ថ្មីៗនេះ មេដឹកនាំសិង្ហបុរីបានរំឭកអំពីប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ ដោយរំលេចថា អន្តរាគមន៍របស់កងទ័ពវៀតណាមក្នុងការវាយផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ គឺជាអំពើឈ្លានពាន ដែលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខតំបន់។ ការលើកឡើងនេះ ត្រូវបានច្រានចោលដោយមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ និងប្រទេសវៀតណាម ដោយពួកគេអះអាងថា អន្តរាគមន៍យោធានៅគ្រានោះ គឺជាការជួយសង្គ្រោះប្រទេសកម្ពុជា ចេញពីរបបវាលពិឃាដខ្មែរក្រហម។ តើអ្នកវិភាគ និងអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បកស្រាយដូចម្ដេចចំពោះរឿងនេះ?
អ្នកជំនាញអះអាងថា អន្តរាគមន៍យោធានៅឆ្នាំ១៩៧៩ និងការគ្រប់គ្រងកម្ពុជាប្រមាណ ១០ឆ្នាំពីសំណាក់កងទ័ពវៀតណាម គឺជាអំពើឈ្លានពាន ដែលផ្ទុយទៅនឹងច្បាប់អន្តរជាតិ។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ប្រវត្តិសាស្ត្រពិភពលោកបានចារទុកព្រឹត្តិការណ៍នោះ ថា ជាការចូលឈ្លានពានកម្ពុជា មិនមែនជាការចូលមករំដោះប្រជាជនខ្មែរចេញពីរបបវាលពិឃាត ដូចការអះអាងរបស់រដ្ឋាភិបាលបច្ចុប្បន្ន និងភាគីវៀតណាមនោះឡើយ។ លោកបន្តថា អ្វីដែលមេដឹកនាំសិង្ហបុរីបានលើកឡើងនោះ គឺប្រវត្តិសាស្ត្រពិតដែលមិនអាចកែប្រែបាន ដូច្នេះលោកថា មន្ត្រីរដ្ឋាភិបាលមិនគួរមានប្រតិកម្មតបទៅនឹងរឿងនេះឡើយ៖ «យើងមើលសវតាដែលគេបោះពុម្ពផ្សាយតាំងពីហ្នឹងរហូតមកដល់ឥលូវ ក៏នៅតែគេប្រើពាក្យឈ្លានពានដែរ គេអត់មានថា ចូលមករំដោះទេ។ អាហ្នឹងគឺជាព្រឹត្តិការណ៍មួយដែលកើត ហើយវៀតណាមគេឈឺឆ្អាល ដោយសារតែគេគិតថា នេះជាគុណសម្បត្តិ ជាគុណស្រ័យរបស់គេ ទីមួយ។ ទីពីរពាក់ព័ន្ធជាមួយ អ្នកនយោបាយកម្ពុជា យកថ្ងៃហ្នឹងធ្វើជាថ្ងៃឃោសនា រំឭកគុណស្រ័យដែរ ដើម្បីទាញយកប្រជាប្រិយភាព។ អ៊ីចឹងនៅពេលដែលនាយករដ្ឋមន្ត្រី លី សៀនឡុង លើកឡើងហ្នឹង វាប្រទះនឹងទស្សនៈគំនិតដែលអ្នកនយោបាយប្រើប្រាស់ការរំដោះរបស់វៀតណាមទៅហើយ»។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានបង្ហោះសំណេរមួយនៅលើហ្វេសប៊ុក (Facebook) ផ្ញើជូននាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានទីប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីថៃជំនាន់ទសវត្សរ៍ទី៨០ លោក ប្រេម ទីនស៊ូឡាណុន (Prem Tinsulanonda)។ លោក លី សៀនឡុង បានសង្កត់ធ្ងន់អំពីគុណសម្បត្តិដឹកនាំរបស់ឧត្ដមសេនីយ៍ ប្រេម ក្នុងកិច្ចការការពារសន្តិសុខនៅប្រទេសថៃ និងតំបន់អាស៊ាន ដែលកាលនោះមានប្រទេស៥ ជាសមាជិក គឺសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ លោកបញ្ជាក់ថា លោក ប្រេម រួមជាមួយនឹងមេដឹកនាំអាស៊ានផ្សេងទៀត បានពួតដៃគ្នាប្រឆាំងនឹងការឈ្លានពានរបស់វៀតណាមលើកម្ពុជា និងរដ្ឋាភិបាលថ្មីដែលកើតចេញពីអន្តរាគមន៍យោធារបស់វៀតណាម។ លោកបញ្ជាក់ទៀតថា លោក ប្រេម និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត បានជំទាស់នៅលើឆាកអន្តរជាតិចំពោះការដាក់នឹមត្រួតត្រាលើកម្ពុជាពីសំណាក់ប្រទេសវៀតណាម ដែលជាហេតុធ្វើឱ្យការឈ្លានពានតាមរយៈកម្លាំងយោធា និងរបបថ្មីនៅពេលនោះ មិនត្រូវបានគេទទួលស្គាល់តាមផ្លូវច្បាប់ឡើយ ហើយនេះគឺការជួយការពារសន្តិសុខសម្រាប់ប្រទេសអាស៊ានដទៃទៀត។
ក្រៅពីសរសេរនៅលើហ្វេសប៊ុកបែបនេះហើយ លោក លី សៀនឡុង ដែលជាកូនប្រុសរបស់រដ្ឋបុរសសិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) ក៏បានលើករឿងវៀតណាមឈ្លានពានកម្ពុជានេះ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីសប្ដាហ៍មុនផងដែរ។ លោកបានថ្លែងថា នៅមុនពេលមានសន្តិភាពដូចពេលបច្ចុប្បន្ន តំបន់អាស៊ីអាគ្នេយ៍ធ្លាប់ជាសមរភូមិសង្គ្រាម និងរងការគំរាមកំហែងយ៉ាងខ្លាំងពីរីករាលដាលនៃលទ្ធិកុម្មុយនិស្ត ដោយសារតែការឈ្លានពានកម្ពុជាពីសំណាក់ប្រទេសវៀតណាម៖ «ក្រោយពេលសង្គ្រាមត្រជាក់បានបិទបញ្ចប់ សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសមហាអំណាចតែមួយគត់ក្នុងលោក ហើយតំបន់អាស៊ីអាគ្នេយ៍ក៏បានចូលមកដល់ដំណាក់កាលថ្មីមួយទៀត។ សង្គ្រាមឥណ្ឌូចិនត្រូវបានបញ្ចប់ជាស្ថាពរ ហើយប្រទេសកុម្មុយនិស្តទាំងឡាយនៅឥណ្ឌូចិន បានបើកចំហប្រទេសរបស់គេរៀងៗខ្លួន។ កាលពីប៉ុន្មានឆ្នាំមុននោះ ប្រទេសវៀតណាមបានចូលឈ្លានពានកម្ពុជា ហើយបានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រទេសជិតខាង ដែលមិនមែនកុម្មុយនិស្ត។ ក៏ប៉ុន្តែពេលនេះ វៀតណាមបានចូលជាសមាជិកអាស៊ាន រួមទាំងកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ ដែលនេះជាករណីប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព»។
ថ្វីដ្បិតតែលោក លី សៀនឡុង បានលើកព្រឹត្តិការណ៍ជាក់ស្ដែងមកបរិយាយមែន ក៏ការពិតនេះមិនត្រូវបានទទួលស្គាល់ដោយប្រទេសវៀតណាម និងមន្ត្រីរបបលោក ហ៊ុន សែន នោះដែរ។ ពួកគេបានច្រានចោលការលើកឡើងនេះ និងបកស្រាយផ្ទុយមកវិញថា វៀតណាមបានចូលមកជួយសង្គ្រោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេ ធី ធូ ហាំង (Lê Thị Thu