មុខមាត់បុគ្គលដែល​ជួយ​អ្នក​មាន​អំណាច​ខ្មែរ​ឲ្យ​លួច​លុយ​ជាតិ

អស់រយៈពេល៣០ឆ្នាំមកហើយ ដែលម្ចាស់ជំនួយអន្តរជាតិ​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។ អស់​រយៈ​ពេល ៣០ឆ្នាំ​មក​ហើយ​ដូច​គ្នា ដែល​មេ​ឈ្មួញ​អន្តរជាតិ​បាន​ឃុបឃិត​គ្នា​ជួយ​បង្វិល​លុយ​ខុស​ច្បាប់ចេញ​ពី​ប្រទេស​កម្ពុជា ឲ្យ​អ្នក​មាន​អំណាច​ខ្មែរ​យក​ទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​វិញ។

នៅខែសីហា ឆ្នាំ១៩៩០ មួយឆ្នាំមុនពេលលោកចូលកាន់តំណែង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ឆាលស៍ ត្វាយនីង (Charles Twining) បាន​សរសេរ​រៀបរាប់​ថា «របប​ក្រុងភ្នំពេញ​កំពុង​កសាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​ខាង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​គួរ​ឲ្យ​កត់​សម្គាល់»។ បី​ទសវត្សរ៍​ក្រោយ​មក​ទៀត ប្រទេស​នេះ​នៅ​តែ​មាន​នាយក​រដ្ឋមន្ត្រី​ជា​មនុស្ស​ដដែល គឺ​លោក ហ៊ុន សែន។ រដ្ឋាភិបាលរបស់​លោក ក៏​នៅ​តែ​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ខាង​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ដដែល។ អ្វី​ដែល​ជា​រឿង​មិន​ប្រែប្រួល​មួយ​ទៀត​នោះ គឺ​ក្នុង​រយៈ​ពេល ៣០ឆ្នាំ​ចុង​ក្រោយ​នេះ ទំនង​ដូច​ជា​មាន​ចេតនា​ពី​ក្នុង​ចំណោមស្ថាប័ន​ធនាគារ ក្រុម​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ និង​អ្នក​ពិគ្រោះ​យោបល់​នៅ​ក្រៅ​ប្រទេស ជួយ​បុគ្គល​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ស្អិត​ល្មួត​ផ្នែក​នយោបាយ អាច​ឲ្យ​ពួក​គេ​យក​ទ្រព្យ​សម្បត្តិ និង​លុយទៅ​លាក់​ទុក​នៅ​ក្រៅ​ប្រទេស​បាន​យ៉ាង​មាន​សុវត្ថិភាព។

នារយៈពេលប៉ុន្មានខែថ្មីៗនេះ របាយការណ៍ស៊ើបអង្កេតរបស់អាស៊ីសេរី ដែលពិនិត្យមើលលើការកាន់កាប់អចលនទ្រព្យនៅឯក្រៅប្រទេសរបស់ពួកអ្នកមានអំណាចនៅកម្ពុជា បានរកឃើញទ្រព្យសម្បត្តិលាក់ទុកនៅក្រៅប្រទេសរបស់ពួកគេ ក្នុងតម្លៃសរុប ៣០លានដុល្លារ។ របាយការណ៍ស៊ើបអង្កេតរបស់អាស៊ីសេរីនាពេលខាងមុខ នឹងលាតត្រដាងថា ទ្រព្យសម្បត្តិនៅក្រៅប្រទេសរបស់ពួកអ្នកមានអំណាចខ្មែរ អាចមានតម្លៃលើសពី ១០០លាន​ដុល្លារ​ទៅ​ទៀត។

តួលេខទាំងនេះ ប្រៀបបាននឹងម្ចុលក្នុងមហាសាគរ ដ្បិតវាគ្រាន់តែជាចំណែកតូចមួយនៃទ្រព្យ​សម្បត្តិ​មហាសាល​របស់​ពួក​អ្នក​មាន​អំណាច​ខ្មែរ ដែល​ពួក​គេ​បាន​យក​ទៅ​លាក់​ទុក​ដោយ​ខុស​ច្បាប់​ក្នុងមួយ​ឆ្នាំៗ។ បើ​យោង​តាម​ការ​វិភាគ​របស់​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ឈ្មោះ សុចរិតភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៦ តែ​មួយ​ឆ្នាំ យ៉ាង​ហោច​ណាស់ ទឹក​ប្រាក់​ចំនួន ១,៨ពាន់លាន​ដុល្លារ ត្រូវ​បាន​គេ​សម្អាត​ចេញ​ពី​ប្រទេស​កម្ពុជា។

