ពលរដ្ឋខ្មែរក្រោមជា ជនរងគ្រោះនៃការបង្ខំបណ្តេញពីដីធ្លីស្រែចំការ ឱ្យដឹងថាអាជ្ញាធរខេត្តក្រមួនសវៀតណាម បានឆ្លើយតបនឹងញត្តិរបស់ពួកគេ ដែលទាមទារទាមទារឱ្យអាជ្ញាធរវៀតណាមប្រគល់ដីធ្លីឱ្យពួកគេមកវិញ។ ពួកគេសង្ឃឹមថាក្រោយមានការឆ្លើយតបនេះ វៀតណាមនឹងដោះស្រាយករណីនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ពាក់ព័ន្ធរឿងនេះ សមាគមខ្មែរក្រោមធ្វើការងារខាងសិទ្ធិមនុស្សដែលតាមដំណើររឿងនេះ ស្នើឱ្យអាជ្ញាធរវៀតណាមគួរតែអនុញ្ញាតឱ្យខ្មែរក្រោម មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់និងគ្រប់គ្រងលើដី ដែលជាដីបន្សល់តាំងពីដូនតា ពួកគេវិញ។
ពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះដោយសារតែការបណ្ដេញពីដីធ្លី លោក សឺន ចាំង រំពឹងថា អាជ្ញាធរខេត្ត ក្រមួនស ដែលវៀតណាមប្តូរឈ្មោះជា ភាសាវៀតណាមថា ខេត្តកៀងញ៉ាង (Kien Giang) នឹងអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានឱ្យដោះស្រាយរឿងនេះឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ពលរដ្ឋខ្មែរក្រោមដែលម្ចាស់ដី៖ «ដល់ពី ខេត្តគេឆ្លើយតបថា បានទទួលសំបុត្រយើងហើយគេផ្ញើប្រកាន់ដៃមកឱ្យយើងហើយ បាទយើងនៅតែទាមទារចឹងបើឱ្យមិនឱ្យខ្ញុំក៏ខ្ញុំមិនសុខចិត្តដែរខ្ញុំនៅតែទាមទារដល់ជីវិតចុងក្រោយហ្មង»។
តំណាងពលរដ្ឋខ្មែរក្រោមកាលពីដើមខែឧសភានេះ បានដាក់ញាតិទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ងៀន សួនហ្វុក (Nguyen Xuan Phuc) ឱ្យដោះស្រាយជម្លោះដីធ្លី ដើម្បីផ្ដល់ដីស្រែ ចម្ការដល់ពលរដ្ឋខ្មែរក្រោមវិញ ឱ្យបានឆាប់រហ័សទីបំផុត ពីព្រោះពលរដ្ឋខ្មែរក្រោម អាចរស់រានមានជីវិត គឺអាស្រ័យដីស្រែ។ញាតិចុះថ្ងៃទី១០ ឧសភាថា ពលរដ្ឋប្រមាណ ៨០០នាក់ ជាជនរងគ្រោះនៃការបង្ខំបណ្ដេញ ដោយអំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម កាលពីដើមខែឧសភានេះ ហើយស្នើឱ្យវៀតណាមដោះស្រាយបញ្ហានេះ ឱ្យបានចប់ឆាប់ៗ។ ញាតិខ្មែរក្រោមនេះ ធ្វើឡើងដោយសារតែ កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមរួមមាន៖ ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធ ជាច្រើននាក់បានចុះទៅរឹបអូសយកដីជាង ១០០ហិកតារ ។ ប៉ុន្តែពលរដ្ឋខ្មែរជំទាស់រហូតផ្ទុះជាអំពើហិង្សា បណ្ដាលឱ្យពលរដ្ឋខ្មែរក្រោមជាង ១០នាក់រងបួសធ្ងន់និងស្រាល។ ពលរដ្ឋខ្មែរក្រោមឱ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម្ល៉េះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឱ្យនោះទេ។
ពលរដ្ឋខ្មែរក្រោមអះអាងថា ពួកគេនឹងនាំគ្នាទៅធ្វើស្រែ លើដីដែលវៀតណាម រឹបអូសជាថ្មីទៀត ប្រសិនបើគ្មានដំណោះស្រាយ ទោះបីការតស៊ូនេះ អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។
ស្របពេលដែលខ្មែរក្រោមនៅវៀតណាម កំពុងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលវៀតណាម ឱ្យដោះស្រាយបញ្ហាដីធ្លីនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការបរទេសអាមេរិក ឱ្យជំរុញវៀតណាមឱ្យផ្ដល់ដីទៅខ្មែរក្រោមវិញ។ ក្នុងលិខិតទៅមន្ត្រីផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៃការិយាល័យកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិច សហព័ន្ធស្នើឱ្យអាមេរិក និងប្រទេសម្ចាស់ជំនួយផ្សេងទៀត ត្រូវជួយគាបសង្កត់អាជ្ញាធរកុម្មុយនិស្តវៀតណាម ដើម្បីផ្ដល់ដីខ្មែរដល់ពលរដ្ឋខ្មែរក្រោមវិញ។
