លោក គឹម សុខ និង​កូន​ស្រី បាន​​សិទ្ធិ​​ជ្រក​​កោន​​នយោបាយ នៅ​​ប្រទេស​​ហ្វាំងឡង់

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ និង កូន​ស្រីតូចអាយុ​ ៦ ឆ្នាំ​ កំពុងធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​ថៃ ឆ្ពោះ​ទៅ​ប្រទេស​ហ្វាំងឡង់ ដែលជាទីលោក និងកូនស្រី​លោក ទទួលបាន​សិទ្ធិជ្រកកោន​ផ្នែកនយោបាយ។

លោក គឹម សុខ ប្រាប់​អាស៊ីសេរី នៅ​ប៉ុន្មានម៉ោង​នៅ​មុន​ការ​ផ្សាយនេះ ថា​លោក និង​កូន​ស្រី​ បាន​ទទួល​​កិច្ច​​អន្តរាគមន៍ ពី​​ក្រុម​មន្រ្តី​អង្គការ​​សហប្រជាជាតិ និង​មន្រ្តី​​អន្តោប្រវេសន៍ថៃ ដែលជូនដំណើរ​លោកដល់​ព្រលានយន្ត​ហោះ​សុវណ្ណភូមិ។

លោក គឹម សុខ ត្រូវ​បង្ខំចិត្ត​និរទ្ទេស​ខ្លួន ជាមួយ​កូន​ស្រី​របស់លោក ចេញពីប្រទេសកម្ពុជា ទៅ​កាន់​ប្រទេស​​ថៃ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា​កន្លង​ទៅ​នេះ មួយ​​ថ្ងៃ​​ក្រោយ​​លោក ហ៊ុន សែន គម្រា​ម​​ខ្លាំងៗ ​ថា នឹង​​ប្ដឹង​​លោក​ដាក់​​ពន្ធនាគារ​វិញ ប្រសិនបើ​មិន​​សង​​ប្រាក់​​សំណង​ ៨០០លាន​​រៀល​ ​ស្មើនឹង​ប្រមាណ ២០​ម៉ឺន​ដុល្លារ​ មក​​ឲ្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ទេ​​នោះ។

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រោយ​ជាប់​ពន្ធនាគារ ១៨​ខែ គ្រប់តាមកាលកំណត់។ លោកជាប់​ពន្ធនាគារ​ ដោយសារតែ​លោក ហ៊ុន សែន ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​ដែល​គេ​នៅ​មិនទាន់​ច្បាស់​ថា តើ​តុលាការ​នឹង​បន្ត​ចាត់ការ​ឬទេ​។

សំណុំរឿង​នោះ​គឺ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។ អ្នកច្បាប់​ថា តុលាការ​មិន​អាច​បំបែក​សំណុំ​បែបនេះ​ជា​ពីរ​ទេ ព្រោះ​វា​ជា​ករណី​តែមួយ ឬ​ស្រដៀង​គ្នា ហើយ​លោក​គឹម សុខ បាន​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​និង​បក្ស​កាន់អំណាច​នោះ គឺ​ស្រដៀង​គ្នា ធ្វើឡើង​ក្នុង​ពេល​តែមួយ ហើយ​តុលាការ​បាន​កាត់ទោស​គាត់​រួច​ទៅ​ហើយ។ យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា បើ​បទល្មើស​ដូចគ្នា​ឬ​ស្រដៀង​គ្នា តុលាការ​អាច​ស្រូប​ទោស ដោយ​ ​កាត់​សេចក្ដី​តែមួយដង​។ តាមច្បាប់​គេ​មិន​អាច​កាត់ទោស​មនុស្ស​ពីរ​ដង​ទៅលើ​បទល្មើស​ដូចគ្នា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។