រឿងរ៉ាវអស់ទាំងនេះ មិនមែនកើតមានឡើងតែនៅប្រទេសកម្ពុជាទេ។ ស្ថាប័ន​ស្រាវជ្រាវ​សុចរិតភាព​ហិរញ្ញវត្ថុ​សាកល​ដដែល ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភព​លោក បាន​បាត់បង់​អស់​លុយ​ជាង ៨០០កោដិ​ដុល្លារ គ្រាន់​តែ​ក្នុង​ឆ្នាំ២០១៧ តែ​មួយ។ ភាព​សាំញ៉ាំ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកល បាន​បង្កើត​ឲ្យ​មាន​ជា​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​សាច់​ប្រាក់​ឆ្លង​ដែន​អន្តរជាតិ ឲ្យ​អាច​ប្រព្រឹត្តិ​ទៅ​បានយ៉ាង​រលូន​ដោយ​គ្មាន​ការ​ចាប់​អារម្មណ៍។ ដរាប​ណា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកល​នេះ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ នោះ​ឧក្រិដ្ឋជន​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​រាជការ នឹង​នៅ​តែ​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នេះ បាន​ជា​ដដែល។

ពីភ្នំពេញទៅក្រុងប៉ាណាម៉ា (Panama City)

ឈ្មោះបុគ្គលមួយចំនួនដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងអំណាចនយោបាយ និងការធ្វើជំនួញពាណិជ្ជកម្មក្នុងទសវត្សរ៍១៩៩០ នៅភ្នំពេញ គឺរួមមានដូចជា លោក ថេង ប៊ុនម៉ា ជាដើម។ នៅពេលដែលលោក ហ៊ុន សែន បានរៀបចំធ្វើរដ្ឋប្រហារបង្ហូរឈាមមួយនៅដើមខែកក្កដា ឆ្នាំ១៩៩៧ ប្រឆាំងនឹងក្រុមរាជានិយមដែលជាសម្ព័ន្ធភាពរបស់លោកក្នុង រដ្ឋាភិបាលចម្រុះ លោក ថេង ប៊ុនម៉ា ដំបូងឡើយបានសារភាព តែក្រោយមកបានបដិសេដ៏ថា លោកបានជួយចេញលុយជាង ១លានដុល្លារ សម្រាប់ការចាយវាយនានាក្នុងពេលធ្វើរដ្ឋប្រហារបង្ហូរឈាមនោះ។ អ្នកសង្កេតការណ៍ជាច្រើន មើលឃើញថា ទឹកប្រាក់នោះ ជាការតបស្នងទៅនឹងរបបមួយ ដែលបានជួយកាងអាជីវកម្មដ៏កាក់កប ឲ្យលោកអាចជៀសផុតពីសំណាញ់ច្បាប់បាន។ លោក ថេង ប៊ុនម៉ា ជាមេឈ្មួញនាំចូល និងនាំចេញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់នានាដ៏ធំនៅកម្ពុជា។ តែបើយោងតាមក្រសួងការបរទេសអាមេរិក លោកគឺជាមេឈ្មួញជួញដូរគ្រឿងញៀនម្នាក់។ លោកបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់នេះ។

ធ្លាប់ជាមហាសេដ្ឋីមានជាងគេបង្អស់មួយរូបនៅកម្ពុជា លោក ថេង ប៊ុនម៉ា ថតនៅឯពិព័រណ៌ពាណិជ្ជកម្មមួយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៩៥ នៅក្រុងតាខ្មៅ ខាងត្បូងក្រុងភ្នំពេញ។ មហាសេដ្ឋីរូបនេះ ត្រូវគេរាយការណ៍ថា ជាអ្នកជួយចេញលុយការធ្វើរដ្ឋប្រហារបង្ហូរឈាមមួយកាលពីឆ្នាំ១៩៩៧ ដែលបានបណ្តេញសហនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ចេញពីតំណែង។ (រូបថត៖ AP/Ou Neakiry)
ធ្លាប់ជាមហាសេដ្ឋីមានជាងគេបង្អស់មួយរូបនៅកម្ពុជា លោក ថេង ប៊ុនម៉ា ថតនៅឯពិព័រណ៌ពាណិជ្ជកម្មមួយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩៩៥ នៅក្រុងតាខ្មៅ ខាងត្បូងក្រុងភ្នំពេញ។ មហាសេដ្ឋីរូបនេះ ត្រូវគេរាយការណ៍ថា ជាអ្នកជួយចេញលុយការធ្វើរដ្ឋប្រហារបង្ហូរឈាមមួយកាលពីឆ្នាំ១៩៩៧ ដែលបានបណ្តេញសហនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ចេញពីតំណែង។ (រូបថត៖ AP/Ou Neakiry) (AP)

