មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម ព្រោះទង្វើបែបនេះ ជាការបំភិតបំភ័យ និងបំពានសិទ្ធិប្រជាពលរដ្ឋ និងមិនថ្លៃថ្នូរជាមេដឹកនាំសម័យទំនើបនេះទេ។
អនុប្រធានគណបក្សសង្គ្រោះជាតិអ្នកស្រី មូរ សុហួរ យល់ថាសាររបស់លោក ហ៊ុន សែន ដែលប្រកាសតាមទូរទស្សន៍ អំពីមនុស្សបង្កប់របស់លោក ដើម្បីឈ្លប និងស្ដាប់យកការណ៍ ពេលមនុស្សសន្ទនាគ្នានោះ គឺបង្ហាញអំពីការដឹកនាំបែបរអើលគូទ មិនទុកចិត្តខ្លួនឯង និងខ្លាចពលរដ្ឋខ្លួនឯង ទើបចាត់មនុស្សឲ្យតាមលួចស្ដាប់គេសន្ទនាគ្នាគ្រប់ពេលបែបនេះ។
អ្នកស្រីបន្ថែមថា ការដឹកនាំបែបនេះ បង្ហាញឲ្យឃើញអំពីភាពផ្ទុយគ្នាស្រឡះ ទៅនឹងការអួតអាងរបស់លោក ហ៊ុន សែន ដែលថា កម្ពុជាមានសុខសន្តិភាពនោះ៖ «បើសិនជារដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យពិតប្រាកដ ហើយអ្នកដឹកនាំនោះមានអំណត់ មានភាពថ្លៃថ្នូរ ជាអ្នកដឹកនាំអ្នកប្រជាធិបតេយ្យពិតប្រាកដ មិនខ្លាចពលរដ្ឋជជែកគ្នាទេ ទោះបីពលរដ្ឋនៅខាងគណបក្សប្រឆាំងក៏ដោយ គេបង្កើតវេទិកាឲ្យជជែកគ្នាឲ្យណាណីទៅ»។
ជាទូទៅ ទម្រង់នៃការតាមដាន និងឈ្លបយកការណ៍នេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងរបបខ្មែរក្រហម និងក្នុងរបបដឹកនាំបែបកុម្មុយនិស្តផ្ដាច់ការ។ ក្នុងសម័យខ្មែរក្រហម អ្នកតវ៉ាត្រូវបានគេចាត់ទុកថាខ្មាំង ឯអ្នកប្រឆាំង គេចាត់ទុកថាខ្មោច បានន័យថា ត្រូវកម្ទេចចោល។
អ្នកស្រី មូរ សុខហួរ ថាកម្ពុជាសម័យក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ មិនគួរណាធ្លាក់ក្នុងស្ថានភាពបែបនេះសោះ។ អ្នកស្រីស្នើឲ្យលោក ហ៊ុន សែន បើឈប់បានគួរតែឈប់ទៅ ព្រោះគ្មានចំណេញអ្វីដល់ជាតិ និងប្រជាពលរដ្ឋនោះទេ បើនៅតែបន្តធ្វើបែបនេះ៖ «សូមឲ្យបញ្ចប់ទៅនៅក្នុងការតាមដាន នៅក្នុងការលាបពណ៌ នៅក្នុងការចោទប្រកាន់ធ្ងន់ធ្ងរ សុទ្ធតែជនក្បត់ជាតិទាំងអស់។ តើអ្នកក្បត់ជាតិហ្នឹងមានប៉ុន្មាននាក់ទៀតនៅក្នុងប្រទេសហ្នឹង ? ឬពាក់កណ្តាលនគរសុទ្ធតែអ្នកក្បត់ជាតិ អ៊ីចឹងតើជាតិនោះទៅជាស្អី ?»។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន ដែលកាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ក្នុងពិធីជួបជាមួយមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព បានប្រកាសថា លោកមានមនុស្សបង្កប់ តាមយកការណ៍ពីខាងបក្សប្រឆាំងនៅគ្រប់ទីកន្លែង៖ «មនុស្សតែចាប់ពីប្រាំនាក់ឡើងទៅ វាមានមនុស្សហ៊ុន សែន នៅក្នុងនោះហើយ កុំឆ្ងល់ពេក»។
មនុស្សបង្កប់នេះ លោក ហ៊ុន សែន សំដៅទៅលើមនុស្សដែលបន្លំក្នុងក្រុមទំនាក់ទំនងតាមបណ្ដាញទំនាក់ទំនងសង្គម ដែលទាំងនោះ នឹងលួចបញ្ចេញសំឡេងសន្ទនាគ្នាក្នុងក្រុម ទៅឲ្យគាត់។ ពេលបានសំឡេងនោះហើយ គាត់ក៏បានយកមកបញ្ចេញជាសាធារណៈ ដូចអ្វីដែលគាត់ធ្លាប់បានធ្វើជាហូរហែ និងចុងក្រោយដូចក្នុងករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់។
អ្នកច្បាប់ ថាការលួចស្ដាប់សំឡេងសន្ទនាគ្នាជាឯកជន ដោយគ្មានការអនុញ្ញាត ឬដឹងឮពីសាមីខ្លួន ទោះជាតាមមធ្យោបាយណា គឺល្មើសច្បាប់រដ្ឋធម្មនុញ្ញផង និងច្បាប់អន្តរជាតិផង។