ចំណែកនៅឯកម្ពុជាវិញ សមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ក៏បានដាក់សំណើទៅក្រសួងការបរទេសកម្ពុជា ដើម្បីឱ្យអន្តរាគមន៍ទៅវៀតណាម ឱ្យដោះស្រាយបញ្ហាដីធ្លីដល់ពលរដ្ឋខ្មែរក្រោម។ ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង លើកឡើងថា ខ្មែរក្រោមឋិត នៅក្រោមការគ្រប់គ្រង របស់វៀតណាម ដូច្នោះ រដ្ឋាភិបាលកម្ពុជាមិនអាចដោះស្រាយឱ្យបានទេ។ ប៉ុន្តែការអះអាងនេះ ផ្ទុយទៅនឹងសកម្មភាពរបស់វៀតណាម ដែលតែងតែស្នើឱ្យរដ្ឋាភិបាលកម្ពុជា ជួយដល់ជីវភាពជនអន្តោរប្រវេសន៍វៀតណាម ហើយកម្ពុជាក៏ធ្លាប់ផ្តល់ដីឱ្យជនជាតិវៀតណាមរាប់រយគ្រួសារទៀតផង។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន សង្កេតឃើញថាកន្លងមក ពលរដ្ឋខ្មែរក្រោម បានព្យាយាមស្នើទៅអាជ្ញាធរវៀតណាមឱ្យចេញប័ណ្ណកម្មសិទ្ធិលើដីធ្លីរបស់ពួកគេ ប៉ុន្តែអាជ្ញាធរមិនបានធ្វើតាមសំណើនេះទេ ទើបវៀតណាមបានឆក់ឧកាស បង្ខំយកដីពីពលរដ្ឋខ្មែរក្រោមបាន។ លោកយល់ថា ផ្អែកលើសាវតារនៃការប្រើប្រាស់ដីធ្លីនេះ ពលរដ្ឋខ្មែរក្រោមមានសិទ្ធិគ្រប់គ្រាន់អាចទទួលបានប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរវៀតណាម៖ «ដល់ ពួកគាត់ ( ពលរដ្ឋខ្មែរក្រោម ) ហ្នឹង បានធ្វើ លើដីស្រែដីចម្ការ រហូតតាំងពីទសវត្សរ៍៧០មក ដល់បច្ចុប្បន្នណាដែលកំពុងមានបញ្ហាហ្នឹងអ៊ីចឹងយើងសំអាងទៅលើប្រវត្តិ នៃការធ្វើស្រែទី២ទៀត យើងសង្កេតទៅលើដែលរដ្ឋាភិបាលគេដាក់ថា ជាតំបន់អភិរក្សនៅលើដីស្រែរបស់ពួកគាត់ហ្នឹងគឺជាការកើតក្រោយការដែលកើតក្រោយដីដែលពួកគាត់កាប់ឆ្ការធ្វើណាអញ្ចឹង មានន័យ ពួកគាត់សិទ្ធិធ្វើលទ្ធកម្មលើដីដែលពួកធ្វើស្រែហ្នឹង»។
ទាក់ទងទៅនឹងការរំលោភដីធ្លីពលរដ្ឋខ្មែរក្រោមនេះ នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ធ្លាប់ប្រាប់អាស៊ីសេរីថា ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ជាអ្នកគ្រប់គ្រងដីទាំងស្រុង នៅក្នុងប្រទេសនេះហើយទើបបានបណ្ដាលឱ្យមានវិបត្តិដីធ្លី កើតឡើងយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។ លោកបន្តថា រដ្ឋាភិបាលវៀតណាម បានបង្ខំឱ្យពលរដ្ឋចាកចេញពីដីធ្លីរបស់ពួកគេ ហើយក៏បានបង្កអំពើហិង្សាទៀតផង៖ «រដ្ឋាភិបាលវៀតណាម បាន កាន់កាប់ ដីធ្លី ហើយតែងតែប្រើប្រាស់កម្មសិទ្ធិនេះ ដើម្បីដាក់ការត្រួតត្រាទៅលើដីធ្លីរបស់សហគមន៍។ ជាក់ស្ដែង ដូចករណីដីពលរដ្ឋខ្មែរក្រោមដែលបានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៣ ជាដើម ដែលត្រូវវៀតណាមបង្ខំបណ្ដេញចេញ ដោយសំអាងលើហេតុផលមួយចំនួន។ ការបង្ខំ បណ្ដេញចេញ នេះ បណ្ដាលឱ្យ កើតមាន អំពើហិង្សា គេចមិនផុតនោះទេ ដោយសារតែពលរដ្ឋរស់នៅអាស្រ័យផលលើដីស្រែចម្ការ។ ដីធ្លីចម្ការមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់ពួកគេ។ ករណីអំពើហិង្សាកើតឡើងនៅ ខេត្តកៀងញ៉ាង នេះ បណ្ដាលឱ្យខ្មែរក្រោម ១០នាក់រងរបួស បង្កឡើងដោយកងសន្តិសុខវៀតណាម។ ករណីនេះ ជាឧទាហរណ៍ បានប្រើប្រាស់អំណាចរំលោភសិទ្ធិរបស់ខ្មែរក្រោម និងសហគមន៍ពួកគេ»។
មន្ត្រីសហព័ន្ធខ្មែរក្រោម ធ្លាប់ប្រាប់អាស៊ីសេរីថា យ៉ាងហោចណាស់ក៏មាន ពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ដែរ ធ្លាប់ត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ ដោយសារតែតវ៉ារឿងដីធ្លី។ ពលរដ្ឋខ្មែរក្រោមអះអាងថា រឹបអូសយកដីធ្លី និងស្រែចំការរបស់ពួកគេ គឺស្មើសម្លាប់ពួកគេ ដូច្នោះដែរ។ លោកគេថា ពួកគេសុខចិត្ត បូជាជីវិត ដើម្បីការពារទឹកដី ដែលបានបន្សល់ទុកពីដូនតាខ្មែរ មកឱ្យកូនខ្មែរជំនាន់ក្រោយប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។