ដោយបានចំណាយពេលវេលាភាគច្រើននៃជីវិតរបស់លោករស់នៅលើទឹកដីប្រទេសថៃ មិនខុសពីឧកញ៉ាគ្រាក់ៗជាច្រើនរូបទៀតរបស់កម្ពុជាកាលពីសម័យនោះដែរ លោក ថេង ប៊ុនម៉ា បានផ្តើមបង្កើតឲ្យមានអំពើស៊ុំគ្រលុំត្រូវរ៉ូវគ្នាក្រៅផ្លូវការជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាលនៃប្រទេសនេះ កាលពីអំឡុងទសវត្សរ៍១៩៨០ មុនពេលដែលសេដ្ឋកិច្ចប្រទេសនេះបានបើកចំហរ ប្តូរទៅរកប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរីជាផ្លូវការ។ កាលនោះ មានការដឹងឮជាទូទៅរួចទៅហើយដែលថា ភាពជោគជ័យខាងមុខជំនួញពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា អាចកើតមានឡើងទៅបាន លុះត្រាណាតែមានការគាំទ្រផ្នែកនយោបាយ ដែលកើតចេញមក ពីអំណាចទឹកប្រាក់។

អនុស្សារណៈផ្ទៃក្នុងឆ្នាំ១៩៩៤ របស់ក្រុមហ៊ុនផលិតថ្នាំជក់អន្តរជាតិ British American Tobacco បានសង្កត់ធ្ងន់អំពី «សារសំខាន់នៃទំនាក់ទំនងជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាល និងមន្ត្រីថ្នាក់ខេត្ត» ដើម្បីអាចធ្វើអាជីវកម្មនៅកម្ពុជាបាន។ អនុស្សារណៈដដែលនេះ បានក្រើនរំលឹកដែរថា «ច្បាស់ណាស់ថា វាជាស្ថានភាពមួយដែល «អ្នកត្រូវបង់លុយទៅឲ្យក្រុមអ្នកនយោបាយ ហើយទទួលបានមកវិញនូវជម្រើសដែលថា តើអ្នកដែលមាន «ឥទ្ធិពល» នៅថ្ងៃនេះ នឹងនៅតែមានមុខតំណែងដដែលនៅថ្ងៃស្អែកដែរឬទេ»។

អ្វីដែលជាការពិតក្នុងឆ្នាំ១៩៩៤នោះ គឺរឹតតែនៅតែជាការពិតដដែលកាលពី ៥ឆ្នាំមុននោះ។ ប៉ុន្តែ កំណត់ត្រាក្រុមហ៊ុនដែលអាស៊ីសេរីទទួលបានបង្ហាញថា ការអនុវត្តបែបនេះ មិនបានរារាំងក្រុមមេធាវីនៅហុងកុង ដែលកាលនោះស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេសនៅឡើយ ពីការជួយលោក ថេង ប៊ុនម៉ា ឲ្យអាចចុះបញ្ជី និងគ្រប់គ្រងក្រុមហ៊ុនមួយចំនួននៅប្រទេសប៉ាណាម៉ា នៅឆ្នាំ១៩៨៩ ដើម្បីគ្រប់គ្រងជំនួញពាណិជ្ជកម្មរបស់លោកបានឡើយ។ ទន្ទឹមគ្នានេះដែរ នៅឯប្រទេសប៉ាណាម៉ា លោក ថេង ប៊ុនម៉ា បានជួលមេធាវីសាជីវកម្មម្នាក់ ដែលមេធាវីរូបនោះក៏ឈរឈ្មោះធ្វើជាមេធាវីឲ្យបងប្អូនប្រុសរួមឪពុកបង្កើតរបស់មេភេរវករឈ្មោះ អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ដែរ។