លោកមេធាវី សំ សុគង់ ថា ជាការរំលោភច្បាប់ និងសិទ្ធិឯកជនដែរ នៅពេលដែលជនណាម្នាក់យកសំឡេងបុគ្គល ដែលត្រូវគេលួចបញ្ចេញពីក្រុមឯកជនណាមួយ មកចាក់ផ្សាយជាសាធារណៈ ព្រោះសិទ្ធិសម្រេចក្នុងការអនុញ្ញាតឲ្យចាក់សំឡេងសន្ទនាគ្នាជាឯកជនបែបនេះ គឺមានតែសមត្ថកិច្ចរបស់តុលាការប៉ុណ្ណោះ៖ «ខ្ញុំគិតថាជាការរំលោភសិទ្ធិឯកជន ឬសិទ្ធិរបស់បុគ្គលផ្សេងៗ។ ធម្មតាបើសិនយើងគិតថាគាត់ខុស ទៅនឹងការនិយាយអ្វីមួយ វាត្រូវតែមានយន្តការច្បាប់ ប្តឹងមកតុលាការ ដើម្បីឲ្យច្បាប់រកខុសរកត្រូវ ហើយផ្ដន្ទាទោសទៅតាមច្បាប់ និងសងសំណងទៅតាមអ្វីដែលមានចែងក្នុងច្បាប់។ ប៉ុន្តែ នៅពេលដែលយើងយកសំឡេងនោះ មកផ្សាយជាសាធារណៈ ទៅជារឿងមួយផ្សេង គឺអត់យកច្បាប់មកអនុវត្ត»។
កន្លងមកលោក ហ៊ុន សែន ធ្លាប់បញ្ចេញខ្សែអាត់សំឡេងសន្ទនាគ្នាជាឯកជនជាច្រើនរបស់មន្ត្រីគណបក្សប្រឆាំង រួមទាំងសំឡេងប្រធានគណបក្សនេះ គឺលោក កឹម សុខា ផង។ ការសន្ទនាគ្នានោះ មានទាំងតាមទូរស័ព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។
ពលរដ្ឋសង្ស័យថា លោក ហ៊ុន សែន ប្រហែលលួចស្ដាប់សំឡេងទាំងនោះ ហើយលួចថត រួចយកមកផ្សាយ។ ប៉ុន្តែ អ្នកជំនាញវិញ ថាលោក ហ៊ុន សែន អាចលួចស្ដាប់សំឡេងសន្ទនាគ្នាតាមទូរស័ព្ទបាន ប៉ុន្តែ មិនអាចលួចស្ដាប់តាមបណ្ដាញទំនាក់ទំនងសង្គមបានទេ។
អ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះព្រួយបារម្ភពីការសងសឹកពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ បានប្រាប់អាស៊ីសេរីថា ការសន្ទនាគ្នាជាឯកជន តាមបណ្ដាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក (Facebook) វាត់អាប់ (WhatsApp) ស៊ិកណល (Signal) ស្កៃប (Skype) តេឡេក្រាម (Telegram) ជាដើម មិនមាននរណាអាចលួចស្តាប់បានងាយៗ ដូចការសន្ទនាគ្នាតាមទូរស័ព្ទនោះទេ ព្រោះក្រុមហ៊ុននៃប្រព័ន្ធទំនាក់ទំនងសង្គមទាំងនោះ សុទ្ធតែមានប្រព័ន្ធការពារសុវត្ថិភាពកិច្ចសន្ទនាគ្នាជាឯកជននេះ។
អ្នកជំនាញរូបនេះ បន្ថែមថា គេអាចលួចស្ដាប់ការសន្ទនាគារតាមបណ្ដាញទំនាក់ទំនងសង្គម តែក្នុងករណីដែលមានសមាជិកណាម្នាក់ ឬច្រើន នៅក្នុងក្រុមសន្ទនាគ្នានោះ លួចថតសំឡេងកំពុងសន្ទនាគារ រួចបញ្ចេញទៅឲ្យអ្នកដទៃដឹងប៉ុណ្ណោះ។
ទោះជាលោក ហ៊ុន សែន ព្រមានអំពីការឈ្លបយកការណ៍លើមនុស្សបក្សប្រឆាំងយ៉ាងណាក្តី ក៏អ្នកស្រី មូរ សុខហួរ លើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ឲ្យបន្តហ៊ានជជែកគ្នា និងបញ្ចេញមតិ ដើម្បីអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ហើយស្នើឲ្យលោក ហ៊ុន សែន មានអារម្មណ៍ស្ងប់ក្នុងខ្លួន ព្រោះគ្មានពលរដ្ឋណា គេចង់ប្រឆាំងដើម្បីឲ្យមានអសន្តិសុខនៅក្នុងប្រទេសនោះទេ។ តែពលរដ្ឋគាត់លំបាក នៅក្នុងជីវិតរស់នៅរបស់ពួកគាត់ ទើបពួកគាត់ត្រូវការបញ្ចេញមតិ និងដង្ហោយឲ្យរដ្ឋាភិបាលដោះស្រាយ។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលមានកាតព្វកិច្ចស្ដាប់កង្វល់ពលរដ្ឋដោយស្មោះត្រង់ មិនមែនលបស្តាប់ រួចចាប់ចងនោះទេ៕