើលស្រាលជំងឺកូវីដ-១៩ និងធ្លាប់ហាមគេឯងមិនឱ្យពាក់ម៉ាស់ក្នុងកម្មវិធីរបស់លោកនោះ ពេលនេះហាក់ដូចជាទទួលស្គាល់ពីហានិភ័យនៃជំងឺកូវីដ-១៩ វិញ។ លោកអំពាវនាវឱ្យពលរដ្ឋ និងមន្ត្រីរាជការពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់អ្វីដែលលោកហៅថា ជាព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកា ឱ្យបានឆាប់។ ក្រៅពីនេះ លោកទទូចឱ្យអ្នកដែលត្រូវធ្វើចត្តាឡឺស័ក ត្រូវបន្តធ្វើដោយហ្មត់ចត់ ហើយអាជ្ញាធរត្រូវផ្ដល់ស្បៀងអាហារដល់ពលរដ្ឋទាំងឡាយណាដែលមានជីវភាពខ្វះខាតដែលកំពុងធ្វើចត្តាឡឺស័ក។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ កំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ស្វាគមន៍ដែលរបបលោក ហ៊ុន សែន មិនបិទប្រទេស ព្រោះលោកថា វិធានការនេះនឹងប៉ះពាល់ខ្លាំងដល់ជីវភាព និងសិទ្ធិសេរីភាពពលរដ្ឋ។ ទោះជាយ៉ាងណា លោកថា ការនិយាយតគ្នាពីមាត់មួយទៅមាត់មួយរឿងបិទប្រទេសនេះ គឺដោយសារលោក ហ៊ុន សែន ជាអ្នកបង្ហើបរឿងនេះដោយខ្លួនឯង៖ « រឿងនេះវាអាចឈានដល់ការបិទប្រទេស ប្រសិនការធ្វើតេស្តបន្តទៀតទៅ ឃើញមានមន្ត្រីជាន់ខ្ពស់ និងអ្នកពាក់ព័ន្ធដទៃទៀតឆ្លងជំងឺកូវីដ - ១៩ វាអាចឈានដល់ដំណាក់កាលហ្នឹងហើយ។ ប៉ុន្តែបើមិនឆ្លងទ្រង់ទ្រាយធំទៅដល់សហគមន៍ទេ មិនមានការបិទប្រទេស នោះជាការល្អហើយ យើងស្វាគមន៍ ព្រោះការបិទប្រទេសអាចប៉ះពាល់ទៅដល់ការរស់នៅ ការប្រកបមុខរបរ ហើយនិងប៉ះពាល់ទៅដល់សេដ្ឋកិច្ច ជាពិសេសអ្នកក្រីក្រដែលគាត់កំពុងត្រដររស់ »។
កាលពីថ្ងៃទី០៩ វិច្ឆិកា លោក ហ៊ុន សែន បានបញ្ចេញខ្សែអាត់សំឡេងមួយ ស្តីបន្ទោសមន្ត្រីរបស់លោកដែលធ្វើចត្តាឡឺស័កមិនបានត្រឹមត្រូវ ធ្វើឱ្យចំនួនអ្នកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រតិភូហុងគ្រី ឬដែលលោកហៅថា ព្រឹត្តិការណ៍ថ្ងៃទី០៣ វិច្ឆិកានោះ កើនឡើងជាលំដាប់។ លោកចង់ឱ្យសភាពការណ៍នេះ ត្រូវបានរំលត់ក្នុងពេលយ៉ាងយូរបីសប្ដាហ៍ ហើយដើម្បីធ្វើបែបនេះបាន គឺទាល់តែអ្នកពាក់ព័ន្ធទាំងអស់ ធ្វើចត្តាឡឺស័កឱ្យបានហ្មត់ចត់បំផុត។ បើពុំដូច្នេះទេ លោកថា មហន្តរាយនឹងកើតឡើងនៅកម្ពុជា ដូចប្រទេសដទៃទៀតដែរ ដែលមិនអាចត្រួតត្រាសភាពការណ៍បាន។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានបង្ហើបពីបំណងចង់ប្រើប្រាស់ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រសិនបើការអំពាវនាវរបស់លោកគ្មានប្រសិទ្ធភាព៖ « សង្ឃឹមថា ការអំពាវនាវរបស់ខ្ញុំនេះ ធ្វើនៅមុនពេលដែលខ្ញុំកំពុងតែគិតថា តើត្រូវប្រកាសបិទទីក្រុងភ្នំពេញ ឬផ្នែកណាមួយនៅក្នុងប្រទេស ឬទេ ព្រោះច្បាប់ក្នុងគ្រាមានអាសន្នមានក្នុងដៃរួចហើយ។ ខ្ញុំអាចនឹងស្នើថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហត្ថលេខាដាក់ប្រទេសជាតិក្នុងផ្នែកណាមួយ ឬទីក្រុងភ្នំពេញ ឬក្នុងប្រទេសទាំងមូលក្នុងគ្រាមានអាសន្នបាន ក៏ប៉ុន្តែខ្ញុំមិនចង់ទៅដល់នោះទេ ព្រោះវាប៉ះពាល់ទៅដល់សិទ្ធិសេរីភាពមនុស្សច្រើនគ្នា »។
តាមការពិត លោក ហ៊ុន សែន ធ្លាប់ចេញបម្រាមធ្វើដំណើរនៅក្នុងប្រទេសម្តងរួចមកហើយ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកាលពីខែមេសាកន្លងទៅ។ បទបញ្ជាកាលនោះ ហាមមិនឱ្យពលរដ្ឋធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងហាមមិនឱ្យឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀតឡើយ។ ប៉ុន្តែ ក្រោយផ្ទុះការរិះគន់ខ្លាំង លោក ហ៊ុន សែន បានកែបទបញ្ជាឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចចេញចូលទៅវិញទៅមកបាន និងអាចធ្វើដំណើរឆ្លងពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តបាន តែរក្សាបម្រាមមិនឱ្យធ្វើដំណើរឆ្លងខេត្តដដែល។ លោក ហ៊ុន សែន ដាក់ចេញបទបញ្ជានោះ ទាំងដែលកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ននៅឡើយទេ។
គិតពីថ្ងៃទី០៤ ដល់ទី១១ វិច្ឆិកា ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣ វិច្ឆិកា បានជាង២ ពាន់នាក់ហើយ (២.៤៩៧) ក្នុងនោះរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៤ នាក់។ មនុស្សទាំងជាង២ ពាន់នាក់នេះ ក្នុងនោះក៏រួមទាំងលោក ហ៊ុន សែន ផង ត្រូវធ្វើចត្តាឡឺស័ករយៈពេល១៤ ថ្ងៃ ដើម្បីតាមដានសុខភាពបន្ត។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ រដ្ឋាភិបាលបានសម្រេចបិទទីតាំងសេវាកម្សាន្ត និងទេសចរណ៍ ព្រមទាំងសាលារៀនមួយចំនួន ហើយវេទិកាសាធារណៈ និងពិធីដែលប្រមូលផ្តុំមនុស្សត្រូវផ្អាកជាបណ្ដោះអាសន្នសិន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ស្តីបន្ទោសថា ហានិភ័យ និងផលវិបាកទាំងអស់នេះ សុទ្ធតែកើតចេញពីទង្វើប្រមាថរបស់លោ ហ៊ុន សែន និងអសមត្ថភាពនៃរបបក្រុងភ្នំពេញ៖ « ប្រជាពលរដ្ឋរិះគន់ជារឿងត្រឹមត្រូវហើយ។ យើងថ្នាក់ដឹកនាំចេញគោលការណ៍ណែនាំដល់ប្រជាពលរដ្ឋពាក់ម៉ាស់ដើម្បីបង្ការកុំឱ្យមានជំងឺកូវីដ - ១៩ ហើយផ្ទុយទៅវិញ ខ្លួនឯងជាអ្នកល្មើសទៅនឹងបម្រាមហ្នឹង។ ប្រជាពលរដ្ឋរិះគន់គួរតែទទួលយកទៅ ហើយពួកគាត់ហ្នឹងគួរតែអាម៉ាសដោយខ្លួនឯងផង ចេះខ្មាសខ្លួនឯងផង »។
ទាក់ទងនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារការធ្វេសប្រហែសរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញនេះដែរ ក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភថា អាជ្ញាធរអាចនឹងចោទប្រកាន់ និងចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ប្រសិនបើពួកគាត់រិះគន់ ឬចែករំលែកព័ត៌មានរសើបណាមួយដែលរដ្ឋាភិបាលមិនពេញចិត្ត ព្រោះអាជ្ញាធរបានប្រើវិធានការនេះជាបន្តបន្ទាប់រួចមកហើយ។
នាយកប្រតិបត្តិសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ថា ស្ថានភាពបច្ចុប្បន្នតម្រូវឱ្យរដ្ឋាភិបាលផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ។ លោកថា ការចោទប្រកាន់ ឬចាប់ខ្លួនពលរដ្ឋ ដោយសារពួកគាត់រិះគន់រឿងកូវីដ-១៩ នោះ មិនមែនជារឿងត្រឹមត្រូវឡើយ៖ « យើងដឹងហើយ ប្រជាពលរដ្ឋយើងគាត់មានកម្រិតនៃចំណេះដឹងហ្នឹង គឺមិនទាន់បានទូលំទូលាយទេ ឬក៏មិនទាន់យល់ដឹងច្បាស់ទេ។ អ៊ីចឹងហើយ បើយើងជ្រើសរើសវិធានការក្តៅក្នុងការឆ្លើយតបតាមរយៈការចោទប្រកាន់ ការចាប់ខ្លួនហ្នឹង គឺវាបន្ទច់បង្អាក់ចំពោះការប្រើប្រាស់សេរីភាព ឬក៏សិទ្ធិមួយរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមហ្នឹងឯង »។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាង៣០ នាក់ ដោយចោទពួកគេថា បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ-១៩។ មនុស្សមួយចំនួនត្រូវអាជ្ញាធរបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព តែមួយចំនួនទៀតត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។ អង្គការដដែលនេះវាយតម្លៃថា របបលោក ហ៊ុន សែន បានឆ្លៀតប្រើប្រាស់ជំងឺកូវីដ-១៩ ជាខែល ដើម្បីបង្ក្រាបក្រុមអ្នករិះគន់ និងសកម្មជនបក្សប្រឆាំង ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។