លិខិតឆ្លងដែនដើម្បីសេរីភាព

មួយទសវត្សរ៍ក្រោយមកទៀត ក្នុងឆ្នាំ១៩៩៩ លោក ថេង ប៊ុនម៉ា បានជួបប្រទះបញ្ហា​ជាមួយ​អាជ្ញាធរ​នៅ​ទីក្រុង​ហុងកុង ដែល​អាជីវកម្ម​ជា​ច្រើន​របស់​លោក​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទី​នោះ។ កាល​នោះ រដ្ឋអាជ្ញា​ហុងកុង បាន​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​ធ្វើ​សេចក្តីថ្លែងការណ៍​ភូត​កុហក់​ទៅ​កាន់​មន្រ្តីអន្តោរប្រវេសន៍។ អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​គឺ រដ្ឋអាជ្ញា​ហុងកុង បាន​បង្ខំ​ចិត្ត​ទម្លាក់​ការ​ចោទ​ប្រកាន់ប្រឆាំង​នឹង​លោក ថេង ប៊ុនម៉ា ទៅ​វិញ នៅ​ពេល​ដែល​ឧកញ៉ា​រូប​នេះ អះអាង​ថា លោក​មាន​អភ័យ​ឯកសិទ្ធិ​ដោយ​សារតែ​លោក​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​កម្ពុជា។

លិខិតឆ្លងដែនការទូតកម្ពុជា
លិខិតឆ្លងដែនការទូតកម្ពុជា

លោក ហោ ណាំហុង ដែលកាលនោះជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងប្រាប់គណៈកម្មាធិការរដ្ឋសភានៅឆ្នាំបន្ទាប់ថា មានតែ ១០ ភាគរយក្នុងចំណោមអ្នកកាន់លិខិតឆ្លងដែនការទូតរបស់ប្រទេសកម្ពុជាសរុបចំនួន ៤ពាន់នាក់ប៉ុណ្ណោះ គឺជាអ្នកការទូតពិតប្រាកដ។ មនុស្សក្រៅពីនេះ ទទួលបានលិខិតឆ្លងដែនការទូត ដោយសារតែមានទំនាក់ទំនងផ្នែកនយោបាយ។ មនុស្សភាគច្រើន ប្រើប្រាស់លិខិតឆ្លងដែនប្រភេទនេះ ដើម្បីអាចឲ្យពួកគេរួចផុតពីតម្រូវការទិដ្ឋការដ៏ពិបាក ដែលជារឿយៗពលរដ្ឋកម្ពុជាសាមញ្ញគ្រប់រូបត្រូវបំពេញតាម។ ប៉ុន្តែសម្រាប់មនុស្សភាគតិចនៃពួកអ្នកមានអំណាចខ្មែរ បានប្រើប្រាស់លិខិតឆ្លងដែនប្រភេទនេះ ដូចជាកាតរួចចេញពីគុគ ដែលអនុញ្ញាតឲ្យពួកគេអាចដើរហើរបានដោយសេរី។

២០ឆ្នាំក្រោយមក លិខិតឆ្លងដែនការទូតរបស់កម្ពុជា បានបាត់បង់នូវអត្ថប្រយោជន៍ចាំបាច់ ភាគច្រើន ហើយនិន្នាការនៃការចង់បានលិខិតឆ្លងដែនការទូតនេះ បានដើរបញ្ច្រាស់ទៅវិញ។ សព្វថ្ងៃ ឯកសារធ្វើដំណើរ សម្រាប់អ្នកមានលុយក្រាស់ក្រែលរស់នៅទីក្រុងភ្នំពេញ ដែលពួកគេត្រូវមាននោះ គឺជាលិខិតឆ្លងដែនទី២ ដែលអនុញ្ញាតឲ្យអ្នកកាន់វា អាចចេញចូលទៅកាន់សហភាពអឺរ៉ុបបានដោយមិនចាំបាច់មានទិដ្ឋាការ។

ក្នុងរយៈពេលជាង២៥ឆ្នាំនៃសតវត្សរ៍ទី២១នេះ អ្វីដែលគេនិយមហៅថា «សញ្ជាតិពិភពលោក» ដែលជាការអនុវត្តន៍ដ៏ចម្រូងចម្រាសរបស់ប្រទេសមួយចំនួន ផ្តល់លិខិតឆ្លងដែនដល់ជនបរទេសដែលមានទ្រព្យសម្បតិ្ត ជាថ្នូរនឹងការវិនិយោគរបស់ពួកគេទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ បានរីកដុះដាលឡើងក្លាយជាឧស្សាហកម្មតម្លៃ ២៥ កោដិដុល្លារក្នុងមួយឆ្នាំៗ។