Hằng) បានបញ្ជាក់នៅក្នុងបណ្ដាលសង្គមធ្វីតធ័រ (Twitter) ថា វៀតណាមសោកស្ដាយចំពោះការលើកឡើងរបស់លោក លី សៀនឡុង ដែលមិនបានឆ្លុះបញ្ចាំងការពិតនៃប្រវត្តិសាស្ត្រ នាំឱ្យមានការយល់ខុសពីសាធារណមតិ។ អ្នកស្រីបន្ថែមថា ក្នុងនាមជាសមាជិកសកម្ម និងប្រកបដោយការទទួលខុសត្រូវនៃសមាគមអាស៊ាន វៀតណាមនឹងបន្តសហការគ្នាជាមួយសមាជិកផ្សេងទៀត ក្នុងការកសាងសហគមន៍អាស៊ានរឹងមាំមួយដែលមានឯកភាព និងសាមគ្គីភាព ដើម្បីដើរតួនាទីស្នូលនៅក្នុងតំបន់។
ស្រដៀងគ្នានេះ រដ្ឋមន្ត្រីការពារជាតិររបបក្រុងភ្នំពេញ លោក ទៀ បាញ់ បានអះអាងថា ការលើកឡើងរបស់លោក លី សៀនឡុង គឺជារឿងមិនត្រឹមត្រូវ និងគ្មានសច្ចភាព។ លោកថា អន្តរាគមន៍យោធារបស់វៀតណាមនៅពេលនោះ គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា មិនមែនជារឿងឈ្លានពានឡើយ។
ចំណែក កូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែលបច្ចុប្បន្នកាន់ការជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនៃសភាឯកបក្ស ក៏បានបញ្ចេញប្រតិកម្មដែរថា លោកមានការភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់ប្រមុខដឹកនាំសិង្ហបុរី។ លោកសរសេរក្នុងហ្វេសប៊ុក (Facebook) ថា ទោះបីជាការលើកឡើងនេះស្ថិតក្នុងបរិបទភូមិសាស្ត្រនយោបាយក្ដី ក៏គេមិនគួរមើលរំលងអំពើឃោរឃៅ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ពួកខ្មែរក្រហម ទៅលើជនរងគ្រោះជិត៣ លាននាក់នោះដែរ។ លោកសរសេរទៀតថា ស្របពេលដែលប្រទេសនានាកំពុងលេងល្បែងនយោបាយដាក់គ្នានោះ ពលរដ្ឋខ្មែរបានបួសសួងសុំឱ្យតែមានការជួយសង្គ្រោះពីរបបប្រល័យពូជសាសន៍ប៉ុណ្ណោះ មិនថាអ្នកជួយនោះជាអ្នកណា ហើយចេញពីកន្លែងណានោះឡើយ។ លោកអះអាងថា ការជួយសង្គ្រោះនៅពេលនោះ គឺផ្តើមចេញពីគណបក្សប្រជាជនកម្ពុជា ក្រោមការជួយទំនុកបម្រុងពីប្រទេសវៀតណាម ដែលជាអ្នកជិតខាងរបស់កម្ពុជា។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា តាមច្បាប់អន្តរជាតិ អន្តរាគមន៍របស់កងទ័ពវៀតណាមនៅពេលនោះ គឺជាការលុកលុយកម្ពុជាដោយមានការរៀបចំទុកជាមុន ហើយការឈ្លានពានដំបូងបង្អស់ ចាប់ផ្ដើមនៅថ្ងៃ២៥ ធ្នូ ឆ្នាំ១៩៧៨។ លោកបន្តថា ប្រសិនបើក្នុងគោលបំណងរំដោះជាតិខ្មែរពិតប្រាកដមែន រណសិស្ស ២ ធ្នូ គួរតែធ្វើសេចក្ដីថ្លែងការណ៍ប្រកាសប្រាប់ពិភពលោកឱ្យដឹងពីអំពើកាប់សម្លាប់ក្នុងរបបខ្មែរក្រហម និងស្នើសុំកិច្ចអន្តរាគមន៍ពីអន្តរជាតិ ដើម្បីវាយផ្ដួលពួកខ្មែរក្រហម។ លោកឱ្យដឹងទៀតថា នៅអំឡុងឆ្នាំ១៩៧៨ នោះ មានប្រទេសមួយចំនួនបានលើកពីបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសកម្ពុជាក្នុងកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ប៉ុន្តែត្រូវបានជំទាស់ដោយសហភាពសូវៀត ដែលជាប្រទេសបងធំរបស់វៀតណាម ហើយវៀតណាមខ្លួនឯង ក៏មិនបានអន្តរាគមន៍ឱ្យមានការថ្កោលទោសពួកខ្មែរក្រហមនោះដែរ៖ «ច្បាប់អន្តរជាតិ គឺវៀតណាមជាអ្នកឈ្លានពាន ហើយរដ្ឋាភិបាលដែលកងទ័ពវៀតណាមហ្នឹងបង្កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហ្នឹង គេអត់ទទួលស្គាល់ ព្រោះថា មិនមែនជារដ្ឋាភិបាលស្របច្បាប់ទេ។ អ៊ីចឹង បានជាគេក៏មានវិធានការដាក់ទណ្ឌកម្ម គឺហ៊ុមព័ទ្ធខាងសេដ្ឋកិច្ចវៀតណាម ហើយនិងកម្ពុជាទៀត។ អាហ្នឹងជាវិធានការទៅតាមច្បាប់អន្តរជាតិ»។
អ្នកវិភាគនយោបាយរូបនេះក៏បានរិះគន់ចំពោះប្រតិកម្មទាំងឡាយ របស់មន្ត្រីរបបក្រុងភ្នំពេញដែរ។ លោកថា អ្វីដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង លើកឡើងនោះ សុទ្ធសឹងតែជារឿងពិត ហើយបើរដ្ឋាភិបាលមិនពេញចិត្តនឹងរឿងនេះ រដ្ឋាភិបាលគួរតែតវ៉ាតាមផ្លូវទូត មិនគួរបញ្ចេញវោហារសាស្ត្រតាមតែចិត្តនឹកឃើញបែបនេះឡើយ។ លោកថា ឥរិយាបថបែបនេះធ្វើឱ្យគេអាចវាយតម្លៃបានថា មន្ត្រីកម្ពុជាមិនចេះរបៀបរបបការទូត និងមានគ្មានភាពចាស់ទុំខាងនយោបាយ និងកិច្ចការអន្តរជាតិ៖ «ក្រសួងការបរទេស គេនឹងកោះហៅស្ថានទូតរបស់ប្រទេសនោះ មកព្រមាន ហើយនិងទទួលយកការតវ៉ារបស់រដ្ឋាភិបាលប្រទេសសាមីហ្នឹង។ គេមិនចេះតែប្រតិកម្មជាសាធារណៈ ហើយនិងតបតទៅវិញហ្នឹង គឺដោយមន្ត្រី ឬរដ្ឋមន្ត្រី ដែលមិនមានតួនាទីការទូតនោះទេ។ វាទៅជាអនាធិបតេយ្យ ហើយគេក៏សម្គាល់មកថា យើងហ្នឹងអត់ចេះធ្វើការទេ ហើយនិងមិនមានភាពចាស់ទុំក្នុងរឿងនយោបាយ និងកិច្ចការទូត»។
ទាំងបណ្ឌិត ឡៅ ម៉ុងហៃ និងលោក ឯម សុវណ្ណារ៉ា សុទ្ធតែអះអាងថា ប្រទេសសមាជិកស្ថាបនិកអាស៊ានបានរួមចំណែកយ៉ាងច្រើនក្នុងការជួយកម្ពុជាចេញពីការឈ្លានពាន និងគ្រប់គ្រងរបស់វៀតណាម ចាប់តាំងពីចុងទសវត្សទី៧០ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ក៏ប៉ុន្តែ គុណសម្បត្តិនេះហាក់មិនសូវមានការអារម្មណ៍ និងដឹងលឺឱ្យបានទូលំទូលាយនោះឡើយ ដោយសារតែកង្វះការស្រាវជ្រាវ និងការផ្សព្វផ្សាយ។ ជាពិសេស គឺរបបលោក ហ៊ុន សែន មិនបានឱ្យតម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានឡើយ ប៉ុន្តែបែរជាឱ្យតម្លៃខ្លាំងទៅលើប្រទេសវៀតណាមដែលបានចូលឈ្លានពានកម្ពុជា និងលើកបន្តុបខ្លួនឱ្យកាន់អំណាចនោះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។