រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់លើចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានដូច្នេះខណៈលោក សម រង្ស៊ី ដែលជាស្ថាបនិកនៃចលនានេះ កំពុងធ្វើសកម្មភាពកៀរគរឲ្យមហាជន ជាពិសេសសមាជិកគណបក្សសង្គ្រោះជាតិ ចូលរួមជាមួយចលនារបស់លោក ដើម្បីឲ្យពលរដ្ឋងើបឈរទាមទារដោយសន្តិវិធីឲ្យដោះលែងលោក កឹម សុខា ឲ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយនៅពេលខាងមុខ។
ឆ្លើយតបទៅនឹងការបង្កើតចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី លោក ស ខេង និយាយថា ការប្រកាសបង្កើតចលនាសង្គ្រោះជាតិ គឺមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះ តើចលនានេះបង្កើតឡើងឈរលើទិដ្ឋភាពច្បាប់ត្រឹមត្រូវដែរ ឬទេ? លោកព្រមានថា បើចលនានេះខុសច្បាប់នឹងមានវិធានការ៖ «»។
លោក ស ខេង ថ្លែងដូចនេះក្នុងពេលលោកចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៨ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី១៦ ខែមករា។
ការព្រមានរបស់លោក ស ខេង នៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសបង្កើតចលនាសង្គ្រោះជាតិ។ ចលនាថ្មីដែលមិនមែនជាគណបក្សនយោបាយនេះ ត្រូវលោក សម រង្ស៊ី អះអាងថា មានសមត្ថភាពអាចអំពាវនាវឲ្យប្រជាពលរដ្ឋងើបឈរតវ៉ាធ្វើកូដកម្ម បាតុកម្ម និងអាចអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឈរនៅខាងប្រជារាស្ត្រថែមទៀតផង។
លោក សម រង្ស៊ី ថែមទាំងអះអាងថា ចលនាថ្មីនេះ មិនទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឡើយ ហើយក៏មិនព្រួយថា រដ្ឋាភិបាលអាចរំលាយចោលបានដែរ។
ថ្លែងក្នុងបទសម្ភាសជាមួយអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែមករា លោក សម រង្ស៊ី និយាយថា លោកមិនបានព្រួយថា ការយកយន្តការច្បាប់អាចរំលាយចលនារបស់លោកបានឡើយ។ លោកថា ចលនាសង្គ្រោះជាតិរបស់លោកនៅក្នុងប្រទេស គឺត្រូវធ្វើការជាសម្ងាត់ មិនចាំបាច់ចេញមុខទេ ហើយពួកគេត្រូវបំពេញការងារតាមមុខសញ្ញា៖ «»។
ចលនាសង្គ្រោះជាតិដែលផ្ដួចផ្ដើមដោយលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀតជាស្ថាបនិក គឺធ្វើឡើងក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា រួមនិងអ្នកទោសនយោបាយដទៃទៀត ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងឲ្យមានការចូលរួមពេលលេញពីគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទប្រកាន់គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសថា ជាក្រុមឧទ្ទាមនិយមក្រៅប្រទេស។
ក្រៅពីរងសម្ពាធពីរដ្ឋាភិបាល ចលនាសង្គ្រោះជាតិក៏មានបញ្ហាផ្ទៃក្នុងដែលត្រូវដោះស្រាយបន្តទៅទៀតដែរ។ មន្ត្រីគណបក្សសង្គ្រោះជាតិ មួយចំនួនបង្ហាញការយល់ឃើញផ្សេងគ្នាចំពោះចលនានេះ។ អ្នកខ្លះប្រកាសគាំទ្រចលនាសង្គ្រោះជាតិ អ្នកផ្សេងទៀតប្រកាសមិនចូលរួមជាមួយចលនានោះទេ ពួកគេប្រកាសថា នៅតែតស៊ូនយោបាយក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិ ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។