នៅឆ្នាំ២០១៨ អ្នកត្រួសត្រាយឧស្សាហកម្មនេះម្នាក់ឲ្យក្រុមហ៊ុនពិគ្រោះយោបល់របស់ ប្រទេសស្វីស ឈ្មោះ Henley & Partners បានរៀបចំសិក្ខាសាលាមួយនៅសណ្ឋាគារសូហ្វីតែល ក្នុងទីក្រុងភ្នំពេញ ដែលមានតម្លៃ ២៣០ដុល្លារសម្រាប់ការស្នាក់នៅមួយយប់។ បន្ទាប់ពីថ្លែងសុន្ទរកថាបើកដោយមន្ត្រីតំណាងក្រសួងពាណិជ្ជកម្មកម្ពុជារួចមក តំណាងក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners បានបញ្ចុះបញ្ចូលពួកអ្នកមានទ្រព្យសម្បត្តិជនជាតិខ្មែរទាំងនោះ និងភ្នាក់ងារអាជីវកម្មរបស់ពួកគេ អំពីលទ្ធភាពទិញលិខិតឆ្លងដែន ក្រោមរូបភាពជាការវិនិយោគ ពីរដ្ឋបរទេសចំនួន៦ នៅតំបន់សមុទ្រការ៉ាប៊ីន (Caribbean) ប្រទេសតូចៗចំនួនពីរនៅអឺរ៉ុបខាងកើត និងរដ្ឋជាដែនដីកោះចំនួនពីរ នៅសមុទ្រមេឌីទែរ៉ាណេ។

យោងតាមប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners លោក ផេតឌី ប៊្លូវឺរ (Paddy Blewer) មានមូលហេតុចម្បងៗពីរ ដែលធ្វើឱ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីប្រទេសមួយដូចជាកម្ពុជាជាដើម អាចនឹងត្រូវការលិខិតឆ្លងដែនទី២។ មូលហេតុទីមួយនោះគឺ ដើម្បីរួចផុតពីការរឹតត្បិតទិដ្ឋាការ ដូចគ្នាដែលក្រុមអ្នកកាន់លិខិតឆ្លងដែនការទូតកម្ពុជា បានព្យាយាមគេចវេះកាលពី ២០ឆ្នាំមុនដែរ។ លោក ប៊្លូវឺរ មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយថា «ភាគច្រើននៃវិនិយោគិនលើកម្មវិធីវិនិយោគទទួលបានសញ្ជាតិ និងកម្មវិធីវិនិយោគទទួលបានសិទ្ធិស្នាក់នៅ មិនចាប់អារម្មណ៍ចំពោះការធ្វើអន្តោរប្រវេសន៍នោះទេ។ លោកបន្តថា វាជារឿងដែលថា ពួកអ្នកមានទាំងនោះចង់ទៅកន្លែងណាដែលពួកគេចង់ទៅ នៅពេលវេលាណាដែលពួកគេទៅ ហើយពួកគេអាចយកក្រុមគ្រួសាររបស់ពួកគេទៅជាមួយពួកគេបាន។

គេហទំព័រក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners
គេហទំព័រក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners (Screen capture of the Henley & Partners' website.)

លោកកត់សម្គាល់ថា សម្រាប់មនុស្សភាគច្រើនដែលមានលទ្ធភាពអាចវិនិយោគកម្មវិធីទាំងនេះបាន ស្ទើរតែប្រាកដណាស់ថា ភាគហ៊ុននៃទ្រព្យសម្បត្តិរបស់ពួកគេ បើមិនមាននៅក្នុងប្រទេសរបស់ពួកគេនោះទេ គឺមាននៅប្រចាំតំបន់… ដូច្នេះពួកគេមិនចាំបាច់ចាកចេញពីស្រុកកំណើតរបស់ពួកគេទេ។ លោកថា ពួកគេគ្រាន់តែចាកចេញតែនៅពេលណាដែលពួកគេត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ពួកគេតែប៉ុណ្ណោះ។

សម្រាប់អ្នកខ្លះទៀត លោក ប៊្លូវឺរ និយាយថា លិខិតឆ្លងដែនទី២ ដើរតួជា «ផលិតផលធានារ៉ាប់រង»។ លោកមានប្រសាសន៍ថា «ប្រសិនបើអ្នកមកពីប្រទេសមួយនៃពិភពលោក ដែលមានភាពប្រែប្រួលឥតឈប់ឈរខាងផ្នែកនយោបាយ បរិស្ថាន ឬហិរញ្ញវត្ថុ នោះអ្នកប្រហែលជាចង់ចាកចេញពីទីនោះយ៉ាងឆាប់រហ័ស»។

