គណបក្សសង្គ្រោះជាតិ ចាត់ទុកការលែងឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះនេះ ជាជំហានតូចមួយ ក្នុងទិសដៅដែលត្រឹមត្រូវ ដើម្បីរកដំណោះស្រាយ បិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ដែលកាន់តែអាក្រក់ខ្លាំងជាលំដាប់នេះ។
ទោះជាយ៉ាងនេះក្តី នៅក្នុងសេចក្ដីថ្លែងការណ៍ ថ្ងៃទី១០ ខែវិច្ឆិកានេះ គណបក្សសង្គ្រោះជាតិ ថា ការចាប់ផ្ដើមជំហានវិជ្ជមានដំបូងរបស់លោក ហ៊ុន សែន នេះ គឺធ្វើឡើងក៏ដោយសារតែរងសម្ពាធកាន់តែខ្លាំង ពីសហគមន៍ជាតិ និងអន្តរជាតិប៉ុណ្ណោះ។
គណបក្សប្រឆាំង ដែលត្រូវបានរបបលោក ហ៊ុន សែន រម្លាយដោយសម្អាងលើករណីចោទប្រកាន់លើលោក កឹម សុខា នេះ បន្ថែមថា ដើម្បីធ្វើឱ្យជំហានវិជ្ជមានដំបូងនេះ មានអត្ថន័យ និងមានប្រសិទ្ធភាព គឺទាល់តែរបបនេះ ទម្លាក់ចោលរាល់បទចោទទាំងអស់ ដែលប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដើម្បីឱ្យមេដឹកនាំគណបក្សប្រឆាំង ដែលបានស្ថិតក្រោមការឃុំខ្លួនទាំងក្នុងពន្ធនាគារ និងក្នុងផ្ទះ អស់រយៈពេលជាងពីរឆ្នាំមកនេះ មានសេរីភាពពេញលេញឡើងវិញ។
សំខាន់ជាងនេះ គណបក្សសង្គ្រោះជាតិ បន្ថែមថា ការទម្លាក់ចោលបទចោទ នៃអំពើ“ក្បត់ជាតិ” ដែលជាចោទប្រកាន់គ្មានមូលដ្ឋាននេះ គឺនឹងបើកផ្លូវ ដើម្បីឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ ក្រោយត្រូវបានរម្លាយកាលពីឆ្នាំ២០១៧នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។