ពលករខ្មែររាប់រយនាក់ធ្វើការនៅប្រទេសថៃ នៅថ្ងៃទី១៤ កក្កដា បាននាំគ្នាប្រារព្ធពិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ជូនដល់ដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ចំនួនបីទីតាំងផ្សេងគ្នាក្នុងប្រទេសថៃ។ ក្រុមពលករអះអាងថា ការធ្វើពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតផង និងចង់ទាមទារឱ្យរបបក្រុងភ្នំពេញរកយុត្តិធម៌ជូនដល់អ្នកស្លាប់ផ្សេងៗ ផង។
ពលករម្នាក់ធ្វើការនៅខេត្តប៉ាក់ថុមថានី (Phathomthani) លោក ជីម ផាត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៤ កក្កដាថា ទីកន្លែងដែលពួកគាត់ធ្វើបុណ្យ នៅទីក្រុងប៉ាតាយ៉ា (Pattaya) ខេត្តឈុនបុរី (Chhunbori) មានពលករខ្មែរប្រមាណ ៣០០នាក់ចូលរួម។ លោកបន្តថា ការរៀបចំកម្មវិធីបុណ្យនេះឡើយ ដោយសារពួកលោកគោរពស្រឡាញ់វីរភាពរបស់លោកបណ្ឌិត ដែលហ៊ាននិយាយការពិត រិះគន់រដ្ឋាភិបាលលោកហ៊ុន សែន និងចែករំលែកឱ្យសាធារណជនបានយល់ដឹងអំពីរឿងពិតនៅក្នុងសង្គម។ លោកបន្តថា លោកសោកស្ដាយយ៉ាងខ្លាំងដែលបាត់បង់លោកបណ្ឌិត និងសូមឱ្យវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភព៖ «ខ្ញុំទាំងអស់គ្នាជាពលករបានផ្ដើមគំនិតព្រោះវីរភាពបណ្ឌិត កែម ឡី មិនអាចអ្នកណាមួយបំភ្លេចបានទេ ជាពិសេសអ្នកនិយមបណ្ឌិតទោះបីប្រទេសក៏ដោយតែងតែប្រារព្ធធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ ព្រោះការរកយុត្តិធម៌ជូនបណ្ឌិតកែម ឡី គឺមិនទាន់មាន។ ពិធីនេះយើងបាននិយមព្រះសង្ឃចំនួន១៧អង្គសូត្រមន្ត តាមប្រពៃណីព្រះពុទ្ធសាសនា»។
ចំណែកពលករម្នាក់ទៀតលោក សាន សំបូរ ថ្លែងថា ពួកលោកមានគ្នាជិត ១០នាក់ធ្វើការរោងចក្រនៅខេត្តសាមុទ្រសាខន (Samuthsakorn) ក្បែរទីក្រុងបាងកក បានធ្វើដំណើរពីកន្លែងធ្វើការ តាំងពីថ្ងៃទី១៣ កក្កដា ដើម្បីចូលរួមបុណ្យបណ្ឌិត កែម ឡី នៅទីក្រុងប៉ាតាយ៉ា។ លោកបន្តថា ពួកលោកសប្បាយចិត្តនៅពេលបានចូលរួមធ្វើបុណ្យនេះ ព្រោះយល់ថា កុសលផលបុណ្យដែលពួកគាត់បានធ្វើនេះ នឹងបានទៅដល់វិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ជាក់ជាមិនខាន៖ «ព្រោះគាត់ជាធនធានមនុស្សល្អនៅសង្គមយើង ហើយខ្ញុំជាពលករចង់ឱ្យមានបណ្ឌិតបែបនេះឱ្យច្រើននៅកម្ពុជា។ រឿងនេះខ្ញុំគិតថា ឃាតកជួបសម្លាប់ជាឃាតកក្លែងក្លាយទេ ហើយខ្ញុំចង់ឱ្យរដ្ឋាភិបាលស៊ើបអង្កេត រកឃាតកពិតប្រាកដ ព្រោះខ្ញុំមិនត្រូវការឃាតកក្លែងក្លាយបែបនេះ ចង់បានឃាតកពិតប្រាកដ ថាតើអ្នកណានៅបញ្ជាពីក្រោយខ្នង»។
ពលករខ្មែរបានរៀបចំពិធីបុណ្យនេះចំនួន ៣កន្លែងខុសៗគ្នាក្នុងថ្ងៃតែមួយ ដោយមានអ្នកចូលរួមសរុបប្រមាណ ៨០០នាក់។
មន្ត្រីសម្របសម្រួលគណបក្សសង្គ្រោះជាតិប្រចាំទីក្រុងបាងកកលោក ម៉ោញ សារ៉ាត់ មានប្រសាសន៍ថា ពលករធ្វើបុណ្យគម្រប់ខួប ៣ឆ្នាំ បណ្ឌិត កែម ឡី ដោយស្ម័គ្រចិត្ត រួមមានធ្វើនៅទីក្រុងបាងកក ទីក្រុងប៉ាតាយ៉ា និងខេត្តត្រាត (Trat)។ លោកបន្តថា គោលបំណង ដើម្បីឧទ្ទិសកុសលទៅដល់ដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងជួបជុំគ្នាដើម្បីពញ្ញាក់ស្មារតីដល់ក្រុមយុវជនឱ្យជួយតាមដាននិងស្វែងរកឃាតកពិត មកផ្ដន្ទាទោសតាមច្បាប់៖ «យើងចង់ឆ្លៀតយកឱកាសដែលយើងបានធ្វើបុណ្យរួមគ្នាជួបជុំដើម្បីពង្រឹងស្មារតីតស៊ូទៅមុខទៀត ដើម្បីឈានទៅរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី និងអ្នកដែលបានពលី ជីវិតក្នុងបុព្វហេតុប្រជាធិបតេយ្យជាច្រើននាក់ទៀត»។
លោកបន្ថែមថា ពិធីបុណ្យនេះធ្វើឡើងក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចថៃនៅគ្រប់ទីកន្លែង ប៉ុន្តែមិនបានហាមឃាត់ ឬរំខានដល់ការធ្វើបុណ្យរបស់ក្រុមពលករនោះទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយលោក កែម ឡី នៅតែស្ថិតក្នុងបេះដូងខ្មែរអ្នកគាំទ្ររូបលោកជានិច្ច ទោះជាលោកបានលាចាកលោកនេះ អស់រយៈពេលជាងបីឆ្នាំទៅហើយក្ដី។ កាលនៅមានជីវិត លោកតែងតែជំរុញឱ្យមហាជនទូទៅធ្វើបដិវត្តន៍ផ្នត់គំនិតហ៊ាននិយាយការពិត។
ក្រុមពលករខ្មែរនៅប្រទេសថៃអះអាងថា ពួកគាត់នឹងរួមគ្នាធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅឆ្នាំក្រោយទៀត ហើយនិងតាមដានការស្វែងរកយុត្តិធម៌ជូនរូបលោកជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។