នេះទំនងជាការជម្រុញចិត្តមួយដល់ពលរដ្ឋកម្ពុជាជាច្រើន ដែលចង់ក្លាយខ្លួនជាអ្នកមាន «សញ្ជាតិពិភពលោក»។ នៅពេលដែលរបាយការណ៍ស៊ើបអង្កេតមួយរបស់ភ្នាក់ងារព័ត៌មានអង់គ្លេស រ៉យទ័រ (Reuters) បានលាតត្រដាងកាលពីខែតុលា ឆ្នាំទៅថា បុគ្គលពាក់ព័ន្ធនយោបាយកម្ពុជាចំនួន៨នាក់ បានទទួលលិខិតឆ្លងដែនប្រទេសស៊ីប ដោយសារការវិនិយោគ ប្រភពពីមន្ត្រីមួយរូបក្នុងជួររដ្ឋាភិបាលក្រុងភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា « ពួកអ្នកមានអំណាចខ្មែរគ្រប់រូបនៅកម្ពុជា កំពុងរៀបចំផែនការស្ងាត់ៗលួចរត់ទៅនៅបរទេស»។

តាំងពីពេលនោះមក រដ្ឋាភិបាលប្រទេសស៊ីប បានប្រកាសពីចេតនាដកហូតលិខិតឆ្លងដែនប្រទេសស៊ីប ពីបុគ្គលកម្ពុជាទាំង៨នាក់នោះមកវិញ។ លោក ប៊្លូវឺរ ទទូចថា ក្រុមហ៊ុនរបស់លោកមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលរបាយការណ៍របស់ភ្នាក់ងារព័ត៌មាន រ៉យទ័រ បានលាតត្រដាងនោះទេ។ លោកសង្កត់ធ្ងន់ថា ក្នុងពេលដែលក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners បានជួយពួកអ្នកមានខ្មែរឲ្យទទួលបានសញ្ជាតិទី២នោះ គ្មាននរណាម្នាក់នៃពួកអ្នកមានខ្មែរទាំងនោះ ត្រូវគេស្គាល់ថាជា «បុគ្គលពាក់ព័ន្ធនយោបាយ» ឡើយ។

បុគ្គលពាក់ព័ន្ធនយោបាយ គឺជាស្ថានភាពមួយកំណត់ដោយក្រុមអ្នកអនុវត្តច្បាប់ និងអ្នកជំនាញអំពីអនុលោមភាពរបស់សាជីវកម្ម ពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់បុគ្គល ដែលជាអ្នកកាន់កាប់មុខតំណែងសាធារណៈជាន់ខ្ពស់ ឬជាសាច់ញាតិជិតស្និទ្ធរបស់បុគ្គលដែលបំពេញការងារនោះ។ នៅក្នុងដែនយុត្តាធិការនៃប្រទេសភាគច្រើន អ្នកជំនាញ និងបុគ្គលនានា ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ មានកាតព្វកិច្ចបង្កើនការស៊ើបអង្កេតដោយហ្មត់ចត់ (Due Diligence) មុននឹងអនុញ្ញាតឲ្យទូទាត់សាច់ប្រាក់ជាមួយបុគ្គលពាក់ព័ន្ធនយោបាយទាំងនោះ។

ជាការពិត ក្នុងពេលដែលក្រុមហ៊ុនពិគ្រោះយោបល់ Henley & Partners ធ្វើការស៊ើបអង្កេតទៅលើអតិថិជនរបស់ខ្លួនទាំងអស់ មិនមែនមានន័យថា រាល់ឈ្មួញកណ្តាលឲ្យការទិញលក់សញ្ជាតិទាំងអស់ ដឹងឮអំពីប្រភពលុយដែលអតិថិជនរបស់ពួកគេបានមកពីណានោះទេ នេះបើយោងតាមលោក ប៊្លូវឺរ ដែលនិយាយថា ឧស្សាហកម្មនេះ បច្ចុប្បន្នមិនទាន់មានបទប្បញ្ញត្តិគ្រប់គ្រងគ្រប់គ្រាន់នៅឡើយទេ។

លោកមានប្រសាសន៍ថា «គ្មានបទប្បញ្ញត្តិណាមួយ ដែលចែងថា អ្នកត្រូវតែត្រួតពិនិត្យលើបុគ្គលដែលអ្នកកំពុងធ្វើការទូទាត់ប្រាក់ជាមួយនោះទេ។ ដូចដែលដៃគូរប្រកួតប្រជែងមួយចំនួនរបស់យើងធ្វើដែរ យើងគ្រាន់តែទទួលលុយពីបុគ្គលនោះតែប៉ុណ្ណោះ។» លោកបន្តថា «ដោយសារកង្វះបទប្បញ្ញត្តិជាសាកល ឬសូម្បីតែបទប្បញ្ញត្តិក្នុងប្រទេសនេះហើយ ដែលការទទួលខុសត្រូវក្នុងការស៊ើបអង្កេតដោយហ្មត់ចត់ ពាក់ព័ន្ធនឹងកម្មវិធីវិនិយោគទទួលបានសញ្ជាតិ និងកម្មវិធីវិនិយោគទទួលបានសិទ្ធិស្នាក់នៅ ត្រូវធ្វើឡើងដោយរដ្ឋអធិបតេយ្យដែលជាអ្នកអនុវត្តកម្មវិធីទាំងនេះ។

ផ្តល់សេវាកម្មធនាគារឲ្យពួកអ្នកមានអំណាចខ្មែរ

ស្នងការនគរបាលជាតិ លោក នេត សាវឿន និងប្រពន្ធរបស់លោក គឺអ្នកស្រី ហ៊ុន គឹមឡេង ដែលត្រូវជាក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន សុទ្ធសឹងតែជាបុគ្គលលេចធ្លោជាងគេដែលភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានលាតត្រដាង។ នៅដើមឆ្នាំនេះ អាស៊ីសេរី បានលាតត្រដាងជាបន្តបន្ទាប់ថា អ្នកស្រី ហ៊ុន គឹមឡេង បានទិញអចលនទ្រព្យនៅប្រទេសស៊ីប ក្នុងតម្លៃ ២លាន៥សែនអឺរ៉ូ

កាលពី១០ឆ្នាំមុន មួយថ្ងៃក្រោយថ្ងៃខួបកំណើតគម្រប់ ៥០ឆ្នាំរបស់ប្តីអ្នកស្រី អ្នកស្រី ហ៊ុន គឹមឡេង បានទិញផ្ទះល្វែងប្រណីតមួយ ក្នុងតម្លៃ ១,៩៥លានផោន (ឬ ២,៤លានដុល្លារ) ស្ថិតនៅតំបន់ ឃែនស៊ីនថុន (Kensington) នៅទីក្រុងឡុងដ៏ ក្នុងប្លុកដែលផ្ទះមានតម្លៃថ្លៃជាងគេបំផុតទី៥ នៅចក្រភពអង់គ្លេស។ ប្លង់អចលនទ្រព្យក្នុងកំណត់ត្រារបស់សុរិយោដីចក្រភពអង់គ្លេស បង្ហាញថា ការទិញដូរនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីទិញផ្ទះពីធនាគារមួយឈ្មោះ United Overseas Bank របស់ប្រទេសសិង្ហបុរី។

ប្លង់កម្មសិទ្ធិអចលទ្រព្យផ្ទះល្វែងប្រណីតរបស់អ្នកស្រី ហ៊ុន គឹមឡេង នៅក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស។
ប្លង់កម្មសិទ្ធិអចលទ្រព្យផ្ទះល្វែងប្រណីតរបស់អ្នកស្រី ហ៊ុន គឹមឡេង នៅក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស។

ធនាគារនេះ មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយម្តងហើយម្តងទៀត ដើម្បីចង់ដឹងថាតើប្រាក់កម្ចីទិញផ្ទះផ្តល់ឲ្យដោយធនាគារនេះ ដល់ប្រពន្ធរបស់មេប៉ូលីសជាន់ខ្ពស់នៃសែស្រលាយអ្នកលួចជាតិនៅកម្ពុជានេះ មានទំហំប៉ុណ្ណា ទើបរួចផុតពីការស៊ើបអង្កេតដោយហ្មត់ចត់នោះទេ។ នៅឆ្នាំ២០១៧ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (Monetary Authority of Singapore) បានពិន័យប្រាក់ជិតកន្លះលានដុល្លារពីធនាគារ UOB នេះ ដោយសារតែធនាគារមួយនេះ ខកខានមិនបានគោរពតាមបទប្បញ្ញត្តិប្រឆាំងនឹងអំពើលាងលុយកខ្វក់។

ជាប់ឈ្មោះជាប្រទេសលាងលុយកខ្វក់

ប្រទេសកម្ពុជាខ្លួនឯង បច្ចុប្បន្ន កំពុងតែរងសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ឲ្យកែលម្អស្ថានភាព ពាក់ព័ន្ធនឹងការប្រឆាំងអំពើសម្អាតប្រាក់ ឬលាងលុយកខ្វក់។ នៅខែឧសភា គណៈកម្មាធិការអឺរ៉ុបដែលជាសេនាធិការប្រតិបត្តិរបស់សហភាពអឺរ៉ុប បានដាក់បញ្ចូលឈ្មោះប្រទេសកម្ពុជា រួមជាមួយបណ្តាប្រទេសចំនួន១៩ ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ ដែលមានកង្វះខាតជាយុទ្ធសាស្ត្រប្រឆាំងនឹងបញ្ហានេះ។ បញ្ជីខ្មៅនេះ បានដាក់ប្រទេសកម្ពុជាឲ្យឈរនៅជាប់ជាមួយប្រទេសបាហាម៉ាស (Bahamas) ដែលជាឋានសួគ៌របស់ឧក្រិដ្ឋជនអន្តរជាតិ និងប្រទេសប៉ាណាម៉ា (Panama) ជាយុត្តាធិការដែលលោក ថេង ប៊ុនម៉ា ចូលចិត្តរកស៊ីជាមួយ ព្រមទាំងរដ្ឋដួលរលំមួយចំនួន ដូចជាយេម៉ែន (Yemen) និងស៊ីរី (Syria) ជាដើម។

គេហទំព័រស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក FATF បង្ហាញអំពីរបាយការណ៍តាមដានបន្តស្តីពីការវាយតម្លៃការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។
គេហទំព័រស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក FATF បង្ហាញអំពីរបាយការណ៍តាមដានបន្តស្តីពីការវាយតម្លៃការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។ (Screen capture of FATF website)

គណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន កាលពីពាក់កណ្តាលខែឧសភា បានអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ ដើម្បីពង្រឹងក្របខណ្ឌច្បាប់នៅប្រទេសកម្ពុជា ប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទាក់ទងនឹងការរីកសាយភាយអាវុធមហាប្រល័យ។ ខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់ទាំងពីរនេះ មិនត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះទេ ប៉ុន្តែ បើយោងតាមរដ្ឋាភិបាល ច្បាប់ទាំងពីរនេះនឹងបង្កើនការផាកពិន័យចំពោះជនប្រព្រឹត្តិអំពើលាងលុយកខ្វក់ និងដាក់ចេញនូវវិធានការណ៍តឹងរឹងបន្ថែមទៀត ជុំវិញការបង្កក និងការរឹបអូសទ្រព្យសម្បត្តិ ព្រមទាំងតម្រូវឲ្យមានវិធានការត្រួតពិនិត្យ ឬស្គាល់អតិថិជនធនាគារបន្ថែមទៀត។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ស្ថាប័នក្រុមការងារចំណាត់ការហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់។ ប្រទេសកម្ពុជា ចាំបាច់ត្រូវអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ ឲ្យរួចរាល់នៅត្រឹមដំណាច់ខែកញ្ញា ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវ ដាក់ចេញដោយផែនការសកម្មភាពរបស់ស្ថាប័ន FATF នេះ។ សេចក្តីព្រាងច្បាប់ទាំងពីរនេះ ត្រូវបានសភាឯកបក្សនៃរបបក្រុងភ្នំពេញអនុម័តជឯកច្ឆ័ននៅថ្ងៃទី០៤ ខែមិថុនា។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលថា ច្បាប់ទាំងពីរនេះ ធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ ឬប្រមូលធាតុចូលពីខាងសង្គមស៊ីវិល ដើម្បីចូលរួមចំណែកធានាការទប់ស្កាត់អំពើលាងលុយកខ្វក់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព។

ក្នុងចំណោមកត្តាជាច្រើន នៅពីក្រោយការដាក់ចំណាត់ថ្នាក់បែបនេះ ស្ថាប័ន FATF បានចង្អុលបង្ហាញអំពីកង្វះខាតយន្តការត្រួតពិនិត្យនៅក្នុងវិស័យអចលនទ្រព្យ និងបនល្បែងកាស៊ីណូ ដែលកំពុងរីកដុះដាលដូចផ្សិតនៅកម្ពុជា។ កង្វះខាតនេះ គឺជាបរាជ័យដ៏ធំមួយរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំកន្លងទៅ មន្ត្រីកម្ពុជាជាច្រើនរូប បានទទួលស្គាល់ថា ការរីកចម្រើននៃវិស័យអចលនទ្រព្យដែលទំនងជាមិនអាចបញ្ឈប់បាននេះ គឺកើតឡើងដោយសារអំពើលាងលុយកខ្វក់។

ក៏ប៉ុន្តែ នៅពេលដែលវណ្ណៈនយោបាយ ជាញឹកញាប់គឺជាអ្នកទទួលបានផលប្រយោជន៍ វិធានការធ្ងន់ធ្ងរណាមួយប្រឆាំងនឹងពួកគេ ទំនងជានឹងមិនអាចកើតមានឡើងក្នុងពេលឆាប់ៗនោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។